ភ្នំពេញ:​ ទា​ហាន​កូ​ឡុំ​ប៊ី​ចំនួន ​២៨​ នាក់ ​បាន​មក​ហ្វឹក​ហ្វឺន​ជំនាញ​បោស​សម្អាត​មីន ការ​ប្រើ​ប្រាស់​ ថែ​ទាំ​គ្រឿង​ចក្រ​បោ​ស​សម្អាត​មីន​ និង​ជំនាញ​គ្រប់គ្រង​បុគ្គ​លិក ​និង​ធន​ធាន​មនុស្ស នៅ​មជ្ឈ​មណ្ឌល​សកម្ម​ភាព​កំចាត់​មីន​កម្ពុជា (CMAC)​ ស្រ​​បពេល​រដ្ឋាភិបាល​ចិន​បាន​ផ្ដល់​សម្ភារមួយ​ចំនួន​ដែល​គាំទ្រ​ដល់​សកម្មភាព​បោស​សម្អាត​មីន​នៅ​កម្ពុជា។​

​លោក​ ហេង ​រតនា ​អគ្គ​នាយក​មជ្ឈមណ្ឌល​សកម្ម​ភា​ព​កំចាត់​មីន​កម្ពុជា ​(CMAC)​ ពី​ម្សិល​មិញ​បាន​ថ្លែង​ថា​ នៅ​ចុង​ខែ​មិថុនា ​ដល់​ខែ​ សីហា ​ឆ្នាំ​ ២​០១៩​ ស៊ី​ម៉ាក់​នឹង​ទទួល​សិក្ខា​កាម​ចំនួន​ ៣​ ក្រុម ​ក្នុង​នោះ​ក្រុម​ទាហាន​របស់​កូ​ឡុំ​ប៊ី​ចំនួន​ ២០ នាក់​ បាន​និង​ហ្វឹក​ហ្វឺន​រយៈ​ពេល​ជាង​ ២ សប្តាហ៍​ ចាប់​នៅ​ថ្ងៃ​ទី​ ២៤ ​ខែ ​មិ​ថុនា ​ដល់​ថ្ងៃទី​៤​ ខែ​ កក្កដា​ ឆ្នាំ ​២០១៩​ ដែល​សិក្សា​ពី​វិធី​សាស្ត្រ​ ក្នុ​ង​ការ​បោសសម្អាត​ផ្ទៃ​ដី​ដែល​មាន​គ្រាប់​មីន​ និង​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ (BAC)។​

ចំណែក​ទាហាន​ជំនាញ​កូ​ឡុំ​ប៊ី​ចំនួន​ ៨ នាក់ ​បាន​ចាប់​យក​ហ្វឹកហ្វឺន​រយៈពេ​ល​ជិត​ ២​ ខែ ចាប់​ពី​ថ្ងៃទី​ ២៧ ​ខែ​ មិថុនា ​ដល់​ថ្ងៃ​ទី ២០​ ខែ​ សីហា ​ឆ្នាំ​ ២​០១៩​ ដោយ​ពួក​គាត់​ចាប់​យក​ជំនាញ​ការប្រើប្រាស់​ និង​ការ​ថែ​ទាំ​​គ្រឿង​ចក្រ​បោ​សសម្អាត​មីន​ «ក្រោយ​ពេល​បញ្ចប់​វគ្គ​ហ្វឹក​ហ្វឺន​ទាហាន​របស់​កូ​ឡុំ​ប៊ី ​ក៏​មាន​សិក្ខា​កាម​មក​ពី​ប្រទេស​ឡាវ​ចំនួន​ ៧​ នាក់​ នឹង​មក​សិក្សា​ពី​ជំ​នាញ​គ្រប់​គ្រង​បុគ្គលិក​ និង​ធនធាន​មនុស្ស​រយៈពេល ​៤ សប្តាហ៍​ គឺ​សិក្សា​នៅ​កម្ពុជា ២​ សប្តាហ៍ ​និង​នៅ​ឡាវ​ ២ ​សប្តាហ៍»​។

​ជា​មួ​យ​គ្នា​នេះ ​នៅ​ក្នុង​ពិធី​ប្រគល់ទទួល​សម្ភារជំនួយ​របស់​ប្រទេស​ចិន​ សម្រាប់​វិស័យ​សកម្ម​ភាព​មីន​នៅ​កម្ពុជា​ លោក​ លី ​ធុជ​ ទេស​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​បេស​ក​កម្ម​ពិសេស​ និង​ជា​អគ្គ​លេខា​ធិ​ការ​អាជ្ញា​ធរ​មីន​បាន​ថ្លែង​ថា​ ​រយៈ​ពេល​ជាង​ ២៧​ ឆ្នាំ​នេះ ​គិត​ត្រឹម​ខែ ​ឧសភា ឆ្នាំ​ ២០១៩​ កម្ពុជា​បាន​បោស​សម្អាត​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​បាន​ផ្ទៃ​ដី​ចំនួន​ ១៨៦៩ ​គី​ឡូ​ម៉ែត្រ​ការ៉េ​ យក​មក​ប្រើ​ប្រាស់​សម្រាប់​សាង​សង់​លំ​នៅ​ឋាន​ ការ​បង្ក​បង្កើនផល​ និង​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ។​ ​

ក្នុង​នោះ​បាន​រកឃើញ ​និង​បំផ្លាញ​ចោល​មីន​ប្រឆាំង​មនុស្ស​ចំនួន ១០៧០​ ៣៨១​ គ្រាប់​ មីន​ប្រឆាំង​រថ​ក្រោះ​ចំនួន​ ២៤ ៩២៥ ​គ្រាប់​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន​​ ២ ៧៩៣ ៧៤៩​ គ្រាប់​ ព្រមទាំង​មាន​អ្នក​ទទួ​ល​ផល​សរុប​ ៥៥២​២ ៦០២​នាក់។​

​លោក​បន្ថែម​ថា​ ទន្ទឹម​នឹ​ង​នោះ​ កម្ពុជា​នៅ​សល់​ផ្ទៃ​ដី​ប្រមាណ ​២១៤៩ ​គីឡូ​ម៉ែត្រ​ការ៉េ ដោយ​មាន​ចម្ការ​មីន​ចំនួន​ ៩២០ ​គីឡូ​ម៉ែ​ត្រ​ការ៉េ ចម្ការ​គ្រាប់​បែក​ច​ង្កោម​ចំនួន​ ៧៣២​ គីឡូ​ម៉ែត្រ​ការ៉េ ​និង​ចម្ការ​គ្រាប់​ដែល​លាយ​ឡំ​គ្នា​ចំនួន​ ៤៩៧ គី​ឡូ​ម៉ែ​ត្រ​​ការ៉េ​ ដែល​កំពុង​គំរាម​កំហែង​ដល់​​​ការ​រស់​នៅ។​ ​សកម្ម​ភាព​នេះ ​ត្រូវ​ការ​ថវិកាសម្រាប់​បោស​សម្អាត​​ប្រមាណ ៣៥៤ ​លាន​ដុល្លារ​អា​មេរិក​ ដោយ​រដ្ឋាភិបាល​កម្ពុជា​ បាន​ឯក​ភាព​កំណត់​យក​ឆ្នាំ ២០២៥ ​ជា​ឆ្នាំ​ដែល​កម្ពុជា​អស់​ការ​គំរាម​ដោយសារ​មីន។​

​លោក ​លី ធុជ​ បញ្ជាក់​ថា​៖​ «​ខ្ញុំ​សង្ឃឹម​ថា​ នៅ​ឆ្នាំ​ ២០២៥​ ខា​ង​មុខ​នេះ​ កម្ពុជា​នឹង​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ផែន​ការ​បោស​ស​ម្អា​ត​មីន​ឲ្យ​អស់​ពី​ទឹក​ដី​ ដោយ​ត្រូវការ​ជា​ចាំបាច់​នូវ​ជំនួយ​ពី​មហា​មិត្ត​ចិន​ ក្នុង​ការ​ជម្នះ​លើ​បិសាច​ក្រោម​ដី​ដែល​លាក់​ខ្លួន​​ក្នុង​​ទីងងឹត »។​

លោក​ Wang​ Wentian​ ឯក​អគ្គ​រដ្ឋ​ទូត​ចិន​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ថា​ ភាគី​ចិន​បាន​ផ្ដល់​បរិក្ខា​រស្វែង​រក ​និង​បោស​សម្អាត​មីន​ មធ្យោបាយ​ធ្វើដំណើរ​ សម្ភារ​ប្រើ​ប្រាស់​ក្នុង​ការិយាល័យ ​និង​សម្ភារ​មនុស្ស​ធម៌​ផ្សេងៗ​ទៀត​ជូន​ភាគី​កម្ពុជា​ ដើម្បី​ប្រើ​ប្រា​ស់​​ជួយ​គាំទ្រ​សកម្ម​ភាព​បោស​សម្អាត​មីន​នៅ​កម្ពុជា។​

​លោក​ថ្លែង​ថា៖ «ការ​ផ្ដល់​សម្ភារ​ទាំង​អស់​នេះ ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការរួម​កម្លាំង​យ៉ាង​សំខាន់​រវាង​​កម្ពុជា-​ចិន​ លើ​សកម្ម​ភាព​បោស​សម្អាត​មីន​ជូន​កិច្ចការ​មនុស្សធម៌​អន្តរជាតិ»។​

​​តាម​សេច​ក្ដី​ប្រកាស​ព័ត៌​មាន​ឲ្យ​ដឹង​ថា​សម្ភារនោះ​មានរថ​យន្ត​ចំនួន​ ៤ ​គ្រឿង​ ម៉ូតូ​ ១០​ គ្រឿង ម៉ា​ស៊ីន​រាវ​មីន​ ៤០ ​គ្រឿង​ ប្រអប់​សម្ភារ ១១០​ ឈុត​ សម្លៀក​បំពាក់​ការពារ​ ៤០ ​កុំប្លេ ​មួក​ការពារ ៤០ ​មួក​ ម៉ា​ស៊ីន ​​UAV ​៥​ គ្រឿង​ ម៉ាស៊ីន​បំផ្ទុះ ​១១៥​ គ្រឿង ឯកសណ្ឋាន​ ស្បែក​ជើង​ ខ្សែ​ក្រវាត់​ មួក ​១ ០០០ កុំ​ប្លេ ​និង​ទឹក​ថ្នាំ​ម៉ាស៊ីន​ព្រីន​ ៦៩ ​ប្រអប់៕