ភ្នំពេញៈ នគរបាលជាន់ខ្ពស់ប្រមាណជិត ១០០ នាក់ មកពីទូទាំងប្រទេសបានជួបប្រជុំគ្នាកាលពីម្សិលមិញនៅអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរាជធានីភ្នំពេញ ដើម្បីរៀបចំផែនការ រក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ក្នុងអំឡុងពេលប្រជាពលរដ្ឋទូទាំងប្រទេសអបអរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងប្រព្រឹត្តទៅចាប់ពីចុងសប្ដាហ៍នេះ។
លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិបានថ្លែងនៅក្នុងកិច្ចប្រជុំនោះ ដោយបញ្ជាឲ្យថ្នាក់ដឹកនាំទាំងអស់ត្រូវអប់រំណែនាំនឹងលើកទឹកចិត្តឲ្យមន្ត្រីទាំងអស់អនុវត្តការពារសណ្តាប់ធ្នាប់ និងសន្តិសុខនៅក្នុងតំបន់រៀងៗខ្លួនឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីចៀសវាងសោកនាដកម្មដែលអាចកើតមានឡើងជាយថាហេតុ ដែលនៅតែប្រឈមជារៀងរាល់ឆ្នាំដូចជា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ អគ្គិភ័យ និងបទល្មើសផ្សេងៗ ដែលនាំឲ្យការអបអរឆ្នាំថ្មី ក្លាយជាភាពជូរចត់របស់ប្រជាពលរដ្ឋ។
លោក នេត សាវឿន ថ្លែងថា៖ «យើងក៏ត្រូវរៀបចំកម្លាំងបម្រុង រាជធានី-ខេត្ត ត្រៀមកម្លាំងប្តូរវេន ត្រៀមលក្ខណៈបច្ចេកទេស ព្រោះឆ្នាំណាក៏ដូចឆ្នាំណាដែរ គឺត្រូវប្រចាំការ ដើម្បីអន្តរាគមន៍ឲ្យបានទាន់ពេលជូនប្រជាពលរដ្ឋ។ ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍វិញគឺត្រូវតែរឹតបន្តឹង ព្រោះវា គឺជាភាពជូរចត់របស់កម្ពុជាដែលតែងតែជួបប្រទះ»។
ក្រោយកិច្ចពិភាក្សាជិត ២ ម៉ោង លោក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានថ្លែងប្រាប់អ្នកកាសែតថា តាមរយៈកិច្ចពិភាក្សានេះ ថ្នាក់ដឹកនាំបានដាក់ចេញនូវវិធានការ៤ចំណុច ដើម្បីឲ្យមន្ត្រីនគរបាលទូទាំងប្រទេសអនុវត្តឲ្យមានប្រសិទ្ធភាព។
-ទី១ គឺត្រូវពង្រឹងវិធានការអនុវត្តច្បាប់ចរាចរណ៍ ពិសេសការត្រួតពិនិត្យពីដើមទី ការណែនាំអប់រំ អ្នកបើកបរចៀសវាងការដឹកមនុស្សលើសចំណុះ ដឹកទំនិញសំពីងសំពោង ពង្រឹងការពិនិត្យល្បឿន ពិនិត្យអ្នកបើកបរក្រែងមានស្ថានភាពស្រវឹង។
-ទី២ ការពង្រឹងវិធានការសន្ដិសុខក្នុងការក្ដាប់ព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីចាត់វិធានការបង្ការ ទប់ស្កាត់ ការញុះញង់បំផុសបំផុលឲ្យមានចលាចលក្នុងពិធីបុណ្យចូលឆ្នាំថ្មី ឬក៏អាចមានការប៉ុនប៉ងបង្កសំឡេងផ្ទុះជាដើម។
-ទី៣ ការពង្រឹងវិធានការបង្ការ បង្ក្រាបបទល្មើស ដែលត្រូវធានាសុវត្ថិភាពឲ្យប្រជាពលរដ្ឋបានដើរកម្សាន្ដសប្បាយ នៅតាមទីវត្តអារាម ស្រុកកំណើត និងនៅតាមផ្លូវសាធារណៈ ជាពិសេសរមណីយដ្ឋាននានាដោយមានអារម្មណ៍កក់ក្ដៅ។លើសពីនេះ ត្រូវបង្ក្រាបឲ្យបាននូវការលួច ឆក់ និងបទល្មើសផ្សេងៗទៀតនៅតាមមូលដ្ឋាន។
-ទី៤ គឺត្រូវត្រៀមកម្លាំងអន្ដរាគមន៍នៅគ្រប់បណ្ដាស្នងការដ្ឋានរាជធានី-ខេត្តទាំងអស់ ត្រូវពង្រឹងការងារប្រចាំបញ្ជា ដោយត្រូវមានបញ្ជាការផ្លាស់វេនគ្នា ដើម្បីចេញអន្ដរាគមន៍ទាន់ពេល ធានាសន្ដិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។
លោក គង់ សុវណ្ណ ប្រធានអង្គការដៃគូសុវត្ថិភាពចរាចរណ៍ផ្លូវគោកសកល ប្រចាំប្រទេស កម្ពុជា និងប្រចាំ ឡាវ និងជាទីប្រឹក្សាជំនាញសុវត្ថិភាពចរាចរណ៍បានថ្លែងថា បញ្ហាដែលប្រឈមជាពិសេសបញ្ហាគ្រោះថ្នាក់ចរាចរណ៍នឹងត្រូវបានកាត់បន្ថយ បើសិនជាអាជ្ញាធរពិតជាមានការរឹតបន្តឹង និងត្រៀមកម្លាំងការពារបានម៉ឺងម៉ាត់មែន។
លោកបញ្ជាក់ថា៖ «ក្នុងករណីដែលមានការរឹតបន្តឹងឲ្យបានច្រើនជាងមុន ជាពិសេសក្នុងអំឡុងពិធីបុណ្យទាននេះ គឺជារឿងវិជ្ជមាន ពីព្រោះបើយើងពិនិត្យទៅលើជ្រុងមួយ នៃមូល ហេតុបង្កនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ និងរបួសធ្ងន់ធ្ងរច្រើននោះ គឺបញ្ហាល្មើសល្បឿន និងស្រវឹង។ អ៊ីចឹង បើមានមន្ត្រីអនុវត្តច្បាប់ឲ្យគ្រប់ ២៤ ខេត្ត-ក្រុង គឺជារឿងល្អប្រសើរ»។
តាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃពុធ ក្នុងរយៈពេល ១០ ថ្ងៃដើមខែមេសានេះ មានមនុស្ស ៦៧ នាក់បានស្លាប់ និង ១៦៩ នាក់ទៀតបានរងរបួសធ្ងន់ និងស្រាលដោយគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស។ លោក គង់ សុវណ្ណ យល់ឃើញថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាព្រួយបារម្ភខ្លាំងបំផុត ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ បើប្រៀបធៀបទៅនឹង បញ្ហាប្រឈមដែលអគ្គស្នងការដាក់ការព្រួយបារម្ភ និងទប់ស្កាត់៕