បាត់ដំបងៈ សមត្ថ​កិច្ច​ខេត្ត​បាត់​ដំបង ​​នៅ​ថ្ងៃទី ​១៩​ ​ខែ​មេសា​នេះ បាន​បញ្ជូន​ជន​សង្ស័យ​ម្នាក់​ទៅ​សា​លា​ដំបូង​ខេត្ត​​​ ក្រោយ​ពេល​ឃាត់​ខ្លួន​ពី​រឿង​ប៉ុន​ប៉ង​រំលោភ​ក្មេង​ស្រី​អាយុ​ ៩ ​ឆ្នាំ​​ម្នាក់ ​ក្បែរ​​ព្រះ​វិហារ ​វត្ត​ចក្រី​ ស្ថិត​ក្នុង​ភូមិ​ចក្រី​ ឃុំ​បា​រាំង​ធ្លាក់​ ស្រុក​ភ្នំ​ព្រឹក​ ខេត្ត​បាត់​ដំបង​ ប្រ​ព្រឹត្ត​កាល​ពី​ថ្ងៃទី ​១៧ ខែ​មេសា​។

លោក​ សា​រ៉េត វិសេដ្ឋ អធិការ​រង​ស្រុក​ភ្នំ​ព្រឹក​​ បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ឈ្មោះ ​មាន​ ខុន​ឌី​ អាយុ​ ៤៣ ​ឆ្នាំ​ មាន​​លំ​នៅ​ក្នុង​ភូមិ​ ទួល​ខ្វាវ​ ឃុំ ​បារាំង​ធ្លាក់​ ស្រុក​ភ្នំ​ព្រឹក ដែល​នៅ​ឆ្ងាយ​ពី​ផ្ទះ​ជន​រង​គ្រោះ​។ ​ជន​សង្ស័យ​បាន​ប៉ុន​ប៉ង​​រំលោភ​ក្មេង​ស្រី​អាយុ​ ៩​ ឆ្នាំ​ ដែល​មាន​ជីវភា​ព​​ក្រីក្រ​ចំនួន​២​ដង​ដោយ​ការ​ឲ្យ​ប្រាក់​និង​គំរាម​កំហែង​កុំ​ឲ្យ​ប្រាប់​អ្នក​ដទៃ​។

លោក​ថា​ លើក​ទី​១​គឺ​នៅ​មុន​ពេល​ចូល​ឆ្នាំ​ថ្មី​ ប៉ុន្តែ មិន​បាន​សម្រេច​ ដោយ​សារ​មាន​ក្មេងៗ​ច្រើន​នៅ​ក្បែរ​នោះ។ ចំ​ណែក​លើក​ទី​ ២​ គឺ​នៅ​ក្នុង​បរិ​វេណ​វត្ត​​ចក្រី​ខាង​ត្បូង ​ព្រះ​វិហារ ​កាល​ពី​ថ្ងៃទី​ ១៧ ​មេសា​។

លោក​ វិសេដ្ឋ បាន​បញ្ជាក់​ថា៖​ «វា​ប្រព្រឹត្ត​ម៉ោង​ប្រ​ហែល​ ១២ ​ថ្ងៃ​ត្រង់ ខាង​ត្បូង​វត្ត​មាន​ព្រៃ​ចេក​ស្ងាត់​។​ វា​ល្បួង​ក្មេង​ស្រី​ថា​ ឲ្យ​លុយ​មួយ​ម៉ឺន ហើយ​ក្មេង​ទៅ​តាម តែ​ពេល​ធ្វើ​សកម្ម​ភាព ម៉ែ​ឪ​ទៅ​ទាន់​ទៅ វា​រត់ ហើយ​យើង​ទទួល​បាន​ព័ត៌​មាន យើង​ស្គាល់ យើង​តាម​ចាប់។ ឃាត់​ខ្លួន​បាន​ថ្ងៃ​ដដែល​ពេល​វា​ជិះ​ម៉ូត​រត់​តាម​ផ្លូវ។ វា​ឃើញ​យើង​វា​ជិះ​​ម៉ូតូ​ ផ្តួល​ម៉ូតូ​ដួល​បែក​មុខ​មាត់​រត់​ចោល ហើយ​យើង​ចាប់​បាន​ប្រ​ហែល ​២ ​ម៉ោង»​។

លោក​ កុយ ហៀង ស្នង​ការ​រង​ខេត្ត​ បាត់​ដំបង ​ទទួល​បន្ទុក​ផ្នែក​បទ​ល្មើស​ក៏​​បាន​ថ្លែង​ដែរ​​ថា កាល​ពី​លើក​ទី​លើក​ទី​ ១​ ជន​សង្ស័យ​បាន​ឲ្យ​លុយ​ក្មេង​ស្រី​រង​គ្រោះ ​២៥០០​ រៀល ហើយ​លើក​ទី​ ២​ នេះ​បាន​ឲ្យ​ចំនួន​ ១​ ម៉ឺន​​រៀល​។

លោក​បាន​បន្ថែម​ថា៖ «ជន​រងគ្រោះ​រ៉ាយ​រ៉ាប់​ថា តា​ហ្នឹង​បបួល​ទៅ​អី​ចឹង​ឲ្យ​ ២ ៥០០ ​រៀល ហើយ​លើក​ទី​ ២ ​ឲ្យ​ ១ ​ម៉ឺន តែ​ម៉ែ​ឪ​ទៅ​ទាន់ ជន​សង្ស័យ​ស្លៀក​ខោ​ឡើង​ម៉ូតូ​ជិះ​រត់»។

លោក​បន្ថែម​ថា កុមារ​រង​គ្រោះ​មិន​បាន​ប្រាប់​ម្តាយ​ទេ​កាល​ពី​ប៉ុន​ប៉ង​លើក​ទី ១ ដោយ​សារ​ជន​សង្ស័យ​គំរាម​។

បើតាម លោក កុយ ហៀង​​ បុរសរូបនេះត្រូវបាន​​​ចោទ​ពី​បទ​​ «ប៉ុន​ប៉ង​រំលោភ​សេព​សន្ថវៈ» តាម​មា​ត្រា​ ២​៧ និង ​២៣៩ ​នៃ​ក្រម​ព្រហ្ម​ទណ្ឌ ​ប៉ុន្តែ​ការ​សម្រេច​ចោទ​​ប្រ​កាន់​​​បន្ថែម ស្ថិត​​នៅ​​លើ​​តុលា​ការ​។ ជន​សង្ស័យ​ត្រូវ​បាន​ប​ញ្ជូន​ទៅ​តុលា​ការ​នៅ​ល្ងាច​ថ្ងៃ​ព្រហ​ស្បតិ៍​នេះ​៕