ភ្នំពេញ: បុរស​ជនជាតិ​នីហ្សេរីយ៉ា​ម្នាក់ និង​ស្ត្រី​ខ្មែរ​ចំនួន ២ ​នាក់​ ត្រូវបាន​សមត្ថកិច្ច​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ បន្ទាប់ពី​ឃាត់​ខ្លួន​នៅ​សង្កាត់​វាលវង់​ខណ្ឌ​ ៧ ​មករា កាលពី​ថ្ងៃទី ១១ ខែវិច្ឆិកា ពាក់ព័ន្ធ​ករណី​លាក់​គ្រឿងញៀន​ជិត​ ៦ ​គីឡូ​ ក្នុង​ធុងបាស់​ ១ ​គ្រឿង​ គ្រោង​ជួញ​ទៅ​ប្រទេស​ វៀតណាម​។

លោក សាន សុទ្ធី នាយករង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ក្រសួងមហាផ្ទៃ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ទាំង​ ៣ ​នាក់​នេះ​ ត្រូវ​បាន​កម្លាំង​ជំនាញ​ (​ក​៥) នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​សួរ​រួចហើយ មុន​ពេល​បញ្ជូន​ពួកគេ និង​សំណុំរឿង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិវិធី​ច្បាប់​។

លោក​ថា​៖ «​យើង​បាន​សាកសួរ​ពួកគាត់​ទាំង​ ៣ ​នាក់​ហ្នឹង​រួចហើយ យើង​ត្រូវ​បញ្ជូន​ពួកគាត់​ទៅ​តុលាការ​នៅ​ល្ងាច​ថ្ងៃទី​ ១៤ ខែ​វិច្ឆិកា​នេះ​។ យើង​បាន​ស៊ើបអង្កេត​ហើយ​គឺ​គាត់​នៅ​មាន​បក្ខ​ពួកគាត់​ទៀត ប៉ុន្ដែ​ពួកគេ​កំពុង​លាក់ខ្លួន កម្លាំង​ជំនាញ​យើង​កំពុង​ស្រាវជ្រាវ​បន្តទៀត ហើយ​បើ​យើង​ចាប់​បាន​ជនល្មើស​បន្ថែម​ទៀត​គឺ​យើង​ក៏​បន្ត​បញ្ជូន​ទៅ​តុលាការ​ជា​បន្តបន្ទាប់​ទៀត​ដែរ​ដើម្បី​ចាត់ចែង​តាមច្បាប់​»​។

លោក គុជ គឹមឡុង អ្នក​នាំពាក្យ និង​ជា​ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​​ជុំវិញ​សំណុំ​រឿងនេះ​បាន​ទេ​កាលពី​ម្សិលមិញ​។

តាម​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ផ្សាយ​កាលពី​ម្សិលមិញ​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​ ១១ ខែ​វិច្ឆិកា កម្លាំង​ជំនាញ​ (​ក​៥) ​នៃ​មន្ទីរប្រឆាំង​បទល្មើស​គ្រឿងញៀន​ដឹកនាំ​ដោយ​​លោក សាន សុទ្ធី នាយករង​មន្ទីរ​សហការ​ជាមួយ​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ ដានដាន អិចប្រេសបើស ដឹកនាំ​សម្របសម្រួល​ពី​លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ត្រួតពិនិត្យ​កញ្ចប់​បញ្ញើ​មាន​ភាពមិន​ប្រក្រតី​មួយ​ដែល​ផ្ញើ​ពី​រាជធានី​ភ្នំពេញ​ទៅ​ទីក្រុង​ហូជីមិញ​ប្រទេស​ វៀតណាម​។

អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បន្តថា ការប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​នៅ​ក្រុមហ៊ុន ដានដាន ស្ថិតនៅ​សង្កាត់​វាលវង់ ខណ្ឌ​ ៧ ​មករា​ដោយ​រកឃើញ​សារធាតុ​ញៀន​ប្រភេទ​មេតំហ្វេតាមីន​ (ICE) ៦​ កញ្ចប់​ធំ​ ស្មើ​នឹង ៥ ៨៩៥,៨២ ​ក្រាម​ដែល​បង្កប់​នៅក្នុង​ធុងបាស់​ធំ​ ១ ​គ្រឿង​។

គេហទំព័រ​ដដែល​ថា បន្ទាប់មក​សមត្ថកិច្ច​ជំនាញ​បាន​បន្ត​ការស៊ើបអង្កេត​ដោយ​កំណត់​បាន​មុខសញ្ញា​ពាក់ព័ន្ធ​ឈាន​ទៅ​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​ ៣ ​នាក់​ដែល​មាន​ឈ្មោះ ប៉ុក ស្រីល័ក្ខ ភេទ​ស្រី ជនជាតិ​ខ្មែរ​មុខរបរ​លក់ដូរ (​អ្នក​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែន​),​ឈ្មោះ យុន ស្រីនូ ភេទ​ស្រី ជនជាតិខ្មែរ មុខរបរ​លក់ដូរ (​អ្នក​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែន​) ​និង​ឈ្មោះ NDUKWU JONATHAN CHUKWUJEKWU ភេទ​ប្រុស ជនជាតិ​នីហ្សេរីយ៉ា មុខរបរ​កីឡាករ​បាល់ទាត់​ (​មេខ្លោង​ដឹកជញ្ជូន​​គ្រឿងញៀន​ឆ្លងដែន​)​។

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បញ្ជាក់ថា​៖ «​នៅ​ថ្ងៃ​ដដែល​នោះ សមត្ថកិច្ច​បាន​បន្ត​ឆែកឆេរ​ផ្ទះជួល​របស់​ឈ្មោះ NDUKWU JONATHAN CHUKWUJEKWU ភូមិ​សន្សំ​កុសល សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ ដោយ​រកឃើញ​វត្ថុតាង​មួយ​ចំនួន​ទៀត​រួមមាន​៖ កញ្ឆា​ក្រៀម ៩ ​ក្រាម​, ជញ្ជីង​ថ្លឹង​ ១ ​គ្រឿង​, ម៉ាស៊ីន​បាញ់​ទឹក​ ៨ ​គ្រឿង​, ម៉ាស៊ីន​បូម​ធូលី ១ ​គ្រឿង​, ធុងបាស់​ ១ ​គ្រឿង​,​ទូរស័ព្ទ​ ៣ ​គ្រឿង និង​លិខិតឆ្លងដែន​ ៣ ​ក្បាល​។ បើ​សរុប​វត្ថុតាង​គ្រឿងញៀន​ដែល​ចាប់បាន មាន​មេតំហ្វេតាមីន​ (ICE) ​ចំនួន​ ៥ ៨៩៥,៨២ ​ក្រាម និង​កញ្ឆា​ក្រៀម​ ៩ ​ក្រាម​បន្ថែមទៀត​៕