ភ្នំពេញៈ បញ្ជាការដ្ឋាន​អង្គរក្ស​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ចេញ​បទបញ្ជា​ឲ្យ​នាយទាហាន​របស់​បញ្ជាការដ្ឋាន​អង្គរក្ស​ទាំងអស់​ដែល​បាន​ចេញ​បំពេញ​បេសកកម្ម​តាម​បណ្តា​រាជធានី-ខេត្ត​ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការសុំ​ថវិកា​ពី​មន្ត្រីខេត្ត ក្រុង ស្រុក និង ពី​ភ្ញៀវជាតិ និង​អន្តរជាតិ ប្រសិន​បើ​មិនមាន​បញ្ជា​ពី​មេបញ្ជាការ បើ​មិន​ដូច្នោះ​ទេ​ពួកគេ​ត្រូវតែ​ប្រឈម​នឹង​ការដាក់ទោស ឬ​បណ្តេញចេញ​។

បើ​តាម​បទបញ្ជា​ដែល​ចុះហត្ថលេខា​ដោយ​លោក​ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការដ្ឋាន​អង្គរក្ស​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ថ្ងៃទី​ ១២ ខែ​កក្កដា​ដែល​ ភ្នំពេញ ប៉ុស្តិ៍ ទទួល​បាន​ពី​ម្សិលមិញ​គឺ​បទបញ្ជា​នេះ​ធ្វើ​ឡើង​ក្រោយ​មាន​ករណី​នាយ​ទាហាន នាយទាហានរង នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ធ្វើ​លិខិត​ស្នើសុំ ឬ​ស្នើសុំ​ផ្ទាល់​មាត់​ទៅ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ផ្សេងៗ​ដោយ​គ្មាន​បទបញ្ជា​ពី​មេបញ្ជាការ​។

បទបញ្ជា​ដែល​ចុះហត្ថលេខា​ដោយ​លោក​ ហ៊ីង ប៊ុនហៀង បញ្ជាក់​ថា​៖ «​នាយទាហាន នាយទាហាន​រង និង​ពលទាហាន​របស់​បញ្ជាការដ្ឋាន​អង្គរក្ស​ដែល​ត្រូវ​បាន​បំពេញ​បេសកកម្ម​តាម​បណ្តា​គោលដៅ​នានា​ក្នុង​រាជធានី-ខេត្ត ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​ការសុំ​ថវិកា​ពី​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ ឬ​អភិបាលក្រុង​ស្រុក និង​អភិបាល រាជធានី-ខេត្ត ចាប់ពី​ពេល​នេះ​តទៅ​»​។

បទបញ្ជា​នោះ​បាន​បន្ថែម​ថា ការស្នើសុំ​ថវិកា និង​គ្រឿង​បរិភោគ​ផ្សេងៗ​សម្រាប់​បំប៉ន​ដល់​នាយ ទាហាន នាយទាហានរង​ និង​​ពលទាហាន​ដែល​ចុះ​បំពេញ​បេសកកម្ម​តាម​បណ្តា​រាជធានី-ខេត្ត ជា​ឆន្ទានុសិទិ្ធ​របស់​មេបញ្ជាការ​គឺ​លោក​ ហ៊ីង ប៊ុនហៀង និង​នាយឧត្តមសេនីយ៍​ ហ៊ុយ ពិសិដ្ឋ​។

បទបញ្ជា​ដដែល​គូស​បញ្ចាក់​ទៀត​ថា​មេបញ្ជាការរង​បញ្ជាការដ្ឋាន​អង្គរក្ស ឬ​នាយទាហាន​ជំនាញ​ផ្សេងៗ​របស់​បញ្ជាការដ្ឋាន​អង្គរក្ស​មិន​ត្រូវ​ធ្វើ​លិខិត​ស្នើសុំ ឬ​ស្នើសុំ​ដោយ​ផ្ទាល់​មាត់​ទៅ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ផ្សេងៗ​ដោយ​គ្មាន​បទបញ្ជា​ពី​លោក​ ហ៊ីង ប៊ុនហៀង មេបញ្ជាការ និង​លោក​ ហ៊ុយ ពិសិដ្ឋ​។

លោក​ ហ៊ីង ប៊ុនហៀង សង្កត់ធ្ងន់​ថា​៖ «​ប្រសិន​បើ​មាន​ករណី​ផ្ទុយ​ពី​បទបញ្ជា​ខាង​លើ​នាយ​ទាហាន នាយទាហានរង និង​ពលទាហាន​រូប​នោះ​ត្រូវ​ទទួល​ខុសត្រូវ​ដោយ​ខ្លួនឯង ហើយ​ប្រឈម​នឹង​ការដាក់​ទោសទណ្ឌ ឬ​បណ្តេញ​ចេញ​ពី​បញ្ជាការដ្ឋាន​អង្គរក្ស ឬ​ពី​កងយោធពល​ខេមរភូមិន្ទ​តែ​ម្តង​»​។

បទបញ្ជា​បន្ថែម​ថា​គ្រប់​បណ្តា អង្គភាព​ចំណុះ​បញ្ជាការដ្ឋាន​អង្គរក្ស​ត្រូវ​ផ្សព្វផ្សាយ​ជូន​ដល់​នាយ ពលទាហាន នាយទាហានរង​ទាំងអស់​ដើម្បី​ជ្រាប និង​អនុវត្ត​។

លោក​ យ៉ា ទូច អ្នក​នាំពាក្យ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​បាន​បដិសេធ​ក្នុង​ការ​បំភ្លឺ​ទាក់ទង​នឹង​ករណី​នេះ​ពី​ម្សិលមិញ​។

លោក​ ហ៊ីង ប៊ុនហៀង មេបញ្ជាការដ្ឋាន​អង្គរក្ស​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បន្ថែម​ទាក់ទង​នឹង​ករណី​នេះ​បាន​ទេ​ពី​ម្សិលមិញ​។

លោក សន ជ័យ នាយក​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា មាន​ប្រសាសន៍​ថា​អង្គរក្ស​គឺជា​មន្ត្រី​កងកម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល ដូច្នេះ​ការចុះ​បេសកកម្ម​គួរ​តែ​ប្រើប្រាស់​ថវិកា​របស់​ជាតិ​។

លោក​ សន ជ័យ ថ្លែង​ថា​៖ «​ខ្ញុំ​គិតថា​ការ​សុំ​លុយ​ពេល​ចុះ​បេសកកម្ម​ពី​អាជ្ញាធរ​មូលដ្ឋាន​គឺជា​ទម្រង់​មួយ​ដែល​ធ្វើឲ្យ​ខូច​មុខមាត់​ក្រុម​អង្គរក្ស​។ វា​ជា​ទម្រង់​មួយ​អនាធិបតេយ្យ​របៀប​នៃ​ការ​កៀរគរ​ធនធាន វា​អាច​ធ្វើឲ្យ​មាន​ទំនាស់​ផលប្រយោជន៍​»៕