ភ្នំពេញ៖ មនុស្ស​ចំនួន ២៩១ នាក់​ទៀត​ត្រូវបាន​រកឃើញ​មាន​វិជ្ជមាន​វីរុស​កូវីដ១៩ ដែល​ក្នុងនោះ​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ មាន​ចំនួន ២៩០ នាក់ ដែល​ធ្វើឱ្យ​ចំនួន​នៃ​អ្នក​ឆ្លង​សរុប​ពី​ព្រឹត្តិការណ៍​នេះ​តែមួយ បាន​កើនឡើង​រហូតដល់ ៥២២៨ នាក់​ហើយ។

យោងតាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​សៅរ៍ ទី ១៧ ខែមេសា ឆ្នាំ ២០២១ នេះ​បាន​ឱ្យ​ដឹងថា អ្នក​ដែល​រកឃើញ​ឆ្លង​វីរុស​កូវីដ១៩ មាន​នៅ​រាជធានី​ភ្នំពេញ​ច្រើនជាងគេ គឺ​រហូតដល់ ២២៨ នាក់ ខេត្ត​ព្រះសីហនុ​ចំនួន ២៦ នាក់ ខេត្តកណ្ដាល​ចំនួន ១៤ នាក់ ខេត្តតាកែវ​ចំនួន ១២ នាក់ ខេត្តស្វាយរៀង​ចំនួន ៨ នាក់ និង​ខេត្តព្រៃវែង​ចំនួន ២ នាក់​ផងដែរ។

ក្រសួង​បាន​បញ្ជាក់ថា អ្នកដំណើរ​មកពី​បរទេស​ម្នាក់​ដែលមាន​តេស្ត​វិជ្ជមាន​កូវីដ១៩ គឺ​ស្ត្រី​ជនជាតិ​បារាំង អាយុ ២៤ ឆ្នាំ ស្នាក់នៅ​រាជធានី​ភ្នំពេញ ជា​អ្នកដំណើរ​មកពី​ប្រទេស​ស្វីស បន្ត​ជើងហោះហើរ​នៅ​ប្រទេស​សិង្ហបុរី​មក​ដល់​កម្ពុជា​កាលពី​ថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២១។ លទ្ធផល​តេស្ត​វត្ថុ​សំណាក​របស់​អ្នកជំងឺ​នេះ​រកឃើញ​មាន​វិជ្ជមាន​កូវីដ១៩ ពេល​ធ្វើ​តេស្ត​សំណាក​លើក​ទី ២ ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា។

នៅថ្ងៃនេះ​ដែរ ក្រសួង​ក៏បាន​ប្រកាស​ពី​ការព្យាបាល​ជាសះស្បើយ​ចំនួន ២៣ នាក់​ផងដែរ។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២១ នេះ កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​កូវីដ១៩​សរុប​ចំនួន ៥៧៧១ នាក់ អ្នកជា​សះស្បើយ​ចំនួន ២៤១៦ នាក់ អ្នក​កំពុង​ព្យាបាល ៣៣១១ នាក់ និង​អ្នក​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​មាន​ចំនួន ៣៩ នាក់៕