ភ្នំពេញៈ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន 7NG លោក​ឧកញ៉ា ស្រី សុធា និង​កូនប្រុស​របស់លោក​ឈ្មោះ ស្រី ចន្ធូ ដែលជា​នាយក​ក្រុមហ៊ុន 7NG ត្រូវ​បាន​លោក កែវ សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ធ្វើការ​ចោទប្រកាន់​ពីបទ​ «​ឆបោក​» ពាក់ព័ន្ធ​សំណុំ​រឿង​លក់​ដី​​ខ្យល់​មួយ​កន្លែង នៅ​ខេត្ត​កណ្ដាល​។ នេះ​បើ​យោងតាម​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​ចុះ​ថ្ងៃទី​ ១៦ ខែ​ សីហា ឆ្នាំ​ ២០១៩ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាលពី​ម្សិលមិញ​។

នៅក្នុង​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​នោះ លោក​​ឧកញ៉ា ស្រី សុធា និង​កូនប្រុស ឈ្មោះ ស្រី ចន្ធូ ត្រូវ​បាន​អ្នកស្រី ឈុន ណាវី ដែល​ជា​អតិថិជន​របស់​ក្រុមហ៊ុន 7NG តាំងពី​ឆ្នាំ ២០០៨ ​មក​នោះ​ប្ដឹង​ចោទប្រកាន់​ថា បាន​លក់​ដី​ខ្យល់​ទំហំ​មួយ​ហិកតា (២០០ ​ម៉ែត្រ គុណ ៥០ ​ម៉ែត្រ​) ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រែកចាស់ ឃុំ​វិហារសួគ៌ ស្រុក​ខ្សាច់កណ្តាល​ ខេត្ត​កណ្តាល​ និងមាន​ព្រំប្រទល់​ខាង​ជើង​ទល់​ផ្លូវ ៣០ ​ម៉ែត្រ ខាងត្បូង​ខាងកើត​​ និង​ខាង​លិច​ទល់​នឹង​ដី​របស់​ឈ្មោះ ស្រី ចាន់ថា​។

ដោយមាន​ការ​ទុកចិត្ត​ចំពោះ​ក្រុមហ៊ុន​នេះ អ្នកស្រី ឈុន ណាវី ពុំបាន​ទាមទារ​បណ្ណកម្មសិទ្ធិ​ពី​ក្រុមហ៊ុន​នោះ​ទេ ចាប់​តាំងពី​ថ្ងៃទី​ ១៨ ខែ ​មីនា ២០០៨ ដែល​អ្នកស្រី​បាន​សម្រេច​ទិញ​ដី​នោះ​ពី​ឈ្មោះ​ ស្រី ចន្ធូ ដែល​ជា​នាយក​ក្រុមហ៊ុន 7NG ពោលគឺ​អ្នកស្រី​ទទួលបាន​ត្រឹមតែ​ឯកសារ​ (​លិខិត​) ​ផ្ទេរសិទ្ធិ​កាន់កាប់​ដី​តែ​ប៉ុណ្ណោះ​។ លុះដល់​ដើម​ឆ្នាំ ២០១៩ ​អ្នកស្រី ​ណាវី មានបំណង​ធ្វើ​របង​ថ្ម​រឹងមាំ​ព័ទ្ធជុំវិញ​ដី​របស់​អ្នកស្រី​ស្រាប់តែ​លោក ឧកញ៉ា ស្រី សុធា និង កូនប្រុស ស្រី ចន្ធូ ពុំមាន​ដី​ដូច​ក្នុង​ទីតាំង​ខាងលើ​ប្រគល់​ឲ្យ​អ្នកស្រី​ឡើយ​។

អំពើ​ខាង​លើ​នេះ​ត្រូវ​បាន​ព្រះរាជអាជ្ញា​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កែវ សុធា ចាត់ទុក​ជា​បទល្មើស «​រំលោភ​លើ​ទំនុកចិត្ត​» ដែល​ត្រូវ​ផ្ដន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៣៩១ និង មាត្រា ៣៩២ នៃ​ក្រមព្រហ្មទណ្ឌ​។

នៅក្នុង​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​ដដែល​នោះ លោក កែវ សុធា បានសម្រេច​បើក​ការ​ស៊ើបសួរ​លើ​អង្គហេតុ​ខាង​លើ​នេះ និង ស្នើសុំ​ដាក់ ឈ្មោះ ស្រី សុធា និង ស្រី ចន្ធូ ដែលជា​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​នាយក​ក្រុមហ៊ុន 7NG ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ដោយ​ចោទប្រកាន់​ពីបទ «​ឆបោក​» ប្រព្រឹត្ត​នៅ​ភ្នំពេញ​កាលពី​អំឡុង​ឆ្នាំ​ ២០០៨-២០១៩ តាម​បញ្ញត្តិ​មាត្រា ៣៧៧ និង មាត្រា ៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ និង​បានដាក់​ឪពុក​កូន​ទាំង​ ២ ​នាក់​នេះ​ឲ្យ​ស្ថិត​ក្រោម​ «​ការឃុំ​ខ្លួន​ជា​បណ្ដោះអាសន្ន​» ​ផងដែរ​ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការបង្ការ ឬ​បញ្ចប់​បទល្មើស​កុំ​ឲ្យ​កើតឡើង​ជាថ្មី និង​ដើម្បី​ធានា​ដល់​ការរក្សា​ការពារ​ជន​ត្រូវ​ចោទ​ទុក​ជូន​តុលាការ​ចាត់ការ​តាម​នីតិវិធី​។

យោង​តាម​បញ្ញត្តិ​មាត្រា ៣៩២ និង​មាត្រា ៣៧៨ ជន​ជាប់ចោទ​ទាំង​ ២ ​នាក់​ឪពុក​ និង​កូន​នឹង​ត្រូវ​ប្រឈម​ការផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី ៦ ​ខែ ទៅ​​ ៣ ​ឆ្នាំ និង ពិន័យ​ជា​ប្រាក់​ពី ១ ​លាន​រៀល ​ទៅ​ ៦ ​លាន​រៀល ​ក្នុង​ករណី​តុលាការ​រកឃើញ​ថា​ជនជាប់ចោទ​ទាំង​ ២ ​ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការចោទប្រកាន់​។

ទោះ​យ៉ាងណា​មក​ទល់​ពេល​នេះ​លោក ស្រី សុធា និង​កូនប្រុស​កំពុង​ស្ថិត​នៅក្រៅ​ឃុំ​នៅ​ឡើយ​។

លោក​ ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ថ្លែង​ថា​ជាទូទៅ​ការសម្រេច​ឲ្យ​មាន​ការឃុំ​ខ្លួន​ជនជាប់ចោទ​ឬ​យ៉ាងណា​នោះ​គឺ​អាស្រ័យ​លើ​ការសម្រេច​របស់​ចៅក្រម​ស៊ើបសួរ​។

លោក​ថា​៖ «​នីតិវិធី​របស់​ព្រះរាជអាជ្ញា​គឺ​ស្នើសុំ​ដាក់​ជនជាប់ចោទ​ឲ្យ​ស្ថិត​ក្នុង​ការឃុំខ្លួន​ជា​បណ្ដោះអាសន្ន ដើម្បី​សម្រួល​ដល់​ការស៊ើបអង្កេត ប៉ុន្តែ​ការសម្រេច​ឃុំ​ខ្លួន​ជា​បណ្ដោះអាសន្ន ឬ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ឬ​យ៉ាងណា​នោះ​គឺជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​ស៊ើបសួរ​»​។

លោក ស្រី សុធា និងលោក ស្រី ចន្ធូ មិនអាច​ទាក់ទង​សុំ​អធិប្បាយ​បាន​ទេ កាលពី​ម្សិលមិញ​។ ប៉ុន្តែ​កាលពី​ថ្ងៃទី​ ២៩ ខែ​ មេសា ​ឆ្នាំ​ ២០១៩ ឧកញ៉ា សុធា បានចេញ​លិខិត​ធានា​អះអាង​មួយ​ដោយ​សន្យាថា ក្រុមហ៊ុន​របស់​លោក​នឹង​ប្រគល់​ដី​ ឬ​សំណង​ជូន​អតិថិជន​វិញ​ឲ្យ​អស់​នៅ​ដំណាច់​ខែ ធ្នូ ឆ្នាំ​ ២០១៩​។ ក្នុង​ករណី​ដល់​ថ្ងៃ​កំណត់​ខាង​លើ បើ​សិន​ជា​ក្រុមហ៊ុន​មិន​មាន​ដី​ជូន​អតិថិជន​នោះ​ទេ ក្រុមហ៊ុន​នឹង​ធ្វើការ​ទូទាត់​ប្រាក់​ថ្លៃ​ទិញ​លក់​ដី​ទៅ​តាម​ទីផ្សារ​ដែល​កំណត់​ដោយ​ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ​៕

វីដេអូ៖