បន្ទាយមានជ័យៈ បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ការពារ​ព្រំដែនគោក​លេខ​ ៩១១ ​សហការ​ជាមួយ​នគរបាល​ក្រុង​ប៉ោយប៉ែត​ឃាត់​ខ្លួន បន្ទាប់ពី​ស្រវឹង​កញ្ឆា​ហើយ​ដើរ​អុកឡុក​គំរាម​កាប់​សម្លាប់​អ្នកភូមិ​កាលពី​រសៀល​ថ្ងៃ​សៅរ៍​ក្នុង​ភូមិ​ទំនប់ ក-៥ ​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​ខេត្ត​​បន្ទាយមានជ័យ​។ ​នេះ​បើ​តាម​មន្ត្រី​នគរបាល​ម្នាក់​បាន​ប្រាប់​កាលពី​ម្សិលមិញ​។

លោក កែវ បូរ៉ា នាយ​នគរបាល​ប៉ុស្តិ៍​ព្រៃ​គប់​នៃ​អង្គភាព​វរសេនាតូច​នគរបាល ការពារ​ព្រំដែនគោក លេខ​ ៩១១ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជនសង្ស័យ​ឈ្មោះ​​ ខៀន សារ៉ន អាយុ​ ៣២ ​ឆ្នាំ​រស់នៅ​ភូមិ​កើតហេតុ​ខាង​លើ​ត្រូវ​បាន​ចាប់​ខ្លួន បន្ទាប់ពី​បាន​ស្រវឹង​កញ្ឆា​កាន់​កាំបិត​ផ្គាក់​ដើរ​បង្ក​រឿង​ដល់​អ្នក​ជិត​ខាង​នៅ​ក្នុង​ភូមិ​។

លោក​ បូរ៉ា បាន​បញ្ជាក់​ថា​៖ «​ក្រោយ​ឃាត់​ខ្លួន​សមត្ថកិច្ច​​បាន​រកឃើញ និង​ដកហូត​ដើម​​កញ្ឆា​ដែល​ជនសង្ស័យ​បាន​លួចលាក់​ដាំ​ខុស​ច្បាប់​ក្នុង​ចម្ការ​របស់​ខ្លួន​ចំនួន​ ៣៦ ​គុម្ព​»​។

បើ​តាម​លោក បូរ៉ា ក្រោយពី​ឃាត់​ខ្លួន​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត ដើម្បី​សាកសួរ និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ខេត្ត​ដើម្បី​​បន្ត​នីតិវិធី​ច្បាប់​។

ជុំវិញ​ករណី​នេះ​លោក ធិន ស៊ិនដេត អធិការ​ក្រុង​ប៉ោយប៉ែត​បាន​ថ្លែង​ថា​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា​ខ្លួន​បាន​ដាំ​កញ្ឆា​​ទុក​សម្រាប់​ប្រើប្រាស់​ផ្ទាល់​ខ្លួន​មិន​សម្រាប់​លក់ដូរ​ទេ​។

លោក ស៊ិនដេត បាន​បន្ត​ថា​៖ «​ដំណាំ​កញ្ឆា​ត្រូវ​បាន​ចាត់​ចូល​ជា​ប្រភេទ​រុក្ខជាតិ​មាន​សារធាតុ​ញៀន​ និង​ត្រូវ​ហាមឃាត់​ដោយ​ច្បាប់ ដូច្នេះ​ជនសង្ស័យ​ដែល​បាន​ដាំ​ និង​ប្រើប្រាស់​រុក្ខជាតិ​នេះ​ត្រូវ​បាន​ចាត់ទុក​ជា​អំពើ​ល្មើស​ និង​គ្រោង​បញ្ជូន​ទៅ​កាន់​តុលាការ​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​នៅ​ថ្ងៃ​ចន្ទ​នេះ​» ៕