តាកែវៈ ​នគរបាល​កំពុង​ស្វែងរក​ចាប់​ខ្លួន អ្នក​បើកបរ​រថយន្ត​ដែល​គេ​សង្ស័យថា បាន​ដេក​​មួយ​ភាំង ធ្វើឲ្យ​រថយន្ត​ដែល​កំពុង​បើកបរ​ក្នុង​ល្បឿន​លឿន បាន​ទៅ​បុក​ដើម​ស្វាយ​ពេញ​មួយ​ទំហឹង​បណ្តាល​ឲ្យ​បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​ ៤ ​នាក់​ដែល​ក្នុង​នោះ​មាន​ជនជាតិ​អូស្ត្រាលី​ម្នាក់​ផង​បាន​ស្លាប់​ និង​ ៤ ​នាក់​ផ្សេង​ទៀត​រងរបួស​យ៉ាង​ធ្ងន់ធ្ងរ​កាលពី​រសៀល​ថ្ងៃ​សុក្រ​នៅក្នុង​ស្រុក​ត្រាំកក់​។

លោក សុខ សំណាង ស្នងការ​ខេត្ត​តាកែវ​បាន​ឲ្យ​ដឹង​ថា បុគ្គលិក​អង្គការ​សង្គ្រោះ​កុមារ (Save the Children) ចំនួន ១៤ នាក់ បាន​ធ្វើ​ដំណើរ​តាម​រថយន្ដ​ឯកជន​ ១ ​គ្រឿង​ចេញ​ពី​ខេត្ត​កំពត​ឆ្ពោះ​ទៅ​កាន់​រាជធានី​ភ្នំពេញ​តាម​ផ្លូវ​ជាតិ​លេខ​ ៣ ​ហើយ​ក៏​បាន​ជួប​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​ ៣ ​នាក់​ស្លាប់​នៅ​នឹង​កន្លែង និង​ម្នាក់​ទៀត​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។

លោក​បញ្ជាក់​ថា​គ្រោះថ្នាក់​ចរាចរណ៍​នោះ​កើតឡើង​ដោយសារ​តែ​អ្នក​បើកបរ​ងងុយ​ដេក​។ ក្រោយ​កើតហេតុ​អ្នក​បើកបរ​បាន​រត់​គេច​ខ្លួន​បាត់​។ បុគ្គលិក​អង្គការ​ទាំង​នេះ​បាន​ស្នាក់នៅ​ខេត្ត​កែប​ចំនួន​ ២ ​យប់ បន្ទាប់មក​ក៏​ធ្វើ​ដំណើរ​ត្រឡប់​មក​វិញ​ឆ្លងកាត់​តាម​ខេត្ត​កំពត​ និង​តាកែវ​ដើម្បី​ឆ្ពោះ​មក​ភ្នំពេញ​។

លោក​បន្ថែម​ថា​៖ «​ផ្អែក​លើ​ការសន្និដ្ឋាន​គឺ​អ្នក​បើកបរ​បាន​ដេក​លក់​មួយ​ភាំង​ហើយ​រថយន្ត​កំពុង​បើកបរ​ក្នុង​ល្បឿន​លឿន​ផង​ដូច្នេះ​ទើប​ធ្វើឲ្យ​រថយន្ត​រអិល​ធ្លាក់​ចេញ​ពី​ផ្លូវ​ជ្រុល​ទៅ​បុក​ដើម​ស្វាយ​នៅ​ក្បែរ​នោះ​តែ​ម្តង​»​។

រថយន្ដ​នោះ​បាន​ដាច់​ជា​ ២ ​បំណែក ហើយ​គេ​ឃើញ​អ្នកដំណើរ​ជាច្រើន នៅក្នុង​រថយន្ត​នោះ​ធ្លាក់​ចេញ​ពី​រថយន្ត​រដូករណែល​។ បុគ្គលិក​ដែល​រងរបួស​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។ លោក​បញ្ជាក់​ថា​៖ «​ពួកគេ​បាន​រងរបួស​ខាងក្នុង​យ៉ាងធ្ងន់ធ្ងរ ដោយសារ​តែ​រថយន្ត​នោះ​បើក​ទៅ​បុក​ផ្ទប់​នឹង​ដើម​ស្វាយ​ហើយ​មិន​ឃើញ​មាន​ឈាម​ហូរ​ច្រើន​នៅ​កន្លែង​កើត​ហេតុ​នោះ​ទេ​»​។

ស្ត្រី​ម្នាក់​ដែល​មាន​ផ្ទះ​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ប្រាប់​ប៉ូលិស​ថា គាត់​បានឮ​សំឡេង​បុក​យ៉ាង​ខ្លាំង​ហើយ​គាត់​ក៏​បាន​ឃើញ​មនុស្ស​ជាច្រើន​ធ្លាក់​ចេញ​​ពី​រថយន្ត​ដោយ​អ្នក​ខ្លះ​វារ​ចេញ​ពី​រថយន្ត អ្នក​ខ្លះ​សន្លប់​ និង​អ្នកខ្លះ​ស្លាប់​បាត់​ទៅ​ហើយ​។

លោក​ សុខ សំណាង ​ថ្លែង​ទៀត​ថា​៖ «​យើង​ចោទប្រកាន់​គាត់​ចំពោះ​ការបើកបរ​ធ្វេសប្រហែស​។ ឥឡូវនេះ​យើង​កំពុង​ស្វែងរក​ចាប់​ខ្លួន​គាត់ ហើយ​យើង​កំពុង​ស្នើសុំ​ការសហការ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​នោះ ប៉ុន្តែ​ដោយសារ​តែ​បុគ្គលិក​អង្គការ​នោះ​កំពុង​មាន​របួស​ដូច្នេះ​ហើយ​ពួកគេ​មិន​ទាន់​បាន​រាយការណ៍​អំពី​ក្រុមហ៊ុន​ដែល​ពួកគេ​បាន​ជួល​នោះ​មក​យើង​នៅ​ឡើយ​ទេ ដើម្បី​ស្វែងរក​អ្នក​បើកបរ ហើយ​យើង​ក៏​កំពុង​រង់ចាំ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នោះ​ផ្តល់​ព័ត៌មាន​មក​យើង​ដែរ​»​។

អង្គការ Save the Children បាន​ចេញ​ផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃ​សៅរ៍​ដោយ​បាន​និយាយថា ក្រៅពី​អ្នក​ស្លាប់​ចំនួន ៤ នាក់​បុគ្គលិក​របស់​ខ្លួន​ ៤ ​នាក់​ទៀត​បាន​រងរបួល​ធ្ងន់ធ្ងរ ហើយ​កំពុង​ស្ថិត​នៅក្នុង​ការព្យាបាល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត ហើយ​បុគ្គលិក​មួយ​ចំនួន​ទៀត​ក៏​កំពុង​ទទួល​ការព្យាបាល​ផង​ដែរ​។

សេចក្តី​ប្រកាស​នោះ​បញ្ជាក់​ថា​៖ «​នេះ​គឺ​ពិតជា​ព្រឹត្ដិការណ៍​ដ៏គួរ​ឲ្យ​សោកស្តាយ​បំផុត​មួយ ហើយ​យើង​សូម​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​របស់​អ្នកស្លាប់ និង​អ្នករបួស​ផង​»​។

«​ការព្រួយបារម្ភ​ចម្បង​របស់​យើង​គឺ​ក្រុម​គ្រួសារ​ពួកគេ​ហើយ​យើង​កំពុង​ផ្តល់​ការគាំទ្រ​ជួយ​ពួកគេ​នៅក្នុង​ពេលវេលា​ដ៏លំបាក​នេះ​។ យើង​ក៏​កំពុង​ជួយ​ដល់​បុគ្គលិក​របស់​យើង​ដែរ​ដែល​ភាគច្រើន​នៃ​ពួកគេ​បាន​រងគ្រោះ​ និង​បាត់បង់​ជីវិត នៅក្នុង​សោកនាដកម្ម​​ដ៏រន្ធត់​នោះ​»​។

អង្គការ​នេះ​បាន​ធានា​ថា​រាល់​សមាជិក​ក្រុម​ការងារ​របស់​ពួកគេ​ទាំងអស់​នឹង​ទទួល​បាន​ការព្យាបាល និង​ការថែទាំ​ល្អ​បំផុត ហើយ​អង្គការ​នឹង​ធ្វើអ្វីៗ​គ្រប់បែប​យ៉ាង​ដែល​អាច​ធ្វើ​បាន​ដើម្បី​ជួយ​គាំទ្រ​ដល់​ក្រុមគ្រួសារ និង​មិត្ត​រួម​ការងារ​របស់​ពួកគេ​ដែល​កំពុង​សោកសង្រេង​នូវ​អ្វី​ដែល​បាន​កើតឡើង​នោះ​។

លោកស្រី Elizabeth Pearce នាយិកា​អង្គការ​សង្គ្រោះ​កុមារ​ប្រចាំ​កម្ពុជា​ថ្លែង​តាមរយៈ​អ៊ីមែល​កាលពី​ម្សិលមិញ​ថា វា​ពិត​ជា​រឿង​សោកសៅ​ខ្លាំង​ណាស់ ដែល​បុគ្គលិក​អង្គការ Save the Children ចំនួន​ ៤ ​នាក់​បាន​ស្លាប់​ក្នុង​នោះ​រួម​មាន​ស្ត្រី​ចំនួន​ ៣ ​នាក់ និង​បុរស​ម្នាក់​។ ជនរងគ្រោះ​ចំនួន​ ៣ ​នាក់​គឺជា​ជនជាតិ​ខ្មែរ និង​ជនរងគ្រោះ​ម្នាក់​ទៀត​គឺជា​បុគ្គលិក​អន្តរជាតិ ហើយ​អង្គការ​បាន​ជូន​ដំណឹង​ទៅ​ស្ថានទូត​របស់​គាត់​រួចហើយ ហើយ​នឹង​ជួយ​សម្រួល​ដល់​ក្រុមគ្រួសារ​របស់​គាត់​នៅ​ក្នុង​ពេលវេលា​ដ៏លំបាក​នេះ​។ បុគ្គលិក​ចំនួន​ ៤ ​នាក់​ផ្សេង​ទៀត​បាន​រងរបួស​យ៉ាង​ធ្ងន់ធ្ងរ ហើយ​កំពុង​ទទួល​ការព្យាបាល​នៅឯ​មន្ទីរពេទ្យ ខណៈ​ដែល​បុគ្គលិក​ផ្សេង​ទៀត​ក៏​កំពុង​ទទួល​ការព្យាបាល​ផង​ដែរ​ប៉ុន្តែ​របួស​មិន​សូវ​ធ្ងន់ធ្ងរ​ទេ​។

លោកស្រី Elizabeth បញ្ជាក់​ថា​៖ «​នេះ​គឺជា​ព្រឹត្ដិការណ៍​ដ៏រន្ធត់​បំផុត​មួយ​ហើយ​យើង​សូម​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ក្រុម​គ្រួសារ​របស់​ពួកគេ​ទាំងអស់​ដែល​បាន​រងគ្រោះ​ក្នុង​ឧប្បត្តិហេតុ​នោះ​»​។

បើ​តាម​លោកស្រី Elizabeth អាជ្ញាធរ​ក្នុង​តំបន់​កំពុង​ស្វែងរក​មូលហេតុ​នៃ​គ្រោះថ្នាក់​នោះ​រហូត​ទាល់​តែ​ពួកគេ​ដឹង​ការពិត ដោយ​លោកស្រី​មិន​ចង់​គិត​ស្មានៗ​អំពី​មូលហេតុ​នៃ​គ្រោះថ្នាក់​នោះ​ទេ​។

លោក រុន រ័ត្នវាសនា ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ថា ប៉ូលិស​ចរាចរណ៍​បាន​ខិតខំ​ព្យាយាម​យ៉ាងខ្លាំង​ដើម្បី​បន្ត​ត្រួតពិនិត្យ​នៅ​តាម​ដងផ្លូវ​អំពី​ល្បឿន​និង​ជាតិ​អាល់កុល ដូចនេះ​ហើយ​ទើប​គេ​មាន​របាយការណ៍​ជា​រៀងរាល់​ថ្ងៃ​។ «​អ្វី​ដែល​សំខាន់​បំផុត​គឺ​យើង​បាន​ស្នើឱ្យ​ប្រជាពលរដ្ឋ​គោរព​ច្បាប់ ហើយ​ទី​ ២ ​គឺ​ពង្រឹង​ការអនុវត្ត​ច្បាប់ ការ​ផាកពិន័យ​ជាពិសេស​គឺ​ត្រូវ​យក​យានយន្ត​ទៅ​រក្សាទុក​រយៈពេល​ ៣ ​ថ្ងៃ​នៅ​ពេល​ដែល​ពួកគេ​បំពាន​ច្បាប់​»៕ NS