ភ្នំពេញៈ លោក​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រី​វៀតណាម បាន​ឯកភាព​ជំរុញ​ឲ្យ​អ្នក​ជំនាញ​កិច្ចការ​ព្រំដែន​​នៃ​ប្រទេស​ទាំង​ ២ ពន្លឿន​ការដោះស្រាយ និង​បញ្ចប់​ព្រំដែន​គោក​ដែល​នៅ​សល់​ប្រមាណ​ ១៦ ​ភាគរយ​ដោយ​ផ្អែក​លើ​ស្មារតី​មិត្តភាព និង​អ្នក​ជិត​ខាង​ល្អ​។

ការឯកភាព​គ្នា​នៃ​ប្រទេស​ទាំង​ ២ ​បាន​ធ្វើ​ឡើង​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​លោក​នាយករដ្ឋមន្ត្រី​ទៅ​កាន់​ប្រទេស​វៀតណាម​កាលពី​ថ្ងៃទី​ ៧-៨ ខែ​ធ្នូ ដើម្បី​ពង្រីក និង​ពង្រឹង​ទំនាក់ទំនង​ដែល​មាន​ស្រាប់​នៃ​ប្រទេស​ទាំង​ ២​។

នៅក្នុង​សន្និសីទ​កាសែត​រួម​នៃ​នាយករដ្ឋមន្ត្រី​ទាំង​ ២ ដែល​បាន​ធ្វើ​ឡើង​នៅក្នុង​ទីក្រុង​ហាណូយ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​ថា​៖ «​បញ្ហា​សេសសល់​ទៅ​លើ​បញ្ហា​ព្រំដែន យើង​ក៏​បាន​ខិតខំ​ដោះស្រាយ ហើយ​ថ្ងៃ​នេះ​ក៏​បាន​រកឃើញ​នូវ​ចំណុច​ដើម្បី​ជំរុញ​ការ​ដោះស្រាយ​បន្ត​ដើម្បី​បញ្ចប់​ការងារ​នេះ​ឲ្យ​ឆាប់ ខ្ញុំ​ពិត​ជា​មាន​ការរីករាយ ដោយ​ព្រំដែន​កម្ពុជា-វៀតណាម បច្ចុប្បន្ន​នេះ​ក្លាយ​ទៅ​ជា​ព្រំដែន​មិត្តភាព ហើយ​កំពុង​មាន​ការអភិវឌ្ឍ​យ៉ាង​ខ្លាំង​មាន​កន្លែង​មួយ​ចំនួន​ដែល​ជា​អតីត​សមរភូមិ​សង្គ្រាម​កំពុង​តែ​ក្លាយ​ទៅ​ជា​ទីផ្សារ​រួចស្រេច​ទៅ​ហើយ​»​។

យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី ៨ ​ខែ​ធ្នូ​ឆ្នាំ ២០១៨ បាន​ឲ្យ​ដឹង​ថា​៖ «​សម្ដេច​តេជោ ហ៊ុន សែន និង​ឯកឧត្តម ង្វៀន សួនហ៊្វុក បាន​ពិភាក្សា​យ៉ាង​ទូលំទូលាយ​អំពី​ការដោះស្រាយ​បញ្ហា​ព្រំដែន​។ ថ្នាក់ដឹកនាំ​ទាំង​​ ២ ស្វាគមន៍​សមិទ្ធផល​នៃ​ការងារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​កន្លងមក និង​បាន​ឯកភាព​គ្នា​ជំរុញ​ឲ្យ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​ទាំង​សង​ខាង​ពន្លឿន​ការដោះស្រាយ បញ្ចប់​បញ្ហា​ព្រំដែន​គោក​ដែល​នៅ​សេសសល់​ចំនួន​ ១៦ ​ភាគរយ​ផ្អែកលើ​ស្មារតី​នៃ​មិត្តភាព និង​ភាព​ជា​អ្នក​ជិត​ខាង​ល្អ សំដៅ​កសាង​ខ្សែបន្ទាត់​ព្រំដែន​រួម​ប្រកប​ដោយ​មិត្តភាព សន្តិភាព ស្ថិរភាព​ និង​សហប្រតិបត្តិការ​រឹងមាំ​យូរអង្វែង​សម្រាប់​ប្រជាជន​ជំនាន់​ក្រោយ​»​។

លោក ហ៊ុន សែន បាន​ថ្លែង​ផង​ដែរ​ថា​៖ «​អ្វី​ដែល​ជា​លទ្ធផល​ធំ​បំផុត​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ការពង្រឹង​ និង​ពង្រីក​នៃ​ទំនាក់ទំនង​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង ២ កិច្ចព្រមព្រៀង និង​អនុស្សរណៈ​ដែល​បាន​ចុះហត្ថលេខា​គឺជា​ការបន្ត​ពង្រីក​ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ និង​ជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​»​។

ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា​លោក វ៉ា គឹមហុង បាន​ថ្លែង​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា-វៀតណាម​បាន​ចុះហត្ថលេខា​ទទួល​ស្គាល់​លទ្ធផល​ ៨៤ ​ភាគរយ​នៃ​ការបោះបង្គោល​ព្រំដែន ហើយ​បាន​ប្តេជ្ញា​ប្រឹងប្រែង​បោះបង្គោល​ព្រំដែន​ហើយ​នៅ​សល់​ ១៦ ​ភាគរយ​ទៀត ប្រទេស​កម្ពុជា​ និង​ប្រទេស​វៀតណាម​បាន​ស្នើ​ទៅ​ប្រទេស​បារាំង​ធ្វើការ​ចម្លង​ផែនទី​ពី​ផែនទី​ខ្នាត 1/100.000 មក​ផែនទី UTM ខ្នាត 1/50.000 វិញ​និង​ថា​ខាង​ប្រទេស​បារាំង​បាន​ឯកភាព​ហើយ​ក៏​បាន​ស្នើ​ឲ្យ​ប្រទេស​ទាំង ២ ​គឺ​ប្រទេស​កម្ពុជា​ និង​ប្រទេស​វៀតណាម​ធ្វើ​បែបបទ​នីតិវិធី​បន្ថែម​។

លោក​បាន​បញ្ជាក់​ថា​៖ «​គាត់​ (​បារាំង​) ​បាន​ស្នើ​ឲ្យ​យើង​បញ្ជូន​បែបបទ​បន្ថែម​ទៅ យើង​មាន​ការ​យឺតយ៉ាវ​លើ​បែបបទ បច្ចេកទេស​ដោយសារ​យើង​មិនទាន់​ឯកភាព​គ្នា​ពីព្រោះ​វា​ជា​ឯកសារ​លម្អិត ហើយ​ខ្ញុំ​មិន​អាច​ជម្រាប​ជូន​បាន​ទេ ហើយ​យើង​និយាយ​មិន​ទាន់​ចុះ​សម្រុង​គ្នា​។ ​យើង​នឹង​ខិតខំ​ធ្វើ​បញ្ចប់​ក្នុង​ពេល​ខាង​មុខ​តាម​ការណែនាំ​របស់​នាយករដ្ឋមន្ត្រី​ទាំង​ ២ ហើយ​អាច​បញ្ជូន​បែបបទ​ទៅ​បារាំង​ហើយ​គេ​បញ្ជូន​អ្នក​បច្ចេកទេស​គេ​មក​»​។

ក្នុង​ពេល​ចូលរួម​ពិធី​លាង​សាយភោជន​ដែល​រៀបចំ​ដោយ​នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន សួនហ៊្វុក នៅ​យប់​ថ្ងៃទី ៧ ខែ​ធ្នូ ឆ្នាំ​ ២០១៨ នៅ​ទីក្រុង​ហាណូយ លោក​ ហ៊ុន សែន បាន​ថ្លែង​ថា​ប្រទេស​កម្ពុជា និង​វៀតណាម នៅតែ​អាច​រក្សា​បាន​ទំនាក់ទំនង​ល្អ​ប្រសើរ​ បើ​ទោះបី​ស្ថានការណ៍​នយោបាយ​នៅលើ​ពិភពលោក​នាពេល​បច្ចុប្បន្ន​មាន​ការ​ប្រែប្រួល​យ៉ាង​ស្រួចស្រាល់​ក្តី​។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «​ទោះបី​សភាពការណ៍​នយោបាយ​នៅលើ​សកលលោក​មាន​ការ​ប្រែប្រួល​យ៉ាង​ស្រួចស្រាល់ ឆាប់រហ័ស និង​ពិបាក​ប៉ាន់ស្មាន​យ៉ាង​ណា​ក៏ដោយ ក៏​ប្រទេស​យើង​ទាំង​ ២ ​រក្សា​បាន​នូវ​មិត្តភាព​មនោសញ្ចេតនា និង​ការយោគយល់​គ្នា​ប្រកប​ដោយ​ស្មារតី​ជឿជាក់​គ្នា​ទៅវិញ​ទៅមក​ក្នុង​ភាព​ជា​ប្រទេស​ភូមិ​ផង​របង​តែ​មួយ​»​។

លោក​ថ្លែង​បន្ថែម​ថា​៖ «​ជាមួយ​នឹង​ការជឿជាក់ និង​ភាតរភាព​នេះ​កម្ពុជា និង​វៀតណាម​ត្រូវ​រួម​គ្នា​អនុវត្ត​ឲ្យ​ម៉ឺងម៉ាត់ ដើម្បី​សម្រេច​ឲ្យ​បាន​ជោគជ័យ​រាល់​ទិសដៅ​ដែល​ប្រទេស​ទាំង​ ២ ​បាន​ដាក់​ចេញ​។ ក្នុង​នោះ​ត្រូវ​ខិតខំ​រួម​គ្នា​បន្ត​ដោះស្រាយ​ឲ្យ​បាន​ឆាប់​នូវ​បញ្ហា​មួយ​ចំនួន​ដែល​នៅ​សេសសល់​ដូចជា​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​»​។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ង្វៀន ហ៊្វូជុង ប្រធាន​រដ្ឋ​វៀតណាម កាលពី​ថ្ងៃទី​ ៧ ខែធ្នូ ឆ្នាំ​ ២០១៨ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។ រូបថត ហ្វេសប៊ុក SPM

ប្រទេស​កម្ពុជា​ និង​វៀតណាម​មាន​ព្រំដែន​គោក​ជាប់​គ្នា​ប្រវែង ១២៧០ ​គីឡូម៉ែត្រ​ដែល​ត្រូវការ​បោះបង្គោល​ព្រំដែន​សរុប​ចំនួន ៣១៤​ ​បង្គោល​។

លោក​ ហ៊ុន សែន បាន​ថ្លែង​ប្រាប់​លោក ង្វៀន សួនហ៊្វុក​ និង​ក្រុមមន្ត្រី​វៀតណាម​ផង​ដែរ​ថា ការឃោសនា​ដែល​ថា​ប្រទេស​កម្ពុជា​មាន​ការ​ត្រៀម​រៀបចំ​កសាង​មូលដ្ឋាន​យោធា​បរទេស វា​គឺជា​ព័ត៌មាន​មិន​ពិត កុហក និង​បំផ្លិច​បំផ្លាញ​ហើយ​ថា​រដ្ឋធម្មនុញ្ញ​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​កងទ័ព​បរទេស​នៅ​កម្ពុជា​នោះ​ទេ​ហើយ​ការលើកឡើង​នេះ​ប្រសិន​ការឃោសនា​នោះ​បន្ត​ទៅ​ទៀត វា​នឹង​ធ្វើឲ្យ​ប្រទេស​ជិត​ខាង និង​ក្នុង​តំបន់​មាន​ការ​ព្រួយបារម្ភ​។

លោក​ថ្លែង​ថា​៖ «​វា​អាច​នឹង​ក្លាយ​ទៅ​ជា​កង្វល់​នៃ​បណ្តា​ប្រទេស​ជិតខាង រួម​ទាំង​ប្រទេស​ក្នុង​តំបន់​ផង​ដែរ ប្រសិន​បើ​ការឃោសនា​នេះ​បន្ត​តទៅ​ទៀត ហើយ​ខ្ញុំ​សង្ឃឹម​ថា​នឹង​បញ្ចប់​នូវ​ពាក្យ​ចចាម​អារ៉ាម​​ដ៏អាក្រក់​មួយ​នេះ​សម្រាប់​​កម្ពុជា​»​។

លោក ហ៊ុន សែន បាន​លើក​ឡើង​ដែរ​ថា​ក្នុង​ឱកាស​ប្រារព្ធ​ខួប​ ៤០ ​ឆ្នាំ​នៃ​ថ្ងៃ​ជ័យជម្នះ ៧ មករា​នៅ​ឆ្នាំ​ ២០១៩ ​ខាង​មុខ​នេះ​កម្ពុជា​នឹង​រៀបចំ​ប្រារព្ធ​ពិធី​ឲ្យ​បាន​អធិកអធម ដើម្បី​បង្ហាញ​នូវ​សច្ចភាព​ប្រវត្តិសាស្ត្រ​ថ្ងៃ ៧ មករា​ដែល​បាន​រំដោះ​ប្រទេស រំដោះ​ជីវិត​ប្រជាពលរដ្ឋ​កម្ពុជា​ហើយ​ថា ប្រទេស​វៀតណាម​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការជួយ​រំដោះប្រទេស និង​ទប់ស្កាត់​កុំ​ឲ្យ​របប​ខ្មែរក្រហម​វិលត្រឡប់​មក​វិញ​ហើយ​រដ្ឋាភិបាល​កម្ពុជា និង​ប្រជាជន​កម្ពុជា ចងចាំ​ជានិច្ច​ចំពោះ​ការលះបង់ និង​ការជួយ​ជ្រោមជ្រែង​របស់​រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម​ក្នុង​ការជួយ​រំដោះប្រទេស និង​ប្រជាជន​កម្ពុជា​ចេញ​ពី​របប​ខ្មែរក្រហម​។

លោក​បាន​បញ្ជាក់​ថា​៖ «​កម្ពុជា​នឹង​រៀបចំ​ប្រារព្ធ​ពិធី​ឲ្យ​បាន​អធិកអធម​ដើម្បី​បង្ហាញ​ឲ្យ​កាន់តែ​ច្បាស់​អំពី​គុណ​តម្លៃ​នៃ​ថ្ងៃ ៧ ​មករា ការរស់រាន​មាន​ជីវិត​ជាថ្មី​របស់​ប្រជាជន និង​ការរីកចម្រើន​របស់​កម្ពុជា​ពិសេស​រំលេច​ឲ្យ​ឃើញ​ច្បាស់​នូវ​តួនាទី និង​គុណបំណាច់​របស់​វៀតណាម​ក្នុង​បុព្វហេតុ​រំដោះ​កម្ពុជា​ និង​ជួយ​ទប់ស្កាត់​ការវិល​ត្រឡប់​មក​វិញ​នៃ​របប​វាលពិឃាត​ខ្មែរ​ក្រហម​»​។

ប្រទេស​កម្ពុជា​បាន​ចុះហត្ថលេខា​ជាមួយ​ប្រទេស​វៀតណាម​លើ​ឯកសារ​សំខាន់ៗ​ចំនួន​ ៦ ​រួមមាន​៖ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​យុទ្ធសាស្ត្រ​សហប្រតិបត្តិការ​លើ​វិស័យ​ដឹកជញ្ជូន​សម្រាប់​រយៈពេល ៧ ​ឆ្នាំ​ពី​ឆ្នាំ​ ២០១៨-២០២៥ វិសោធនកម្ម​ពិធីសារ (​ឆ្នាំ​ ២០០៥) សម្រាប់​ការអនុវត្ត​កិច្ចព្រមព្រៀង​នៃ​ការដឹក​ជញ្ជូន​តាម​ផ្លូវគោក (​ឆ្នាំ​ ១៩៩៨) វិសោធនកម្ម​កិច្ចព្រមព្រៀង​ស្តីពី​ការដឹកជញ្ជូន​ផ្លូវទឹក (​ឆ្នាំ​ ២០០៩) កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តាម​ព្រំដែន កម្ពុជា-វៀតណាម កិច្ចសម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-វៀតណាម​សម្រាប់​ឆ្នាំ​ ២០១៨-២០១៩ ស្តីពី​ការអនុគ្រោះ​លើ​ពន្ធ​បន្ទាត់ ពន្ធគយ​ឲ្យ​គ្នា​ទៅវិញ​ទៅមក និង កិច្ចព្រមព្រៀង​ស្តីពី​ការទប់ស្កាត់​ការជួញដូរ ការជីកកកាយ​ដោយ​ខុសច្បាប់ និង​ការនាំ​ត្រឡប់​មក​វិញ​នូវ​សម្បត្តិ​បេតិកភណ្ឌ​នៃ​ប្រទេស​ទាំង​ ២ ​កម្ពុជា-វៀតណាម​។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា​នឹង​សម្រេច​ឲ្យ​បាន​ទំហំ​ពាណិជ្ជកម្ម ៥ ​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០២០ និង​ការតភ្ជាប់​គ្រប់​វិស័យ​រវាង​កម្ពុជា និង​វៀតណាម និង​ការទប់ស្កាត់ ទង្វើ​ខុស​ច្បាប់​គ្រប់​ទម្រង់ និង​គ្រប់​រូបភាព​នៅ​​តាម​ព្រំដែន​ជាដើម​៕