បាត់ដំបង/រតនគិរីៈ យុវជន​ម្នាក់​ត្រូវ​សមត្ថកិច្ច​បញ្ជូនទៅ​មណ្ឌល​បន្សាប​គ្រឿងញៀន​ខេត្តបាត់ដំបង បន្ទាប់ពី​បង្កហេតុ​ដុត​ផ្ទះ​ខ្លួនឯង​កាលពី​ថ្ងៃទី​ ២៩ ​មីនា ស្រប​ពេល​ដែល​បុរស​ម្នាក់ទៀត​ត្រូវបាន​តុលាការ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តរតនគិរី​កាលពី​ថ្ងៃទី​ ២៨ មីនា​ ដោយសារ​ដុត​ផ្ទះ​ខ្លួនឯង​ដូចគ្នា នៅ​ភូមិ​អូររមៀត​ សង្កាត់​បឹងកន្សែង ​ក្រុង​បានលុង ​ខេត្ត​រតនគិរី​។

លោក ជេត វណ្ណី ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បាន​ប្រាប់ពី​ថ្ងៃ​អាទិត្យ​ថា យុវជន​ម្នាក់​ឈ្មោះ អេង រតនា អាយុ​ ២៩ ​ឆ្នាំ​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ខ្លួន​ទៅ​មណ្ឌល​បន្សាប​គ្រឿងញៀន​ខេត្តបាត់ដំបង​បន្ទាប់ពី​បាន​បង្កហេតុ​ដុត​ផ្ទះ​បាន​ប៉ុន្មាន​ម៉ោង​កាលពី​ថ្ងៃទី​ ២៩ មីនា រួចមក​។

លោក​បាន​ប្រាប់ថា​៖ «​សមត្ថកិច្ច​ខ្ញុំ​ប្រគល់​ជនបង្ក​ទៅ​មណ្ឌល​បន្សាប​គ្រឿងញៀន​ព្រោះ​មានការ​អនុញ្ញាត​ពី​គ្រួសារ​គាត់​ដោយសារ​ក្នុង​ទឹកនោម​របស់គាត់​មាន​សារធាតុ​ញៀន​»​។

លោក​បាន​ឲ្យ​ដឹងថា​នៅវេលា​ម៉ោង​ ៧ ​កន្លះ​ព្រឹក​ថ្ងៃទី​ ២៩ ខែ មីនា ឆ្នាំ​ ២០២០ ជនបង្ក​ដែល​ត្រូវជា​កូនបង្កើត​របស់លោក គ្រុយ គឹមអេង អាយុ​ ៧១ ​ឆ្នាំ​ បាន​ដុត​ផ្ទះ​ខ្លួនឯង​ដែល​មាន​លេខ​ ២៦០ ក្នុងភូមិ​តា​ព្រួច សង្កាត់​ក្តុល​ដូនទាវ ក្រុង-​ខេត្តបាត់ដំបង ដោយសារ​ខឹង​ឪពុកម្តាយ​ស្តីបន្ទោស​។ ប៉ុន្តែ​ហេតុការណ៍​នេះ​គ្មាន​សមាជិក​ក្នុង​គ្រួសារ​រងគ្រោះ​ទេ​។

លោក​បញ្ជាក់ថា​៖ «​ភ្លាមៗ​បន្ទាប់ពី​កើតហេតុ​កម្លាំង​នគរបាល​ក្រុង​បាន​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ផ្ទាល់​ចំនួន​ ២ ​គ្រឿង​ និង​ប្រើប្រាស់​ទឹក​អស់​ចំនួន​ ៣ ​ឡាន​ទើប​ពន្លត់ភ្លើង​រលត់ ហើយ​បាន​ឃាត់ខ្លួន​យុវជន​ម្នាក់​ជា​កូន​ម្ចាស់ផ្ទះ​ និង​ជា​អ្នកបង្ក​ហេតុ​យកទៅ​សាកសួរ​»​។

លោក​បាន​បន្តថា ក្រោយពី​សាកសួរ​រួច​សមត្ថកិច្ច​ក៏បាន​ប្រគល់​ឲ្យ​ខាង​មណ្ឌល​បន្សាប​គ្រឿងញៀន​ខេត្ត​បាត់ដំបង​តាម​សំណើ​ឪពុកម្តាយ​របស់​ជនបង្ក​។ ប៉ុន្តែ​យុវជន​រូបនោះ​មាន​សភាព​ញៀន​ថ្នាំ​ជោកជាំ ព្រោះ​រូបគេ​ហាក់​និយាយស្តី​មិនដឹង​អ្វី​ទាំងអស់ ហើយ​ថែមទាំង​បម្រុង​លោត​ពីលើ​ដំបូលផ្ទះ​របស់ខ្លួន​កម្ពស់​ជាង​ ១០ ​ម៉ែត្រ​ទៀតផង តែ​ត្រូវ​សមត្ថកិច្ច​ជួយ​ទាន់​។

ករណី​ដោយឡែក​មួយទៀត​បុរស​​ម្នាក់​ឈ្មោះ ហេ ​សុជា អាយុ​ ៣៨ ​ឆ្នាំ ដែល​គ្មាន​មុខរបរ​ពិតប្រាកដ និង​ជា​ប្តី​របស់​ស្ត្រី​ឈ្មោះ ណុប ​សុភ័ណ្ឌ អាយុ​ ៤៥ ​ឆ្នាំ​ ជនជាតិ​ខ្មែរ ​មុខរបរ​បោកអ៊ុត​ត្រូវបាន​សាលាដំបូង​ខេត្តរតនគិរី​ឃុំខ្លួន​កាលពី​ថ្ងៃទី​ ២៨ មីនា បន្ទាប់ពី​ប្រើ​អំពើហិង្សា​វាយ​ប្រពន្ធ​របស់ខ្លួន និង​ដុត​ផ្ទះ​ប្រក់​ស័ង្កសី​ដែល​មាន​ទំហំ​ ៥ ​ម៉ែត្រ​គុណ​ ៦ ​ម៉ែត្រ​របស់​ខ្លួនឯង បណ្ដាល​ឲ្យ​ឆេះ​អស់ នៅ​ភូមិ​អូររមៀត សង្កាត់​បឹងកន្សែង ក្រុង​បានលុង ​ខេត្ត​រតនគិរី ។

លោក តេង សាវុធ អធិការ​ក្រុង​បាន​លុង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃអាទិត្យ​ថា ជនបង្ក​ខាងលើនេះ​ត្រូវបាន​តុលាការ​ឃុំខ្លួន​រួចហើយ ពាក់ព័ន្ធ​នឹង​ករណី​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុង​គ្រួសារ និង​ប្រើ​ហិង្សា​លើ​ប្រពន្ធ​របស់គាត់​។ ប៉ុន្តែ​លោក​មិន​ចាំ​ថា ចោទ​ពី​បទ​អី​ទេ ដោយសារ​ឯកសារ​នៃ​ករណីនេះ​មិន​នៅ​នឹង​លោក​។

ក៏ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា​៖ «​គាត់​ជាម​នុស្ស​ប្រមឹក ហើយ​ប្រើ​ហិង្សា​វាយ​ប្រពន្ធ​រាល់ថ្ងៃ​សូម្បី​កូន​ស្ត្រី​គាត់​តូចៗ​ ២ ​នាក់​ក៏​រត់​មិន​ហ៊ាន​នៅផ្ទះ​ដែរ​»៕