ភ្នំពេញៈ ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ (LDP) ​លោក ខឹម វាសនា បាន​រិះគន់​គណបក្ស​ប្រជាជន​កម្ពុជា​ថា​បាន​ប្រើប្រាស់​ការគំរាម​កំហែង​ដើម្បី​យក​ឈ្នះ​ការបោះឆ្នោត​ ខណៈ​សំណើសុំ​ធ្វើ​វិសោធនកម្ម​នៃ​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ត្រូវ​បាន គ.ជ.ប បដិសេធ ហើយ​លោក​ក៏​បាន​ឆ្លៀត​វាយប្រហារ​លើ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ ដោយ​ថា​មិន​គួរ​មាន​នៅ​លើ​ឆាក​នយោបាយ​កម្ពុជា​ទេ ជា​អ្វី​ដែល​មន្ត្រី​គណបក្ស​កាន់​អំណាច និង​អតីត​គណបក្ស​ប្រឆាំង​វាយបក​វិញ​ផង​ដែរ​។ ​

ការលើក​ឡើង​របស់​លោក ខឹម វាសនា បាន​ធ្វើ​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ម្សិលមិញ​​ស្ដីពី «​ជំហរ​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ចំពោះ​ការបោះឆ្នោត​ជ្រើសតាំង​​តំណាងរាស្ត្រ​នីតិកាល​ទី​ ៦ ឆ្នាំ​ ២០១៨» ​នៅ​សាល​មួយ​នា​បុរី​ពិភពថ្មី​ក្នុង​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​។

កាលពី​ថ្ងៃទី​ ១១ ខែ​កក្កដា LDP បាន​ធ្វើ​សំណើ​ទៅ គ.ជ.ប ដើម្បី​សុំ​ឲ្យ​ធ្វើ​វិសោធនកម្ម​ចំណុច ៨.១១.១ នៃ​ប្រការ​ ៨.១១ នៃ​បទបញ្ជា និង​នីតិវិធី​សម្រាប់​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​ ៦ ដោយ​អះអាង​ថា ខ្លួន​បាន​រកឃើញ​ «​ភាព​ចន្លោះ​ប្រហោង​» ​អំពី​សញ្ញា​គូស​គាំទ្រ​គណបក្ស​នយោបាយ​បន្ទាប់ពី​ គ.ជ.ប ​បាន​អនុញ្ញាត​ឲ្យ​អ្នក​បោះឆ្នោត​គូសសញ្ញា​គាំទ្រ​ច្រើន​ប្រភេទ តែ​ LDP ទាមទារ​ឲ្យ​គូសសញ្ញា​ធិក​ (√)​។

ជា​ការ​ឆ្លើយតប​កាលពី​ថ្ងៃទី​ ១៥ កក្កដា គ.ជ.ប បាន​ចេញ​លិខិត​មួយ​ដោយ​អះអាង​ថា ខ្លួន​មិន​អាច​ធ្វើ​វិសោធនកម្ម​តាម​ការស្នើសុំ​ឡើយ​ដោយ​បញ្ជាក់​ថា លក្ខខណ្ឌ​ដែល គ.ជ.ប បាន​កំណត់​ «​មិន​ប៉ះពាល់​ដល់​ការសម្ងាត់​នៃ​ការបោះឆ្នោត​» ​ទេ​។

បន្ថែម​លើ​នេះ ​កាលពី​ថ្ងៃទី​ ១៨ ​កក្កដា LDP ​បាន​ដាក់​សំណើ​ថ្មី​មួយ​ទៀត​ទៅ​រដ្ឋសភា​ជាតិ​ដើម្បី​សុំ​ «​ពិនិត្យ និង​កែ​តម្រូវការ​សម្រេច​» ​របស់ គ.ជ.ប ។

ទោះ​យ៉ាង​ណា​លោក វាសនា បាន​ប្រាប់​អ្នក​កាសែត​ពី​ម្សិលមិញ​ថា លោក​មិន​សង្ឃឹម​ថា​នឹង​ទទួល​បាន​ជោគជ័យ​ឡើយ​។

លោក​បាន​លើក​ទឡ្ហីករណ៍​ថា​ការកំណត់​របស់ គ.ជ.ប បែប​នេះ​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការបោះឆ្នោត​ដែល​ចំណេញ​ដល់​បក្ស​កាន់​អំណាច​តាមរយៈ​ការដាក់​មេភូមិ​នៅ​ជិត​ការិយាល័យ​បោះឆ្នោត​ដើម្បី​ប្រាប់​ឲ្យ​ពលរដ្ឋ​គូសសញ្ញា​សម្គាល់​ឲ្យ​គណបក្ស​ប្រជាជន​។ លោក​ចាត់ទុក​ថា​ជា​ការ​ទិញ​សន្លឹកឆ្នោត​​ និង​គំរាមកំហែង​អ្នក​បោះឆ្នោត​។

លោក​បាន​ថ្លែង​ថា​៖ «​ជាទូទៅ​គណបក្ស​កាន់​អំណាច​គេ​អាច​ប្រើ​រៀងរាល់​អាណត្តិ​ដើម្បី​គំរាម​កំហែង​ប្រជាពលរដ្ឋ​ដើម្បី​ទិញ​​ដូរ​ប្រជាពលរដ្ឋ ឲ្យ​ប្រជាពលរដ្ឋ​សន្យា​ដើម្បី​បោះឆ្នោត​ឲ្យ​គេ​»​។

លោក សុខ ឥសាន អ្នក​នាំពាក្យ CPP ក្នុង​សិក្ខាសាលា​កន្លង​មក​។ហេង ជីវ័ន

លោក​បន្ត​ថា​៖ «​នេះ​គឺជា​ចេតនា ពីព្រោះ​រឿង​ដែល​ឈ្នះឆ្នោត​ប្រើ​តែ​ចំណុច​ ២ ​ទេ បើ​បងប្អូន​ដឹង​អា​ចំណុច​ ២ ​ហ្នឹង​គឺ​ជិត​គូទ​តែ​ម្ដង រក​កន្លែង​ជុះ​អត់​ចេញ​ទេ​។

ប្រើ​តែ​ ២ ​ចំណុច​ទេ ទី​ ១ ​គឺ​ទិញ ទី​ ២ ​គឺ​គំរាមកំហែង​។ តែ​ ២ ​ហ្នឹង​ហើយ​អា​ ២ ​ហ្នឹង គឺ​វា​ធ្លាក់​មក​ដល់​សញ្ញា​គូស​ហ្នឹង​»​។

ទោះ​យ៉ាង​ណា​លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​យល់ថា ការ​ចោទប្រកាន់​របស់​លោក ខឹម វាសនា មក​លើ​គណបក្ស​លោក​ធ្វើ​ឡើង​ក្នុង​ «​ក្ដី​អស់សង្ឃឹម​» ​ដោយសារ​តែ​ដឹង​ពី​បរាជ័យ​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ​។

លោក​បញ្ជាក់​ថា​៖ «​ការលើក​ឡើង​នេះ​ខ្ញុំ​យល់​ថា​គ្រាន់តែ​យោបល់​របស់​គាត់​ដោយ​មើលឃើញ​ថា ការបោះឆ្នោត​នេះ​គាត់​មិន​អាច​ទទួល​បាន​ជោគជ័យ អាហ្នឹង​ជា​ការ​និយាយ​ប្រកប​ដោយ​ក្ដី​អស់​សង្ឃឹម មិន​ទទួល​ស្គាល់​ការពិត បែរ​ជា​ទៅ​ចោទ​អ្នក​ដទៃ​»​។

លោក​បញ្ជាក់​ថា​ពលរដ្ឋ​ម្ចាស់ឆ្នោត​មិនមែន​ចេះ​តែ​ជឿ​លើ​ការឃោសនា​របស់​អ្នកនយោបាយ​ឡើយ​ដោយ​បាន​លើកឡើង​ពី​បទ​ពិសោធ​របស់​ពលរដ្ឋ​ក្នុង​ការចូលរួម​បោះឆ្នោត​កន្លង​មក​។

លោក​បន្ត​ថា​៖ «​រឿង​ទិញដូរ​អី​នោះ​ខ្ញុំ​យល់​ថា បើ​មាន​ភ័ស្តុតាង​​រឿង​ទិញដូរ​ (​សន្លឹកឆ្នោត​) ​សូម​ឲ្យ​គាត់​ទៅ​ប្ដឹង​ គ.ជ.ប ​ទៅ​។ គ.ជ.ប គេ​នឹង​ស្រាវជ្រាវ​ហើយ​និយាយ​តែ​មាត់​វា​អត់​មាន​ប្រសិទ្ធភាព​អី​ទេ​។ ​វា​គ្រាន់​តែ​ជា​វោហារស័ព្ទ​នយោបាយ​តែ​ប៉ុណ្ណោះ​»​។

ជាមួយ​គ្នា​នេះ​ដែរ​លោក ខឹម វាសនា ដែល​ធ្លាប់​ជា​អតីត​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី (​ក្រោយ​មក​ប្ដូរ​ជា​គណបក្ស​ភ្លើងទៀន​) ​មុន​ចាកចេញ​ទៅ​បង្កើត​គណបក្ស​ថ្មី​ក្នុង​ឆ្នាំ​ ២០០៥ ​នោះ​ក៏​បាន​ឆ្លៀត​វាយប្រហារ​អតីត​គណបក្ស​ប្រឆាំង​ផង​ដែរ​។

លោក​ វាសនា ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​មិន​គួរ​មាន​នៅ​លើ​ទឹកដី​កម្ពុជា​ទេ ដោយ​លោក​លើក​ពី​ហេតុផល​អវិជ្ជមាន​ធំៗ​ចំនួន​ ៣ ​របស់​អតីត​គណបក្ស​ប្រឆាំង គឺ​ទី​ ១ ខ្វះ​សីលធម៌ ទី​ ២ គ្មាន​សេចក្ដី​ស្មោះត្រង់ និង​ទី​ ៣ អត់​មាន​ទស្សនវិស័យ​។

លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​យល់​ថា​គណបក្ស​ហ្នឹង​នៅ​ថ្ងៃ​ណា​មួយ​គង់តែ​រលាយ​ទេ ពីព្រោះ​មិនមែន​មកពី​រដ្ឋាភិបាល​ទេ​...​កុំ​ថា រលាយ​មកពី​គណបក្ស​ប្រជាជន មកពី​អត្តចរិត​របស់​អ្នកឯង គេ​អត់​ឱន​ឲ្យ​មិន​បាន​​កុំ​ថា​គណបក្ស​ប្រជាជន​រដ្ឋាភិបាល គណបក្ស​ណា​ក៏​គេ​អត់​ឱន​ឲ្យ​មិន​បាន​ដែរ​»​។

លោក​បន្ត​ថា អតីគណបក្ស​​ប្រឆាំង​បាន​ចាញ់​ឆ្នោត​រៀងរាល់​​អាណត្តិ​មកពី​ភាពកម្សោយ​របស់​ខ្លួន​ដោយ​អះអាង​ថា​៖ «​រហូត​មក​ទល់​ឥឡូវ​គ្មាន​គណបក្ស​ប្រឆាំង​ណា​ធំ​គួរ​ឲ្យ​ទុកចិត្ត​ដូច​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​» ​ទេ​។

លោក​ថ្លែង​ថា​៖ «​សរុបមក​​វិញ​ខ្ញុំ​ចង់​និយាយ​ថា​គណបក្ស​នេះ​ (CNRP) ​មិន​គួរ​មាន​វត្តមាន​នៅ​លើ​ទឹកដី​ខ្មែរ​ទេ ពីព្រោះ​យើង​ចង់​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​ដើម្បី​ឲ្យ​ល្អ ចង់​ទៅ​យក​គណបក្ស​របៀប​នេះ​មក​ទៅ​ផ្លាស់ប្ដូរ​ទៅ​ម៉េច​រួច​។ វា​អត់​មាន​ការលះបង់ វា​មាន​តែ​ការប្រមូលផ្តុំ​គ្នា​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​រួច​ហើយ​ធ្វើ​នយោបាយ​បង្កើត​គោលនយោបាយ​ទាក់​យក​សន្លឹកឆ្នោត​»​។

ទោះបី​យ៉ាង​ណា​លោក​ ខឹម វាសនា មិន​គាំទ្រ​ឲ្យ​ចាប់​លោក​ កឹម សុខា ដាក់​ពន្ធនាគារ​នោះ​ទេ ដោយ​លោក​ថា​ការលើក​ហេតុផល​របស់​រដ្ឋាភិបាល​ «​មិន​សមរម្យ​» ដោយ​លោក​ជំរុញ គួរ​ត្រឹម​ឃុំ លោក កឹម សុខា ក្នុង​ផ្ទះ​ដូច​របប​សឹក​ភូមា ឃុំ​ខ្លួន​លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំ​ភូមា​ពី​អតីតកាល​។

លោក​ វាសនា ហាក់​មាន​ទស្សនៈ​ស្រប​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជំទាស់​នឹង​ការលើកឡើង​ពី​អ្នក​ទោស​​នយោបាយ​នៅ​កម្ពុជា​ដោយ​លោក​ថា គ្មាន​ទេ​អ្នក​ទោសនយោបាយ​។

ជាការ​ឆ្លើយតប​វិញ​លោក ម៉ៅ មុនីវណ្ណ អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រតិកម្ម​ថា លោក​មិន​ចាប់​អារម្មណ៍​ការលើក​ឡើង​របស់​លោក ខឹម វាសនា ទេ​ដោយ​លោក​ថា​លទ្ធផល​នៃ​ការបោះឆ្នោត​កន្លង​មក​បង្ហាញ​ថា​គណបក្ស​នេះ​មិន​ទទួល​បាន​ការគាំទ្រ​ពី​ពលរដ្ឋ​ទេ​។

លោក​ថ្លែង​ថា​៖ «​ប្រជាជន​ខ្មែរ​បាន​យល់​ច្បាស់ ហើយ​គាត់​មាន​គំនិត​យ៉ាង​ម៉េច ឆន្ទៈ​យ៉ាង​ម៉េច​ដែល​ខំប្រឹង​ធ្វើ​កន្លង​មក​រហូត​មក​ដល់​ពេល​នេះ​។ ​ទស្សនៈ​នយោបាយ​របស់​គាត់ ពលរដ្ឋ​មិន​ទៅ​ចាប់​អារម្មណ៍​អី​ទេ គាត់​យល់​ហើយ គាត់​ធ្វើ​ប៉ុន្មាន​អាណត្តិ​ហើយ​បាន​ប៉ុន្មាន​កៅអី​ហើយ ក្រុមប្រឹក្សា​ឃុំ​ប៉ុន្មាន​?»​។

លោក​បន្ត​ថា​៖ «​កាលៈទេសៈ​នេះ​គាត់​គ្រាន់​តែ​ជា​មនុស្ស​ម្នាក់​ដែល​ជួយ​បំពង​សំឡេង​​ឲ្យ​គេ​ប៉ុណ្ណោះ កាន់តែ​ច្បាស់​គាត់​ធ្វើ​សន្និសីទ​ហែកហួរ​យើង កាន់តែ​បង្ហាញ​ពី​ចរិត​ច្បាស់​របស់​គាត់​ហើយ​។ គាត់​គ្មាន​ឥទ្ធិពល​អ្វី​ទេ​»៕