ភ្នំពេញៈ ប្រជាសហគមន៍​នេសាទ និង​សមត្ថកិច្ច​រដ្ឋបាល​ជលផល​បាន​ព្យាករ​ថា ទិន្នផល​ត្រី​ទឹកសាប​នៅ​ឆ្នាំ​នេះ​អាច​នឹង​មាន​ការកើនឡើង​ច្រើន​ជាង​ឆ្នាំ​មុន បើ​ទោះបី​ជា​បទល្មើស​នេសាទ​ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​កើត​មាន​ឡើង​នៅក្នុង​តំបន់​ព្រៃ​លិច​ទឹក​ជុំវិញ​បឹង​ទន្លេសាប​ក៏ដោយ​។

លោក ឡុង សូឆែត ប្រធាន​សម្ព័ន្ធ​ប្រជានេសាទ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា បរិមាណ​ទឹក​ក្នុង​ផ្ទៃ​បឹង​ទន្លេសាប​នៅពេល​នេះ​នៅ​មាន​​ជម្រៅ​ជ្រៅ និង​លាត​សន្ធឹក​ធំ​​ទូលាយ​ដែល​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​មួយ​ចំនួន​ជុំវិញ​បឹង​នេះ​នៅ​មិន​ទាន់​ងើប​ផុត​ពី​ផ្ទៃ​ទឹក​នៅ​ឡើយ​ដែល​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការរស់នៅ និង​ការធំធាត់​របស់​មច្ឆជាតិ និង ប្រព័ន្ធ​ជីវៈចម្រុះ​។

ជាមួយ​គ្នា​នេះ​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល និង អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ចុះបង្ក្រាប​បទល្មើស​ជលផល​បាន​លទ្ធផល​ល្អ​ប្រសើរ​គួរ​ឲ្យ​កត់សម្គាល់​ជាង​ឆ្នាំ​មុនៗ​។ លោក​បញ្ជាក់​ថា​៖ «​កត្តា​ចម្បង​ទាំង​ ២ ​ខាង​លើ​នេះ​ធ្វើ​ឲ្យ​យើង​មាន​ក្ដី​រំពឹង​យ៉ាង​មុតមាំ​ថា ទិន្នផល​ត្រី​ទឹកសាប​របស់​យើង​នៅក្នុង​ឆ្នាំ​នេះ​នឹង​មាន​ការកើនឡើង​ជាង​ឆ្នាំមុនៗ​»​។

ចំណែក​លោក ស្រ៊ុន លឹមសុង អគ្គនាយករង​រដ្ឋបាល​ជលផល​ក៏​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ដែរ​ថា​ចាប់ពី​ថ្ងៃទី​ ១៥ ដល់​ថ្ងៃទី​ ១៩ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៨ នេះ​ទៅ​ប្រភេទ​ត្រី​ធំៗ​ដូចជា​ត្រីរាជ ត្រី​គល់រាំង ត្រី​ក្បក ត្រី​ត្រសក់ ត្រី​ព្រលូង និង ត្រី​គ្រុំ អាច​នឹង​ត្រូវ​ច្រើន​ជាង​ត្រី​តូចៗ ប៉ុន្តែ​ត្រី​ធំៗ​ទាំងនេះ​ភាគច្រើន​ជា​ត្រី​មេពូជ និង ជា​ប្រភេទ​ត្រី​កម្រ​ដែល​តាម​ច្បាប់​ជលផល​មិន​អនុញ្ញាត​ឲ្យ​ចាប់​នោះ​ទេ​។

លោក លឹមសុង បញ្ជាក់​ថា​៖ «​តាម​ការ​កត់ចំណាំ​តៗ​គ្នា​មក​ឲ្យ​តែ​ទឹកធំ​គឺ​សម្បូរ​ត្រី​។ ម្យ៉ាងទៀត​ការបង្ក្រាប​បទល្មើស​នៅក្នុង​ឆ្នាំ​នេះ​ត្រូវ​បាន​មន្ត្រី​ជំនាញ​យើង​ធ្វើ​ឡើង​ជា​ប្រចាំ​ និង​ទទួល​បាន​លទ្ធផល​ល្អប្រសើរ ដូច្នេះ​យើង​រំពឹង​ថា ត្រី​ប្រហុក​ឆ្នាំ​នេះ​នឹង​មាន​បរិមាណ​ផល​ច្រើន​ជាង​ឆ្នាំមុនៗ​។ រដូវ​ត្រី​ប្រហុក​នឹង​ចាប់ផ្ដើម​នៅ​ពាក់​កណ្ដាល​ខែ​ធ្នូ ឆ្នាំ​ ២០១៨ និង លើក​ទី​ ២ នៅ​ពាក់កណ្ដាល​ខែ​មករា ឆ្នាំ​ ២០១៩»​។

យ៉ាង​ណា​ក្ដី​លោក សូឆែត បាន​សម្ដែង​ក្ដីបារម្ភ​ផង​ដែរ បន្ទាប់ពី​ទទួល​បាន​សេចក្ដី​រាយការណ៍​ពី​ក្រុម​បណ្ដាញ​សហគមន៍​នេសាទ​នៃ​សម្ព័ន្ធ​ប្រជានេសាទ​កម្ពុជា​ដែល​បាន​ចុះ​ល្បាត​ក្នុង​តំបន់​ព្រៃ​លិចទឹក​ជុំវិញ​បឹង​ទន្លេសាប ហើយ​បាន​ប្រទះ​ឃើញ​មាន​បទល្មើស​នេសាទ​កើតឡើង ដោយ​ក្រុម​អ្នក​នេសាទ​ទុច្ចរិត​បាន​ប្រើប្រាស់​នូវ​ឧបករណ៍​ខុសច្បាប់ ដូចជា​ឆ្នក់​បំពាក់​ដោយ​អំពូល​អគ្គិសនី បរណរ៉ាវ​ក្នុង​តំបន់​ព្រៃ​លិច​ទឹក​ជុំវិញ​បឹង​ទន្លេសាប​។

បើ​តាម​លោក សូឆែត តំបន់​ដែល​កើត​មាន​បទល្មើស​មាន​នៅ​កំពង់ថ្គោល កំពង់លួង និង រាំងទិល ស្ថិត​ក្នុង​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​ចំណុច​ព្រៃចាស់ កោះ​ជីវាំង ស្ថិត​ក្នុង​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង​នៅ​ពាមបាង​ស្ថិត​ក្នុង​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ និង​ចំណុច​ស្ទឹង​ជ្រៅ​ស្ថិត​ក្នុង​ស្រុក​ជីក្រែង ខេត្ត​សៀមរាប​។

លោក ហ៊ុត ហាន ប្រធាន​សហគមន៍​នេសាទ​ខេត្ត​បាត់ដំបង​ដែល​ចុះ​ល្បាត​ផ្ទាល់​នៅ​តំបន់​ព្រៃចាស់ និង កោះ​ជីវាំង​និយាយ​បន្ទរ​ថា ក្រៅពី​ការ​លួច​ប្រើប្រាស់​ឧបករណ៍​ឆ្នក់​បំពាក់​អំពូល​អគ្គិសនី និង​បរណរ៉ាវ ក្រុម​ជន​ប្រព្រឹត្ត​បទល្មើស​នេសាទ​នៅ​មាន​លួច​ប្រើប្រាស់​ឧបករណ៍​អូសយ៉ាំងកាវ​ដែល​ឧបករណ៍​នេះ​មាន​ការ​បំផ្លិច​បំផ្លាញ​ធ្ងន់ធ្ងរ​ដល់​ធនធាន​មច្ឆជាតិ និង​ប្រព័ន្ធ​ជីវៈចម្រុះ​ក្នុង​បឹង​ទន្លេសាប​។

លោក​ ហាន ថ្លែង​ថា​៖ «​ហ្វូង​ត្រី​តូចៗ​ត្រូវ​បាន​គេ​លួច​ចាប់​ដោយ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​ទាំង​នេះ​ដែល​តាម​ការ​ប៉ាន់​ប្រមាណ​របស់​យើង​ក្នុង​មួយ​យប់ៗ​ក្រុម​ជនល្មើស​អាច​លួច​ចាប់​យក​ហ្វូង​ត្រី​តូចៗ​ពី​ ៣០ ​តោន​ទៅ​ ៤០ ​តោន​ហើយ​ករណី​នេះ​ធ្វើឲ្យ​យើង​មាន​ក្ដី​ព្រួយ​កង្វល់​យ៉ាង​ខ្លាំង ព្រោះ​វា​អាច​នឹង​ធ្វើឲ្យ​ធនធាន​ជលផល​របស់​យើង​ថយ​ចុះ​។ ប៉ុន្តែ​ករណី​នេះ​ប្រជាសហគមន៍​យើង​បាន​រួម​សហការ​ជាមួយ​សមត្ថកិច្ច​រដ្ឋបាល​ជលផល និង​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះបង្ក្រាប​ និង​ទប់ស្កាត់​បាន​ជា​បន្តបន្ទាប់​ផង​ដែរ​»​។

លោក ប៉ែន វណ្ណារិទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ធំ​ទទួល​ស្គាល់​ថា ករណី​លួច​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ឆ្នក់​បំពាក់​អំពូល​អគ្គិសនី ពិតជា​កើត​មាន​នៅក្នុង​តំបន់​ពាមបាង និង​តំបន់​មួយ​ចំនួន​ទៀត​ក្នុង​ផ្ទៃ​បឹង​ទន្លេសាប​ ប៉ុន្តែ​ករណី​នេះ​ទាំង​មន្ត្រី​ជំនាញ​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​រួមទាំង​ប្រជានេសាទ​បាន​សហការ​គ្នា​ចុះ​បង្ក្រាប និង​ទប់ស្កាត់​បាន​ជា​បន្តបន្ទាប់​។

លោក​បន្ត​ថា​៖ «​ជាក់ស្ដែង​កាលពី​យប់​ថ្ងៃ​ចន្ទ​ [១២-១១-២០១៨] ​នេះ​សមត្ថកិច្ច​ជំនាញ​យើង​បាន​សហការ​ជាមួយ​កម្លាំង​ប្រដាប់​អាវុធ​ក្នុង​មូលដ្ឋាន ចុះ​បង្ក្រាប​បាន​ ៤ ​ករណី​រឹបអូស​ឧបករណ៍​រួមមាន អាគុយ​ ៤ ​គ្រឿង អំពូល​ភ្លើង​ប្រវែង​ ១,២ ម៉ែត្រ​ ៤ ​ដើម សំណាញ់​សាច់​ឆ្នក់​ ៤ វង់ និង​ដោះលែង​កូន​ត្រី​ជាង​ ២០០ ​គីឡូក្រាម​»​។

លោក​បន្ថែម​ថា​៖ «​អ្នក​ប្រព្រឹត្ត​បទល្មើស​តែងតែ​ឆ្លៀត​ឱកាស​នៅពេល​យប់ ខណៈ​យើង​ខ្វះ​កម្លាំង​ និង​មធ្យោបាយ​ក្នុង​ការចុះល្បាត​»​។

ជុំវិញ​ករណី​នេះ​លោក ហ៊ុត ហាន បាន​ថ្លែង​ដោយ​រិះគន់​ថា​សមត្ថកិច្ច​ដឹង​ច្បាស់​ពី​ល្បិចកល​របស់​ក្រុម​អ្នកនេសាទ​ទុច្ចរិត ប៉ុន្តែ​នៅ​តែ​បណ្ដោយ​ឲ្យ​ក្រុម​នេសាទ​ទុច្ចរឹត​មាន​ឱកាស​ប្រព្រឹត្ត​បទល្មើស​បំផ្លាញ​ដល់​ធនធាន​ជលផល ដែល​ធ្វើឲ្យ​ប៉ះពាល់​ជា​វិជ្ជមាន​ដល់​កំណើន​ផល​ត្រី​នៅ​កម្ពុជា​។

លោក​ថ្លែង​ថា​៖ «​ការចុះ​បង្ក្រាប​បទល្មើស​វា​មិន​ងាយស្រួល​ដូច​ការនិយាយ​នោះ​ទេ ប៉ុន្តែ​ហេតុអ្វី​បាន​ជា​សមត្ថកិច្ច​មិន​ព្រម​ចុះ​ទប់ស្កាត់​មុនពេល​បទល្មើស​កើតឡើង​? ឧទាហរណ៍ ករណី​ដាក់​សម្រាស់​ចាប់​ត្រី​តាម​ដងស្ទឹង និង​តំបន់​ផ្សេង​ទៀត​ក្នុង​បឹង​ទន្លេសាប គេ​យក​សម្រាស់​ទៅ​ដាក់​គរ​មាត់​ស្ទឹង ឬ ដឹក​ទាំង​ទូកៗ​បើក​ទៅ​តំបន់​ព្រៃ​លិច​ទឹក​ក្នុង​ផ្ទៃ​បឹង​ទន្លេសាប ប៉ុន្តែ​សមត្ថកិច្ច​មិន​ព្រម​ចុះ​ហាមឃាត់​នោះ​ទេ ទុក​ដល់​សម្រាស់​ដាក់​បង្កប់​ទៅក្នុង​ទឹក និង​ប្រើ​សំណាញ់​ស្បៃមុង​ហ៊ុម​ព័ទ្ធ​រហូត​ដល់ ៣០០០ ​ទៅ​ ៤០០០ ​ម៉ែត្រ ទើប​នាំ​គ្នា​ចុះ​ទៅ​បង្ក្រាប​។ ការធ្វើ​បែប​នេះ ខ្ញុំ​យល់​ថា​វា​ជា​ការ​ខ្ជះខ្ជាយ​ទាំង​ពេលវេលា កម្លាំង និង​ថវិកាជាតិ​»៕