ភ្នំពេញៈ អតី​ត​អ្នក​សារ​ព័ត៌​មាន​ឌឹ​ខេម​បូឌា​ដេលី ​(The Cambodia Daily)​ ជា​ច្រើន​នាក់​កាល​ពី​ម្សិល​មិញ​ បាន​ចូល​រួម​គោរព​វិញ្ញាណ​ក្ខន្ធ​​ លោក​ Bernard Krisher​ ដែល​ជា​ស្ថាប​និក​កាសែត​នេះ​ បាន​​ធ្វើ​ឡើង​នៅ​សង្កាត់​វាល​ស្បូវ​ ​ខណ្ឌច្បារអំពៅ ​រាជធានី​ភ្នំពេញ។​

លោក​ ​Krisher​ ​ស្ថាប​និក​កាសែត​ឌឹ​ខេម​បូឌា​ដេលី​ ​និង​ជា​ប្រធាន​អង្គ​ការ​ជំនួយ​ពិភព​លោក​សម្រាប់​កម្ពុ​ជា ​និង​ជា​អតីត​ប្រធាន​ការិយាល័យ ​Newsweek Tokyo ​បាន​ទទួល​មរណភាព​ ​ក្នុង​វ័យ​ ៨៧ ​ឆ្នាំ​ កាល​ពី​ថ្ងៃ​ទី ៥ ​ខែ​ មីនា​ ​ឆ្នាំ​ ២០១៩ នៅ​ក្នុង​មន្ទីរ​ពេទ្យ​នៅ​ទី​ក្រុង​តូក្យូ ​ប្រទេស ​ជប៉ុន​ ​ដោយ​ជំងឺ​គាំង​បេះ​ដូង​។​ ​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​គេ​ហទំព័រ​ ​The Cambodia Daily​ កាល​ពីថ្ងៃ​ទី ១៨ ​មីនា ២០១៩។​

លោក​ ឆន​ ​ចាន់​ស៊ី ​អតីត​អ្នកយក​ព័ត៌​មាន​ឌឹ​ខេម​បូ​ឌាដេ​លី​ បាន​បង្ហាញ​នូវ​ការ​សោក​ស្តាយ​បំផុត​ចំពោះ​ការ​​បាត់​បង់​ស្ថាប​​និក​ ​និង​សប្បុរស​ជន​មួយ​ដែល​បាន​ជួយ​អភិ​វឌ្ឍ​ប្រទេស​កម្ពុជា​លើ​វិស័យ ​អប់រំ​ ​សុខា​ភិ​បាល​ ​សង្គមកិច្ច​ ​និង​វិស័យ​ព័ត៌មាន។

លោក​ ​ចាន់​ស៊ី ​ថ្លែ​ង​​ថា​៖​ «​យើង​ដឹង​ហើយ​គាត់​បាន​សាងសង់​សាលា​ជាង​ ៥០០​ ខ្នង​ក្នុង​រយៈ​ពេល​ជិត ​២០ ​ឆ្នាំ​មក​នេះ។​ គាត់​បាន បណ្តុះ​បណ្តាល​ទៅ​ដល់​អ្នក​ព័ត៌​មាន​វ័យ​ក្មេង​របស់​យើង​ឱ្យ​ចេះ​ធ្វើ​ព័ត៌​មាន​ឯក​រាជ្យ​ ​និង​វិជ្ជា​ជីវៈ​ដើម្បី​បម្រើ​លើ​ព័ត៌​មាន​ពិត​ដល់​ប្រជាជន​យើង​ទូទាំង​ប្រទេស​ក៏​ដូច​ជា​ពិភពលោក​ឱ្យ​បាន​ដឹង»។

​លោក​ ​ឆន​ ​ចាន់​ស៊ី​ ​ជា​អ្នកសារ​ព័ត៌​មាន​ម្នាក់​បាន​ទទួល​ចំណេះ​ដឹង​​ខាង​វិស័យ​សារ​ព័ត៌​មាន​នេះ​ក៏​តាមរយៈ​លោក​ Krisher ផងដែរ។​

​យោង​តាម​គេហ​ទំ​ព័រ​របស់​កាសែត​ខេម​បូឌា​ដេលី​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា​ មរណ​ភាព​របស់​លោក​ ​Krisher​ ​ ​ត្រូវ​បាន​ក្រុម​គ្រួសារ​របស់​លោក​ផ្សព្វ​ផ្សាយ​ជា​សាធារ​ណៈ​បន្ទាប់​ពី​ការ​រៀប​ចំពិ​ធី​បញ្ចុះ​សព​ឯកជន​មួយ​នៅ​ទី​ក្រុង​ញូវយ៉ក​ ​សហរដ្ឋ​អាមេរិក។

​លោក ​Krisher​ ដែល​បាន​ចាប់​ផ្តើម​អាជីព​ជា​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​បរទេស​នៅ​ប្រទេស​ជប៉ុន​បាន​លះ​បង់​កម្លាំង​កាយ​ចិត្ត​ ​និង​ពេល​វេលា​រយៈ​ពេល​ ៣ ​ទស​វត្សរ៍​ចុង​ក្រោយ​របស់​លោក​ដើម្បី​បម្រើ​ការងារ​មនុស្សធម៌​នៅ​កម្ពុជា។​

សារព័ត៌​មាន​ឌឹខេម​បូ​ឌា​ដេលី​ដែល​ជា​គម្រោង​ដំបូង​របស់​លោក​គឺ​ជា​សារ​ព័ត៌មាន​ជា​ភាសា​អង់​គ្លេស​មួយ​ដែល​បាន​ដើរ​តួ​នាទី​រាយការណ៍ ​“​រាល់​ដំណឹង​ទាំង​អស់​គ្មាន​ការ​ភ័យ​ខ្លាច​ ​ឬ​លម្អៀង”។​ ​

សារ​ព័ត៌​មាន​នេះ​គឺ​ជា​កន្លែង​បណ្តុះ​ប​ណ្តាល​ដល់​អ្ន​ក​សារព័ត៌​មាន​កម្ពុ​ជា ​និង​បរ​ទេស​ ​ដែល​បាន​បោះ​ពុ​ម្ព​ផ្សាយ​ដំណឹង​ក្នុង​ស្រុក​ និង​អន្តរ​ជាតិ​ដល់​អ្នកអាន​នៅ​រាជ​ធានី​ភ្នំ​ពេញ​។​ ​​នៅ​ឆ្នាំ​ ១៩៩៣ ​លោ​ក​ ​Krishe​r​ បាន​បង្កើត​សារ​ព័ត៌​មាន​ ឌឹ​ខេម​បូឌា​ដេ​លី​ ដើម្បី​ជួយ​លើក​ស្ទួយ​សេរីភាព​សារ​ព័​ត៌​មាន​នៅ​កម្ពុជា​ក្នុង​អំឡុ​ង​ពេល​ការ​កសាង ​និង​ការផ្សះផ្សាជាតិ​ឡើង​វិញ​របស់​ប្រទេស​ កម្ពុជា​ ​ក្រោយ​ពី​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារីស​ឆ្នាំ​ ១៩៩៣ ​ដែល​បាន​បញ្ចប់​សង្រ្គាម​ស៊ីវិល​អស់​រយៈពេល ២ ទសវត្សរ៍។​

សម្រាប់​លោក​ ​Krisher​ សមិទ្ធ​ផល​ដ៏​អស្ចារ្យ​របស់​លោក​​គឺ​ការ​បង្កើត​មន្ទីរពេទ្យ​ព្រះ​សីហ​នុ​មជ្ឈ​ម​ណ្ឌល​នៃ​ក្តី​សង្ឃឹម ​នៅ​ពាក់​កណ្តាល​ទស​វត្ស​រ៍ឆ្នាំ​ ១៩៩០ នៅ​រាជ​ធានី​ភ្នំ​ពេញ​ ​ដែល​ផ្តល់​ការ​ថែ​ទាំ​សុខ​ភាព​ដោយ​ឥត​គិត​ថ្លៃ​ដល់​ជន​ក្រីក្រ និង​បាន​បង្កើត​កម្ម​វិធី​ថែ​ទាំ​សុ​ខ​ភា​ព​ពី​ចម្ងាយ​ ​(Telemedicine) ​នៅ​តាម​ភូមិ​ដាច់​ស្រយាល។

លោក​ គឺ​ជា​ស្ថា​បនិក​ ​និង​ជា​ប្រធាន​មន្ទីរពេទ្យ​នេះ​។​ ​លោក​ ​Krisher​ បាន​ទទួល​មរណ​ភាព​ដោយ​បន្សល់​ទុក​ភរិយា ​កូន ​២ ​នាក់​ និង​ចៅ​ ២ ​នាក់​របស់​លោក។​

​ដោយ​ឡែក​មជ្ឈ​មណ្ឌល​ខេមរ​សិក្សា​បាន​ចេញ​សេចក្ដី​ប្រ​កាស​ព័ត៌​មាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ ​នៅ​ក្នុង​ខែ​មី​នា​នេះ​ផង​ដែរ​ ​សមា​ជិក​ក្រុម​ប្រឹក្សា​ភិបាល​មជ្ឈ​មណ្ឌល​​ខេមរ​សិក្សា លោក​ ​Benny​ Widyono​ ក៏បាន​ទទួល​មរណភាព​ កាល​ពី​ថ្ងៃ​ទី ១៧​ ​ខែ ​មីនា ឆ្នាំ ២០១៩​ ​ក្នុង​ពេល​ដែល​ដេក​ ​ដោយ​មាន​ក្រុម​គ្រួសារ​នៅ​កំដរ​គាត់​នៅ​ទី​ក្រុង Stamford សហរដ្ឋ​អាមេរិក។

មាន​ដើម​កំណើត​ឥណ្ឌូ​នេ​ចិ​ន​ ​លោក​ ​Benny​ ត្រូវ​បាន​ផ្តល់​សញ្ជាតិ​អា​មេរិក​កាល​ពី​ឆ្នាំ​មុន។​ ​លោក​បាន​រស់​នៅ​ក្នុង​ប្រទេស ​កម្ពុជា​ ជាមួយ​ភរិយា​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ ដោយ​ដំបូង​បម្រើ​ការ​ងារ​ជា​ឯក​អគ្គ​រដ្ឋ​ទូត​អង្គ​ការ​សហ​ប្រជា​ជាតិ​ប្រចាំ​ខេ​ត្ត​សៀមរាប។​ ​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ក្រោយ​មក​ លោក​បាន​​បម្រើ​កា​រ​ងារ​ជា​ឯក​អគ្គ​រដ្ឋ​ទូត ព្រឹទ្ធ​បុរស ​អង្គ​ទូត​ ​និង​ឯក​អគ្គ​រដ្ឋ​ទូត​អង្គការ​​សហ​ប្រជា​ជាតិ​ប្រចាំ​ប្រទេស ​កម្ពុ​ជា​។​ លោក​អាច​និយាយ​ភាសា​ខ្មែរ​ ​និង​ស្រ​ឡាញ់​វប្បធម៌​ខ្មែរ។

​ក្រោយ​ពី​បម្រើ​ការងារ​អស់រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​នៅក្នុង​អង្គការ​សហ​ប្រជា​ជាតិ​ លោក Benny ​បាន​បម្រើ​ការ​ងារ​ជា​ក្រុម​ប្រឹក្សា​ភិបាល​ទាំង​នៅ​ក្នុ​ង​សាជី​វ​ក​ម្ម​ និង​អ​ង្គ​ការ​មិន​រក​ប្រាក់​កម្រៃ ​ដូច​ជា​ ​Leopard Capital​ និង​ ​PIO​ នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​

លោក​ ​Benny​ ​បាន​ទទួ​ល​សញ្ញា​បត្រ​បណ្ឌិត​ខាង​ផ្នែក​សេដ្ឋ​កិច្ច​ពី​សាក​ល​វិ​ទ្យាល័​យ Texas​ ​សហ​រដ្ឋ​អា​មេរិ​ក​។​​ ក្រោយ​ពី​​ចូល​និវត្តន៍​ក្នុង​តួនា​ទី​ជា​ឯក​អគ្គ​រដ្ឋ​ទូត​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​ប្រចាំ​កម្ពុជា​ ​លោក​ ​Benny​ បាន​វិល​ត្រឡប់​ធ្វើ​ការ​ជា​សាស្ត្រា​ចារ្យ​សេដ្ឋកិច្ច​នៅ​សាកល​វិទ្យា​ល័យ ​Connecticut ​នៅ​ក្បែ​រ​ផ្ទះ​របស់ គាត់។

​លោក ​Benny ​គឺ​ជា​អ្ន​ករួ​មចំ​ណែក​ដ៏​ធំ​ចំ​ពោះ​មជ្ឈ​មណ្ឌល​ខេ​ម​រសិ​ក្សា​អស់​រយៈ​ពេល​ជាង​ ១២ ​ឆ្នាំ ​ដែល​បាន​ផ្តល់​បា​ឋ​កថា​ជា​ច្រើន​ ​និង​មាន​តួនា​ទី​ជា​​គណៈ​កម្មាធិការ​ប្រតិបត្តិ​នៃ​ក្រុម​ប្រឹក្សា​ភិបាល​របស់​មជ្ឈមណ្ឌល​នេះ។

មជ្ឈ​មណ្ឌល​ខេម​រសិ​ក្សា​បាន​ធ្វើ​ការ​កាន់​ទុក្ខ​ ដោយ​សម្ដែង​​ការ​សោក​សង្រេង​ជា​ខ្លាំង​ចំពោះ​មរណ​ភាព​របស់​លោក ​Benny​ និង​ចូល​រួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​របស់​លោក៕ ​