ភ្នំពេញៈ រដ្ឋាភិបាល​បារាំង​បាន​ផ្ដល់​ជំនួយ​ជា​ថវិកា​ចំនួន​ ១,៥ ​លាន​អឺរ៉ូ ​ដល់​គណៈកម្មការ​ទន្លេ​មេគង្គ​ (MRC) ​សម្រាប់​រយៈពេល​ ៤ ​ឆ្នាំ ដើម្បី​គ្រប់គ្រង​ដំណើរការ​ប្រតិបត្តិការ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ទឹក​នៅតាម​ដង​ទន្លេមេគង្គ ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។

សេចក្តី​ប្រកាស​របស់ MRC ចេញផ្សាយ​នៅ​ថ្ងៃទី​ ១៧ ខែឧសភា ឱ្យដឹងថា ប្រទេស​បារាំង​ បាន​គាំទ្រ​ការកែលម្អ​បណ្តាញ​តាមដាន​ទន្លេមេគង្គ ដោយ​បាន​ផ្តល់​ថវិកា​ចំនួន​ ១,៥ ​លាន​អឺរ៉ូ ដល់ MRC ដើម្បី​ពង្រីក និង​បង្កើន​ប្រសិទ្ធភាព​បណ្តាញ​តាម​ដង​ទន្លេ និង​ដៃទន្លេ​សំខាន់ៗ​នៃ​ទន្លេមេគង្គ​។

នាយក​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន MRC លោក​ អាន ពេជ្រហត្ថដា បាន​លើកឡើង​ក្នុង​សេចក្តី​ប្រកាសថា មូលនិធិ​នេះ​ត្រូវ​បានផ្ដល់​តាមរយៈ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ (AFD) ​សម្រាប់​រយៈពេល​ ៤ ​ឆ្នាំ​ ចាប់ពី​ឆ្នាំ​ ២០២១ ដល់​ឆ្នាំ​ ២០២៥​។

លោក​ថ្លែងថា​៖ «​ជំនួយ​នេះ​មាន​គោលបំណង​បង្កើន​សមត្ថភាព​របស់​ MRC ​និង​ប្រទេស​ជា​សមាជិក​ពោលគឺ​ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម ដើម្បី​តាមដាន​រំហូរ​ទន្លេ និង​បរិមាណ​ទឹកភ្លៀង និង​ផលប៉ះពាល់​ដែល​អាច​កើតមាន​ពី​គម្រោង​អភិវឌ្ឍន៍​ និង​ការប្រែប្រួល​អាកាសធាតុ​ទៅលើ​សហគមន៍​តាម​អាង​ទន្លេ​ និង​បរិស្ថាន​។ ជាពិសេស​លើ​គុណភាព​ទឹក កំណក​កករ និង​ជលផល​»​។

លោក​បន្តថា​៖ «​យើង​នឹង​ពង្រឹង​ប្រព័ន្ធ​តាមដាន​ទន្លេ​បច្ចុប្បន្ននេះ​ឱ្យ​កាន់​តែមាន​សមត្ថភាព ប្រសិទ្ធភាព និង​ភាពជឿជាក់​ក្នុង​ការប្រមូល និង​បញ្ជូន​ទិន្នន័យ​ទឹកភ្លៀង កម្រិត​ទឹក​តាម​ពេលវេលា​ជាក់ស្ដែង និង​ទិន្នន័យ​ពាក់ព័ន្ធ​នឹង​បរិស្ថាន​ផ្សេងៗ ដើម្បី​ជំរុញ​ដល់​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​ទន្លេ​ប្រកបដោយ​ការទទួល​ខុសត្រូវ​»​។

ទន្ទឹមនឹងនេះ លោកស្រី ជូលី ហ្គាបេត-អ៊ូហ៊ីអូន (Julie Gabet-Ouahioune) នាយក​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង AFD ប្រចាំ​ប្រទេស​ឡាវ មាន​ប្រសាសន៍​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្តល់ជំនួយ​ថ្មី​ថា​៖ «​ថវិកា​នេះ​នឹង​ផ្តល់​លទ្ធភាព​ឱ្យ MRC បង្កើន​ចំណេះដឹង​នៃ​ទម្រង់​បែប​ជលសាស្ត្រ​របស់​ទន្លេមេគង្គ និង​ដៃទន្លេ​សំខាន់ៗ ដែល​ជា​លទ្ធផល វា​បង្កើត​ឱ្យ​មាន​ប្រព័ន្ធ​តាមដាន​រួមមួយ សម្រាប់​ការគ្រប់គ្រង​ទន្លេ​ឱ្យបាន​កាន់តែ​ប្រសើរ​»​។

បើតាម​គណៈកម្មការ​ទន្លេ​មេគង្គ មូលនិធិ​ថ្មី​នេះ គឺជា​ជំនួយ​បន្ត​ពី​ជំនួយ​ចំនួន​ ២ ​ផ្សេងទៀត​ដែល​មាន​ទឹកប្រាក់​ចំនួន​ ៤ ​លាន​អឺរ៉ូ​ ពី​ប្រទេស​បារាំង​ សម្រាប់​ ២ ​ដំណាក់កាល​ដំបូង​នៃ​គម្រោង​បណ្ដាញ​តាមដាន​រំហូរ​ទន្លេ និង​បរិមាណ​ទឹកភ្លៀង​។

MRC ឱ្យដឹងថា នៅ​ដំណាក់កាល​ទី​១ (​ពី​ឆ្នាំ​ ២០០៧ ដល់​ ២០១២) MRC បាន​បង្កើត​បណ្តាញ​មួយ​ដែលមាន ស្ថានីយ​តាមដាន​រំហូរ​ទន្លេ​ និង​បរិមាណ​ទឹកភ្លៀង​ចំនួន ​៤៩ តាម​ដង​ទន្លេមេគង្គ និង​ដៃទន្លេ​នានា ដើម្បី​ប្រមូល​ទិន្នន័យ​តាម​ពេលវេលា​ជាក់ស្តែង​នៃ​កម្រិត​ទឹក និង​បរិមាណ​ទឹកភ្លៀង​រៀងរាល់​ ១៥ ​នាទី​ម្តង សម្រាប់​ការព្យាករ​កម្ពស់​ទឹកជំនន់ និង​តាមដាន​ស្ថានភាព​ទន្លេ​។

ចំណែក​នៅ​ដំណាក់កាល​ទី​២ (​ពី​ឆ្នាំ​ ២០១៦ ដល់ ឆ្នាំ​ ២០២២) MRC បាន​ពង្រីក​បណ្តាញ​នេះ​ដោយ​បង្កើត​ស្ថានីយ​ចំនួន​ ១១ ​បន្ថែម​ទៀត នៅតាម​ដង​ទន្លេ​មេ និង​ធ្វើឱ្យ​ប្រសើរ​ដល់​ការយល់ដឹង​ពី​ថាមវន្ត​ទន្លេ​នេះ​ និង​ការប្រើប្រាស់​ទិន្នន័យ សម្រាប់​វិស័យ​ផ្សេងទៀត​នៃ​ការគ្រប់គ្រង​ធនធានទឹក​»​។

បើតាម MRC ចាប់តាំងពី​ឆ្នាំ​ ២០០៦ ​មក ប្រទេស​បារាំង​បានផ្តល់​ជំនួយ​ថវិកា​ជាង​ ១០ ​លាន​អឺរ៉ូ (១២ ​លាន​ដុល្លារ​អាមេរិក​) ​ដើម្បី​គាំទ្រ​ដល់​កិច្ចការ​តាមដាន​ទន្លេ ការគ្រប់គ្រង​ទឹកជំនន់ និង​គ្រោះរាំងស្ងួត ការប្រែប្រួល​អាកាសធាតុ និង​ការគ្រប់គ្រង​បរិស្ថាន​។

គណៈកម្មការ​ទន្លេមេគង្គ​បញ្ជាក់ថា​៖ «​ប្រទេស​បារាំង គឺជា​ដៃគូ​មួយ ក្នុងចំណោម​ដៃគូ​អភិវឌ្ឍន៍​ជាច្រើន ដែល​គាំពារ​ដល់​ការអនុវត្ត ផែនការ​យុទ្ធសាស្ត្រ​ថ្មី​របស់ MRC»​។

MRC ឱ្យដឹងថា ទន្លេមេគង្គ​មាន​ប្រវែង​ជាង​ ៤ ​ពាន់​គីឡូម៉ែត្រ ដែល​ទន្លេ​នេះ​ត្រូវបាន​គេ​ចាត់ទុក ជា​ប្រភព​សន្តិសុខ​ស្បៀង​ដ៏សំខាន់ និង​សេវាកម្ម​អេកូឡូស៊ី​សម្បូរបែប​សម្រាប់​ប្រជាជន​ជិត​ ៧០ ​លាន​នាក់​ដែល​រស់នៅ​តាម​ដងទន្លេ​នេះ​។ ប៉ុន្តែ​ដោយសារ​ការអភិវឌ្ឍ​កើនឡើង​យ៉ាង​លឿន និង​អាកាសធាតុ​ប្រែប្រួល​កាន់តែខ្លាំង កង្វះ​ទិន្នន័យ និង​កង្វះ​ព័ត៌មាន​ពី​ហេដ្ឋារចនាសម្ព័ន្ធ​ទឹក​ក្នុង​អាង​ទន្លេ បាន​បង្ក​ឱ្យ​មាន​ការលំបាក​ដល់​ការព្យាករ​ពី​ផលប៉ះពាល់​នានា​៕