ភ្នំពេញៈ ​ប្រជា​ពល​រដ្ឋ​ចំនួន​ ១៤០ ​គ្រួសារ​ ​បាន​ប្រមូល​ផ្ដុំគ្នា​តវ៉ា​នៅ​ក្នុង​បរិវេណ​បុរី ​កាំង​ ម៉េង​ ស្ថិត​ក្នុង​សង្កាត់​ព្រែក​កំពឹស​ ខណ្ឌ​ដង្កោ រាជ​ធា​នី​ភ្នំពេញ ​ដើម្បី​ទាម​ទារ​ឲ្យ​ម្ចាស់​បុរី​នេះ​គោរព​តាម​កិច្ច​សន្យា​ទិញ​លក់​ ដោយ​ពុះកាត់​​ក្បាលដី ​និង​ចេញ​ប្លង់​កម្ម​សិទ្ធិ​ដីធ្លី ​(​ប្លង់​រឹង)​ ជូន​ពួក​គាត់​ជា​អតិ​ថិ​ជន​ ​ខណៈ​ពួ​ក​គាត់​បាន​បង់​លុយ​ផ្ដាច់​ទៅ​ឲ្យ​ក្រុមហ៊ុន​តាំង​ពី​ជាង ១០ ឆ្នាំ​មុន។​

តំ​ណាង​​ក្រុម​ប្រ​ជា​ពល​រដ្ឋ​ទាំង​នោះ ​លោក ​ចាវ​ ​ប៊ុន​ហ៊ាន​ ​បាន​ប្រាប់​ភ្នំពេញ​​ប៉ុស្តិ៍​នៅ​ថ្ងៃ​ចន្ទ​ថា​ ការ​ត​វ៉ា​បាន​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​អាទិត្យ​មក​ដោយ​ក្រុម​ប្រជា​ពល​រដ្ឋ​បាន​ទាម​ទារ​ឲ្យ​លោក​ឧក​ញ៉ា ​កាំង​ ​យូ​ម៉េង​ នាយក​ក្រុម​ហ៊ុន​ ​លាង​ ហេង​ ត្រេឌីង​ និង​​ជា​ម្ចាស់​ដី​ឡូត៍​ក្នុង​បរិ​វេណបុរី​កាំង​ម៉េង​ ​ដែល​មាន​ទី​តាំង​ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ខាង​លើនេះ​ ចេញ​មុខ​មក​ពន្យល់ ​បក​ស្រាយ​ឲ្យ​បាន​ច្បាស់​លាស់​អំពី​មូល​ហេតុ ​ដែល​នាំ​ឲ្យ​មាន​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ចេញ​ប្លង់​កម្ម​សិទ្ធិ​ជូន​ពួក​គាត់​ ដែល​គិត​រហូត​មក​ទល់​ពេល​​នេះ​មាន​រយៈ​ពេល​ជាង​ ១០ ​ឆ្នាំ​មក​ហើយ។​

​លោក​ថ្លែង​ថា​៖​ «​យើង​បាន​ដាក់​លិខិត​តាម​រយៈ​មេធា​វីរ​បស់​យើង​ ដើម្បី​ទាម​ទារ​ឲ្យ​គាត់​ចេញ​មក​ពន្យល់​បក​ស្រាយ​នៅ​ចំពោះ​មុខ​យើង​ទាំង​អស់​គ្នា​ឲ្យ​បាន​ច្បាស់​ថា​ តើ​ឲ្យ​ពួក​យើង​ជា​អតិ​ថិជន​ រង់​ចាំ​ដល់​ពេល​ណា​ទៀត​ ​ទើប​ក្រុម​ហ៊ុន​ពុះ​ចែក​ដី​ឡូតិ៍ ​និងចេញ​ប្លង់​រឹង​ឲ្យ​ពួកយើង​ ​ខណៈ​ពួក​យើង​បាន​បង់​លុយ​ផ្ដាច់​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ ១០០ ​ភាគ​រយ​អស់​ទៅ​ហើយ​ ពោល​គឺ​តាំង​ពី ១០ ​ឆ្នាំ​មុន​មក​។​ ​ប៉ុ​ន្តែ​ក្រុម​ហ៊ុន​មិន​បាន​ធ្វើ​ការ​បក​ស្រាយ​ឲ្យ​បាន​ច្បាស់​លាស់​នោះ​ទេ»។​

​លោក ​ប៊ុន​ហ៊ាន ​ដែល​អះអាង​ថា​ ​កាល​ពី​ឆ្នាំ ​២០០៧ ​គាត់​បាន​ទិញ​ដី​ឡូត៍​ក្នុ​ង​បុរី​កាំង​ម៉េង​នេះ​រហូត​ដល់ ៤ ក្បាល​ដី​ ​(​៤ ​ឡូត៍)​ ​ដែល​ក្នុង​ ១ ​ក្បាល ​ដី​ទំហំ ​២០ម​ x​ ៣០ម ​ក្នុង​តម្លៃ​ ៨ ០០០​ ដុ​ល្លារ​ ហើយ​គាត់​បាន​បង់​លុយ​ផ្ដាច់​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ ១០០​​ ភាគ​រយ​ ហើយ​តាំង​ពី​ពេល​នោះ ប៉ុន្តែ​ក្រុម​ហ៊ុន​បាន​ចេញ​តែ​លិខិ​ត​ផ្ទេរ​សិទ្ធិ​ ​ដែល​ទទួល​ស្គាល់​ត្រឹម​អាជ្ញា​ធរ​ ​ស្រុក​-​ខណ្ឌ​ប៉ុណ្ណោះ។​

​លោក​ថ្លែង​ថា​៖​ «​អ្វី​ដែល​ធ្វើ​ឲ្យ​ពួក​យើង​បារម្ភ​នោះ ​គឺ​ពួកយើង​មិន​អាច​លក់​ឬ​ផ្ទេរ​សិទ្ធិ​ទៅ​ឲ្យ​អ្នក​ដទៃ​ទៀត​បាន​ ​​បើ​ទោះ​ជា​ពួក​យើង​បាន​បង់​លុយ​ផ្ដាច់​ទៅ​ឲ្យ​ក្រុម​ហ៊ុន​អស់​ទៅ​ហើយ​ក្ដី។​ ​នេះ​ជា​ហេតុ​ផល​ដែល​ពួក​យើង​​នាំ​គ្នា​ម​ក​តវ៉ា​ទាម​ទារ​ឲ្យ​​ក្រុម​ហ៊ុន​ចាំបាច់​ត្រូវ​តែ​រៀប​ចំកាត់​ប្លង់​​កម្ម​សិទ្ធិ​ឲ្យ​ពួក​យើង​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។​

​តំណាង​ពល​រដ្ឋ​ម្នាក់​ទៀត​ អ្នក​ស្រី​ ​កែវ​ ​បូនី​ ​ដែល​បានចូល​​រួម​នៅ​ក្នុង​ការ​តវ៉ា​នោះ​ បាន​និយាយ​ថា គាត់​​ក៏​បាន​ទិញ​ដី​ ១ ​ឡូត៍ នៅ​ក្នុង​បុរី​កាំង​ ​ម៉េង​ នេះ​ដែរ​កាល​ពី​ឆ្នាំ​ ២០០៧​ ប៉ុន្តែ​ដោយ​សារ​គាត់​បង់​រំលស់​ក្នុង​រយៈ​ពេល ២៤​ ខែ​នោះ ​ ​បាន​ធ្វើ​ឲ្យ​​តម្លៃដី​ក្នុង​ទំហំ​ ២០ម ​x ​៣​០ម​ ​កើន​ដល់​ ១២ ០០០​ ដុល្លារ​ ​ហើយ​គាត់​បាន​បង់​ផ្ដាច់​ទៅ​ឲ្យ​ក្រុម​ហ៊ុន​នៅ​ក្នុង​ដើម​ឆ្នាំ ២០១០។​

​អ្នក​ស្រី​ ថ្លែង​​ថា​៖​ «​ម​ក​ទល់​ពេល​នេះ​ខ្ញុំ​ទទួល​បាន​តែ​លិខិត​ផ្ទេរ​សិទ្ធិ​ និង​ទម្រង់​ប្លង់​ទី​តាំង​ដី​តែ​នៅ​លើ​ក្រដាស ប៉ុណ្ណោះ ​រីឯ​ដី​ពិត​ប្រាកដ​ ខ្ញុំ​មិន​ទាន់​ទទួល​បាន​នៅ​ឡើយ​ទេ​។​ ​អ៊ីចឹង​ហើយ​បាន​ជា​យើង​ខ្ញុំ​ចង់​ឲ្យ​ក្រុម​ហ៊ុន​ពុះចែ​ក​ក្បាល​ដីឡូត៍​និង​បោះ​បង្គោល​​​​កំណត់​ទីតាំង​ឲ្យ​បាន​ច្បាស់​លាស់ ដើម្បី​ឲ្យ​ពួក​យើង​មាន​ទំនុក​ចិត្ត»។​ ​

លោក​ ​គឹម​ ​ម៉េង​ឃី ​មេ​ធា​វី​តំណាង​ម្ចាស់​បុរី​កាំង​ម៉េង​ បាន​ធ្វើ​ការ​បក​ស្រាយ​តាម​រយៈ​លិខិត​មួយ​ ​ឆ្លើយ​តប​ទៅ​លោក​ ​ម៉ៃ ​វណ្ណាឌី មេ​ធាវី​តំណាង​ឲ្យ​ពល​រដ្ឋ​ទាំង​ ១៤០ ​គ្រួសារ​នោះ​ថា​ ​ការ​ពន្យា​រពេល​ការ​អភិ​វឌ្ឍ​ក្នុង​បុរី​កាំង​ម៉េ​ង ​មាន​កត្តា​ច្រើន​ ដោយ​ខាង​បុរី​មាន​វិបត្តិ​សេដ្ឋកិច្ច​ផ្ទួន​ៗ​ ​ដែល​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​ ​គ្មាន​ហាង​ឆេង។​ ម្យ៉ាង​ទៀត​ក្នុង​ចំណោម​អតិ​ថិជ​នជា​ង ២ ពាន់​ឡូត៍ ដែល​ទិញ​ដី​ហើយ​ទុក​ចោល​ ​ដោយ​មិន​បាន​អនុ​វត្ត​កាត​ព្វ​កិច្ច​របស់​ខ្លួន​ ​ក្នុង​ការចូលរួម​អភិ​វឌ្ឍន៍ ក៏​ដូច​ជា​ការ​បង់​​ថ្លៃ​ដាក់​លូ​ ​និង​ការ​បង់​ថ្លៃ​សង់​ផ្ទះ​វីឡា​ជាដើម។​

​លោក ​ម៉េង​ឃី ​អះ​អាង​ថា​ចំពោះ​ការ​ចុះ​បញ្ជី​នឹង​ការ​ផ្ទេរ​សិទ្ធិគឺ​កន្លង​មក​ខាង​បុរី​កាំង​ម៉េង បាន​ធ្វើ​ការ​ផ្ទេរ​សិទិ្ធ​កាន់​កាប់​និង​ប្រើ​ប្រាស់​ដីធ្លី​ជូន​អតិ​ថិ​ជន​ដោយ​គ្មាន​បញ្ហា​ឡើយ​ ដែល​ករណី​នេះ​អតិ​ថិ​ជន​មួយ​ចំនួន​បាន​ទទួល​រួច​រាល់​ហើយ ​ប៉ុន្តែ​ការ​ផ្ទេរ​សិទ្ធិកាន់​កាប់​ និង​ប្រើប្រាស់​ដី​ធ្លី​ជូ​ន​អថិ​តិ​ជន ក្នុង​មួយ​រយៈ​នេះ​មិន​ទាន់​មាន​ភាព​រលូន ​ដោយ​បញ្ហា​ការ​ងារ​បច្ចេក​ទេស​របស់​មន្ត្រី​ជំនាញ​សុរិ​យោ​ដី​ខេត្ត​កណ្តាល​ និង​រាជធានី​ភ្នំពេញ។​

ក្នុង​លិខិត​នោះ ​លោ​ក ​ម៉េងឃី​ បាន​បញ្ជាក់​​ថា​៖​​ «​ទោះ​បី​ជា​យើង​ខ្ញុំ ​មិន​អាច​បញ្ជាក់​ច្បា​ស់ថា​ ​តើ​ការ​ងារ​បច្ចេកទេ​ស​នេះ ​ដោះស្រាយ​​រួចរាល់​នៅ​ពេល​​ណាក៏​ដោយ​ ​ក៏​បុរី​កាំង​ម៉េង​បាន​ស្នើ​សុំ​អន្ត​រាគមន៍​ទៅ​មន្ត្រី​មាន​សមត្ថកិច្ច​ពាក់​ព័ន្ធ​ដើម្បី​ពន្លឿន​​ការ​ងារ​នេះ​ជូន​អតិថិជន»៕​