ភ្នំពេញៈ បុរសម្នាក់ត្រូវបាននគរបាលក្រសួងមហាផ្ទៃបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃម្សិលមិញ បន្ទាប់ពីឃាត់ខ្លួនកាលពីថ្ងៃទី ១៥ ខែមិថុនាពាក់ព័ន្ធនឹងរឿងប្រើហិង្សាលើកុមារាកូនប្រុសបង្កើតរបស់ខ្លួន។
លោក លៅ លីន នាយការិយាល័យការពារអនីតិជននៃក្រសួងមហាផ្ទៃបានឲ្យដឹងថា បុរសដែលវាយកូនប្រុសបង្កើតនោះឈ្មោះ ហ៊ិន សុផាន់ណា អាយុ ៣៩ ឆ្នាំ រីឯកុមារារងគ្រោះឈ្មោះ ហ.ឡ.ថ. អាយុ ៦ ឆ្នាំ។ ការឃាត់ខ្លួននេះបានធ្វើឡើងតាមបណ្តឹងម្តាយមីងរបស់កុមារារងគ្រោះ។
លោកប្រាប់បន្តថាបុរសសង្ស័យត្រូវសមត្ថកិច្ចសហការជាមួយអង្គការសង្គ្រោះកុមារឈ្មោះ CPU ចុះស្រាវជ្រាវ និងឃាត់ខ្លួននៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញកាលពីថ្ងៃទី ១៥ ខែមិថុនាថ្មីៗនេះ។
លោកបញ្ជាក់ថា៖ «ឥឡូវនេះខ្ញុំមានបេសកកម្មនៅខេត្ត ប៉ុន្តែខ្ញុំគ្រាន់តែដឹងថា សំណុំរឿងនេះទើបបញ្ជូនទៅតុលាការនៅថ្ងៃនេះ (ថ្ងៃអាទិត្យ) ទេ។ បើតាមការពិនិត្យរបស់ប៉ូលិសជំនាញឃើញថាក្មេងនោះមានស្នាមរបួសនៅជើង និងដងខ្លួន។ ប៉ុន្តែលទ្ធផលបន្ថែមនៅចាំខាងគ្រូពេទ្យទៀតព្រោះយើងទើបយកក្មេងទៅពេទ្យដែរ»។
លោកប្រាប់ថាបន្ទាប់ពីឃាត់ខ្លួនជនសង្ស័យបានសារភាពថាគាត់ធ្លាប់ជាប់ពន្ធនាគារ ៤ ឆ្នាំពាក់ព័ន្ធករណីប្លន់ និងធ្លាប់ជាប់ពន្ធនាគារ ១ ឆ្នាំ ករណីគ្រឿងញៀន។
លោកបានរំឭកប្រាប់ថាការផ្តើមឲ្យមានការឃាត់ខ្លួននេះដោយសារមានការបង្ហោះក្នុងឃ្លីបវីដេអូ និងចែកចាយបន្តតាមបណ្ដាញសង្គមហ្វេសប៊ុក និងបណ្ដឹងពីម្ដាយមីងក្មេងរងគ្រោះ។
បើតាមលោក លៅ លីន ជនសង្ស័យមិនមែនវាយធ្វើបាបកូនតែម្នាក់ទេ ប៉ុន្តែកូនប្រុសច្បងរបស់កុមារារងគ្រោះអាយុ ១៥ ឆ្នាំ ឈ្មោះ ហេង រិទ្ធី ក៏ធ្លាប់ត្រូវបានបុរសនោះធ្វើទារុណកម្មខ្លាំងលើសប្អូនទៅទៀត។
តាមរបាយការណ៍របស់នាយកដ្ឋានប្រឆាំងការជួញដូរ និងការពារអនីតិជនបង្ហាញថាស្ត្រីជាម្តាយមីងក្មេងរងគ្រោះបានឃើញជនដៃដល់យកជើងទាត់ក្មួយគាត់ហើយដោយឈឺពេកគេក៏យំខ្លាំង និងលើកដៃសំពះឪពុកដោយអង្វរថា៖ «ប៉ា ខ្ញុំឈប់ហើយ ប៉ា ខ្ញុំលែងហ៊ានហើយ»។ បន្ទាប់មកគាត់បាននិយាយជាមួយក្មួយឈ្មោះ ហេង រិទ្ធី ថានឹងយកទូរស័ព្ទថតបង្ហោះឲ្យល្បីម្តង ប៉ុន្ដែជនដៃដល់នៅបន្តវាយកូននឹងតម្ពក់ខោអាវ ហើយទាត់ ១ ជើងទៀតរួចចាប់ជើងទាំង ២ ឡើងលើបម្រុងគ្រវីបោក។ ក្រោយមកខ្លួនឃើញក្មួយអង្គុយត្របោមក្បាលជង្គង់ម្នាក់ឯងជាង ១ ម៉ោង។
តាមការបំភ្លឺពីកុមារារងគ្រោះថានៅថ្ងៃកើតហេតុម្តាយបានឲ្យខ្លួនទៅលក់នំនៅមុខផ្ទះជាមួយបង រួចខ្លួនបានកាន់លុយ ២៥០០ រៀលយកទៅឲ្យម្តាយនៅក្នុងផ្ទះក៏ជ្រុះលុយក្បែរទូលក់ទូរស័ព្ទម្ដាយមីង។ ពេលនោះឪពុកបានឃើញលុយជ្រុះក៏ឲ្យខ្លួនរើសយកទៅឲ្យម្តាយ និងបានសួរខ្លួនថាលួចលុយអត់? ខ្លួនថាមិនលួចលុយទេ ភ្លាមនោះឪពុកក៏ជេរ និងវាយធ្វើបាបទៅ។
តាមហ្វេសប៊ុកអង្គការ CPU ថាការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពីមានការចែកចាយឃ្លីបវីដេអូពីសកម្មភាពវាយដំទៅលើកុមារាអាយុ ៦ ឆ្នាំនោះទើបខាងអង្គការសហការជាមួយក្រសួងមហាផ្ទៃឈានទៅឃាត់ខ្លួនជនសង្ស័យតែម្តង៕