ភ្នំពេញៈ ពិភពលោកនៅ​មិនទាន់​កំណត់​បាន​ច្បាស់​ថា អូ​ទី​សឹម​ (autism) [កុមារ​មា​ន​អាការខុស​ប្រក្រតី] ប​ណ្តា​​​​ល​មកពី​កត្តា​អ្វី​ឲ្យ​ពិតប្រាកដ​នៅ​ឡើយ​ទេ បន្ទាប់ពី​មាន​អ្នក​ជំនា​ញ​ជិត ២ ពាន់​នាក់​ តំណាងឱ្យ ៣​០ ប្រទេស​ដោយ​​មាន​កម្ពុជា​ផង​នោះ បាន​​​ចូលរួម​សន្និសីទ Auti​sm ឆ្នាំ ២០១៩ ដែល​សិង្ហ​បុរី​ធ្វើជា​ម្ចាស់​ផ្ទះ។ នេះ​បើតាម​លោក ចាន់ សារិន ប្រធា​ន​ដឹកនាំ​បណ្តាញ​ជន​ពិកា​រ​ខ្សោយសតិ​បញ្ញា និង​អូ​ទី​សឹម និង​ជា​ប្រធាន​អង្គការ​ជំនួយ​នៃ​ក្តី​សង្ឃឹម​សម្រាប់​សហគមន៍ (CIDAN)។

កាលពី​ថ្ងៃទី ២០ ដល់​ថ្ងៃទី ២២ ខែ​ មិថុនា អ្នក​ជំនាញ​មក​ពី​បណ្តាប្រទេស​ប្រមាណ ៣០ ប្រទេស បាន​​មក​ជួប​ប្រជុំ​គ្នា​នៅ​ប្រទេស​ សិង្ហ​បុរី ដោយមាន​អ្នកជំនាញ​បញ្ហា​អូ​ទី​សឹម​រាប់រយ​នាក់ ជុំវិញ​ពិភពលោក បានធ្វើ​បទ​បង្ហាញ​និង​ការ​ស្រាវ​ជ្រាវ​​ចុង​ក្រោយ​បង្អស់​ ជុំវិញ​​បញ្ហា​អូទីសឹម​នេះ។

លោក ចាន់ សារិន ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ​ពី​ម្សិលមិញ​ក្រោយ​ចូលរួម​ក្នុង​កម្មវិធី​នេះ​កាលពី​ចុង​សប្តាហ៍​មុន​ថា បើ​ទោះ​​បីជា​មានការ​រកឃើញ​ពី​កត្តា​កំណត់​នៃ​ការបង្ក​ឲ្យ​កុមារ​មាន​បញ្ហា​ អូ​ទី​សឹម​ក៏ប៉ុន្តែ​រហូតមក​ពេល​នេះ អ្នក​ជំនាញ និង​ប្រទេស​ជាច្រើន ដែល​បាន​ចូលរួម​ក្នុង​ស​ន្និសីទ​នេះមិនទាន់​អាច​បង្ហា​​ញ​ឲ្យ​បាន​ច្បាស់​ថា បញ្ហា​អូទីសឹម​នេះ មាន​ដើមចមឬ​ប្រភព​មក​ពី​​អ្វី​ឲ្យ​ពិត​ប្រាកដ​នោះ​ទេ។

លោក​បញ្ជាក់ថា៖ «សម្រាប់​ការ​ជជែក​ ២ ទៅ​ ៣ ថ្ងៃនេះពិភព​លោក​យើង​មិនទាន់មាន​នរ​ណា​ម្នាក់ និយាយ​ថា តើ​ប្រទេស​ណា​មាន​បញ្ហា​អូ​ទី​សឹម​នេះ​ច្រើ​ន​ជាងគេ​ទេ។ ដោយសារតែ​ប្រទេ​ស​​នីមួយៗមាន​ទិន្នន័យ​មិន​ច្បា​ស់​លាស់​សូម្បីតែ​ប្រទេស​ អូស្ត្រា​លី សហរដ្ឋ​អាមេរិក និង​ជប៉ុន​ ហើ​យ​វា​មាន​ទិន្នន័យ​មិន​ច្បាស់​ទេ ខណ:​ដែល​ប្រទេស​ខ្លះ អាច​យក​ជា​ការបាន​ស​ម្រា​ប់​ទិន្នន័យ​របស់​ប្រទេស​គេ»។

លោក​បញ្ជាក់​បន្តថា៖ «ការ​ប្រជុំ​ចុងក្រោយ​នេះ ក៏​មិនទាន់​បានកំណត់​បាន​ថា បញ្ហា​អូ​ទី​សឹម​នេះកើតឡើង​បណ្តាល​មក​ពី​កត្តា​អ្វី​​ឲ្យ​ច្បាស់​លាស់​នោះទេ។ ប៉ុន្តែ​អ្វី​ដែល​ជា​អនុសាសន៍​របស់​អង្គប្រជុំ គឺ​ទី១ ​សូម​ឲ្យ​ឪ​ពុក​ ម្តាយ​ដែល​​​​មា​ន​កូននិង​អត់​ទាន់​មានកូន គួរ​គិត​ពី​បញ្ហា​​សុខ​ភាពជា​ចម្បង ដើម្បី​ការពារ ហើយ​ទី២ គឺពាក់ព័ន្ធ​ទៅនឹង​ការ​ប្រើប្រាស់​បច្ចេក​​វិទ្យា​​​ទំនើប​គេ​ក៏​សុំ​ឲ្យ​កម្ពុជា ក៏​ដូ​ជា​អាស៊ាន​យើងផ្តល់​ឲ្យ​កុមារ​មា​ន​សិទ្ធិ​បាន​ចូល រៀន​បាន​គ្រប់គ្នា ហើយ​គេឲ្យ​ប្រទេស​នីមួយៗ​ផ្តោ​តសំខាន់​ទៅ​​លើ​​វិស័យ​អប់រំ​ដល់​កុមារ​អូទីសឹម»។

បើតាម​លោក ចាន់ សារិន អូ​ទី​សឹម​គឺជា​អាការមួយ​ដែល​ធ្វើ​ឲ្យ​ខួរក្បាល​ដំណើរការ និង​វិ​វ​ឌ្ឍ​ខុស​ប្រក្រតី។ អ្នក​មាន​អាកា​រ​នេះ​ពិបាក​ក្នុងការ​ប្រា​ស្រ័យ​ទាក់ទង​គ្នាទាំង​ការ​និយា​យ ទាំង​កាយវិការ ចរិត​ឫកពា ​មាន​ភាព​ខុស​ប្លែក​ពី​មនុស្ស​ធម្មតា។

ភាគច្រើន​រោគសញ្ញា​នៃ​បញ្ហា​អូ​ទី​សឹម​ អាច​បង្ហាញ​ចេញមក​ក្នុង​អាយុ​ចន្លោះ​ចាប់ពី ២ ​ទៅ ៣ ឆ្នាំ តាមរយៈ​រោគសញ្ញា​មួយ​ចំនួ​នដូចជា ចូលចិត្ត​ធ្វើ​កាយ​វិការ​ក្តា​ប់​ លាដៃ ដើរ​ប្រើ​ចុងម្រាមជើងយ​ក​​​ក្បាល​ទៅ​បោក​ទង្គិច​នឹង​វត្ថុ​ដែ​ល​នៅ​ជិត​ខ្លួន រឹងរូស ទាមទារ និង​ស្រែក​យំខ្លាំងៗ ចូលចិត្ត​លេង​ចាក់​ទឹក​ទៅ​មកៗ អារម្មណ៍​ឆាប់​​ប្រែប្រួល ខឹង​ឆេវ​ឆាវ​ច្រើន មិន​ឆ្លើយ​តបនិង​មិនចេះ​សម្លឹង​មើ​ល​ភ្នែក​អ្នក​ណា​​ឡើយ ហើ​យ​​និង​មិនសូវ​និយាយ​ច្រើន ​​ឬ​មាន​ទំនា​ក់​ទំនង​ជាមួយ​មនុ​ស្ស​ជុំវិញ​ខ្លួន​ជាដើម។

លោក Desmond Lee រដ្ឋ​មន្ត្រី​ក្រសួង​អភិវឌ្ឍ​ន៍សង្គម​និង​គ្រួសារ​ប្រទេ​​ស​សិង្ហ​បុរី បាន​ឡើង​​ថ្លែង​​សុន្ទរកថា​នៅ​ក្នុង​សន្និសីទ​នេះ​​ថា នៅ​ទូទាំង​ពិភ​ព​លោក ការរីក​រាលដាល​នៃ​បញ្ហា Autism កំពុង​កើនឡើង ខណៈ​ដែល​អង្គការ​សុខ​ភាព​ពិភព​លោកបាន​ប៉ាន់ប្រមាណ​ថា កុមារ ១ នាក់ ក្នុង​ចំណោម ១៦០ នាក់​ មាន​បញ្ហា​អូទីសឹម។

លោក Desmond Lee បាន​បញ្ជាក់បន្ថែម​ទៀត​​ថា បើ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក៏​យើង​ទទួលបាន​ព័ត៌មាន​ល្អ​ប្រសើរ​​ជាង​មុន ចំពោះ​ការយល់ដឹង​កាន់តែច្រើន​អំពី​បញ្ហា​អូ​ទី​សឹម​នៅក្នុង​សង្គម និង​ចេះ​កែច្នៃ​បច្ចេកទេស​សម្រាប់​ការ​រ​ក​ឃើញ និង​ការធ្វើ​អន្តរាគមន៍​ឆាប់ៗដល់​កុមារ​ អូ​ទី​សឹម រួម​​ទាំង​មធ្យោបាយ​ និង​បច្ចេក​វិទ្យា​ល្អប្រសើរ​ជាង​មុន​ដើម្បី​ កែ​លម្អ​ហេដ្ឋារចនា​សម្ព័ន្ធ ​និង​រូបរាង​កាយ​សុខុមាលភាព​របស់​កុមារ។

លោក​បញ្ជាក់ថា៖ «ប្រទេស​ក្នុង​តំបន់ អាស៊ី​ប៉ា​ស៊ី​ហ្វិ​កគឺ​នៅ​ដំណាក់​​កាល​ផ្សេងៗ​គ្នា​ក្នុងការ​ធ្វើដំណើរ​អភិវឌ្ឍន៍ឬក៏​ចាប់​យ​ក​​យុទ្ធ​សាស្ត្រ​ផ្សេង​ៗ​​​គ្នា​ក្នុងការ​រៀន​សូត្រ​ពី​បញ្ហា​អូ​ទី​សឹម ហើយ​ប្រទេស​ទាំងនោះ​ក៏​អាច​យក​វេទិ​កា AsiaPacific​ Autism Conference ​(APAC​) ​ដើម្បី​ចែករំលែក​ការរក​ឃើញ​ថ្មីៗនិង​ការអនុវត្ត​ដ៏​ល្អ​ផ្សេង​ៗ និង​ជួយ​ឱ្យ​ការ​គិតពី​បញ្ហា​អូ​ទី​សឹម​មានការ​ប្រសើរ​ជាង​មុ​​ន​​ និង​រៀន​ពីគ្នា​ទៅវិញ​ទៅមក»។

លោក ចាន់ សារិន បាន​អះអាង​ថាសម្រាប់​បរិបទ​កម្ពុជាកុមារ​ដែ​ល​មាន​បញ្ហា​អូ​ទី​សឹម អាចមាន​ចន្លោះ​ពី ៥ ០០០ ទៅ​ដល់​ ១ ម៉ឺន​នាក់ ស្របពេល​ដែល​បញ្ហា​​នេះ ជា​រឿង​ថ្មី ប៉ុន្តែ​អាណា​​ព្យាបាលទាំង​ឡាយ ហាក់​មា​ន​ការ​យល់ដឹង​ច្រើនជាង​មុន និង​ជាហេតុ​ធ្វើ​ឲ្យ​ពួកគាត់​បញ្ជូន​កូនៗ​ដែល​មាន​អាការ​បែប​នេះមក​​​សាលា​​រៀន​​​ទាន់​ពេលវេលា៕