ភ្នំពេញៈ លោក​ ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ (CYP) ​កាលពី​ពេល​ព្រឹក​ថ្ងៃ​ម្សិលមិញ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទាមទារ​ឲ្យ​មាន​ការ​រាប់​សន្លឹកឆ្នោត​ឡើង​វិញ​ចំនួន ១៧ ​មណ្ឌល ប៉ុន្តែ​ពាក្យ​បណ្ដឹង​ត្រូវ​បាន​ដក​វិញ​ភ្លាម​ក្នុង​ថ្ងែ​ដដែល​ដោយ​អះអាង​ថា គ្មាន​ភ័ស្តុតាង​គ្រប់គ្រាន់​ និង​ធ្វើ​ដោយ​តក់ក្រហល់​។

លោក ស្រស់​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​វា​អត់​មាន​អី​ចម្លែក​ទេ ខ្ញុំ​ដាក់​ពាក្យ​បណ្ដឹង​ព្រឹក​មិញ​ដោយសារ​ខ្ញុំ​ធ្វើ​ឡើង​តក់ក្រហល់​ពេក ដោយសារ​ខ្ញុំ​អត់​ទាន់​បាន​ប្រមូល​ភ័ស្តុតាង​បាន​គ្រប់គ្រាន់ អ៊ីចឹង​យើង​ដក​ពាក្យបណ្ដឹង​សិន មិនមែន​យើង​បោះបង់​ការទាមទារ​ទេ​។ យើង​ទាមទារ​ដដែល​ហើយ​យើង​នឹង​ទៅ​ស្រាវជ្រាវ​ភ័ស្ដុតាង​វីដេអូ​ដែល​មាន​ស្រាប់ គ.ជ.ប ផ្សាយ​នៅ​ ទ.ទ.ក ហើយ​យើង​នឹង​យក​លិខិត​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ទិន្នន័យ​ដែល​ចេញ​ដោយ គ.ជ.ប នៅ​ថ្ងៃទី​ ១១ ភ្ជាប់​ជាមួយ​វីដេអូ ហើយ​យើង​នឹង​ធ្វើ​ពាក្យ​បណ្ដឹង​ឡើង​វិញ​»​។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​លោក ស្រស់ បាន​អះអាង​ថា​ការដក​ពាក្យ​បណ្ដឹង​របស់​លោក​គឺ​មិន​បាន​ទទួល​សម្ពាធ​ពី​ខាង​ក្រៅ​អ្វី​ទេ ហើយ​លោក​នឹង​ប្រមូល​ភ័ស្តុតាង​បន្ថែម​យក​ទៅ​ដាក់​នៅ គ.ជ.ប ឲ្យ​បាន​មុន​ពេល​កំណត់​។

លោក​ ស្រស់ បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ថា​៖ «​គណបក្ស​យុវជន​កម្ពុជា​យើង​អត់​សុខចិត្ត​ទេ ពីព្រោះ​អី​សំឡេង​អ្នក​គាំទ្រ​គឺជា​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​។ យើង​ត្រូវ​តែ​គោរព​ឆន្ទៈ​របស់​ពួកគាត់​។ យើង​ត្រូវ​តែ​រក​ឲ្យ​ឃើញ តើ​ ៨៤​ ​សំឡេង​នោះ​បាត់​តាមរយៈ​អ្វី​? យើង​អត់​មាន​ទៅ​ឡាំប៉ា​អី​ទៀត​ទេ គឺ​យើង​ចង់​បាន​តែ​ភាព​ពិតប្រាកដ​តែ​ប៉ុណ្ណោះ​»​។

លោក​ ហង្ស ពុទ្ធា អ្នក​នាំពាក្យ គ.ជ.ប ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គិត​ត្រឹម​ម្សិលមិញ​ គ.ជ.ប មិន​ទាន់​បាន​ពន្យារ ឬ​កែប្រែ​កាលបរិច្ឆេទ​នៃ​ការប្រកាស​លទ្ធផល​ផ្លូវការ​នៅ​ឡើយ​ទេ​។ ក្រោយ​ការដក​ពាក្យ​បណ្ដឹង​របស់​គណបក្ស CYP គឺ គ.ជ.ប មិន​ទាន់​បាន​ទទួល​ពាក្យបណ្ដឹង​ថ្មី​ពី​គណបក្ស​នយោបាយ​ណាមួយ​ឡើយ​ដែរ​។

លោក​ សាម អ៊ីន អ្នក​នាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​​ (GDP) ​ថ្លែង​ថា​គណបក្ស​របស់​លោក​គ្មាន​គម្រោង​ដាក់ពាក្យ​បណ្ដឹង​ណា​មួយ​ប្រឆាំង​លទ្ធផល​​បណ្តោះអាសន្ន​នៃ​ការបោះឆ្នោត​ទេ​។

លោក​ថ្លែង​ថា​៖ «GDP ពុំមាន​គម្រោង​ដាក់ពាក្យ​បណ្តឹង​ទេ ពីព្រោះ​យើង​ពុំមាន​ភ័ស្តុតាង​បញ្ជាក់​អំពី​ភាពមិន​ប្រក្រតី​។ ក៏ប៉ុន្តែ​នេះ​មិន​មាន​ន័យ​ថា GDP ទទួល​ស្គាល់​ថា ការបោះឆ្នោត​នេះ​គោរព​តាម​និយាម​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ទេ​»​។

អ្នក​ជំនាញ​ការបោះឆ្នោត​លោក​ យឿង សុធារ៉ា បាន​ថ្លែង​ថា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ត្រូវ​រង់ចាំ​ការដាក់​ពាក្យ​បណ្ដឹង​រហូត​ដល់​ផុតកំណត់​ការទទួល​ពាក្យ​បណ្ដឹង​ ៧២ ​ម៉ោង​ក្រោយ​ការប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន​។ ខណៈ​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គ.ជ.ប​) កាលពី​ម្សិលមិញ​បញ្ជាក់​ថា​មិន​ទាន់​មាន​ការប្រកាស​ពន្យារ​កាលបរិច្ឆេទ​នៃ​ការប្រកាស​លទ្ធផល​ផ្លូវការ​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី ៦ ដែល គ.ជ.ប នឹង​ប្រកាស​លទ្ធផល​ផ្លូវការ​នៅ​ថ្ងៃទី​ ១៥ ខែ​សីហា បន្ទាប់ពី​បាន​ប្រកាស​លទ្ធផល​បណ្ដោះ​អាសន្ន​កាលពី​ថ្ងៃទី​ ១១ ខែ​សីហា​។

ជា​លទ្ធផល​គណបក្ស​ប្រជាជន​កម្ពុជា​ (CPP) បាន​ទទួល​ការគាំទ្រ​រហូត​ដល់ ៤ ៨៨៩ ១១៣ សំឡេង ខណៈ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ទទួល​ចំណាត់ថ្នាក់​លេខ​ ២ ពោលគឺ​ទទួល​បាន​ ៣៧៤ ៥១០ សំឡេង​, គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ (LDP) ទទួល​បាន ៣០៩-៣៦៤ សំឡេង រីឯ​គណបក្ស​ឆន្ទៈ​ខ្មែរ​ (KWP) ​ទទួល​បាន​ចំនួន ២១២ ៨៦៩ សំឡេង​។ លោក ហង្ស ពុទ្ធា អ្នក​នាំពាក្យ​ គ.ជ.ប បាន​ថ្លែង​ថា​ជា​នីតិវិធី​ការប្រកាស​លទ្ធផល​ផ្លូវការ ដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី​ ១៥ ខែ​សីហា អាច​ត្រូវ​ពន្យារពេល​ដោយសារ​តែ​តាម​នីតិវិធី គ.ជ.ប នឹង​ដោះស្រាយ​បណ្តឹង​សិន​៕