សៀមរាបៈ នគរបាលខេត្តសៀមរាបគ្រោងបញ្ជូនបុរសជាជនជាតិជប៉ុន ២ នាក់ទៅតុលាការខេត្តនៅថ្ងៃនេះ បន្ទាប់ពីចាប់ខ្លួនបានកាលពីរសៀលថ្ងៃទី ១៧ ខែមីនា នៅស្រុកពួក ខេត្តសៀមរាប ក្រោយធ្វើសកម្មភាពប្លន់ និងសម្លាប់ម្ចាស់រថយន្តឈ្នួល។
យោងតាមគេហទំព័ររបស់នគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យទាំង ២ នាក់ត្រូវបានរាយការណ៍ថា មានឈ្មោះ ISHIDA REIMON អាយុ ២៤ ឆ្នាំ និងឈ្មោះ NAKA KUKI RYUJI អាយុ ២៤ ឆ្នាំ។
ជនរងគ្រោះមានឈ្មោះ ហ៊ឹម ចាន់ ភេទប្រុស អាយុប្រមាណជាង ៤០ ឆ្នាំ រស់នៅខេត្តកំពង់ធំ។
លោក ដួង សុខា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តសៀមរាប បានឱ្យដឹងថា ជនសង្ស័យត្រូវបានឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
លោក សុខា ថ្លែងថា៖ «ពួកគេត្រូវបានចោទប្រកាន់ពីអំពើឃាតកម្មគិតទុកជាមុន»។
ទេព ពុំសែន អធិការស្រុកពួក ខេត្តសៀមរាប បានឱ្យដឹងថា ជនសង្ស័យបានជួលរថយន្តមួយគ្រឿងរបស់ជនរងគ្រោះ ហ៊ឹម ចាន់ ហើយក៏បានធ្វើសកម្មភាពប្លន់ដោយអារកជនរងគ្រោះនឹងកាំបិត។
ក្រោយធ្វើសកម្មភាពប្លន់ ជនសង្ស័យក៏បានទម្លាក់ជនរងគ្រោះចោលនៅលើផ្លូវ ហើយព្យាយាមបើករថយន្តរត់គេចខ្លួន។ ភ្លាមនោះ សមត្ថកិច្ចស្រុកពួកបានទទួលដំណឹងអំពីហេតុការណ៍នេះក៏បានចុះអន្តរាគមន៍ដេញចាប់ជនសង្ស័យ។
ខណៈរត់គេចខ្លួន ជនសង្ស័យបានបើករថយន្តទៅបុកគោយន្តដឹកស្រូវ ហើយបានរេចង្កូតទៅបុកតូបលក់ដូរអ្នកស្រុក ដែលធ្វើឱ្យរថយន្តមិនអាចទៅមុខរួច។
ជនសង្ស័យទាំង ២ បានចូលមកកម្ពុជានៅថ្ងៃទី ១៦ [ខែមីនា ឆ្នាំ ២០១៩] តាមច្រកព្រំដែនប៉ោយប៉ែត ដោយស្នាក់នៅខេត្តសៀមរាប ហើយធ្វើសកម្មភាពប្លន់ដើម្បីរកលុយ។ ជនសង្ស័យបានយកកាំបិត២ដើមមកតាមខ្លួនជាស្រេចពីប្រទេសជប៉ុនដើម្បីមករកលុយដោយសកម្មភាពបទល្មើស៕