ភ្នំពេញៈ ស្រប​ពេល​ដែល​កំពុង​មាន​ការ​រិះគន់​ថា គណបក្ស​នយោបាយ​ចំនួន​ ២០ ​ដែល​ក្នុង​នោះ​បក្ស​ចំនួន​ ១៩ ​ត្រូវ​បាន​គេ​លើក​ឡើង​ថា បង្កើត​ឡើង​ដោយ​មាន​ការ​ផ្ចុងផ្តើម​ពី​អ្នក​មាន​អំណាច​ដើម្បី​ឲ្យ​បាន​ចូលរួម​ក្នុង​ការ​បោះឆ្នោត គ្រាន់​កំដរ​បក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នោះ បក្ស​មួយ​ចំនួន​បាន​ចេញ​មុខ​បដិសេធ​ដោយ​បញ្ជាក់​ពី​ប្រភព​ថវិកា​របស់​ពួកគេ​ទៀត​ផង​។

គណបក្ស​សំបុកឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​របស់​លោក​ ម៉ម សូណង់ដូ ដែល​អតីត​ជា​មិត្ត​រួម​កម្លាំង​ជាមួយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្ស​ប្រឆាំង​ដ៏ធំ​នៅ​កម្ពុជា​បាន​ចេញ​មុខ​អះអាង​ថា ខ្លួន​មិន​ពាក់ព័ន្ធ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន នោះ​ទេ​ក្នុង​ការបង្កើត​បក្ស​នយោបាយ​ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការបោះឆ្នោត​នា​ថ្ងៃទី​ ២៩ ខែ​កក្កដា ខាង​មុខ​នេះ​។

លោក​ ម៉ម សូណង់ដូ ប្រធាន​គណបក្ស​នេះ​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍ ពី​ម្សិលមិញ​ថា​ការ​បង្កើត​គណបក្ស​នយោបាយ​ដើម្បី​ចូលរួម​បោះឆ្នោត​នេះ គឺ​មិន​ខុស​ពី​គណបក្ស​ផ្សេងៗ​ទៀត​ក៏​ដូចជា​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ ហើយ​ការចោទ​ប្រកាន់​ផ្សេងៗ​លោក​មិន​ចាប់​អារម្មណ៍​នោះ​ទេ ព្រោះ​វា​គ្រាន់​តែ​ជា​ការ​បំភាន់​មតិ​មហាជន​។ ប៉ុន្តែ​ការបង្កើត​បក្ស​ក៏​ផ្តើម​ចេញ​ពី​ការមិន​ពេញ​ចិត្ត​នឹង​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ធ្វើឲ្យ​លោក​មិន​មាន​ជំនឿ​លើ​គណបក្ស​ប្រឆាំង​នោះ​ទៀត​សោត​គឺ​បក្ស​នេះ​ធ្វើ​មិន​ល្អ​រហូត​ដល់​បក្ស​ត្រូវ​បាន​គេ​រំលាយ​។

លោក​ ម៉ម សូណង់ដូ បាន​ថ្លែង​ថា​៖ «[​ខ្ញុំ​] ​ធ្វើ​នយោបាយ​គាំទ្រ​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​ហ្នឹង​ហើយ​។ [​ប៉ុន្តែ​] ​គណបក្ស​ប្រឆាំង​ធ្វើ​ទៅ​អត់​ល្អ​រហូត​ដល់​គេ​រំលាយ​គណបក្ស​របស់​គាត់​។ [​ខ្ញុំ​] ​អត់​ខ្វល់ [​ខ្ញុំ​] ​ធ្វើ​ដោយ​ខ្លួនឯង [​ខ្ញុំ​] ​មាន​ឯករាជ្យ​»​។

ទោះ​ជា​យ៉ាង​ណា​លោក​ សូណង់ដូ បដិសេធ​មិន​បញ្ជាក់​ថា តើ​ប្រភព​ថវិកា​របស់​លោក​បាន​មកពី​ណា​ខ្លះ​ក្នុង​ការ​បង្កើត​គណបក្ស​នេះ​ដោយ​លោក​បញ្ជាក់​ថា​មាន​តែ​តុលាការ​ទេ​ដែល​អាច​សួរ​លោក​អំពី​រឿង​ប្រភព​ថវិកា​។ ​«​បើ​គេ​មាន​ភ័ស្តុតាង​អ្វី​ប្តឹង​ពូ​ទៅ​ចោទប្រកាន់​ពូ​ទៅ​ពូ​នឹង​ឆ្លើយ​បញ្ហា​ទាំងអស់​នៅ​តុលាការ​»​។

ទាក់ទង​នឹង​ចំនួន​នៃ​ការគាំទ្រ​លោក ម៉ម សូណង់ដូ មិន​បាន​​បង្ហាញ​ពី​តួលេខ​ច្បាស់លាស់​នោះ​ទេ​ ប៉ុន្តែ​លោក​ថា​មាន​ពលរដ្ឋ​ជាច្រើន​ដែល​ស្គាល់​លោក​ហើយ​លោក​មាន​ប្រជាប្រិយភាព​ចំពោះ​ប្រជាពលរដ្ឋ​។

លោក​បន្ថែម​ថា​៖ «​ពូ​និយាយ​ការពិត​។ ទោះ​ជា​ការពិត​ហ្នឹង​ប៉ះពាល់​ដល់​ការបោះឆ្នោត​ក៏ដោយ​ពូ​នៅ​តែ​និយាយ​ការពិត​។ បើ​ប្រជាពលរដ្ឋ​មិន​យល់​ការពិត​ទេ​ប្រជាពលរដ្ឋ​នៅតែ​គិត​ឃើញ​ខុស​ហើយ​បោះឆ្នោត​ខុស​រើស​អ្នកដឹកនាំ​ប្រទេស​ជាតិ​ខុស អាហ្នឹង​ដែល​ធ្វើឲ្យ​ប្រទេស​ខ្មែរ​មាន​គ្រោះថ្នាក់​»​។

ចំពោះ​គម្រោង​ចំណាយ​សម្រាប់​ការឃោសនា​បោះឆ្នោត​ខាង​មុខ​លោក​ សូណង់ដូ ក៏​មិន​បាន​ឲ្យ​ដឹង​ពី​ចំនួន​ថវិកា​ដែល​នឹង​ត្រូវ​ត្រៀម​សម្រាប់​ការចំណាយ​នោះ​ដែរ​ដោយ​លោក​បញ្ជាក់​ថា​លោក​មិន​មាន​ទ្រព្យធន​សម្រាប់​ចំណាយ​ទេ តែ​ថា​លោក​មាន​ដីធ្លី​សម្រាប់​ដាក់​បញ្ចាំ​ដើម្បី​យក​ថវិកា​ទៅ​បម្រើ​ក្នុង​ការឃោសនា​តាម​លទ្ធភាព​ដែល​អាច​ទៅ​រួច​។

ចំណែក​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ LDP អះអាង ថា LDP ធ្វើ​ដំណើរ​មក​ជាង​ ១០ ​ឆ្នាំ​រហូត​មក​ដល់​ពេល​នេះ​គឺ​ដោយសារ​មាន​ប្រភព​ថវិកា​មកពី​សមាជិក​ និង​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​គាំទ្រ​ដោយ​មិន​មាន​ពាក់ព័ន្ធ​នឹង​ការជួយ​ទំនុក​បម្រុង​ពី​បក្ស​មាន​អំណាច​ ឬ​ បុគ្គល​មាន​អំណាច​ណា​មួយ​ឡើយ​។ ឯជំហរ LDP មិន​ពាក់ព័ន្ធ​ ឬ​លម្អៀង​ទៅ​រក​គណបក្ស​នយោបាយ​ណា​នោះ​ទេ ហើយ​ថា​បើ​មាន​គោលជំហរ​លម្អៀង​ទៅ​រក​បក្ស​ណា​មួយ​នោះ​មិន​ចាំបាច់​បង្កើត​គណបក្ស​ធ្វើ​អ្វី​ទេ​។

លោក ចិន ថុន អគ្គលេខាធិការ LDP ឲ្យ​ដឹង​ថា គណបក្ស​លោក​មាន​អ្នក​គាំទ្រ​ប្រមាណ​ជាង ១០ ម៉ឺន​នាក់​ចាប់​តាំងពី​ការបោះឆ្នោត​ឃុំ សង្កាត់​កន្លង​មក​។ លោក​អះអាង​ថា​បើ​តាម​ការប៉ាន់​ប្រមាណ​មាន​តួលេខ​យុវជន​គាំទ្រ LDP ច្រើន​ជាង​មនុស្ស​វ័យ​ចំណាស់ ហើយ​តំបន់​ដែល​មាន​ការគាំទ្រ​ច្រើន​នោះ​គឺ​ខេត្ត​សៀមរាប បាត់ដំបង និង​រាជធានី​ភ្នំពេញ​។

លោក ចិន ថុន បញ្ជាក់​ថា​៖ «​រឿង​ថវិកា​ដែល​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​បាន​ពី​ណា​ហ្នឹង គឺ​សូម​បញ្ជាក់​ថា​បាន​ពី​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ និង​គ្រប់​ទីកន្លែង​បងប្អូន​យើង​យល់​ហើយ​គាត់​ចូលរួម​»​។

សម្រាប់​គម្រោង​ចំណាយ​ក្នុង​ការ​ឃោសនា​លោក​ ចិន ថុន ថ្លែង​ថា​៖ «​យើង​អត់​ទាន់​ធ្វើ​ទនិ្នន័យ​ហ្នឹង​ជាក់លាក់​ទេ​។ ប៉ុន្តែ​ការចំណាយ​ក្នុង​ការ​ឃោសនា​ហ្នឹង​ខ្ទង់​ម៉ឺន​ឡើង​»​។

ដោយឡែក​គណបក្ស​ឆន្ទៈ​ខ្មែរ​ដែល​ទើប​បង្កើត​ថ្មី​ដោយ​លោក គង់ មុនីកា កូនប្រុស​លោក គង់ គាំ អតីត​ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្និទ្ធ​នឹង​លោក​ សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ខ្មែរ​ឈប់​ក្រ ដឹកនាំ​ដោយ​លោក ក្រវ៉ាញ ដារ៉ន ដែល​មាន​សញ្ជាតិ​ខ្មែរ អាមេរិក​បាន​ច្រាន​ចោល​ដូច​គ្នា​ដែរ ទៅ​នឹង​ការចោទប្រកាន់​ថា​បក្ស​របស់​ខ្លួន​ត្រូវ​បាន​ផ្តួចផ្តើម​បង្កើតឡើង និង​ឧបត្ថម្ភ​ដោយ​បក្ស​កាន់អំណាច​។

លោក ហ៊ីង យឿន អតីត​អគ្គលេខាធិការរង​ព្រឹទ្ធសភា​កូតា​អតីត​គណបក្ស​ប្រឆាំង និង​បច្ចុប្បន្ន​ជា​អនុប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ​ថ្លែង​ថា គណបក្ស​របស់​លោក​គឺជា​ «​ព្រលឹង​» ​របស់​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​រំលាយ​។ លោក​មិន​អាច​បញ្ជាក់​ពី​ចំនួន​នៃ​ការ​ចំណាយ​បាន​នៅ​ឡើយ​ចំពោះ​ការបង្កើត​បក្ស​ដោយ​លើក​ឡើង​ថា​ធ្វើ​តាម​លទ្ធភាព​។ «​គេ​ថា​យើង​អ៊ីចេះ អ៊ីចុះ គេ​ថា​ក៏​ថា​ទៅ តែ​ធាតុ​ពិត​យើង​មិនមែន​ដូច្នេះ​ទេ​។ បើ​មិន​ពិត​អ្នក​ដែល​ដើរ​បង្ខូច​យើង​នឹង​បាត់បង់​ប្រជាប្រិយភាព​ខ្លួនឯង​»​។

លោក​ថា​ហិរញ្ញវត្ថុ​គណបក្ស​លោក​គឺជា​ធនធាន​របស់​ប្រធាន​បក្ស​លោក​ គង់ មុនីកា និង​ការឧបត្ថម្ភ​ខ្លះ​របស់​បេក្ខជន​ឈរ​ឈ្មោះ​តំណាងរាស្ត្រ​។ «​លោក​ប្រធាន​ដែល​ជា​កូន​លោកតា គង់ គាំ គាត់​មាន​លទ្ធភាព​ខ្លះ​ជួយ​ជាមួយ​បេក្ខជន​ខ្លះ​។ គ្នា​ក៏​មាន​ [​ធនធាន​] ​អី​ខ្លាំង​ដែរ​គ្រាន់​តែ​មាន​កម្លាំង​ធ្វើ​តាម​ការ​ជាក់ស្ដែង​។ បើ​និយាយ​ពី​លុយកាក់​គគ្រឹក​គគ្រេង​គឺ​អត់​ទេ​»​។

លោក​ក៏​មិន​អាច​ប៉ាន់ប្រមាណ​ពី​ចំនួន​អ្នក​គាំទ្រ​របស់​ខ្លួន​ពិតប្រាកដ​នៅ​ឡើយ​ដែរ ដោយសារ​តែ​គណបក្ស​ទើប​ត្រូវ​បាន​បង្កើតឡើង តែ​លោក​ជឿ​ថា​អតីត​អ្នក​គាំទ្រ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បោះឆ្នោត​ជូន​គណបក្ស​របស់​លោក​ដើម្បី​បញ្ចៀស​ការ​កាន់កាប់​អាសនៈ​សភា​ភាគច្រើន​របស់​គណបក្ស​ប្រជាជន​។

លោក​ ស៊ិន វណ្ណារិទ្ធ អគ្គលេខាធិការ​គណបក្ស​ខ្មែរ​ឈប់​ក្រ​ប៉ាន់​ប្រមាណ​ថា គណបក្ស​របស់​លោក​មាន​អ្នកគាំទ្រ​ជិត ១ ​លាន​នាក់​នៅ​ទូទាំង​ប្រទេស​។

លោក​មិន​បញ្ជាក់​ថា​ចំនួន​ថវិកា​ប៉ុន្មាន​ដែល​នឹង​ត្រូវ​ចំណាយ​សម្រាប់​ការឃោសនា​នោះ​ទេ ហើយ​ថា​មាន​ការ​ខ្វះខាត​ថវិកា តែ​ថា​ហិរញ្ញវត្ថុ​របស់​គណបក្ស​មិន​ពឹង​ផ្អែក​លើ​ប្រធាន​បក្ស​លោក​ ក្រវ៉ាញ ដារ៉ន នោះ​ទេ​តែ​ជា​ការ​បរិច្ចាគ​របស់​សមាជិក​មូលដ្ឋាន ដើម្បី​ផ្គត់ផ្គង់​ការចំណាយ​។

លោក​បាន​ថ្លែង​ថា​៖ «​ធម្មតា​ការ​ធ្វើ​នយោបាយ​តែងតែ​ត្រូវ​បាន​គេ​លាប​ពណ៌ មាន​ការ​ចោទប្រកាន់​ពី​អ្នក​នយោបាយ ឬ​ក៏​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ ប៉ុន្តែ​ចំពោះ​គណបក្ស​ខ្មែរ​ឈប់ក្រ​គឺ​យើង​មាន​គោលនយោបាយ​ច្បាស់​ណាស់​យើង​នឹង​មិន​នៅ​ក្រោម​ឆត្រ​នយោបាយ​របស់​គណបក្ស​ណា​មួយ​ទេ​»​។

បន្ទាប់ពី​ការទទួល​ស្គាល់​ជា​ផ្លូវការ​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត​ទាំង​ ២០ កាលពី​ថ្ងៃ​ពុធ​ដែល​បាន​ចុះឈ្មោះ​សម្រាប់​ការប្រកួត​ប្រជែង​ការបោះឆ្នោត​ជាតិ​ខាង​មុខ​នេះ គ.ជ.ប ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ខ្លួន​នឹង​រៀបចំ​ពិធី​ចាប់​លេខរៀង​គណបក្ស​លើ​សន្លឹក​ឆ្នោត​ក្នុង​ពេល​ «​ឆាប់ៗ​» ​ខាង​មុខ​នេះ​។

បើ​ទោះបី​គ្មាន​ឈ្មោះ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ការបោះឆ្នោត ក៏ គ.ជ.ប និង​គណបក្ស​ប្រជាជន​កម្ពុជា​អះអាង​ថា​ដំណើរការ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​កម្ពុជា​កំពុង​រីកចម្រើន​ទៅ​មុខ បើ​ទោះបី​ជា​បណ្ដា​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ដូចជា សហរដ្ឋ​អាមេរិក និង​សភាព​អឺរ៉ុប​បាន​ព្យួរ​ជំនួយ​ដល់ គ.ជ.ប តាមរយៈ​ការភ្ជាប់​នឹង​រឿង​នយោបាយ​ក្ដី​។

លោក​ ឌឹម សុវណ្ណារុំ អ្នក​នាំពាក្យ​ គ.ជ.ប. ថ្លែង​ថា​៖ «​អ្វី​ដែល​យើង​នឹង​ធ្វើ​បន្ត​ទៀត​គឺ ទី​ ១ គឺ​យើង​កំពុង​សុំ​កាលវិភាគ​ពី​សម្ដេចសង្ឃ​ទាំង​ ២ ​គណៈ​យោង​ទៅ​តាម​ច្បាប់​ដើម្បី​រៀបចំ​ចាប់​ឆ្នោត​ជ្រើសរើស​លំដាប់​លេខ​រៀង​របស់​គណបក្ស​នយោបាយ​ទាំង ២០ សម្រាប់​នីតិកាល​ទី​ ៦»៕