ភ្នំពេញៈ លោក សុខ សុវណ្ណ វឌ្ឍនាសាប៊ុង ​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​បាន​រិះគន់​សមត្ថកិច្ច​ចំពោះ​ការចាប់ខ្លួន​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀនថា មាន​ភាព​ចន្លោះប្រហោង និង​ស្នើឲ្យ​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ត្រូវ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន ស្របតាម​ច្បាប់ ចៀសវាង​រង​ការចោទប្រកាន់​ពី​មហាជន​។

ការថ្លែង​របស់​លោក សាប៊ុង ធ្វើឡើង​បន្ទាប់ពី​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ ភិន សុខា ​ភេទ​ប្រុស អាយុ​ ១៩ ​ឆ្នាំ​ពាក់ព័ន្ធ​ពី​បទ​ជួញដូរ​រក្សាទុក និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុញៀន​ដែល​បាន​ប្រព្រឹត្ត​នៅ​ចំណុច​ហ្គារ៉ាស់សាំង​តូតាល់ ផ្លូវ​វ៉េងស្រេង សង្កាត់​ស្ទឹងមានជ័យ​កាលពី​ថ្ងៃទី​ ១០ ធ្នូ ២០១៩ ​ដែល​បាន​បណ្តាល​ឲ្យ​មាន​ការរិះគន់​យ៉ាងខ្លាំង​ពី​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​។

លោក សាប៊ុង ថ្លែង​នៅលើ​ហ្វេសប៊ុក​របស់លោក​កាលពី​ថ្ងៃទី​ ១២ ខែធ្នូ​ថា លោក​គាំទ្រ​ពេញទំហឹង​ចំពោះ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន តែ​ករណី​នេះ​លោក​បាន​ពិនិត្យឃើញថា សមត្ថកិច្ច​អនុវត្ត​ច្បាប់​បំពេញ​ភារកិច្ច​របស់ខ្លួន​នៅមាន​ភាព​ចន្លោះ​ប្រហោង​។ ការចុះ​ឃាត់ខ្លួន​ក្នុង​បទល្មើស​ជាក់ស្ដែង​គឺ​គួរ​ឆែកឆេរ​រក​វត្ថុតាង​សិន​បើសិន​ករណី​នេះ​មិនមែន​ជា​បទល្មើស​ជាក់ស្តែង​ដែល​គេ​ស្រែក​ឆោឡោ ឬ​ជនរងគ្រោះ​ចង្អុល​ចំ​មុខ​ជនសង្ស័យ​ទេនោះ ហើយ​បើ​ឆែក​ឃើញថា ពិតជា​មាន​វត្ថុតាង​ល្មើស​មែន សឹម​ឃាត់ខ្លួន​កសាង​របាយការណ៍​បញ្ជូន​ទៅ​តុលាការ​។

លោក​ថា​៖ «​ក្នុងករណី​មាន​រង​ការចង្អុលបង្ហាញ​ ឬ​មាន​បណ្ដឹង​ថា​មាន​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន គួរ​អញ្ជើញ​គេ​ទៅ​សាកសួរ ស្រាវជ្រាវ និង​ស្វែងរក​ភ័ស្តុតាង មិនមែន​ទៅដល់​វាយខ្នោះ​គេ​គ្រឹប អត់​ទាន់​រក​ភ័ស្តុតាង​ផង មិនដឹង​ខុស​អី​ផង ស្រាប់​តែ​បញ្ជូន​ដល់​ការិយាល័យ​បង្ហាញថា មាន​គ្រឿងញៀន​ ៧ ​កញ្ចប់ ចុះ​បើ​មាន​គ្រឿងញៀន​ម្ដេច​មិន​ឆែក​រក​ភ័ស្តុតាង​មុន​ចាប់​?»​។

លោក​បន្តថា​ ក្នុង​នាម​លោក​ជា​មន្ត្រី​តាមដាន​ការអនុវត្ត​ច្បាប់ លោក​សង្ឃឹមថា អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​នឹង​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន​ស្រប​តាម​ច្បាប់​ជា​ធរមាន​ចៀសវាង​រង​ការ​ចោទប្រកាន់​ពី​មហាជន​នឹង​ធ្វើឲ្យ​ការជឿជាក់​របស់​មហាជន​មក​លើ​សមត្ថកិច្ច​កាន់តែ​ស្រុតចុះ​នាំឲ្យ​អង្គភាព​របស់​រដ្ឋ​បាត់បង់​កិត្តិយស​។ «​យ៉ាងណា​មិញ​ប្រសិន​ជា​នៅតែ​ឃើញ​ថា ករណី​មាន​កំហុស​ដដែលៗ​មិន​ព្រម​កែប្រែ នោះ​មន្ត្រី​តាមដាន ការអនុវត្ត​ច្បាប់​គេ​មាន​សមត្ថកិច្ច​នឹង​ចាត់វិធានការ​លើ​អស់​លោក​ដែលជា​មន្ត្រី​ពាក់ព័ន្ធ​វិញ​ម្ដង​»​។

បើ​យោងតាម​ផេច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​បង្ហោះ​ថា នៅ​ព្រឹក​ថ្ងៃទី​ ១២ ខែធ្នូ ឆ្នាំ​ ២០១៩ កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បាន​បកស្រាយ​ថា​កាលពី​ថ្ងៃ​ទី​ ១០ ​ខែ​ធ្នូ ឆ្នាំ​ ២០១៩ វេលា​ម៉ោង​ ៤ និង ​៣០ ​នាទី​រសៀល​លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ និង​ការិយាល័យ​ប្រឆាំង​ការប្រើប្រាស់​គ្រឿងញៀន​បាន​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ភិន សុខា ភេទ​ប្រុស អាយុ​ ១៩ ​ឆ្នាំ និង​រឹបអូស​គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន (ICE) សរុប​ទម្ងន់​ ២១,៦២ (​ម្ភៃ​មួយ​ក្បៀស​ហុកសិប​ពីរ​ក្រាម​) ​ខណៈ​ជនសង្ស័យ​កំពុង​ដោះដូរ​ជាមួយ​អតិថិជន​។

ផ្អែក​តាម​ការស៊ើបអង្កេត សកម្មភាព និង​ចម្លើយសារភាព​​របស់​ជនសង្ស័យ រួមជាមួយ​វត្ថុតាង​ចាប់​យក​បាន មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​សន្និដ្ឋានថា​៖ «​ឈ្មោះ​ ភិន សុខា គឺ​ពិតជា​បាន​ប្រព្រឹត្ត​សកម្មភាព​ជួញដូរ​រក្សាទុក និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ត្រូវ​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​»​។

មន្ទីរ​ប្រឆាំង​គ្រឿងញៀន​អះអាង​ថា ការចាប់ខ្លួន​ជនសង្ស័យ​ធ្វើ​ឡើង​ដោយ​ផ្អែក​ទៅ​តាម​ជំនាញ​ស៊ើបអង្កេត នៅពេល​ឃើញ​មុខសញ្ញា​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​ទើប​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​ស្រប​តាម​នីតិវិធី និង​​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​។ «​នៅពេល​ឃើញ​សមត្ថកិច្ច​យើង​កំពុង​បង្ក្រាប​បទល្មើស​ស្នើសុំ​ (​អ្នកសារព័ត៌មាន​) ​កុំ​ទាន់​ផ្សាយ​ព័ត៌មាន​ទុក​ឲ្យ​សមត្ថកិច្ច​យើង​បន្ត​ការស៊ើបអង្កេត​សិន ដើម្បី​ឈាន​ទៅ​ចាប់​មេក្លោង និង​អ្នកពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​»​។

បើ​តាម​លោក​ អ៊ិន សុង ​នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ជនសង្ស័យ​ត្រូវ​តុលាការ​ចោទប្រកាន់​ និង​បញ្ជូនទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​ហើយ​កាលពី​ថ្ងៃ​សុក្រ​។

លោក ​ឡឹក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​លោក​ មាស វីរិទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​។

លោក មាស សុវណ្ណ ប្រធាន​សមាគម​សង្គ្រោះ​ជនរងគ្រោះ​ដោយ​គ្រឿងញៀន​កម្ពុជា​បាន​ថ្លែងថា សមត្ថកិច្ច​ត្រូវតែ​មាន​ភ័ស្តុតាង និង​សាក្សី​ច្បាស់លាស់ និង​មាន​ដីកា​ជាក់ស្ដែង​មុន​នឹង​ធ្វើការ​ឃាត់​ខ្លួន​ហើយ​ករណី​ឃាត់​ជនសង្ស័យ​ខាងលើ​នេះ​អាច​ប៉ះពាល់​ដល់​ការសហការ​រវាង​ប្រជាពលរដ្ឋ និង​កម្លាំង​សមត្ថកិច្ច​ក្នុង​ការបង្ក្រាប​គ្រឿងញៀន​ដោយសារ​តែ​ពួកគេ​អស់​ជំនឿ​ទៅលើ​សមត្ថកិច្ច​។ «​សមត្ថកិច្ច​ត្រូវមាន​ភ័ស្តុតាង​គ្រប់គ្រាន់​ក្នុង​ការចាប់​ខ្លួន ប្រសិនបើ​គាត់​ធ្វើ​ទៅ​ត្រឹមត្រូវ​តាម​លក្ខណៈ​​ច្បាប់​។ វា​នឹង​ជួយ​បង្ក​ភាព​ងាយស្រួល​ក្នុងការ​បង្ក្រាប​គ្រឿងញៀន តែ​បើ​គាត់​អនុវត្ត​ខុស​ទៅ​នឹង​ច្បាប់​វា​នឹង​ធ្វើឲ្យ​ប៉ះពាល់​ការខិតខំ​ក្នុង​ការបង្ក្រាប​គ្រឿងញៀន​»​។

កាលពី​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៩ អគ្គស្នងការ​នគរបាល​ជាតិ​លោក នេត សាវឿន ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាននិង​កំពុង​ធ្វើការ​ស្រាវជ្រាវ​ទៅលើ​ករណី​ជន​ស៊ីវិល​ដែល​ធ្វើ​សកម្មភាព​ចាប់​គ្រឿងញៀន និង​ជំរិត​ទារប្រាក់​នៅ​តាម​ដងផ្លូវ​ជា​ថ្នូរ​នឹង​ការដោះលែង​ដោយ​លោក​បញ្ជា​ឲ្យ​ធ្វើ​ការត្រួត​ពិនិត្យ​ឡើងវិញ​នូវ​សកម្មភាព​បង្ក្រាប​គ្រឿងញៀន​នៅ​ភ្នំពេញ​៕