កំពង់ឆ្នាំងៈ យ៉ាងហោចណាស់ត្រីចិញ្ចឹមតាមដងទន្លេស្ថិតក្នុងសង្កាត់ខ្សាម និងផ្សារឆ្នាំង ខេត្តកំពង់ឆ្នាំងប្រមាណជា ១២ ពាន់គីឡួបានងាប់ក្នុងរយៈពេល ៣ ថ្ងៃ ព្រោះតែទឹកបានស្រកចុះជាគំហុក និងក្ដៅខ្លាំង។ នេះបើយោងតាមការរៀបរាប់របស់ប្រជានេសាទក្នុងតំបន់នោះដែលមានប្រមាណជា ៧០ គ្រួសារ។
អ្នកស្រី វ៉ាន ស្រីអែម បាននិយាយនៅថ្ងៃពុធថា តំណាងប្រជាសហគមន៍នេសាទទាំងនោះដោយសារតែជម្រៅទឹកទន្លេបានស្រកចុះមកនៅក្នុងចន្លោះពី ១,៥ ម៉ែត្រទៅ ៣ ម៉ែត្ររួមជាមួយនឹងអាកាសធាតុក្ដៅខ្លាំងនាប៉ុន្មានថ្ងៃកន្លងមកនេះបានធ្វើឲ្យត្រីដែលពួកគាត់ចិញ្ចឹមនៅក្នុងបែត្រីក្នុងដងទន្លេនេះបានពុលងាប់ជាបន្តបន្ទាប់ ដែលយ៉ាងហោចណាស់ក្នុងមួយគ្រួសារងាប់ត្រីអស់ប្រមាណពី ១០០ គីឡូក្រាមទៅ ២០០ គីឡូហើយត្រីដែលពួកគាត់ចិញ្ចឹមបានប្រឈមនឹងការងាប់ជាបន្តបន្ទាប់នាពេលថ្មីៗនេះគឺជាប្រភេទត្រីខ្យា ត្រីប្រា ត្រីព្រលូង និងត្រីកាហែ ជាដើម ពោលគឺជាប្រភេទត្រីដែលមានតម្លៃខ្ពស់នៅក្នុងទីផ្សារ។
អ្នកស្រីបានថ្លែងថា៖ «ប្រភេទត្រីទាំងនេះអាចលក់ចេញនៅក្នុងតម្លៃមិនក្រោម ៥ ដុល្លារទេក្នុងមួយគីឡូក្រាម។ ការពុលងាប់ត្រីនាប៉ុន្មានថ្ងៃកន្លងមកនេះ បានធ្វើឲ្យពួកយើងខ្ញុំមានការខាតបង់ប្រាក់ចំណូលយ៉ាងច្រើនគឺក្នុងមួយគ្រួសារអាចខាតបង់ចន្លោះពី ៥០០ ដុល្លារ ទៅ ១ ០០០ ដុល្លារ»។
ប្រជានេសាទម្នាក់ទៀតលោក ហេង អៀង រស់នៅភូមិ-ឃុំផ្សារឆ្នាំង អះអាងថា ត្រីរបស់គាត់ងាប់អស់រហូតដល់ ៣០០ គីឡូ ហើយសុទ្ធតែជាប្រភេទត្រីខ្យា និង ត្រីព្រលូងដែលកាលពីឆ្នាំមុនៗ នៅពេលរដូវទឹកសម្រកខ្លាំងដូចជាពេលនេះពួកគាត់បាននាំគ្នាចល័តបែត្រី និងផ្ទះបណ្ដែតទឹករបស់ពួកគាត់ចុះមកសំចតជាបណ្ដោះអាសន្ននៅមុខកំពង់ផែក្រុងកំពង់ឆ្នាំង ជាតំបន់ដែលមានជម្រៅទឹកជ្រៅ ប៉ុន្តែនៅពេលនេះអាជ្ញាធរមិនអនុញ្ញាតទេ ដោយតំបន់នោះកំពុងធ្វើការអភិវឌ្ឍពង្រីកកំពង់ផែ។
លោក អៀង ថ្លែងថា៖ «ពេលនេះពួកយើងគ្មានមធ្យោបាយ ដើម្បីការពារ ឬបង្ការទប់ស្កាត់មិនឲ្យត្រីងាប់នោះទេ បើសិនជាអាជ្ញាធរនៅតែពុំអនុញ្ញាតឲ្យពួកយើងធ្វើការចល័តបែត្រីទៅកាន់តំបន់ខាងមុខកំពង់ផែក្រុងកំពង់ឆ្នាំងជាបណ្ដោះអាសន្ននោះទេ ហើយពួកយើងនឹងត្រូវប្រឈមការខាតបង់ច្រើនជាងនេះ ខណៈអាកាសធាតុនៅតែបន្តក្ដៅហួតហែង ហើយត្រីនៅតែបន្តងាប់»។
លោក សោម ភិរុណ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍នៅថ្ងៃពុធ [ម្សិលមិញ] នេះថាក្រុមការងាររបស់លោកបានចុះទៅពិនិត្យអំពីស្ថានភាពរបស់ប្រជាសហគមន៍នេសាទដែលមានបញ្ហាត្រីងាប់ទាំងនោះរួចហើយ និងបានជួយពន្យល់ណែនាំអំពីវិធានការបង្ការទប់ស្កាត់មិនឲ្យត្រីងាប់បន្តទៀតដល់អ្នកភូមិទាំងនោះផងដែរ។ ហើយបញ្ហាដែលបានបណ្ដាលឲ្យត្រីក្នុងបែរបស់ពួកគាត់ងាប់នាប៉ុន្មានថ្ងៃជាប់គ្នានេះ គឺ បណ្ដាលមកពីអាកាសធាតុក្ដៅខ្លាំង គឺឡើងដល់កម្រិតជិត ៤០ អង្សាសេ ខណៈជម្រៅទឹកទន្លេនៅក្នុងតំបន់របស់ពួកគាត់រស់នៅ និងចិញ្ចឹមត្រីនោះបានស្រកមកនៅត្រឹមចន្លោះពី ១,៥ ម៉ែត្រទៅ ៣ ម៉ែត្រប៉ុណ្ណោះ ដែលនាំឲ្យទឹកឡើងកំដៅ និងកង្វះខ្យល់អុកស៊ីសែន។
លោកបានថ្លែងបញ្ជាក់ថា៖ «យើងបានផ្ដល់ដំណោះស្រាយចំនួន ៣ ចំណុចដល់ពួកគាត់ ដើម្បីទប់ស្កាត់ និងកាត់បន្ថយការងាប់ត្រីក្នុងបែររបស់ពួកគាត់ដែលក្នុងនោះពួកគាត់ត្រូវចាប់ត្រីលក់ចេញខ្លះ ឬចាប់រំលែកដាក់បែផ្សេងទៀត ដើម្បីកុំឲ្យចង្អៀតគ្នា និងត្រូវបង្កើតអុកស៊ីហ្ស៊ែន ដោយបង្កើតជាកង្ហារបក់ទឹកឲ្យវិលដាក់ទៅលើត្រី និងត្រូវអូសបែទៅរកទឹកជ្រៅ»។ លោកបន្តថាភ្លៀងមួយមេធំកាលពីម្សិលមិញរួចហើយ បើសិនជាភ្លៀងអាចបន្តធ្លាក់រហូតដល់ថ្ងៃទី ២ ខែឧសភា ត្រីរបស់ពួកគាត់នឹងមិនងាប់ទៀតទេ៕