ភ្នំពេញ៖ ​ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​វៀតណាម កាលពី​ថ្ងៃទី​ ២៥ ខែ វិច្ឆិកា ឆ្នាំ ​២០២០ ​បាន​សហការសម្របសម្រួល​ជាមួយ​អាជ្ញា​ខេត្ត​កាវ​បាង បញ្ជូន​នារី​ខ្មែរ​ ៨​ រូប ត្រឡប់មក​កម្ពុជា​វិញ បន្ទាប់ពី​ត្រូវបាន​ចាញ់បោក​មេខ្យល់លួច​ឆ្លងដែន​ទៅកាន់​ប្រទេស​ចិន ដោយ​ឆ្លងកាត់​ប្រទេស​វៀតណាម ដោយ​ខុសច្បាប់​។

យោងតាម​សេចក្ដីជូនដំណឹង​របស់​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​វៀតណាម ចុះ​ថ្ងៃទី​ ២៥ ខែ វិច្ឆិកា ឆ្នាំ​ ២០២០ ដែល​ ភ្នំពេញ​ ប៉ុស្តិ៍​ ទទួលបាន​កាលពី​ថ្ងៃទី​ ២៦​ វិច្ឆិកា​ ថា នារី​ខ្មែរ​ទាំង​ ៨​ នាក់​នោះ មាន​ទីលំនៅ​ក្នុង​ខេត្តកណ្ដាល កំពង់ចាម បន្ទាយមានជ័យ និង​រាជធានី​ភ្នំពេញ​។ ក្នុងចំណោម​នារី​ទាំង​ ៨ ​នាក់ មាន​ ៤ ​នាក់​ជា​អនីតិជន​។

សេចក្ដីជូនដំណឹង​នោះបាន​បញ្ជាក់ថា​៖ «​ពួកនាង​ត្រូវបាន​ឆបោក​នាំ​ពី​កម្ពុជា​» នៅ​ថ្ងៃទី​ ២៥ ខែតុលា និង​ថ្ងៃទី​ ០៧ ខែ វិច្ឆិកា ឆ្នាំ​ ២០២០ តាម​ផ្លូវលំ ក្បែរ​ច្រកទ្វារ​អន្តរជាតិ បាវិត​-​ម៉ុក​បាយ ឆ្ពោះទៅ​ព្រំដែន​វៀតណាម​-​ចិន នៃ​ខេត្ត​កាវ​បាង ហើយ​ត្រូវបាន​អាជ្ញាធរខេត្ត​កាវ​បាង ជួយសង្គ្រោះ​បាន​នៅ​ថ្ងៃទី​ ០៦ និង ថ្ងៃទី​ ១០ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅ​ចំណុច​ព្រំដែន​វៀតណាម​-​ចិន ដែលមាន​ចម្ងាយ​ប្រមាណ​ ៣៧០​ គីឡូម៉ែត្រ ពី​ទីប្រជុំជន​នៃ​ក្រុង​ហាណូយ​។​

ក្រោយពី​មាន​កិច្ច​អន្តរាគមន៍​សម្របសម្រួល​ពី​ស្ថាន​អគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​វៀតណាម អាជ្ញាធរខេត្ត​កាវ​បាង នៅ​ថ្ងៃទី​ ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ បានសម្រេច​បញ្ជូន​ពួកនាង​តាម​រថភ្លើង​មកកាន់​ទីក្រុង​ហូជីមិញ ដែល​តាម​គម្រោង នៅវេលា​ម៉ោង​ ៥:០០ ​ព្រឹក ថ្ងៃទី​ ២៧ ខែ វិច្ឆិកា ឆ្នាំ​ ២០២០ ពួកនាង​នឹង​មកដល់​ទីក្រុង​ហូជីមិញ ជាទី​ដែលមាន​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា រង់ចាំ​ដើម្បី​សម្របសម្រួល​ការធ្វើដំណើ​រ​បន្តទៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត​-​ម៉ុក​បាយ​។

យ៉ាងណាក៏ដោយ នៅក្នុង​សេចក្ដីជូនដំណឹង​នោះ ស្ថាន​អគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​វៀតណាម មិនបាន​បញ្ជាក់​ឲ្យ​ច្បាស់​អំពី​ទិសដៅ​ពិតប្រាកដ​របស់​ពួកនាង​ដែល​ត្រូវ​ទៅនោះ​ទេ ហើយក៏​មិនបាន​បញ្ជាក់​ពី​មូលហេតុ ដែល​នាំ​ឲ្យ​ពួកនាង​ត្រូវបាន​គេ​បោក​បញ្ឆោត​ពី​កម្ពុជា​នោះដែរ​។

លោក កុយ គួ​ង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិបាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្ តិ៍​ថា គោលបំណង​របស់​ក្រុម​នារី​រងគ្រោះ គឺ​ទៅ​ប្រទេស​ចិន ដោយ​ឆ្លងកាត់​ប្រទេស​វៀតណាម​។

លោក​បាន​បន្តថា នៅពេលនេះ​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ក្រុង​ហូជីមិញ នឺង​សហការ​ជាមួយ​អាជ្ញាធរ​វៀតណាម ជួយ​សម្រួល​ស្ត្រី​រងគ្រោះ​ ដើម្បី​ឆ្លងកាត់​ព្រំដែន​មក​កម្ពុជា​វិញ ដោយមាន​មន្ត្រី​សង្គមកិច្ច​ខេត្តស្វាយរៀង​ចាំ​ទទួល​នៅ​ច្រកព្រំដែន និង​អនុវត្តតាម​វិធានការ​របស់​ក្រសួងសុខាភិបាល​។​

អ្នកស្រី ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិ​ន្រៃ្ត​យ​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ ថា ​នៅ​ថ្ងៃទី ​២៦ ​ខែវិច្ឆិកា ​ថា ជាទូទៅ​ជនរងគ្រោះ​ដែល​ត្រូវបាន​ចាញ់បោក​មេខ្យល់​នាំ​ពី​កម្ពុជា​ទៅកាន់​ប្រទេស​វៀតណាម គោលដៅ​របស់​ពួកគេ​ភាគច្រើន ​គឺ​ទៅ​ប្រទេស​ចិន​។ ចំណែក​មូលហេតុ គឺ​ក្រុម​ជនរងគ្រោះ ជឿ​លង់ការ​បញ្ឆោត​របស់​ក្រុម​មេខ្យល់ តាមរយៈ​រូបភាព​រៀប​អាពាហ៍ពិពាហ៍​ក្លែងក្លាយ និងការធានា​ផ្ដល់​ការងារ​ធ្វើ​នៅតាម​ផ្ទះ ដែលមាន​ប្រាក់ខែ​ខ្ពស់​ជាដើម​។

អ្នកស្រី​បានបញ្ជាក់​ថា​៖ «​យោងតាម​របាយការណ៍​នៃ​ការសិក្សា​ស្រាវជ្រាវ ជនរងគ្រោះ​ជា​ស្ត្រី​កម្ពុជា ៦០​ នាក់​ ក្នុង​មួយឆ្នាំ ត្រូវបាន​រកឃើញថា ចាញ់បោក​មេខ្យល់​នាំយកទៅ​លក់​នៅ​ប្រទេស​ចិន ហើយ​ត្រូវបាន​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​ប្រទេស​ចិន សហការ​ជាមួយ​អាជ្ញាធរ​ចិន ជួយ​អន្តរាគមន៍​ប​ញ្ចូ​ន​មកកាន់​កម្ពុជា​វិញ​»​។

ចំពោះ​ករណី​នារី​ខ្មែរ​ទាំង​ ៨​ នាក់ ដែល​ត្រូវបាន​ចាញ់បោក​មេខ្យល់​នាំ​ពី​កម្ពុជា​ទៅកាន់​ព្រំដែន​វៀតណាម​-​ចិន​ នៃ​ខេត្ត​កាវ​បាង និងដែល​ត្រូវបាន​បញ្ជូន​ត្រឡប់​មកដល់​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត​-​ម៉ុក​បាយ នៅ​ព្រៃ​ថ្ងៃទី​ ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២០​ នោះ ក្រុមការងារ​របស់​អ្នកស្រី កំពុង​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​នៃ​លេខាធិការដ្ឋាន​គណៈ​ក​ម្មា​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស​ខេត្តស្វាយរៀង មន្ត្រី​ជំនាញ​ពី​ក្រសួង​សង្គមកិច្ច ក្រសួងសុខាភិបាល និងសមត្ថកិច្ច​នគរបាល​ប្រចាំ​ច្រកទ្វារព្រំដែន​អន្តរជាតិបាវិត​-​ម៉ុក​បាយ ដើម្បី​ទទួល​ពួកនាងយកទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក្ដិ ១៤​ ​ថ្ងៃ​។

អ្នកស្រី​បញ្ជាក់ថា​៖ «​នៅពេល​ពួកគាត់​មកដល់មន្ទីរ​សុខាភិបាល នឹងដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ ១៤​ ថ្ងៃ​សិន​។ ក្រោយពី​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក្តិ ទើប​ក្រុមការងារ​យើងខ្ញុំ អាច​ដំណើរការ​សាកសួរ​ពួកនាង នូវ​ព័ត៌មាន​ផ្សេងៗ​មួយចំនួន​បាន​»៕