ភ្នំពេញៈ ខណៈ​មាន​ការលើក​ឡើង​បែប​ចំអក​ថា បក្ស​កាន់​អំណាច​មិន​ចាំបាច់​ខំប្រឹង​ឃោសនា​រក​សំឡេង​ឆ្នោត​ក៏​គង់​តែ​ទទួល​ជ័យជម្នះ​យ៉ាង​ងាយស្រួល ដោយសារ​មិន​មាន​គណបក្ស​ប្រឆាំង​ដែល​ជា​គូប្រកួត​នោះ​អ្នក​នាំពាក្យ​គណបក្ស​នេះ​អះអាង​ថា ការ​ខំប្រឹង​របស់​ខ្លួន​ក្នុង​សកម្មភាព​វិជ្ជមាន​បែប​នេះ​បាន​កើត​មាន​តាំង​ពី​យូរ​មក​ហើយ ដោយ​បង្ហាញ​អំពី​ភាព​កាន់តែ​រឹងមាំ​ដើម្បី​បន្ត​ដឹកនាំ​ប្រទេស​ទៀត​។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់​អំណាច​លោក​ សុខ ឥសាន ចាត់ទុក​ការរិះគន់​បែប​អវិជ្ជមាន​នេះ​ថា​គ្រាន់​តែ​ជា​ការ​រិះគន់​របស់​បុគ្គល​ម្នាក់ៗ​តែ​ប៉ុណ្ណោះ ឯ​ការពិត​នោះ​សកម្មភាព​របស់​គណបក្ស​កាន់​អំណាច មាន​គ្រប់​កាលៈទេសៈ​ទាំងអស់​ដោយ​មិន​មាន​ការ​ថមថយ​ទេ ដោយសារ​តែ​ដើម្បី​ប្រយោជន៍​របស់​ប្រជាជន​។

លោក​ ឥសាន ថ្លែង​ថា​ ជាពិសេស ​ខណៈ​ដែល​មិន​មាន​វត្តមាន​បក្សប្រឆាំង​គឺ​បក្ស​កាន់​អំណាច​នៅ​តែ​មាន​សកម្មភាព​ក្នុង​ការងារ​សង្គម និង​នយោបាយ​ជាធម្មតា ដោយ​មិន​ផ្អែក​ទៅ​លើ​វត្តមាន​ ឬ​ អវត្តមាន​គណបក្ស​ណា​មួយ​ទេ ហើយ​ថា​ការ​ខំប្រឹង​ឃោសនា​រក​សំឡេង​ឆ្នោត​ក្នុង​យុទ្ធនាការ​គឺ​អនុវត្ត​ស្រប​ទៅ​តាម​គោលការណ៍​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គជប​)​។

លោក​បញ្ជាក់​ថា​៖ «​បើសិន​ណា​ជា​គណបក្ស​ប្រជាជន​មិន​ធ្វើ​សកម្មភាព​គគ្រឹក​គគ្រេង​អី​ទេ ប្រាកដ​ជា​អស់​លោក​អ្នក​មាន​មតិ ឬ​ជា​អ្នក​វិភាគ​នយោបាយ​ដែល​លម្អៀង​ប្រាកដ​ជា​ថា គណបក្ស​ប្រជាជន​ហ្នឹង​រស់​ដោយសារ​អតីត​គណបក្ស​ប្រឆាំង​ ឬ​មួយ​ក៏​ធ្វើ​សកម្មភាព​ដោយសារ​មាន​អតីត​គណបក្ស​ប្រឆាំង ឬ​អត់​ធ្វើ​សកម្មភាព​ដោយសារ​អត់​អតីត​បក្ស​ប្រឆាំង​»​។

ជាមួយ​គ្នា​នេះ​លោក​ សុខ ឥសាន ក៏​បាន​ច្រានចោល​នូវ​ការ​រិះគន់​ថា​គណបក្ស​កាន់​អំណាច​ខំប្រឹង​ឃោសនា​ដោយសារ​ភ័យខ្លាច​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​មាន​ចំនួន​តិច​ដោយ​លោក​អះអាង​ថា​ការ​លើក​ឡើង​បែប​នេះ​គឺ​មិន​ពិត​ឡើយ​។ លោក​បន្ថែម​ថា​ប្រជាពលរដ្ឋ​បាន​ដឹង​រួច​ហើយ​អំពី​គោលការណ៍​នៃ​ការបោះឆ្នោត​។

លោក​បញ្ជាក់​ថា​៖ «​ប៉ុន្តែ​គណបក្ស​ធ្វើ​សកម្មភាព​ខ្លាំង​ហ្នឹង ដើម្បី​បង្ហាញ​នូវ​សក្តានុពល​របស់​គណបក្ស​ដែល​តែងតែ​មាន​តាំងពី​ដើម​មក​។ អាហ្នឹង​វា​អ៊ីចឹង បង្ហាញ​ទេ​មិនមែន​ឲ្យ​ប្រជាពលរដ្ឋ​មិន​ទៅ​បោះឆ្នោត​ ឬ​ទៅ​បោះឆ្នោត​ឯណា គឺថា ដើម្បី​យើង​លើក​កម្ពស់​សកម្មភាព​របស់​យើង​នេះ ដើម្បី​ឲ្យ​មើល​ឃើញ​»​។

លោក​បន្ថែម​ថា​ការ​ធ្វើ​សកម្មភាព ឬ​មិន​ធ្វើ​របស់​គណបក្ស​នយោបាយ ដែល​មាន​ឈ្មោះ​នៅក្នុង​បញ្ជី​ប្រកួត​ប្រជែង​ហើយ​មិន​ធ្វើ​សកម្មភាព​នោះ​គឺជា​រឿង​របស់​គណបក្ស​នីមួយៗ​។

រយៈពេល​កន្លង​ទៅ​នេះ​ក្រោយពី​មិន​មាន​វត្តមាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​បក្ស​ធ្លាប់​មាន​អាសនៈ​ក្នុង​រដ្ឋសភា អ្នក​ឃ្លាំមើល​ក៏ដូចជា​អ្នក​វិភាគ លោក​ សម គន្ធាមី និង​លោក​ ហង្ស ពិទូ បាន​លើកឡើង​ថា​ក្នុង​យុទ្ធនា​ការឃោសនា​រក​សំឡេង​ឆ្នោត បើ​ទោះបី​ជា​គណបក្ស​ប្រជាជន​កម្ពុជា​មិន​បាច់​ខំប្រឹង​ធ្វើ​យុទ្ធនាការ​រក​សំឡេងឆ្នោត​ក៏​គង់​តែ​បក្ស​កាន់​អំណាច​ឈ្នះ​យ៉ាង​ងាយស្រួល​ដែរ​សម្រាប់​ការបោះឆ្នោត​ថ្ងៃទី​ ២៩ ​នេះ​ព្រោះ​មិន​មាន​បក្សប្រឆាំង ដែល​ជា​គូប្រជែង​នយោបាយ​ចូលរួម​ប្រកួត​ហើយ​ថា​ការ​ប្រឹងប្រែង​នេះ​ដោយសារ​បក្ស​កាន់អំណាច​ព្រួយ​បារម្ភ​ខ្លាចក្រែង​ចំនួន​អ្នក​ទៅ​បោះឆ្នោត​តិច​។

ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យក្មេង​លោក​ ហង្ស ពិទូ ថ្លែង​ថា​គណបក្ស​កាន់​អំណាច​ក្នុង​កាលៈទេសៈ​នេះ​មិន​ព្រួយ​ពី​ការ​ចាញ់​គណបក្ស​ណា​មួយ​ទេ ប៉ុន្តែ​ថា​ការ​ខំប្រឹងប្រែង​របស់​ខ្លួន​អាច​ជា​យុទ្ធសាស្ត្រ​នយោបាយ​មួយ ដើម្បី​បង្ហាញ​ថា​ខ្លួន​ខ្លាច​ចាញ់​ឆ្នោត បើ​ទោះបី​ជា​មិន​មាន​គណបក្ស​ប្រឆាំង​ក៏ដោយ គឺ​ចង់​បង្ហាញ​ថា មាន​គណបក្ស​ផ្សេង​ទៀត​ខ្លាំង​ដែរ​។

លោក ពិទូ ថា​៖ «​ប៉ុន្តែ​ការសម្តែង​នេះ​គឺ​វា​មិន​សូវ​បាន​ទទួល​ផល​ទេ ដោយសារ​កន្លង​មក​ប្រជាពលរដ្ឋ​ក៏​មើលឃើញ​អំពី​ការសម្តែង​ហ្នឹង​។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ម៉េច​ក៏ដោយ ខ្ញុំ​យល់​ឃើញ​ថា​រហូត​មក​ដល់​ពេល​នេះ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​មាន​ឧបសគ្គ​ជាច្រើន ដែល​នឹង​អាច​រាំងស្ទះ​ដល់​ការ​កាន់​អំណាច​របស់​គាត់ ជាពិសេស​គឺ​ក្រោយ​ពេល​បោះឆ្នោត​»​។

លោក​ថា​ ឧបសគ្គ​សម្រាប់​បក្ស​កាន់​អំណាច​គឺ​មិន​មាន​ការទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ ដូច្នេះ​គណបក្ស​ប្រជាជន​កម្ពុជា​អាច​នឹង​ធ្វើការ​ធ្ងន់​បន្តិច​ក្នុង​ការ​បញ្ចុះបញ្ចូល​ ឬ ​ធ្វើ​នយោបាយ​ការទូត​ដើម្បី​ឲ្យ​ប្រទេស​លោក​ខាង​លិច​ក៏​ដូចជា​ប្រទេស​មួយ​ចំនួន​ដែល​គេ​មិន​យល់ព្រម​នឹង​ការបោះឆ្នោត​ឲ្យ​គេ​ជឿ​ទុកចិត្ត​លើ​រដ្ឋាភិបាល​ថ្មី​។ ម្យ៉ាង​ទៀត​បក្ស​កាន់​អំណាច​ក៏​ប្រឈម​នឹង​សហភាព​អឺរ៉ុប​ផង​ដែរ ដែល​គេ​នឹង​សើរើ​ជំនួយ​ ឬ​ចំណង​មិត្តភាព ក៏ដូចជា ការដាក់​ទណ្ឌកម្ម​មកលើ​កម្ពុជា ប្រសិន​បើ​មិន​មាន​កំណែទម្រង់​ប្រជាធិបតេយ្យ​។

លោក​ថ្លែង​ថា​៖ «​វិធីសាស្ត្រ​ដែល​ធ្វើឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ជាប់​ឆ្នោត​ដោយ​ស្របច្បាប់ ហើយ​ដោយ​ល្អ​មើល​ហ្នឹង​មាន​តែ​វិធីសាស្ត្រ​ប្រមែប្រមូល​បញ្ចុះបញ្ចូល​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​បោះឆ្នោត​។ ព្រោះ​ចំណុច​ស្លាប់​រស់ និង​ចំណុច​ល្អ និង​អាក្រក់​ចំពោះ​ការបោះឆ្នោត​នៅ​អាណត្តិ​នេះ​គឺ​វា​ទាក់ទង​ថា តើ​ប្រជាពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត​ឬ​អត់​?»​។

នាយកប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា (​និកហ្វិក​) លោក​ សម គន្ធាមី លើក​ឡើង​ថា វា​ជា​ការពិត​ក្នុង​ការ​បោះឆ្នោត​អាណត្តិ​នេះ ប្រសិន​បើ​គណបក្ស​កាន់​អំណាច​មិន​ខំប្រឹងប្រែង​ក៏​គង់តែ​នឹង​ឈ្នះ​ដែរ ដោយសារ​តែ​មិន​មាន​គណបក្ស​ប្រឆាំង ប៉ុន្តែ​បើ​មាន​វត្តមាន​បក្សប្រឆាំង​ហើយ​បក្ស​កាន់​អំណាច​មិន​ខំប្រឹង​នោះ​គឺ​ខ្លួន​មិន​អាច​ទទួល​ជោគជ័យ​បាន​ទេ​។

លោក​សង្កត់ធ្ងន់​ថា​៖ «​ប៉ុន្តែ​គាត់​ប្រឹងប្រែង​មួយ​ទៀត​អំពាវនាវ​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​បោះឆ្នោត​ឲ្យ​បាន​ច្រើន​។ បើ​អ៊ីចឹង​ទេ វា​នឹង​មាន​បញ្ហា​នឹង​លទ្ធផល​បោះឆ្នោត​ពេល​ក្រោយ​បោះឆ្នោត​ ចំនួន​អ្នក​បោះឆ្នោត​ហ្នឹង​សំខាន់​បច្ចុប្បន្ន​។ សម្រាប់​គូប្រកួត​គណបក្ស​ផ្សេងៗ​គាត់​មិន​ចាប់​អារម្មណ៍​ទេ ព្រោះ​គាត់​ដឹង​ថា គាត់​ឈ្នះ​។ ប៉ុន្តែ​ចំណុច​មួយ​ទៀត​ដែល​គាត់​ចាប់​អារម្មណ៍​គឺ​ចំនួន​អ្នក​ទៅ​បោះឆ្នោត​»​។

ប៉ុន្តែ​លោក​ សុខ ទូច អតីត​អ្នកវិភាគ​នយោបាយ​ឯករាជ្យ​ដែល​បច្ចុប្បន្ន​ជា​ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​ចាត់ទុក​ការលើក​ឡើង​របស់​អ្នកវិភាគ​នយោបាយ​ថា​គ្រាន់​តែ​ជា​ភាសា​និយាយ ហើយ​ថា​គោល​នយោបាយ​របស់​គណបក្ស​ដែល​ជា​គូ​ប្រកួត​គឺ​ល្អ​ដូច​គ្នា ហើយ​បើ​មិន​ខំប្រឹង​គឺជា​គ្រោះថ្នាក់​របស់​គណបក្ស​កាន់​អំណាច​ដែល​ជា​គណបក្ស​ធ្វើការ​។

លោក​ សុខ ទូច ថា​៖ «​ធម្មតា​បើ​ប្រជាជន​ចូលរួម​មាន​ន័យ​ថា​ប្រជាជន​ពេញចិត្ត​។ បើ​ប្រជាជន​មិន​ចូលរួម​មាន​ន័យ​ថា​ប្រជាជន​មិន​ពេញចិត្ត​។ ប៉ុន្តែ​ប្រជាជន យល់​ថា​គាត់​ត្រូវ​ជ្រើសរើស​ម្ចាស់​អំណាច​របស់​គាត់​ដើម្បី​ឲ្យ​មក​គ្រប់គ្រង​ប្រទេស​ជាតិ​»​។

លោក​បញ្ជាក់​ថា​៖ «​បើ​ថា​អត់​ខំ​មើល៍ ប្រជាជន​អត់​បោះ​ឲ្យ​ឥឡូវ ពីព្រោះ​ប្រជាជន​មាន​ជម្រើស​ប្រាំបួន​ដណ្តប់​គណបក្ស​ទៀត​។ ​បើសិន​ជា​មិន​ខំ សាកល​មើល៍ បើ​មិន​គេ​បោះ​ឲ្យ​អ្នក​ដទៃ​ឥឡូវ ពីព្រោះ​ប្រជាជន​មាន​សិទ្ធិ​បោះ​ឲ្យ​តើ មិនមែន​គណបក្ស​ប្រជាជន​ទៅ​កាន់​ដៃ​ប្រជាជន​ឲ្យ​បោះឆ្នោត​ឲ្យ​ [​គណបក្ស​ប្រជាជន​ឯណា​]»​។

ក្នុង​នាម​ជា​ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា ​លោក​ សុខ ទូច បន្ថែម​ថា​ស្ថាប័ន​ជាតិ​មួយ​នេះ​ផ្តល់​ឱកាស​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​ចូលរួម​ជួប​ពិភាក្សា​នូវ​អ្វីៗ​ដែល​ពួកគេ​ចង់​ប្រាប់​ទៅ​ម្ចាស់​ឆ្នោត ប៉ុន្តែ​គណបក្ស​ខ្លះ​មិន​បាន​ចូលរួម​នោះ​ទេ​៕