ព្រះវិហារ: សមត្ថ​កិច្ច​ចម្រុះ​ខេត្ត​ព្រះ​វិហារ ​បាន​ចុះ​បង្ក្រាប​ទីតាំង​អាជី​វ​កម្ម​រ៉ែ​មាស​ចំនួន​ ៧ ​កន្លែង​ស្ថិត​នៅ​ភូមិ​រំដេង​ ឃុំ​រម្យទ​ម ​ស្រុក​រវៀង ​ក្នុង​នោះ​មាន​ ២ ទី​តាំង​គ្រោង​នឹង​ក​សាង​សំណុំ​រឿង​បញ្ជូ​ន​ទៅ​​តុលា​ការ​ខេត្ត​ ខណៈ​ចំនួន​ ៥ ​ទី​តាំង​ផ្សេង​ទៀត ​ត្រូវ​បាន​បិទ​ទាំង​ស្រុង និង​កម្ទេច​សម្ភារ​មួយ​ចំនួន​នៅ​នឹង​កន្លែង។

​លោក​ យូ ​ចិន្ដា​យុត្តិ​ ប្រធាន​មន្ទីរ​រ៉ែ ​និង​ថា​ម​ពល​ខេត្ត​ព្រះ​វិហារ​បាន​ថ្លែង​ថា​ ចាប់​តាំង​ពី​ថ្ងៃទី ១៣​-​១​៦​ កុម្ភៈ​ ក្រុម​ការងារ​​ចម្រុះ​មាន​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ក្រសួង​រ៉ែ ​និង​ថា​ម​ពល​ គណៈ​បញ្ជា​ការ​ឯក​ភាព​រដ្ឋ​បាល​ខេត្ត​ព្រះ​វិហារ ស្ថា​ប័ន​​អយ្យការ​ អម​សាលា​ដំ​បូង​ខេត្ត​ព្រះវិហារ​ និង​អាជ្ញាធរ​មូល​ដ្ឋាន​បាន​ចុះ​ត្រួត​ពិនិត្យ​ទីតាំង​អាជី​វ​កម្ម​រ៉េ​មាស​អនា​ធិ​ប​តេយ្យ​ចំនួន ៧ ទីតាំង។​

​លោក​បន្ដ​ថា​ ក្រុម​ការ​ងារ​បាន​ចុះ​បង្ក្រាប​ទី​តាំង​ខាង​លើ​នេះ ​ក្នុង​ទំហំ​ផ្ទៃដី ​១២,៦២​ ហិក​តា ​ដោយ​បាន​រ​ក​ឃើញ​ ឧប​ក​រ​ណ៍​​បម្រើ​ឲ្យ​អាជីវ​កម្ម​រ៉ែ​មាស​អនា​ធិប​តេយ្យ​មាន​ដូច​ជា​ ទីតាំង​ស្តុក​សារធាតុ​ផ្ទុះ,​ ​ទី​តាំង​កិន​ថ្ម​រ៉ែ,​ ទី​តាំង​ចម្រាញ់​រ៉ែ​មាស (​អាង​ត្រាំ ឡ​ដុត​មាស)​,​ ទី​តាំង​ពិ​សោធន៍ ​(ស្តុក​សារ​ធាតុ​គីមី​ជា​ច្រើន​ប្រភេទ),​ ទី​តាំង​ស្នាក់​នៅ​ (កម្មករ​ និងអ្នកជំ​នា​ញ​​បច្ចេក​ទេស​ចិន​) និង​មធ្យោ​បាយ​បម្រើ​ដល់​ការ​ធ្វើ​អាជីវ​កម្ម​រ៉ែ​មាស​ខុស​ច្បាប់​សំខាន់ៗ​ជា​ច្រើន​ទៀត។

លោក​​បន្ត​ថា​ ទី​តាំង​នោះ ​ត្រូវ​បាន​អាជ្ញា​ធរ​ចុះ​ទៅ​ត្រួត​ពិនិត្យ ​និង​ធ្វើ​កិច្ច​សន្យា​ជា​ច្រើន​លើក​រួច​មក​ហើយ​ ប៉ុន្ដែ​ម្ចាស់​អា​ជីវ​ក​ម្ម​នៅ​តែ​មិន​ទាន់​មក​ធ្វើ​អាជ្ញា​ប័​ណ្ណ​ព្រោះ​ពួក​គាត់​គិត​ថា​ វា​ជា​អាជីវកម្ម​តូច​តាច​ជា​លក្ខណៈ​គ្រួសារ។​ ទីតាំង​ទាំង​ ៧ ​កន្លែ​ង​នេះ ​តម្រូវ​ឲ្យ​ផ្អាក​សកម្ម​ភាព​មួយ​រយៈ​សិន​ ក្នុង​នោះ​ម្ចាស់​អាជីវ​កម្ម​រ៉ែ​ចំនួន ​២ ​កន្លែង​ កំពុង​ត្រូវ​បាន​កសាង​សំ​ណុំ​រឿង​​បញ្ជូន​​ទៅ​តុលា​ការ​ ព្រោះ​ពួក​គេ​បាន​រត់​គេច ​និង​មិន​ព្រម​សហ​ការ​ជាមួយ​សមត្ថ​កិច្ច​ ហើយ​ទីតាំង​ចំនួន​ ៥​ កន្លែង​ផ្សេង​ទៀត​ នឹង​ត្រូវ​ផាក​ពិន័យ​តាម​ច្បាប់​ និង​តម្រូវ​ឲ្យ​ស្នើ​សុំ​អាជ្ញា​ប័ណ្ណ។

​លោក​បន្ត​ថា​ ទី​តាំង​អាជីវកម្ម​ទាំង​ ២ កន្លែង​នេះ​ មាន​លក្ខណៈ​ជា​ទ្រង់ទ្រាយ​ធំ​ជាង​គេ​ ខណៈ​ដែល​សមត្ថ​កិច្ច​ចុះ​ទៅ​នោះ ម្ចាស់​អាជីវ​កម្ម​មិន​បាន​សហការ​ជា​មួយ ​ដោយ​បាន​បិទ​ទ្វារ ​និង ១ កន្លែង​ទៀត ​ម្ចាស់​បាន​រត់​គេច​ខ្លួន​បាត់។​ ​ជា​មួយ​គ្នា​នោះ ​សមត្ថកិច្ច​បាន​ទម្លុះ​ទ្វា​រចូល ​ដោយ​បាន​រឹ​ប​អូស​យក​សម្ភារ​មួយ​ចំនួន ​ហើយ​ក្រៅពី​នោះ​បាន​ដុត​កម្ទេច​ចោល​ទាំង​អស់ «​យើង​ មិន​ទាន់​បាន​ចោទ​ប្រកាន់​យ៉ាង​ណា​ទេ​ ដោយ​រង់​ចាំ​តុលា​ការ​ជា​អ្នក​ចោទ​ប្រកាន់​ ប៉ុន្ដែ​យើង​នៅ​មិន​ទាន់​បាន​ដឹង​ពី​ពេល​វេលា​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ»។

​លោក​ យស​ មុន្នី​រ៉ាត់ ​អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​ធនធាន​រ៉ែ​នៃ​ក្រសួង​រ៉ែ ​និង​ថាមពល​បាន​ថ្លែង​ថា​ ការងារ​នេះ​ លោក​​មិន​ទាន់​អាច​និយាយ​អ្វី​ទេ​ ព្រោះ​វា​ស្ថិត​នៅ​ក្នុង​របាយ​ការណ៍​ផ្ទៃ​ក្នុង​ ដោយ​កំពុង​ពិភាក្សា​ជាមួយ​ខាង​ព្រះ​រាជអាជ្ញា​ថា​ តើ​ករ​ណី​ណា​ធ្វើ​ការ​បន្ត​ ហើយ​ករណី​ណា​ខ្លះ​​ត្រូវ​ចាត់​ចែង​បែប​ណា​បន្ត​ទៀត?

​លោក​បាន​បញ្ជាក់​ថា​៖ ​«​ដូច្នេះ ​ខ្ញុំ​អត់​ទាន់​ផ្ដល់​ព័ត៌​មាន​ជូន​លោកបានទេ​ ប៉ុន្ដែ​អ្វី​ដែល​អាច​ជម្រាប​​ជូ​ន​បាន​ គឺ​យើង​ពិត​ជា​បាន​​ចុះ​ទៅ​ធ្វើ​ការ​នៅ​ទី​នោះ​មែន​ ដោយ​បាន​ត្រួត​ពិនិត្យ ​និង​បង្ក្រាប។ ​ករណី​នេះ ​វា​មាន​ករណី​ខុសៗ​គ្នា ​ដោយ​មាន​ករ​ណី​ខ្លះ​មាន​ច្បាប់​ត្រឹម​ត្រូវ​ ប៉ុន្ដែ​ការ​អនុវត្ត​មិន​បាន​គោរព​តាម​ច្បាប់​ដែល​បាន​អនុញ្ញាត​ឲ្យ​គាត់​ជីក ​និង​ខ្លះ​ទៀត​ជីក​គ្មាន​ច្បាប់​​ទម្លាប់​​ត្រឹមត្រូវ»។​

លោក​ ឡោ ​ចាន់ មន្ត្រី​សម្របសម្រួល​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមា​គមអាដ​ហុក ​(ADHOC)​ ប្រចាំ​ខេត្ត​​ព្រះ​វិហារ​បាន​ថ្លែង​ថា ​នៅ​ទូ​ទាំ​ង​ខេត្ត​ព្រះវិហារ​មាន​ចំនួន​ ៧​ ស្រុក​ ក្នុង​នោះ​មាន​តែ​ស្រុក​រវៀង​​មួយ​ប៉ុណ្ណោះ​ដែល​មាន​ករណី​ជីក​យក​រ៉ែ​មាស​យ៉ាង​​អនា​ធិប​តេយ្យ​ច្រើន​ជាង​គេ។ ​គេ​សង្កេត​ឃើញ​ក្រុម​ឈ្មួញ ​និង​ក្រុម​ហ៊ុន​ដែល​កំពុង​ធ្វើ​អាជីវ​កម្ម​រ៉ែ​មាស​ក្នុង​ស្រុក​នេះ ​មិន​សូវ​មាន​អាជ្ញា​ប័​ណ្ណត្រឹម​ត្រូវទេ។​

​លោក​​បន្ត​ថា​ មាន​ករណី​ខ្លះ​ហាក់​បី​ដូច​ជា​ត្រូវ​រូ​៉វ​គ្នា​ដោយ​មិន​ចាំ​បាច់​មាន​អាជ្ញា​ប័​ណ្ណត្រឹមត្រូវ​ ព្រោះ​ការ​បង្ក្រាប​នេះ ​អាជ្ញា​ធរ​ទើប​តែ​ចុះ​ទៅ​បង្ក្រាប​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ទេ ​ប៉ុន្ដែ​ក្រុម​ឈ្មួញ​បាន​រកស៊ី​ជីក​រ៉ែ​នេះ​ជា​យូ​រឆ្នាំ​មក​ហើយ​ គឺ​មិន​ដែល​ឮ​អាជ្ញា​ធរ​ចុះ​ទៅ​បង្ក្រាប​ទេ។

​លោក​បញ្ជាក់​ថា៖ ​«​កន្លង​មក​ ទោះ​បី​ជា​​មាន​ការ​រុក​រក​ មាន​អាជី​វ​កម្ម​ក៏​អាជ្ញា​ធរ​ពាក់​ព័ន្ធ​ហ្នឹង​មិន​សូវ​មាន​​​វិធាន​ការ​ឲ្យ​បាន​ម៉ឺង​ម៉ាត់​ដែរ ​ខ្ញុំ​ធ្លាប់​ចុះ​ទៅ ​ឃើញ​ហើយ​ ពេល​ខ្លះ​មាន​ខាង​វៀតណាម​​ក៏​មាន​ ចិន​ក៏​មាន​ និង​ឈ្មួញ​ខ្មែរ​យើង​ហ្នឹង​ក៏​មាន​ដែរ​ ហើយ​ភ្នំ​នៅ​ជិ​តៗ​ហ្នឹង​អី​ជិត​រលាយ​អស់​ហើយ​ ព្រោះ​ការ​រុករក​របស់​ពួក​គាត់​ គឺ​វា​ត្រូវ​ការ​ប៉ះពាល់​អ៊ី​ចឹង​ហើយ​ បើ​យើង​​មិន​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​ទេ វា​ជិត​រលាយ​​អស់​ហើយ»។​

លោក​ យូ ​ចិន្ដា​យុ​ត្តិ បាន​ថ្លែង ​កាល​ពី​ថ្ងៃទី​ ១៥​ ខែ​មករា​ឆ្នាំ ២០១៩ ​​ថា សមត្ថ​កិច្ច​ធ្លាប់​បាន​ចុះ​ត្រួត​ពិនិត្យ​ និង​បង្គាប់​ឱ្យ​រុះរើ​ ព្រម​ទាំង​ធ្វើ​កិច្ច​សន្យា​បញ្ឈប់​ប្រកប​អាជីវ​កម្ម​រ៉ែ​ប្រមាណ​ជាង ១០​ កន្លែង​ ព្រោះ​ទីតាំង​ទាំង​នេះ​បាន​និង​កំពុង​ធ្វើ​អាជីវ​កម្ម​គ្មាន​អាជ្ញា​ប័ណ្ណ ​និង​ច្បាប់​អនុ​ញ្ញាត​នៅ​ស្រុករ​វៀង​នេះ​ដែរ៕