ភ្នំពេញៈ អង្គការ​មូល​និធិ​កុមារ​កម្ពុជា​ (CCF)​ ដែល​ជា​អង្គ​ការ​ជួយ​កុមារ ​និង​គ្រួសារ​ក្រីក្រ​រស់​នៅ​ក្បែរ​គំនរ​សំរាម​ស្ទឹង​មាន​ជ័យ​បាន​ឲ្យ​ដឹង​កាល​ពី​​ម្សិល​មិញ​ថា​ ប្រ​ជា​ពល​រដ្ឋ​ចំនួន​ ៤៨ ​គ្រួសារ​កំពុង​តែ​គ្មាន​ជម្រក​រស់​នៅ​ ក្រោយ​ពី​រង​គ្រោះ​ដោយ​សារ​ភ្លើង​ឆេះ​ផ្ទះ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ ​ស្ថិត​ក្នុង​តំបន់​សំបុកចាប សង្កាត់​ស្ទឹង​មាន​ជ័យ​ទី ២​ ខណ្ឌ​មានជ័យ។​

​លោក ​ហូ​យ ​លាង​ហ័ន ​ប្រធាន​ទំនាក់​ទំនង​កម្ម​វិធី​សហ​គមន៍​របស់​ CCF​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា ​ដើម្បី​ជួយ​ដល់​ពល​រដ្ឋ​ដែល​បាត់បង់​ផ្ទះ​សំបែង​ អង្គ​ការ​បាន​ធ្វើ​ការអំពាវ​នាវ​នៅ​ក្នុង​បណ្ដាញ​សង្គម​ផ្សព្វផ្សាយ​របស់​អង្គ​ការ​ ដែល​ជា​យុទ្ធ​នា​ការ​ស្វែង​រក​ការ​បរិច្ចាគ​ថវិកា​ពី​សប្បុរសជន។​

​លោក លាង​ហ័ន​ ថ្លែង​ថា​អង្គ​ការ​ ​​បាន​គិត​ដំបូង​គឺ​ ចង់​សាងសង់​ផ្ទះ​ឈើ​ដែល​មាន​ជញ្ជាំង​និង​ដំបូល​ប្រក់​សង្កសី​ទំហំ ​៤/៥ ​ម៉ែត្រ​ ដែល​ក្នុង ​១ ​​​ខ្នង​អាច​តម្លៃ​ប្រ​ហែល​ ១ ៥០០​ ដុល្លារ​សហរដ្ឋ​អាមេរិក។

​​លោក​ បាន​ថ្លែង​ថា៖ «​យើង​អត់​ទាន់​បូក​សម្ភារ​អី​ផ្សេងៗ​ ដូច​ជា​ពូក​ ខ្នើយ ​កន្ទេល​​ទេ ​ប៉ុន្តែ​គ្រាន់​តែ​មាន​បន្ទប់​ទឹក។​ ផ្ទះ​ វា​ល្អ​ជាង​មុន​ ព្រោះ​ភាគច្រើន​បង​ប្អូន​គាត់​រស់​នៅ​ក្នុង​ខ្ទម​ដែល​មាន​ហានិ​ភ័យ​ច្រើន​ណាស់​ ហើយ​យើង​ក៏​មិន​ចង់​ឃើញ​ស្ថាន​ភាព​បែប​នេះ​កើត​ឡើង​ទៀត​ដែរ»។​

​​លោក ​លាង​ហ័ន ​បន្ថែម​ថា​ បច្ចុ​ប្បន្ន​ចំពោះ​ពល​រដ្ឋ​ភាគច្រើន​ដែល​គ្មាន​ផ្ទះ​ គឺ​ពួក​គាត់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​មក​រស់​នៅ​បណ្ដោះ​អាសន្ន​ រួម​ទាំង​ទទួល​បាន​ការ​ហូ​ច​​ចុក ​១ ថ្ងៃ ​២ ​ពេល​ពី​អង្គការ​មូល​និធិ​កុមារ​កម្ពុជា​ ដើម្បី​ជាការ​ជួយ​ដោះទាល់​រហូត​ពួក​គាត់​ អាច​មាន​លទ្ធ​ភាព​ទិញ​ចាន​ឆ្នាំ​ង​​ដើម្បី​ដាំ​ស្ល​ហូប​ចុក​ដោយ​ខ្លួនឯង​​ឬក៏​អាច​មាន​លទ្ធ​ភាព​សាង​សង់​ផ្ទះ​ឡើង​វិញ។​

​​លោក ​លាង​ហ័ន ​ថ្លែង​ថា​៖ «​យើង​ចាត់​ទុក​​ករណី​អគ្គិភ័យ​កើត​ឡើង​នៅ​ទីតាំង​សំបុក​ចាប ​​គឺ​ជា​ករណី​មាន​ផល​ប៉ះពាល់​ធំ​បំផុត​ដែល​មិន​ធ្លាប់​កើត​ឡើង​នៅ​ក្នុង​សហ​គមន៍​របស់​អង្គការ​ គ្រួសារ​ទាំង​នោះ ​ពិត​ជា​ត្រូវការ​ជំនួយ​។ ​ពួក​គេ​ភាគ​ច្រើន​គេចចេញ​ពី​ផ្ទះ​ដោយ​គ្មាន​យក​អ្វី​បាន​ទាំង​អស់ពួក​គេ​ត្រូវ​ការ​សម្លៀក​បំពាក់ អាហារ​ ទឹក ​និង​​ថវិកា»។​

លោក ​លាង​ហ័ន ​បញ្ជាក់​ថា ​បច្ចុ​ប្បន្ន​មាន​ពល​រដ្ឋ​ក្រក្រី​ប្រហែល​ ៣ ​ពា​ន់​គ្រួសារ​ ដោយ​ខ្លះ​កំពុង​ទទួល​បាន​ការ​គាំទ្រ​​ខាង​ផ្នែក​សុខាភិបាល​ និង​ខ្លះ​ទៀត​ទទួល​បាន​ថវិកា​ និង​អាហារ​ និង​ខ្លះ​ទៀត​ទទួល​បាន​ផ្ទះ​ស្នាក់​នៅ​ដែល​ ១ ខ្នង​មាន​តម្លៃ​ ២ ៥០០​ ដុល្លារ​ ពី​ការ​ឧបត្ថម្ភ​របស់​អង្គ​ការ​មូលនិធិ​កុមារ​កម្ពុជា។​ ​

លោក​បញ្ជាក់​ទៀត​ថា កម្ម​វិធី​រៃអង្គាស​ថវិកា​ជួយ​ពលរដ្ឋ​រង​គ្រោះ​អគ្គិភ័យ​នេះ នឹង​ត្រូវ​លើក​ទៅ​ពិភាក្សា​បន្ថែម​ជា​មួយ​លោក ​Scott Neeson ​ស្ថាប​និក​ និង​ជា​នាយក​ប្រតិបត្តិ​របស់​អង្គការ CCF។​

​​លោក​ថា​៖ «​នៅ​ពេល​ Scott​ គាត់​មក​វិញ ​យើង​នឹង​ពិនិត្យ​ថា ​តើ​ទឹក​ប្រាក់​យើង​បាន​ប៉ុន្មាន​ ​ហើយ​យើង​នឹង​ធ្វើ​អ្វី​បាន​ខ្លះ»។

​​នៅ​ថ្ងៃ​ទី​ ១៨​ មីនា​ លោក​ ឃួ​ង ​ស្រេង​ អភិ​បាល​រាជ​ធានី​ភ្នំពេញ​ក្នុង​នាម​ជា​ប្រធាន​កាក​បាទក្រហម​កម្ពុ​ជា​នៅ​ភ្នំពេញ​ បាន​ចុះ​ទៅ​ដល់​ទី​តាំង​អគ្គិភ័យ​នេះ​ និង​បាន​ផ្ដល់​ជំនួយ​មួយ​ចំនួន​ ដូច​ជា ​មី ​អង្ករ​ និង​ថវិកា​ទៅ​ដល់​ពលរដ្ឋ​រង​គ្រោះ។

​​លោក​ មេ​ត​ មាស​ភក្ដី​ មន្ត្រី​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ មិន​អាច​ទាក់ទង​បាន​ទេ៕