ពោធិ៍សាត់ៈ សំណង់​ទំនប់ទឹក​ដំណាក់​ឈើក្រំ​ដែល​មាន​សំណង់​មេស្ទាក់​ទឹក​ចំនួន​ ១ ​កន្លែង និង​ប្រឡាយ​មេ​ប្រវែង​ជាង​ ៩០ ​គីឡូម៉ែត្រ ដែល​អាច​ផ្តល់​អត្ថប្រយោជន៍​ស្រោចស្រព​លើ​ផ្ទៃដី​សរុប​ ១៦ ១០០ ហិកតា​ក្នុង​ ៥១ ​ភូមិ​នៃ​ស្រុក​ភ្នំក្រវាញ និង​ស្រុក​តាលោសែនជ័យ ខេត្ដ​ពោធិ៍សាត់ កំពុង​ស្ថាបនា​បាន​ជាង ៩០ ​ភាគរយ​ហើយ ដែល​គ្រោង​បញ្ចប់​ការស្ថាបនា​នៅ​ខែមិថុនា ឆ្នាំនេះ​។

រដ្ឋបាល​ខេត្ដ​ពោធិ៍សាត់​ដែល​បាន​ផ្សព្វផ្សាយ​ពី​ម្សិលមិញ​អំពី​ការស្ថាបនា​សមិទ្ធផល​ទំនប់ទឹក​ដំណាក់​ឈើក្រំ​ស្ថិត​ក្នុងភូមិ​ព្រែក ​១ ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ឱ្យដឹងថា សំណង់​នេះ​ស្ថាបនា​ឡើង​តាមរយៈ​គម្រោង​គ្រប់គ្រង និង​កាត់បន្ថយ​គ្រោះ​ទឹកជំនន់ និង​រាំងស្ងួត​ក្នុង​មហាអនុតំបន់​ទន្លេមេគង្គ ក្រោម​ហិរញ្ញប្បទាន​ពី​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ (ADB)​។

លោក​ ង៉ែត សីហា មន្ដ្រី​នាំពាក្យ​រដ្ឋបាល​ខេត្ដ​ពោធិ៍សាត់​បញ្ជាក់ថា​៖ «​សំណង់​នេះ​បាននិង​កំពុង​លេចចេញ​ជា​រូបរាង​ឡើង​ដើម្បី​បម្រើ​ផលប្រយោជន៍​លើ​ការងារ​បង្កបង្កើនផល និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។ បច្ចុប្បន្ន សំណង់​ទំនប់​នេះ​ស្ថាបនា​បាន​ជាង​ ៩០ ​ភាគរយ​ហើយ ដែល​អាច​ផ្តល់​អត្ថប្រយោជន៍​ស្រោចស្រព​ផ្ទៃដី​សរុប​ ១៦ ១០០ ​ហិកតា ​លើ​ ៥១ ​ភូមិ​ក្នុងស្រុក​ភ្នំក្រវាញ និង​ស្រុក​តាលោ​សែនជ័យ​»​។

លោក​ឱ្យដឹងថា សំណង់​ទំនប់​ទឹក​ដំណាក់​ឈើក្រំ​នេះ បាន​ចាប់ផ្តើម​សាងសង់ កាលពី​ខែសីហា ឆ្នាំ​ ២០១៧​។ តាម​ផែនការ​នឹងត្រូវ​បញ្ចប់​ការស្ថាបនា​នៅ​ខែមិថុនា ឆ្នាំ​ ២០២១ ​នេះ​។

បើតាម​លោក​ សីហា សំណង់​ទំនប់​ដែលមាន​សំណង់​មេស្ទាក់​ទឹក​ចំនួន​ ១ ​កន្លែង ប្រឡាយ​មេ​ប្រវែង​ជាង​ ៩០ ​គីឡូម៉ែត្រ​ក៏​មាន​សំណង់​សិល្បការ​ (​សំណង់​ប្រឡាយ​ចេញពី​ប្រឡាយ​មេ​) សរុប​ចំនួន​ ៣៦២ ​កន្លែង​ទៀត​ដែរ ដែល​អនុវត្ត​ដោយ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​។

លោក​ថា ទំនប់ទឹក​ដំណាក់ឈើក្រំ​ក៏​អាច​ក្លាយជា​គោលដៅ​ទេសចរណ៍​ថ្មី​មួយទៀត​ស្រប​នឹង​ទីតាំង​អំណោយផល​បែប​ធម្មជាតិ ដែលមាន​ខ្សែទឹក​ធ្លាក់​មកពី​ស្ទឹង​ប្រមោយ​នៃ​ស្រុក​វាលវែង​។

លោក​ថ្លែងថា​៖ «​បើទោះបី​ជា​ស្ថានភាព​កូវីដ ​១៩​ កំពុងតែ​តានតឹង​យ៉ាងណាក្តី ក៏​សមិទ្ធផល​ទាំងអស់​នេះ​យើង​នៅតែ​ដំណើរការ​ទៅបាន​គឺ​ដោយសារ​ប្រទេសជាតិ​មាន​សុខសន្តិភាព ក្រោម​មគ្គុទ្ទេសក៍ ដឹកនាំ​ដ៏ត្រឹមត្រូវ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ «​អរគុណ​សន្តិភាព​»​។

លោក​ ចាន់ យុត្ថា អ្នកនាំពាក្យ ក្រសួង​ធនធានទឹក និង​ឧតុនិយម​ប្រាប់ថា កំពុង​រវល់​ប្រជុំ​ពី​ម្សិលមិញ​។ ឯ​លោក​ កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្តពោធិ៍សាត់​ទូរស័ព្ទ​គ្មាន​អ្នកទទួល​៕