ភ្នំពេញៈ នគរបាលជាតិ​បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាល​ឲ្យ​មរណភាព អ្នកម្នាង អ៊ុក ផល្លា និង​ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ រងរបួស​ធ្ងន់​កាលពី​ថ្ងៃទី​ ១៧ ខែ​មិថុនា​នៅ​ខេត្ត​ព្រះសីហនុ គឺជា​រឿង​គ្រោះថ្នាក់​ចរាចរណ៍​សុទ្ធសាធ មិនមែន​ជា​រឿង​ប៉ុនប៉ង​ធ្វើ​ឃាត​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ដូច​ការ​លើក​ឡើង​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​មជ្ឈដ្ឋាន​មួយ​ចំនួន​នោះ​ទេ​។

នៅក្នុង​ពិធី​បូជាសព​អ្នកម្នាង អ៊ុក ផល្លា នៅ​មុខ​វត្ត​បទុមវតី​កាលពី​ថ្ងៃ​ពុធ លោក​ ញេប ប៊ុនជិន អ្នក​នាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ថ្លែង​ដោយ​ស្នើ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ធ្វើការ​ស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ ចំពោះ​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ចំនួន​ ៣ ​លើក​មកលើ​ក្បួន​រថយន្ត​របស់​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ដែល​លើក​ចុងក្រោយ​នេះ​បាន​ធ្វើឲ្យ​អ្នកម្នាង ផល្លា ទទួល​មរណភាព​។

លោក​ ប៊ុន ជិន ថ្លែង​ថា​៖ «​ក្រសួង​មហាផ្ទៃ និង​អាជ្ញាធរ​មូលដ្ឋាន​មាន​កាតព្វកិច្ច សមត្ថកិច្ច និង​ភារកិច្ច ស៊ើបអង្កេត​ឲ្យ​ស៊ីជម្រៅ​ដើម្បី​ឲ្យ​ជនរងគ្រោះ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​អាច​ទទួល​យក​បាន​ដោយ​អស់​ចិត្ត​»​។

ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កាលពី​ម្សិលមិញ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរង​នគរបាលជាតិ​ទទួល​បន្ទុក​ការងារ​ចរាចរណ៍​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ករណី​រថយន្ត​បុក​ព្រះទីនាំង​ព្រះអង្គម្ចាស់ រណឫទ្ធិ នៅ​ស្រុក​ព្រៃនប់​គឺជា​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាល​មកពី​អ្នក​បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន​ផ្ទុក​មនុស្ស​លើស​ចំណុះ និង​បើកបរ​ក្នុង​ល្បឿន​លឿន​លើស​កំណត់ ហើយ​ករណី​នេះ​មិនមែន​ជា​ឃាតកម្ម​ដែល​អាច​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ដូច​ការ​លើក​ឡើង​មួយ​ចំនួន​នៅ​លើ​បណ្តាញ​សង្គម Facebook និង​ការលើក​ឡើង​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នោះ​ទេ​។

លោក ហ៊ឹម យ៉ាន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​លទ្ធផល​នៃ​ការស៊ើបអង្កេត ដូច​ដែល​បាន​បង្ហាញ​ជូន​នេះ គឺជា​គ្រោះថ្នាក់​ចរាចរណ៍​សុទ្ធសាធ ហើយ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​សូម​បដិសេធ​ទៅ​លើ​ព័ត៌មាន​ទាំងឡាយ​ណា​ដែល​លើក​ឡើង​មិន​ត្រឹមត្រូវ​...»​។

បើ​តាម​លោក​ យ៉ាន អ្នក​បើកឡាន​តាក់ស៊ី​បាន​ទទួល​ស្គាល់​ថា គាត់​បើក​លឿន ហើយ​មូលហេតុ​ដែល​គាត់​បើក​លឿន​គឺ​ដោយសារ​តែ​គាត់​ចង់​ឲ្យ​ឆាប់​ទៅ​ដល់​គោលដៅ «​ហើយ​ផ្ទុក​មនុស្ស​លើស​កំណត់ គឺ​ដោយសារ​គាត់​ចង់​បាន​ប្រាក់​កម្រៃ​ច្រើន​»​។

អ្នក​បើក​ឡាន​តាក់ស៊ី​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​។ រូបថត ហ្វេសប៊ុក

លោក​បន្ថែម​ថា​ដោយសារ​តែ​ឡាន​បើក​ក្នុង​ល្បឿន​លឿន ហើយ​អ្នក​ដំណើរ​បាន​ជិះ​ផ្តុំ​គ្នា​នៅ​កៅអី​ខាង​មុខ ធ្វើឲ្យ​អ្នក​បើកបរ​មាន​ការ​លំបាក​ក្នុង​ការ​កាច់ចង្កូត និង​ការជាន់​ហ្វ្រាំង​ក៏​ធ្វើ​ឲ្យ​ឡាន​បាន​រេ​ចង្កូត​ទៅ​បុក​យ៉ាង​ពេញ​ទំហឹង ចំ​ព្រះទីនាំង​របស់​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ​។

អ្នក​បើក​តាក់ស៊ី រថយន្ត​ម៉ាក Highlander ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មាន​ឈ្មោះ ម៉ិល សារ៉េត អាយុ ៣៤ ឆ្នាំ បើកបរ​ចេញ​ពី​ខេត្ត​ព្រះសីហនុ ឆ្ពោះ​មក​កាន់​រាជធានី​ភ្នំពេញ​។

លោក ហ៊ឹម យ៉ាន បាន​ឲ្យ​ដឹង​ទៀត​ថា​ តាម​ការស្រាវជ្រាវ​របស់​សមត្ថកិច្ច​ជំនាញ​នៅ​មុន​ពេល​កើតហេតុ រថយន្ដ​បង្ក​បាន​វ៉ា​រថយន្ត​មួយ​គ្រឿង​ម៉ាក Lexus RX300 ស្រាប់​តែ​ពេល​កំពុង​វ៉ា​ជែង​នោះ​ក៏​ពើប​ប្រទះ​នឹង​ក្បួន​ទីនាំង​របស់​ព្រះអង្គម្ចាស់ រណឫទ្ធិ ដែល​កំពុង​តែ​បើក​បញ្ច្រាស​ទិស​គ្នា ហើយ​អ្នក​បើកបរ​រថយន្ដ​បង្ក​បាន​បន្ថែម​ល្បឿន​ដើម្បី​វ៉ា​ឲ្យ​ផុត ហើយ​គេច​ចូល​មក​ខាង​ស្ដាំ​ដៃ​វិញ ប៉ុន្តែ​បាន​គេច​ជ្រុល​មក​ខាង​ស្ដាំ​ពេក​បណ្ដាល​ឲ្យ​ធ្លាក់​ផ្លូវ​មួយ​ចំហៀង ហើយ​អ្នក​បើក​រថយន្ដ​ក៏​បួង​ចង្កូត​មក​ខាង​ឆ្វេង​វិញ ស្រាប់​តែ​ព្រះទីនាំង​របស់​សម្ដេច​ក្រុមព្រះ​មក​ដល់​ក៏​បុក​ពេញ​មួយ​ទំហឹង​តែ​ម្ដង​។

លោក ញេប ប៊ុនជិន អ្នកនាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​៖ «​យើង​សុំ​ឲ្យ​អាជ្ញាធរ​លោក​ពិនិត្យ​ទៅ​តាម​សមត្ថកិច្ច និង​ទៅ​តាម​ជំនាញ​ឲ្យ​បាន​ស៊ីជម្រៅ ហើយ​ឥឡូវ​បើ​លទ្ធផល​គេ​បង្ហាញ​មក​អ៊ីចឹង​ថា​ជា​គ្រោះថ្នាក់​ចរាចរណ៍​សុទ្ធសាធ ដោយសារ​បណ្តាល​មកពី​អ្នក​បើកបរ​ធ្វេសប្រហែស យើង​ត្រូវ​ទទួល​ស្គាល់​...​ យើង​មិន​អាច​មិន​ទទួល​ស្គាល់​ទេ ដោយសារ​តែ​យើង​មិន​មាន​អ្នក​ស៊ើប​អង្កេត​»​។

ក្បួន​រថយន្ត​របស់​ព្រះអង្គម្ចាស់ រណឫទ្ធិ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​ ៣ ​លើក​រួច​មក​ហើយ​គឺ​លើក​ទី ១ នៅ​ខេត្ត​កំពង់ចាម​កាលពី​អំឡុង​ឆ្នាំ​ ២០១៥ លើក​ទី​ ២ នៅក្នុង​ខេត្ត​កំពត​កាលពី​អំឡុង​ឆ្នាំ​ ២០១៧ និង​លើក​ចុង​ក្រោយ​នេះ នៅ​ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​។

រហូត​មក​ដល់​ពេល​នេះ​ព្រះអង្គម្ចាស់ រណឫទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​មុខ​របួស​នៅ​មន្ទីរពេទ្យ​ក្នុង​ប្រទេស​ថៃ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា អ្នកម្នាង អ៊ុក ផល្លា បាន​ទទួល​មរណភាព​ហើយ​សព​របស់​អ្នកម្នាង​ត្រូវ​បាន​បូជា​កាលពី​ថ្ងៃទី ២០ ខែ​មិថុនា​ម្សិលម្ង៉ៃ បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​លើ​ផ្លូវជាតិ​លេខ ៤ ស្ថិត​នៅ​ក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​អំឡុង​ពេល​ធ្វើ​ដំណើរ​ចុះ​ជួប​ជាមួយ​ក្រុម​អ្នក​គាំទ្រ​គណបក្ស​កាលពី​ព្រឹក​ថ្ងៃទី​ ១៧ ខែ​មិថុនា​៕