ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ​ព្រមាន​ផាកពិន័យ​ទៅ​តាម​ស្ថាន​ទម្ងន់ទោស​ចំពោះ​អង្គភាព ស្ថាប័នឯកជន វិទ្យាស្ថាន​អប់រំ និង​ក្រុមហ៊ុន​នានា​ដែល​ដើរ​បិទ​ ឬ​ចែក​បណ្ណ​ព័ត៌មាន​ផ្សេងៗ ការចង​ផ្ទាំង​ផ្សាយ​អនាធិបតេយ្យ និង​ប្រើ​ឧបករណ៍​បំពង​សំឡេង​ផ្សាយពាណិជ្ជកម្ម​នៅតាម​ទីសាធារណៈ​។ អាជ្ញាធរ​ជំរុញ​ឲ្យ​បញ្ឈប់​សកម្មភាព​ជាបន្ទាន់​ ដើម្បី​រក្សា​សោភណភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ​ក្នុង​រាជធានី​។

សេចក្ដី​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃទី​ ៦ កក្កដា ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួល​បាន​ពី​ម្សិលមិញ​ឲ្យ​ដឹងថា កន្លង​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្លាប់​បាន​ណែនាំ​ឲ្យ​បញ្ឈប់​ការបិទ​ផ្សាយ​បណ្ណ​ព័ត៌មាន ការចង​ផ្ទាំង​ផ្សាយ​អនាធិបតេយ្យ ការចែក​ខិត្តប័ណ្ណ​ផ្សេងៗ និង​ប្រើ​ឧបករណ៍​បំពង​សំឡេង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅ​ទីសាធារណៈ​ជាច្រើន​លើក​។ ប៉ុន្តែ​បច្ចុប្បន្ន​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​តែ​ឃើញ​សកម្មភាព​ទាំងនេះ​បន្ត​កើតមាន​ដដែល​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បញ្ជាក់​ថា អង្គភាព ស្ថាប័ន​ឯកជន វិទ្យាស្ថាន​អប់រំ ក្រុមហ៊ុន​នានា​បន្ត​ធ្វើការ​ចង​ផ្ទាំង​ផ្សាយ​អនាធិបតេយ្យ ចែក​ខិត្តប័ណ្ណ តាម​ភ្លើងស្តុប បិទ បណ្ណ​ផ្សាយពាណិជ្ជកម្ម នៅ​តាម​បង្គោល​ភ្លើង ដើមឈើ របង​អគារ​សាធារណៈ របង​ការដ្ឋាន រមណីយដ្ឋាន គូរគំនូរ​អាហ្វីស​។

ការប្រើប្រាស់​ឧបករណ៍​បំពង​សំឡេង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ការ​ដង្ហែ​ក្បួន​ផ្សព្វផ្សាយ​ផលិតផល​ផ្សេងៗ​នៅ​តាម​រថយន្ត ម៉ូតូ រ៉ឺម៉ក និង​ការដាក់​ឆត្រ​តាម​ដងផ្លូវ​សាធារណៈ​។ ក្រៅពីនេះ​ក៏​មាន​ចែក​ស៊ីមកាត​ព្រមទាំង​ចែក​ខិត្តប័ណ្ណ​ផ្សេងៗ ដែល​បង្កឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សោភណភាព សណ្ដាប់ធ្នាប់​សាធារណៈ អនាម័យ និង​បរិស្ថាន​ក្នុង​រាជធានី​ភ្នំពេញ​។

ដើម្បី​រួមចំណែក​លើកកម្ពស់​សោភណភាព និង​កិត្យានុភាព​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ​ជូនដំណឹង​ជាថ្មី​ម្ដងទៀត​ដល់​គ្រប់​ស្ថាប័នឯកជន វិទ្យាស្ថាន​អប់រំ អង្គការ សមាគម និង​ក្រុមហ៊ុន​នានា​ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព​ទាំងអស់​នេះ​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​ស្នើឲ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ក្នុង​រាជធានី​ភ្នំពេញ រួមទាំង​រដ្ឋបាល​ខណ្ឌ សាលាសង្កាត់ និង​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់ ត្រូវ​យក​ចិត្ត​ទុកដាក់ សហការ​ឃ្លាំមើល និង​មាន​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​បំផុត ចំពោះ​ជន​ដែល​ប្រព្រឹត្ត​នូវ​សកម្មភាព​អវិជ្ជមាន​ទាំងនេះ​។ អាជ្ញាធរ​ត្រូវ​ធ្វើ​ការអប់រំ ឬ​តម្រូវ​ឲ្យ​ចុះ​កិច្ចសន្យា​ចំពោះមុខ​សមត្ថកិច្ច​ឲ្យ​បាន​ច្បាស់លាស់​ព្រមទាំង​តម្រូវ​ឲ្យ​ចុះ​ប្រមូល​ឲ្យ​បាន​ស្អាត​នូវ​សម្ភារ​ដែល​បាន​បង្ក​ឲ្យ​បាត់បង់​សោភណភាព និង​របៀបរៀបរយ​សង្គម​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បញ្ជាក់​ថា​៖ «​ក្នុងករណី​មិន​រាងចាល​ត្រូវ​ធ្វើ​ការផាកពិន័យ​ទៅ​តាម​ស្ថាន​ទម្ងន់ទោស​ដែល​សាមីជន​បាន​ប្រព្រឹត្ត​ ឬ​ផ្អាក​អាជីវកម្ម​ក្នុង​ករណី​ធ្ងន់ធ្ងរ​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​តុលាការ​»​។

លោក​ ម៉េត មាសភក្ដី អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ម្សិលមិញ​មិន​អាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណី​នេះ​បាន​ទេ ដោយ​ទូរស័ព្ទ​គ្មាន​អ្នកទទួល​។

លោក ណាង គឿន ម្ចាស់​ក្រុមហ៊ុន​ «​បូមលូ​ ២៤ ​ម៉ោង​» បាន​និយាយ​កាលពី​ម្សិលមិញ​ថា បុគ្គលិក​ក្រុមហ៊ុន​របស់​លោក​ធ្លាប់បាន​ដើរ​ចែក​ខិត្តប័ណ្ណ​តាម​ភ្លើងស្តុប បិទ​ផ្សាយ​បណ្ណ​ព័ត៌មាន បណ្ណ​ផ្សាយពាណិជ្ជកម្ម​នៅ​តាម​បង្គោល​ភ្លើង ដើមឈើ និង​របង​អគារ​សាធារណៈ​នានា​ដែរ​។ ប៉ុន្ដែ​លោក​មិនទាន់​បាន​ទទួល​ព័ត៌មាន​ហាមឃាត់​ពី​សាលារាជធានី​ភ្នំពេញ​នៅឡើយ​ទេ​។

លោក​ថា ប្រសិន​បើ​មាន​ការហាមឃាត់​ពី​សាលា​រាជធានី​ភ្នំពេញ​បែប​នេះ លោក​នឹង​ប្រាប់​បុគ្គលិក​ក្រុមហ៊ុន​លោក​មិន​ឲ្យ​ដើរ​បិទ ឬ​ដើរ​ចែក​ខិត្តប័ណ្ណ​បន្តទៀត​ទេ​។ កន្លងមក បុគ្គលិក​ក្រុមហ៊ុន​បាន​ដើរ​ចែក និង​បិទ​ខិត្តប័ណ្ណ​អស់​ចំនួន​ជិត​ ២០០ ​សន្លឹក​ក្នុង​ ១ ​ថ្ងៃ​។ ទោះជា​យ៉ាងណា​ក្នុង​នាម​ក្រុមហ៊ុន​ឯកជន លោក​ត្រូវតែ​ស្ដាប់​តាម​ការណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ​។

លោក ណាង គឿន បាន​បញ្ជាក់​ថា​៖ «​រឿង​គេ​ហាម​ហ្នឹង វា​ប៉ះពាល់​ច្រើន​ដែរ ព្រោះ​យើង​ជា​ក្រុមហ៊ុន​តូចតាច គ្មាន​លុយ​ទៅ​ជួល​ទូរទស្សន៍ ឬ​វិទ្យុ​ផ្សាយ​ពាណិជ្ជកម្ម​ដូច​ក្រុមហ៊ុន​គេ​ធំៗ​ទេ​។ គឺ​យើង​រំពឹង​តែ​ការដើរ​បិទ​ខិត្តប័ណ្ណ​តាម​ផ្លូវ​សាធារណៈ ដើមឈើ និង​របង​ផ្ទះ​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​។ បើ​ពលរដ្ឋ​ត្រូវការ​បូម​លូ គាត់​មើល​តែ​ស្ទីកឃ័រ​បិទ​នៅ​របង​ផ្ទះ​គាត់​ទៅ គាត់​អាច​ខល​មក​យើង តែ​ឥឡូវ​គេ​ហាម​ហើយ​។ ទោះ​យ៉ាងណា ខ្ញុំ​នៅ​តែ​គោរព​តាម​ការណែនាំ​នេះ ព្រោះ​ជា​ការចូលរួម​គោរព​ច្បាប់​»៕

វីដេអូ៖