បណ្ដាខេត្តៈ គិត​ត្រឹម​ថ្ងៃទី១៩​ខែកក្កដា​នេះ ទឹក​ជំនន់​បាន​លិច​ផ្ទះ​ប្រជា​ពលរដ្ឋ​អស់ ​១៧៨៦​ខ្នង​ ដីរាប់​ពាន់​ហិក​តា ខណៈ​ការិយា​ល័យ​បោះ​ឆ្នោត​នៅតាម​បណ្ដា​ខេត្ដ​មួយចំនួន​កំពុង​ប្រឈមនឹងផល​ប៉ះពាល់​ពី​ទឹក​ជំនន់​ផង​ដែរ។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​គណៈ​ក​ម្មា​ធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ដ​រាយ។

សេចក្ដី​ជូន​ដំណឹង​ដដែល​បាន​បង្ហាញ​ថា​ ខេត្ដ​ដែល​រងគ្រោះ​ដោយ​ទឹក​ជំនន់​ទឹក​ភ្លៀង រួម​មាន​ កោះ​កុង​ ប៉ៃលិន បាត់​ដំបង ​កំពត ព្រះសី​ហនុ កែប និង​ខេត្ដ​កំពង់​ស្ពឺ។

«ទឹកជំនន់ ទឹកភ្លៀង នេះ គឺ​បង្កឡើង​ដោយ​ឥទ្ធិពល​ព្យុះ​ទី៩ ឈ្មោះ សុន​ទី​ញ (SON-TINH) កំពុង​រំកិល​ទៅ​ក្បែរ​ដីគោក​ក្រុង​ហាណូយ ស្រប​ពេលដែល​ព្យុះ​ទី១០កំពុង​វិ​វត្ដ​កើតមានឡើង»។ នេះ​បើតាម​ការ​ឲ្យ​ដឹង​តាមរយៈ​សេចក្ដី​ជូនដំណឹង​របស់​​គណៈ​ក​ម្មា​ធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្ដរាយ។

សេចក្ដីជូន​ដំណឹង​ខាងលើ​បាន​បង្ហាញ​ថា ​ខេត្ដ​កំពង់​ស្ពឺ ​ប៉ះ​ពាល់​ខ្លាំង ពិ​សេស​ស្រុក​ភ្នំ​ស្រួច​ តាម​របាយ​ការណ៍​ខេត្ដ ទឹក​ជំនន់​បាន​ប៉ះ​ពាល់​៨​ឃុំ មានប្រជាជន​រងគ្រោះ២៣០គ្រួសារ ប៉ះពាល់​ដំណាំ​ស្រូវ១១៥៧ហិកតា ចម្ការ​ស្វាយ ​២៣២ ​ហិ​កតា។

បច្ចុប្បន្ន​ កំពុង​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​កម្រិត​ទឹក​នៅ​ស្ថានីយ​ពាម​ឃ្លៃ ដែល​ឡើង​ដល់ ៨,៣០ម៉ែត្រ (កម្រិត​ទឹកជំនន់) និង​ទំនប់​រលាំង​ជ្រៃ កម្រិត​ទឹក​ឡើង​ដល់​ ៧,៦០ម៉ែត្រ គិត​ត្រឹម​ម៉ោង ៨ន ព្រឹក​ថ្ងៃទី១៩ ខែកក្កដា (បើ​ឡើង​ដល់ ​៧,៨០ម៉ែត្រ នឹង​លិច​ផ្សារ​កំពង់ស្ពឺ)បន្ថែម​ពី​សេ​ក្ដី​ជូន​ដំណឹង​។

ចំពោះ​ទឹក​ដែល​ធ្លាក់​តាម​ស្ទឹង​ព្រែក​ត្នោតពុំទាន់​មាន​បញ្ហា​ទេដោយ​ក្រសួង​ជំនាញបាន​បង្វែរ​ទឹក​មុន​សភាពការណ៍​កើតឡើងឱ្យទឹក​ហូរ​ធ្លាក់​ទៅ​អាង​ស្តុក​ទឹកទន្លេ​បាទី។

ខេត្ដ​ព្រះ​សីហនុ ​ចំណុច​ប្រឈម​ខ្លាំង ​ត្រង់​ចំណុច​ស្ពាន​សំរោង​ ភូមិ​ស្ទឹង​សំរោង ​ឃុំ​អូ​របាក់​រទេះ ស្រុក​កំពង់​សិលា ដែល​កាលពី​ព្រឹក​ថ្ងៃទី១៨​ ខែកក្កដា ត្រូវបាន​ទឹក​លិច ប្រមាណ៩០០ម៉ែត្រ កម្ពស់​ប្រមា​ណ​១,៧០ម៉ែត្រ។ រហូត​មក​ដល់​ម៉ោង ​១៩:៥០ ថ្ងៃ​ដដែល ទឹកបាន​ស្រក​នៅត្រឹម ០,៥២ម៉ែត្រ។ ប៉ះពាល់​ដល់​ប្រជា​ពល​រដ្ឋ​ចំនួន ៣ភូមិ ស្មើ​នឹង ​៩០០គ្រួសារ។

ខេត្ដ​កែប ​សភាព​ការណ៍ អាច​គ្រប់​គ្រង​បាន នឹង​ត្រូវ​តាម​ដាន​បន្ដ​ទៀត ប៉ុន្ដែ​ខេត្ដ​កោះកុង​ ប៉ះពា​ល់ឃុំ​ចំនួន៥ ស្រុក៤​ ប្រជា​ជន​ចំនួន​៥៥១គ្រួសារ​ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ទីទួល​សុវត្ថិ​ភាព។

ខេត្ដ​ប៉ៃលិនភ្លៀង​ធ្លាក់​តិច ​ប៉ុន្ដែ​នៅ​តាម​ស្ទឹង អូរ​ព្រែក​មានទឹក​ពេញ​ទាំងអស់ដោយសារ​ទឹកភ្លៀង​ហូរ​ធ្លាក់​ពី​ប្រទេស​ថៃ(ខេត្ដ​ត្រាត) ខណៈ​ខេត្ដ​បាត់​ដំបង់ មាន​ការ​បាក់​ច្រាំង​ស្ទឹង​សង្កែ ប​ណ្ដោយ​ប្រ​មាណ ១០០​ម៉ែត្រ និង​ចម្ងាយ​ពី​មាត់​ស្ទឹង​ទៅ​ចំណី​ផ្លូវ ប្រ​មាណ ៣០​ម៉ែត្រ នឹង​កំពុង​ត្រូ​វបាន​ជួសជុល​ឡើង​វិញ​។

ចំពោះ​ស្រុក​សំឡូត​ លិច​ភូមិ​ចំនួន៤ និង​ប៉ះ​ពាល់ ​៣​ឃុំ (ឃុំ​ព្រែក​នរិន្ទ,​ព្រែក​ខ្ពប​ និង​ព្រែក​ហ្លួង) ស្ថិត​ក្នុង​ស្រុក​ឯក​ភ្នំ។ ខូច​ខាត​ស្រូវ​កំពុង​ហាល​ផ្កា​ទាំងស្រុង​៥០​ហិកតា,​ ស្រូវ​ប្រឈម​ការខូចខាត​ប្រមាណ១០០៧ហិកតា និង​ផ្ទះ​លិច​ទឹក ​ចំនួន ​១០៩​ខ្នង​។ ចំណែក​ឯ ទំនប់​សេក​សក​ និង​ទំនប់​គ​ង្ហ​ត ក៏​កំពុងមាន​ការព្រួយបារម្ភ ហើយ​នៅ​ចំណុច​ស្ពាន​បឹង​អូរ​ជាង ឃុំ​កំរៀង ស្រុក​កំរៀង មាន​ប្រេះ​ដី​នៅ​គល់ស្ពាន។

បើតាម​លោក​ សោម សូ​រី​ដា អគ្គ​លេខា​ធិការរងនៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត(​គ​.​ជ​.​ប​)បាន​ឲ្យដឹងថា បច្ចុប្បន្ន​នេះ​ គ្រោះ​ទឹក​ជំនន់​មិន​ទាន់​មាន​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​ការិយា​ល័យ​បោះ​ឆ្នោត​នៅ​ឡើយ​ទេ​។​

លោក​បន្ដ​ថា៖«យើង​មាន​ជម្រើសពីរ​សម្រាប់់ គ​.​ជ​.​ប​​ ទីមួយបើ​ការិយាល័យត្រូវ​បាន​លិច​យើង​នឹង​ពន្យា​រពេល​បោះ​ឆ្នោត​​នៅ​ការិយា​ល័យនោះ។ មួយ​ទៀត បើ​នៅ​មាន​ទីតាំង​សុវត្ថិ​ភាព​ក្នុង​តំបន់​លិច​ទឹក​នោះ​ យើង​នឹង​សម្រេច​ប្ដូរការិ​យា​ល័យ​ ហើយ​ដំណើរ​ការ​បោះ​ឆ្នោត​តាម​ធម្មតា​»។

តាម​ការបញ្ជាក់​ពី​មន្ត្រី​គណៈ​កម្មការ​គ្រប់​គ្រង​គ្រោះមហន្ដរាយ​បាន​ឲ្យ​ដឹងថា អាជ្ញាធរ​មូលដ្ឋាន និង​កងកម្លាំង គ្រប់​ប្រភេទ​ បាន​សហការ​ជា​មួយ​កាក​បា​ទក្រហម ​ចុះជួយ​អន្ដរាគ​មន៍​ សង្គ្រោះ​ប្រជាជ​ន ព្រម​ទាំង​ផ្ដល់​ទីជម្រក​បណ្ដោះ​អាសន្ន​អំណោយ​សង្គ្រោះ​បន្ទាន់ និង​សេវា​សុខភាព​បាន​ទាន់ពេលវេលា។

នា​ថ្ងៃ​ព្រហស្បតិ៍​នេះ រាជ​រដ្ឋាភិបា​ល​ បាន​ចេញ​សេចក្ដី​ណែ​នាំ ពី​កា​រត្រៀម​បង្ការ​ដើម្បី​កាត់​បន្ថយ​ហានិ​ភ័យ​គ្រោះ​មហន្ដ​រាយ​ទឹក​ជំនន់​ផង​ដែរ។

សេ​ក្ដី​ជូន​ដំណឹង​នេះ​បាន​ណែនាំ​ដល់​ក្រសួង​ ស្ថា​ប័ន​ពាក់​ព័ន្ធ ​អាជ្ញាធរ​ដែន​ដី រាជ​ធានី​ ខេត្ដ ក្នុង​ក្រប​ខ័ណ្ឌ​ទូទាំង​ប្រទេស ត្រូវ​បង្កើន​ការ​យក​ចិ​ត្ដ​ទុកដាក់ ប្រុង​ប្រយ័ត្ន​ខ្ពស់បំផុត និង​ត្រូវមាន​ការរៀបចំ​ទុកជាមុន​ដោយ​ប្រើប្រាស់​កម្លាំង​សរុប មធ្យោ​បាយ​សរុប នៅពេល​មាន​ទឹកជំនន់​កើតឡើង ត្រូវ​ជម្លៀស​ប្រជាពលរដ្ឋ​ទៅកាន់​ទីទួល​សុវត្ថិភាព ​បញ្ចៀស​ឲ្យ​ខាង​តែ​បាន​នូវ​កា​រប៉ះ​ពាល់​ដល់​អាយុ​ជីវិត​និង​កា​រខូច​ខាត​ផ្សេងៗ​ដែល​កើត​មាន​ឡើង​ជាយ​ថា​ហេតុ។

ក្រសួង​ធន​ធាន​ទឹកបាន​អំពាវ​នាវ​ឲ្យ​ប្រជា​នេសាទ​ អ្នក​ធ្វើដំ​ណើរ​តាម​សមុទ្រ ​និង​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ តាម​តំបន់​ទំនាប​ជាប់​ផ្លូវ​ទឹក​នា​នា បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀស​វាង គ្រោះថ្នាក់ផ្សេងៗ ដែល​អាច​កើតមាន​ឡើង​ជាយ​ថា​ហេតុ៕