ភ្នំពេញៈ កម្លាំង​ជំនាញ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ចាប់ផ្ដើម​ចាត់វិធានការ​ចុះ​ត្រួតពិនិត្យ​ទីតាំង​លក់​ហ្គាស​នៅក្នុង​រាជធានី​ភ្នំពេញ ក្រោយពី​ពិនិត្យឃើញថា មាន​ទីតាំង​មួយចំនួន​ខ្វះខាត​ស្តង់ដា​បច្ចេកទេស​ដែល​អាច​នឹង​ងាយ​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស និង​ទ្រព្យសម្បត្តិ​។

លោក ព្រហ្ម យ៉ន នាយការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា កម្លាំង​ជំនាញ​បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​លក់​ហ្គាស​ ៧ ​កន្លែង​ នៅក្នុង​ខណ្ឌដូនពេញ​ក្នុង​សង្កាត់​ផ្សារកណ្ដាល​ទី​ ១ ផ្សារកណ្តាល​ទី​ ២ ផ្សារ​ចាស់ និង​សង្កាត់​ជ័យជម្រះ បាន​រកឃើញ​ទីតាំង​ ២ ​កន្លែង​គ្មាន​ច្បាប់​ត្រឹមត្រូវ​។

លោក យ៉ន ថ្លែង​ថា​៖ «​មកទល់ពេលនេះ​មាន​រយៈពេល​ជិត​ ១ ​ខែ​ហើយ​ដែល​ក្រុម​កម្លាំង​ជំនាញ​បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ខណ្ឌ និង​ប៉ុស្តិ៍​ចុះ​ត្រួតពិនិត្យ​ទីតាំង​លក់​ហ្គាស​។ ដំបូង​យើង​កំណត់​យក​ខណ្ឌ​ដែល​ស្ថិតនៅ​កណ្តាល​រាជធានី​ភ្នំពេញ​មុនគេ ហើយ​ក្នុង​នោះ​ខណ្ឌ​ដូនពេញ​ជា​គោលដៅ​ដំបូង​គេ​បង្អស់ យើង​ធ្វើ​បន្តបន្ទាប់​ម្តង​ ១ ​ខណ្ឌ រហូត​ដល់​គ្រប់​ ១៤ ​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ​»​។

លោក យ៉ន បាន​ឲ្យ​ដឹង​ទៀតថា បន្ទាប់ពី​បញ្ចប់​ការចុះពិនិត្យ​នៅ​ខណ្ឌ​ដូនពេញ​នឹង​បន្តទៅ​ខណ្ឌ​បឹងកេងកង ក្រោយ​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​បញ្ចប់​ទៅ​។

លោក ព្រហ្ម យ៉ន បញ្ជាក់ថា ២ ​ទីតាំង​ដែល​រកឃើញ​ថា មិនមាន​ច្បាប់​អនុញ្ញាត​នោះ​កម្លាំង​ជំនាញ​នឹង​រៀបចំ​ធ្វើ​របាយការណ៍​បញ្ជូន​ទៅ​ថ្នាក់លើ​ដើម្បី​សុំ​វិធានការ​ចុះ​ធ្វើការ​បន្តទៀត​។

នៅក្នុង​កិច្ចប្រជុំ​កាលពី​ខែ​​សីហា​កន្លង​មក​នេះ អភិបាល​រាជធានី​ភ្នំពេញ​លោក​ ឃួង ស្រេង បាន​ណែនាំ​ដល់​មន្ទីរជំនាញ​ត្រូវ​លុបបំបាត់​កន្លែង​លក់​ហ្គាស​បែប​អនាធិបតេយ្យ​ឱ្យ​អស់ពី​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​កាត់បន្ថយ​ហានិភ័យ​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​។

លោក ឃួង ស្រេង បាន​ឲ្យ​ដឹងថា មាន​កន្លែង​លក់ និង​បញ្ចូល​ហ្គាស​ជាច្រើន ដែល​ក្នុង​នោះ​កន្លែង​ខ្លះ​គ្មាន​ស្តង់ដា​បច្ចេកទេស ប្រើប្រាស់​ធុង​ហ្គាស​ចាស់ៗ គ្មាន​គុណភាព ធុង​ស្តើង ដែល​ងាយ​បង្ក​ហានិភ័យ​គ្រោះថ្នាក់​ទាំង​អ្នក​បញ្ចូល និង​អ្នកប្រើប្រាស់​។

លោក​ក៏​បាន​អំពាវនាវ​ផងដែរ​ដល់​ក្រុម​អាជីវករ​លក់​ហ្គាស​ទាំងអស់​ត្រូវ​បញ្ឈប់​ការទិញ​ធុង​ហ្គាស​ចាស់ៗ​ពី​ប្រទេស​ដទៃ ហើយ​យក​មក​បាញ់ថ្នាំ​ដើម្បី​ប្រើប្រាស់​បន្ត ព្រោះ​នេះ​គឺជា​ហានិភ័យ​គ្រោះថ្នាក់​ខ្ពស់​អាច​បង្ក​ឱ្យ​ផ្ទុះ​ធុង​ហ្គាស និង​អគ្គិភ័យ​ឆាបឆេះ​ផ្ទះសម្បែង​។

លោក យ៉ន បាន​ឲ្យ​ដឹងថា ចាប់ពី​ដើម​ឆ្នាំ​រហូត​មក​ទល់​ថ្ងៃទី​ ១០ ខែ​ កញ្ញា ឆ្នាំ​ ២០២០ ​ក្នុង​រាជធានី​ភ្នំពេញ​មាន​ករណី​ផ្ទុះ​ហ្គាស​ ៤ ​ករណី ​កើតឡើង​ហើយ​ក្នុងនោះ សង្កេត​ឃើញ​ថា ករណី​ផ្ទុះ​ធុង​ហ្គាស​គួរ​ឲ្យ​កត់សម្គាល់​ជាងគេ កើតឡើង​នៅ​ល្ងាច​ថ្ងៃទី​ ១៨ ខែ កក្កដា បណ្ដាល​ឲ្យ​មនុស្ស​ ៤ ​នាក់​ស្លាប់ និង​ ៥ ​នាក់​ទៀត​របួស​៕