សៀមរាបៈ អាជ្ញាធរក្រុងសៀមរាបកំពុងរួមដៃគ្នាពន្លត់ភ្លើងឆេះព្រៃលិចទឹកនៅតំបន់វាលក្រោមស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាបដោយប្រើប្រាស់កម្លាំងមនុស្សសរុបជិត ១០០ នាក់ និងរថយន្តពន្លត់អគ្គិភ័យ ៥ គ្រឿង ព្រមទាំងគ្រឿងចក្រមួយចំនួនទៀត។ តាមការប៉ាន់ប្រមាណរបស់សមត្ថកិច្ចមូលដ្ឋានព្រៃលិចទឹកប្រមាណជិត ១០ ហិកតា បានរងផលប៉ះពាល់ដោយភ្លើងឆេះព្រៃនេះ។
លោក ណុប សារ៉ាក់ អធិការក្រុងសៀមរាបបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃចន្ទថា ភ្លើងឆេះព្រៃលិចទឹកក្នុងតំបន់វាលក្រោមនោះបានកើតឡើងតាំងពីថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២០។ ដោយសារតំបន់នោះគ្មានផ្លូវសម្រាប់ឲ្យរថយន្តពន្លត់អគ្គិភ័យអាចបើកបរចូលទៅបាន អាជ្ញាធរភូមិ-ឃុំ រួមទាំងប្រជាពលរដ្ឋប្រមាណជាង ៦០ នាក់ បាននាំគ្នាប្រើមែកឈើជាមធ្យោបាយ វាយពន្លត់ ប៉ុន្តែមធ្យោបាយទាំងនោះមិនអាចពន្លត់ភ្លើងព្រៃដ៏ក្រាស់នោះបានឡើយ។
លោក សារ៉ាក់ បានបន្តថាកាលពីថ្ងៃអាទិត្យ រដ្ឋបាលខេត្តសៀមរាបបានបញ្ជាឲ្យមន្ត្រីជំនាញនៃមន្ទីរពាក់ព័ន្ធទាំងអស់រួមកម្លាំងគ្នាជាមួយរដ្ឋបាលក្រុងសៀមរាបចុះអន្តរាគមន៍ពន្លត់ភ្លើងព្រៃនោះជាលក្ខណៈទ្រង់ទ្រាយធំដោយប្រើប្រាស់កម្លាំងមនុស្សជាង ១០០ នាក់ និងរថយន្តបាញ់ទឹកចំនួន ៥ គ្រឿង ព្រមទាំងគ្រឿងចក្រអេស្កាវ៉ាទ័រ ១ គ្រឿង ប៊ុលដូស័រ ២ គ្រឿង និងត្រាក់ទ័រ ៥ គ្រឿង។
លោក សារ៉ាក់ បានបញ្ជាក់ថា៖ «នៅពេលនេះ [ម៉ោង ៣:១៥ នាទី រសៀលថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០] សមត្ថកិច្ចបានគ្រប់គ្រងភ្លើងឆេះព្រៃនោះបានប្រមាណ ៨០ ភាគរយហើយ។ យ៉ាងណាក៏ដោយ សមត្ថកិច្ចយើងនឹងបន្តអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងឆេះព្រៃនេះឲ្យរលត់អស់ទាំងស្រុងនៅក្នុងយប់ថ្ងៃចន្ទនេះតែម្ដង»។
លោក ចាន់ តុង នាយរងខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាបបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ជាទូទៅភ្លើងឆេះព្រៃនៅកម្ពុជាបង្កឡើងដោយកត្តាមនុស្ស ប្រើប្រាស់ភ្លើងក្នុងការដុតយកឃ្មុំ ឬដុតស្ទាក់ចាប់សត្វព្រៃដោយខុសច្បាប់ ហើយភ្លើងឆេះព្រៃលិចទឹកក្នុងតំបន់វាលក្រោមក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ ក្រុងសៀមរាបនេះ គឺពិតជាមានជនមិនស្គាល់អត្តសញ្ញាណណាម្នាក់លួចដុតដើម្បីផលប្រយោជន៍អ្វីមួយហើយទើបបណ្ដាលឲ្យឆេះយ៉ាងដូច្នេះ។
លោក តុង បានបញ្ជាក់ថា៖ «តាមការប៉ាន់ប្រមាណក្នុងជំហានបឋមនេះ ភ្លើងឆេះព្រៃក្នុងតំបន់វាលក្រោមក្នុងរយៈពេល ៥ ថ្ងៃនេះបានបង្កការឆេះខូចខាត ព្រៃលិចទឹកអស់ប្រមាណជិត ១០ ហិកតា» ។
លោក តុង ថ្លែងថាកន្លងមកក្រុមការងាររបស់លោកបានសហការជាមួយអាជ្ញាធរដែនដីចុះផ្សព្វផ្សាយអប់រំណែនាំជារឿយៗដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានអំពីសារាចរណែនាំរបស់ក្រសួងពាក់ព័ន្ធស្ដីពីការហាមឃាត់ការប្រើប្រាស់ភ្លើង ដើម្បីដុតយកឃ្មុំ ស្ទាក់ចាប់សត្វព្រៃ និងការដុតរុករានយកដីព្រៃរបស់រដ្ឋដោយខុសច្បាប់ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនតូចនៅតែបន្តលួចធ្វើសកម្មភាពល្មើសច្បាប់ដែលបង្កឲ្យមានភ្លើងឆេះព្រៃនេះកើតឡើង។
លោក តុង បានបន្ថែមថា៖ «នៅពេលនេះកម្លាំងសមត្ថកិច្ចយើងបានគ្រប់គ្រងភ្លើង មិនឲ្យបង្កការឆេះរាលដាលបន្តទៀតបានដោយជោគជ័យហើយ ពោលគឺក្នុងយប់ថ្ងៃចន្ទនេះយើងនឹងពន្លត់ភ្លើងឆេះព្រៃនេះឲ្យរលត់អស់ទាំងស្រុងតែម្ដង»។
លោក តុង ថ្លែងថាកាលពីថ្ងៃទី ២០-២២ ខែ មីនា ឆ្នាំ ២០២០ កន្លងទៅនេះ ព្រៃលិចទឹករបស់សហគមន៍នេសាទថ្នល់ដាច់ក្នុងឃុំដានរុន និងព្រៃលិចទឹករបស់សហគមន៍នេសាទព្រែកស្រមោចក្នុងឃុំកំពង់ឃ្លាំង ស្រុកសូត្រនិគម សរុប ១១ ហិកតា ក៏ត្រូវភ្លើងឆេះខូចខាតអស់ផងដែរ។ ក្នុងការពន្លត់ភ្លើងព្រៃក្នុងតំបន់សហគមន៍នេសាទទាំង ២ នោះសមត្ថកិច្ចជំនាញក៏បានប្រើប្រាស់វិធានការដូចគ្នានឹងពេលនេះផងដែរគឺប្រើរថយន្តពន្លត់អគ្គិភ័យចំនួន ៣ គ្រឿង និងត្រាក់ទ័រចំនួន ៥ គ្រឿង៕