ភ្នំពេញៈ នាយក​រដ្ឋមន្ត្រី​បារាំង​បាន​ផ្ញើ​លិខិត​មួយ​មក​នាយករដ្ឋមន្ត្រី​កម្ពុជា ដោយ​បញ្ជាក់​ពី​ការត្រៀម​ខ្លួន​របស់​បារាំង​ក្នុង​ការ​ធ្វើការ​ជាមួយ​លោក ហ៊ុន សែន និង​បាន​ប្រកាស​គាំទ្រ​ឲ្យ​មាន​កិច្ចសន្ទនា​ដោយ​ចំហ​ជាមួយ​តួអង្គ​នានា​នៃ​ជីវភាព​នយោបាយ​ជា​អ្វី​ដែល​លោក​បាន​អធិប្បាយ​ថា ដើម្បី​ស្ថាបនា​កម្ពុជា​មួយ​ដោយ​មាន​ប្រជាធិបតេយ្យ និង​សន្តិភាព​ដើម្បី​ទាំងអស់​គ្នា​។ ​

លោក Edouard Philippe នាយករដ្ឋមន្ត្រី​បារាំង​កាលពី​ថ្ងៃទី​ ១៧ ខែ​កញ្ញា​នេះ​បាន​សរសេរ​លិខិត​មួយ​មក​កាន់​លោក ហ៊ុន សែន ដោយ​ក្នុង​លិខិត​នោះ​លោក​បាន​សរសេរ​ថា​៖ «​សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​បញ្ជាក់​អំពី​ការត្រៀម​របស់​ប្រទេស​បារាំង នៅ​ជាមួយ​ប្រទេស​កម្ពុជា​របស់​លោក​ដើម្បី​ស្ថាបនា​កម្ពុជា​មួយ​ដោយ​មាន​ប្រជាធិបតេយ្យ​ មាន​សន្តិភាព និង​ការអភិវឌ្ឍ​ប្រកប​ដោយ​បរិយាប័ន្ន​ (​ធ្វើ​អ្វីៗ​ដើម្បី​ទាំងអស់​គ្នា​)»​។

លោក Edouard Philippe ថ្លែង​ថា​បារាំង​គាំទ្រ​កិច្ចប្រឹងប្រែង​របស់​លោក ហ៊ុន សែន ក្នុង​ការបន្ត​កិច្ចសន្ទនា​ដោយ​ចំហ និង​ស្ថាបនា​ជាមួយ​តួអង្គ​នានា​នៃ​ជីវភាព​នយោបាយ​អង្គការ​សង្គម​ស៊ីវិល និង​សាព័ត៌មាន​។

លោក​បាន​ស្វាគមន៍​ដល់​ការវិវឌ្ឍ​ថ្មីៗ​ជា​វិជ្ជមាន​ពាក់ព័ន្ធ​នឹង​ការដោះលែង​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ការដោះលែង​សកម្មជន​ និង​មន្ត្រី​អតីត​គណបក្ស​ប្រឆាំង​សកម្មជន​ដីធ្លី​អ្នកស្រី ទេព វន្នី អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ីសេរី និង​ករណី​ទម្លាក់​ចោល​បទ​ចោទប្រកាន់​លើ​លោក មឿន តុលា ​ប្រធាន​អង្គការ​សង់​ត្រាល់​។ លោក Edouard Philippe បន្ត​ថា​៖ «​ខ្ញុំ​សង្ឃឹម​ថា​នឹង​មាន​កាយវិការ​ផ្សេង​ទៀត​បន្ត​ពីនេះ​»​។

លោក អ៊ា សុផល សាស្ត្រាចារ្យ​នៃ​មហាវិទ្យាល័យ Occidental College ​ក្នុង​រដ្ឋ​កាលីហ្វ័រនីញ៉ា យល់​ថា​លិខិត​របស់​លោក​នាយករដ្ឋមន្ត្រី​បារាំង​គឺជា​លិខិត​ការទូត​ធម្មតា​។ ប៉ុន្តែ​លោក​ថា​ប្រហែល​ជា​ប្រទេស​បារាំង​ចង់​រក្សា​កម្ពុជា​ជា​មិត្ត ក្រោយ​ពេល​សហភាព​អឺរ៉ុប​បោះឆ្នោត​ដាក់​ទណ្ឌកម្ម​។

លោក​និយាយ​ថា​៖ «​ក្រោយ​ពេល​សហភាព​អឺរ៉ុប​បោះឆ្នោត​ដាក់​ទណ្ឌកម្ម ប្រហែល​ជា​បារាំង​ចង់​រក្សា​ផ្លូវ​ ២ គឺថា​យើង​នៅ​តែ​ជា​មិត្ត​របស់​កម្ពុជា​»​។

លោក អ៊ូ ច័ន្ទរ័ត្ន អតីត​អ្នកតំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​យល់​ថា លិខិត​របស់​ប្រទេស​បារាំង​គឺ​មិន​ខុស​ពី​ជំហរ​របស់​សហភាព​អឺរ៉ុប​ទេ ដែល​បាន​ទាមទារ​ឲ្យ​កម្ពុជា​វិល​ទៅ​រក​ផ្លូវ​ប្រជាធិបតេយ្យ និង​ទម្លាក់​បទចោទ​ពី​លោក កឹម សុខា​។

លោក​ថ្លែង​ថា ​យ៉ាង​ណា​ក៏ដោយ​វា​អាស្រ័យ​លើ​ថា តើ​កម្ពុជា​ធ្វើ​តាម​ការចង់​បាន​របស់​អឺរ៉ុប​ឬ​អត់​?

លោក​បន្ថែម​ថា​៖ «​ប្រសិន​បើ​គាត់​ [​ហ៊ុន សែន​] ​បាន​អាន​លិខិត​នោះ ហើយ​នៅ​តែ​មិន​ទទួល​យក ខ្ញុំ​គិត​ថា​កម្ពុជា​នឹង​ប្រឈម​នឹង​វិបត្តិ​ជាច្រើន ដូចជា​វិបត្តិ​នយោបាយ និង​សេដ្ឋកិច្ច​។ ប្រទេស​បារាំង​បាន​កាន់​ដៃ​របស់​យើង​អស់​រយៈពេល ២០ ​ឆ្នាំ​មក​ហើយ​ក្នុង​ការ​ធ្វើឲ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​ប្រជាធិបតេយ្យ​។ បារាំង​ជា​ស្ថាបនិក​មួយ​ក្នុង​ចំណោម​ស្ថាបនិក​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​»​។

លោក​បាន​បន្ថែម​ថា​បារាំង​នៅ​តែ​ជា​អ្នក​គាំទ្រ​សម្រាប់​កម្ពុជា​ទាំង​ផ្នែក​ស្មារតី និង​ហិរញ្ញវត្ថុ​។

ប៉ុន្តែ​លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​ឃើញ​ទិដ្ឋភាព​ចំនួន​ ៣ ពី​លិខិត​របស់​លោក Edouard Philippe រួមទាំង​បារាំង​ជា​អ្នក​ដើរតួ​នៅ​ក្នុង​ការបញ្ចប់​សង្គ្រាម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា​។

លោក​ថ្លែង​ថា​៖ «​ទី​ ២ លិខិត​នេះ​ជា​កំណត់​ទូត​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ជំហរ​របស់​បារាំង​ជា​ដៃគូ​សម្រាប់​កិច្ចសន្ទនា​រវាង​កម្ពុជា​ និង​បារាំង​។ មិនមាន​ហេតុផល​ណា​ដែល​ត្រូវ​ណែនាំ​កម្ពុជា ឬ​ដាក់​សម្ពាធ​មក​លើ​កម្ពុជា​ឲ្យ​បំពេញ​តាម​នោះ​ទេ​»​។ លោក ថា លិខិត​នេះ​ក៏​បាន​ធ្វើឲ្យ​ច្បាស់​ផង​ដែរ​ថា មាន​តែ​លោក ហ៊ុន សែន ទេ​ដែល​ជា​អ្នក​តំណាង​កម្ពុជា​ជា​ផ្លូវការ​ដែល​បារាំង​ចង់​និយាយ​ជាមួយ​។

ទន្ទឹម​នេះ​ផង​ដែរ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ដែល​នឹង​ផុត​អាណត្តិ លោក William Heidt ថ្លែង​ កាលពី​ថ្ងៃ​ចន្ទ​ ក្នុង​វិទ្យុ​សំឡេង VOA ថា​អាមេរិក​ក៏​ដូច​ប្រទេស​ដទៃៗ​ដែរ កំពុង​សម្លឹង​មើល​ និង​រំពឹង​ថា​កម្ពុជា​នឹង​ត្រឡប់​ទៅ​រក​ «​ប្រព័ន្ធ​នយោបាយ​បើកចំហ​សមល្មម​ដែល​ខ្លួន​ទើប​តែ​មាន​កាល​ ១ ​ឆ្នាំ​មុន​»​។

«​ពិតណាស់​យើង​តែងតែ​ចាប់​អារម្មណ៍​ក្នុង​ការ​ធ្វើឲ្យ​ទំនាក់ទំនង​របស់​យើង​ប្រសើរ​ឡើង ប៉ុន្តែ​ខ្ញុំ​គិត​ថា​អ្វី​ដែល​កើតឡើង​នាពេល​បន្ទាប់​គឺ​អាស្រ័យ​ខ្លាំង​ណាស់​ទៅ​លើ​ជំហាន​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​ត្រូវ​បោះ​ក្នុង​រយៈកាល​ ២-៣ ​សប្តាហ៍ និង​ប៉ុន្មាន​ខែ​ខាង​មុខ​ដើម្បី​កែលម្អ​ស្ថានភាព​»​។

ទោះបី​យ៉ាង​ណា​ក្តី​លោក ផៃស៊ីផាន ថ្លែង​ជា​ដដែលៗ​ថា​៖ «​ឯករាជភាព​របស់​កម្ពុជា​គ្មាន​នរណា​ម្នាក់​អាច​បំពាន​បាន​ជា​ជាង​ធ្វើការ​សហការ និង​ជជែក​នោះ​ទេ​»​។ «​យើង​នៅ​តែ​រក្សា​ការសហការ និង​ជជែក ប៉ុន្តែ​ជោគវាសនា​របស់​កម្ពុជា គឺ​កម្ពុជា​ជា​អ្នក​សម្រេច​»​។

ជាង​នេះ​ផង​ដែរ​លោក ណី សំអុល តំណាង​អចិន្រៃ្តយ៍​របស់​កម្ពុជា​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ​កាលពី​ថ្ងៃ​អង្គារ​បាន​ប្រតិកម្ម​តប​ទៅ​នឹង​អត្ថាធិប្បាយ​ដែល​ធ្វើ​ឡើង​ដោយ​លោកស្រី Elisabeth Tich-Fisslberger ឯកអគ្គរដ្ឋទូត​អូទ្រីស​ប្រចាំ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ដែល​បាន​និយាយ​តាង​នាម​ឲ្យ​សហភាព​អឺរ៉ុប​ក្នុង​អំឡុង​សម័យប្រជុំ​ទៀងទាត់​លើក​ទី ៣៩ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​។

លោកស្រី Elisabeth Tich-Fisslberger បាន​ថ្លែង​ថា​៖ «​សហភាព​អឺរ៉ុប​បញ្ជាក់​ជា​ដដែល​ថា ដំណើរការ​បោះឆ្នោត​ក្នុង​ប្រទេស​កម្ពុជា​ដែល​គណបក្ស​ប្រឆាំង​ចម្បង​មិន​ត្រូវ​បាន​រួម​បញ្ចូល​គឺ​មិន​ស្រប​ច្បាប់​ទេ​»​។

ប៉ុន្តែ​លោក ណី សំអុល បាន​ថ្លែង​ថា​របៀបវារៈ​អំពី​កម្ពុជា​ដែល​លើក​ឡើង​គឺ​គ្រាន់តែ​ដើម្បី​ «​ពង្រីក​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​» ​បន្ទាប់ពី​សភា​អឺរ៉ុប​បាន​អនុម័ត​សេចក្តី​សម្រេច​មួយ​អំពី​ករណី​លោក កឹម សុខា កាលពី​សប្តាហ៍​មុន​។

លោក​ថ្លែង​ថា​ប្រធានបទ​អំពី​កម្ពុជា​ត្រូវ​បាន​លើក​ឡើង​ខុស​ពេលវេលា​ ខណៈ​វា​នឹង​គ្រោង​ពិភាក្សា​នៅ​ថ្ងៃទី​ ២៦ ខែ​កញ្ញា​។ «​ដូច្នេះ​ដើម្បី​ធ្វើឲ្យ​មាន​ការ​ចាប់អារម្មណ៍​អំពី​បញ្ហា​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​និយាយ​អាក្រក់​អំពី​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា ប្រតិភូ​សហភាព​អឺរ៉ុប​មិន​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​បំពាន​ស្តង់ដារ​ទម្លាប់​ និង​ការអនុវត្ត​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ...»​។

លោក​ថា​៖ «​ជា​អកុសល​ដោយ​គ្រាន់​តែ​ផ្អែក​ទៅ​លើ​អវត្តមាន​របស់​អតីត​គណបក្ស​នយោបាយ​មួយ​ និង​ការហាម​ប្រាម​សមាជិក​របស់​គណបក្ស​នេះ ១១៨ នាក់​ដោយ​តុលាការ​កំពូល​ដែល​ជា​តុលាការ​ថ្នាក់​ចុងក្រោយ ប្រតិភូ​សហភាព​អឺរ៉ុប​បាន​ចោទប្រកាន់​ដោយ​អយុត្តិធម៌​ថា​ការបោះឆ្នោត​នេះ​មិន​ស្រប​ច្បាប់​»៕ PS