ព្រះសីហនុៈ ចៅក្រុម​ស៊ើបសួរនៃ​សាលាដំបូង​ខេត្ដ​ព្រះសីហនុ កាល​ពី​ល្ងាច​ថ្ងៃអាទិត្យ​​ បាន​សម្រេច​ឃុំ​ខ្លួន​ពល​រដ្ឋ​ ​៨ នាក់ ក្នុង​ចំណោម​រាប់រយ​នាក់​​ ដែល​បង្ក​​សកម្មភាព​បិទ​ផ្លូវសា​ធា​រណៈ​និងប្រើ​​ហិង្សា​លើ​សម​ត្ថ​កិច្ច​ ពេល​ចុះ​អន្ដរា​គមន៍បើក​​ផ្លូវ​ជាតិ​លេខ ៤ ​ស្ថិត​ក្នុងតំបន់​ចំណោតអូរ​ត្រាវ ​​ភូមិ​ចំណោត​​រាម ឃុំ​បិត​ត្រាំង ស្រុក​ព្រៃ​នប់ កាល​ពី​សប្ដាហ៍​មុន​​ ខណៈដែល​សមត្ថកិច្ច​កំពុង​បន្ដ​តាម​ចាប់​មេខ្លោង។

លោក លឹម ប៊ុនហេង អ្នកនាំ​ពាក្យ​សាលា​ដំបូង​ខេត្ដ​ព្រះសី​ហនុបាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុ​ស្ដិ៍​​កាល​ពី​ម្សិលមិញ​ថា​ ចៅ​ក្រម​ស៊ើប​សួរ​ បាន​សម្រេច​ឃុំ​ខ្លួន​ជន​សង្ស័យ​ទាំង​​ ៨ នាក់ ​បណ្ដោះ​អាសន្ន លើ​​បទ​ចោទចំនួន ៣ ករណី ក្រោយ​បញ្ចប់​ការ​សាកសួរ​កាល​ពី​ថ្ងៃ​អាទិត្យ។

លោក​​បានបន្ដថា​៖ «បទ​ល្មើសនេះ​ ទី​១​ ពាក់ព័ន្ធនឹង​ពួកគាត់​បិទ​ផ្លូវ​​សាធារណៈ ដើម្បី​រារាំង​ធ្វើ​ជា​ឧបសគ្គដល់​ចរាចរណ៍​សាធារណៈ​ដែល​ជាបទ​ល្មើស​ ​ក្នុង​មាត្រា ៨០ នៃ​ច្បាប់​ចរាចរ​ណ៍​ផ្លូវ​គោក​ និង​ពួកគាត់​ប្រើ​ហិង្សា​នេះត្រូវ​ជាប់​ក្នុង​បទ​ចោទ​ហិង្សា​​ដោយ​ចេត​នាមាន​​ស្ថាន​ទម្ងន់​​ទោស ហើយ​ក្នុ​ងនោះ​មាន​ខូច​ឡាន ​៣ គ្រឿង ដែល​ពាក់ព័ន្ធ​នឹង​​បទ​ល្មើស​បង្កការ​ខូច​ខាត​ដោយ​ចេតនា​ មាន​ស្ថាន​ទម្ងន់​ទោស»។

លោក​​បន្ដថា​៖ «ជន​សង្ស័យ​ទាំង​ ៨ នាក់នេះត្រូវ​ជាប់​ចោទ​ក្នុង​បទ​ល្មើស​ប្រហា​ក់​​​ប្រហែល​គ្នា ព្រោះ​អំពើ​របស់​ពួកគាត់​ប្រហាក់​ប្រហែល​គ្នា​ក្នុង​រូប​ភាព​តែមួយ»។

លោក ឃាង ភារម្យ អ្នក​នាំ​​ពាក្យ​រដ្ឋ​បាល​ខេត្ដ​ព្រះ​សីហនុ បាន​​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ ​កាល​ពី​ម្សិល​មិញ​ដែរ​ថា រដ្ឋបា​ល​ខេត្ដ​នៅ​តែ​ប្រកាន់​ជំហ​រ​អនុវត្ដ​ច្បាប់​ ដោយ​គ្មាន​ការ​លើក​លែង​ចំពោះ​​ជន​ដែល​ចូល​មក​ទន្រ្ទាន ដី​កម្មសិទ្ធិ​ឯកជនឬដី​ជាសម្បត្ដិ​សា​​ធារណៈ​របស់​រដ្ឋ​ក្នុង​ទឹក​ដី​ខេត្ដ​ព្រះសីហនុ​នេះ។

លោកបន្តថា​៖ «ការ​បន្ត​ស្វែងរក​មេ​ខ្លោង ជន​ដៃដល់ ឬមេ​ខ្យ​ល់​នាំ​ប្រជាពលរដ្ឋ​មក​ទន្ទ្រា​ន​​ដី​នេះ យើង​នៅ​តែ​បន្ដ​ស្រាវ​ជ្រាវ​រក​ដដែល។ ទោះ​បី​ឥឡូវ​ស្ថានភាព​បាន​ស្ងប់​ស្ងាត់​ពិត​មែន តែ​យើង​មើល​ទៅ​វា​នឹង​អាច​ផ្ទុះ​ឡើង​សា​ជាថ្មី។ កម្លាំង​របស់​យើងបាន​នៅ​ប្រចាំ​ការ​ជាប់ មិន​មែន​តែ​ក្នុង​តំបន់​អូរត្រាវ​នេះ​ទេ នៅ​កន្លែង​ផ្សេងៗ ដែល​ជា​កន្លែង​អាច​ប្រឈមនឹង​ការ​ចូល​ទន្ទ្រាន​ឡើង​​វិញក៏យើង​ត្រូ​វ​​ពង្រឹង​ទាំង​អស់​ក្នុង​ភូមិ​សាស្រ្ដ​ខេត្ដ ព្រះសីហនុ »។

លោក ព្រំ ប៊ុន្នី នាយករង​រដ្ឋបាល​ស្រុកព្រៃនប់ដែល​បា​ន​ដឹក​នាំ​កម្លាំង​ចុះ​អនុវត្ដ​លិខិត​បង្គា​ប់​ការ​​ចុះ​រុះ​រើ​ខ្ទម​សាង​សង់​អនាធិបតេយ្យ​ក្នុង​​ភូមិ​ចំណោ​ត​រាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ​កាល​​ពី​សប្ដាហ៍មុន បាន​ថ្លែង​ប្រាប់​​ភ្នំពេញ​ប៉ុស្ដិ៍​ថា បច្ចុប្បន្ន​សមត្ថ​កិច្ច​អាច​គ្រប់​គ្រង​ស្ថានការ​ណ៍​បាន​ហើយ មិន​មាន​ពល​​រដ្ឋ​អនា​ធិបតេយ្យ​មក​ប្រមូល​ផ្ដុំ​គ្នា​បិទ​ផ្លូវ និង​សាង​សង់​ខ្ទម​ទៀត​ទេ ហើយ​សមត្ថ​កិច្ច​កំពុង​ស្រាវជ្រាវ​ជន​សង្ស័យ​​ប្រើ​ហិង្សា​លើ​សមត្ថកិច្ច​ និង​មេខ្លោង​ក្នុង​រឿង​នេះ។

លោក​បន្ដ​ថា​៖ «យើង​បា​ន​កំណត់​មុខ​សញ្ញាជន​សង្ស័យ​ផ្សេង​ទៀត​ក្នុង​ករណី​បង្កហិ​ង្សា​ លើ​សមត្ថ​កិច្ច​នេះ សក​ម្ម​​​ភាព​​របស់​ពួកគាត់យើង​មាន​រូប​ភា​ព​​កាមេរ៉ាចាប់​ជាប់​រួច​អស់​ហើយ​។ ឥឡូវ​យើង​កំពុង​តែ​ស្វែង​រក​អ្នក​ដែល​បញ្ជា​ពី​ក្រោយ​ខ្នង យើង​មាន​តម្រុយ​អស់​ហើយប៉ុន្ដែ​យើ​ង​មិន​ទាន់​អាច​បង្ហាញ​បាន​ទេ»។

គួរ​បញ្ជាក់ថា​ កម្លាំង​ចម្រុះ​ នៃ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ១៨​ ខែ មេសា​ ឆ្នាំ​ ២០១៩​ បាន​ចុះ​ទៅ​រុះរើ​សំណ​ង់​ផ្ទះ​ខ្ទម​ជាង​ ៦០០​ ខ្ទម​ ដែល​អាជ្ញា​ធរ​​ចាត់​ទុក​ថា​ ជា​សំណង់​អនាធិបតេយ្យ​សាង​សង់​ដោយ​ពលរដ្ឋ​មួយ​ចំនួន​​ ប៉ះពាល់​ទៅ​លើ​ដី​ដែល​មាន​ម្ចាស់​កម្ម​សិទ្ធិ​ស្របច្បាប់​ មា​ន​ទី​តាំងនៅ​ចំណុច​ចំណោត​អូរត្រាវ​​ឃុំ​បិត្រាំង​ស្រុក​ព្រនប់។

លោក​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​ខេត្ត​ព្រះ​សីហ​នុ​ បាន​ឲ្យ​ដឹង​ថា ​ក្នុង​ប្រតិបត្តិការ​ជួយ​សម្រួល​ចរាចរណ៍​ករណី​ពលរដ្ឋ​ជាង​ ១០​០​ នាក់​តវ៉ា​បិទផ្លូវ​ជាតិ​លេខ ​៤​ នោះ​ បាន​ធ្វើ​ឲ្យ​កម្លាំង​សមត្ថ​កិច្ច​ចំនួន​ ៦ ​នាក់ ​បាន​រង​របួស​​ក្នុង​នោះ​កម្លាំង​នគរបាល​ ៤​ នា​ក់​ និង​កម្លាំង​ប្រជា​ការពារចំនួន​ ២​ នាក់​ និង​ខូចខាត​រថយន្ត​ចំនួន ​៣​ គ្រឿង រថយន្ត​របស់​អធិការ​ស្រុក​ ២​ គ្រឿង​ និង​រថយ​ន្ត​របស់​មន្ត្រី​អាវុធហត្ថ​ ១​ គ្រឿង​ ដែ​​ល​ប្រជា​ពលរដ្ឋ​ជិត​ ១០០​ នាក់ បាន​យក​ដុំ​ថ្ម​ និង​មែកឈើ​ដាក់​លើ​ផ្លូវជាតិ​លេខ​ ៤​ បង្ក​ការ​កក​ស្ទះ​ដល់​អ្នក​ធ្វើ​ដំណើរ៕