ភ្នំពេញៈ ព្រះមហាក្សត្រចេញរាជសារអបអរខួបទី ៧១ ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន និងបានបញ្ជាក់ជាថ្មីថា កម្ពុជានឹងបន្តគាំទ្រគោលនយោបាយចិនតែមួយ។ អ្នកវិភាគថា ព្រះរាជសាររបស់ព្រះមហាក្សត្របែបនេះគឺឆ្លុះបញ្ចាំងអំពីទំនាក់ទំនងកម្រិតខ្ពស់បំផុតរវាងកម្ពុជា និងចិន។
នៅក្នុងព្រះរាជសាររបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ចេញផ្សាយពីម្សិលមិញផ្ញើទៅកាន់លោកប្រធានាធិបតីចិន ស៊ី ជីនភីង ដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី ៧១ ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិននោះ ព្រះអង្គបានកោតសរសើរចំពោះកិច្ចប្រឹងប្រែងរបស់ចិនដើម្បីប្រឆាំងជំងឺកូវីដ១៩ និងការកាត់បន្ថយភាពក្រីក្រ រួមទាំងគាំទ្រគោលនយោបាយរបស់ប្រទេសមហាអំណាចមួយនេះ។
ព្រះអង្គមានព្រះរាជបន្ទូលថា៖ «ខ្ញុំសូមកោតសរសើរពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិន ចំពោះការចូលរួមចំណែកយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសនេះនៅក្រៅប្រទេស និងការធានារបស់ឯកឧត្ដម [ស៊ី ជីនភីង] ថានៅពេលដែលវ៉ាក់សាំងការពារវីរុសកូវីដ១៩ ត្រូវបានបង្កើតដោយប្រទេសចិន វ៉ាក់សាំងទាំងនោះនឹងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពរីករាលដាលជាសកល ហើយនឹងត្រូវបានផ្តល់ដល់ប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត ដោយឈរលើមូលដ្ឋានអាទិភាព»។
ព្រះអង្គបន្តថា ប្រទេសចិន បានទទួលជោគជ័យក្នុងការលុបបំបាត់ ភាពក្រីក្រនៅតាមទីជនបទទាំងអស់ឱ្យស្ថិតនៅលើបន្ទាត់ក្រីក្រ និងបានកសាងសង្គមដែលមានភាពជឿនលឿនកម្រិតមធ្យមគួរឱ្យសរសើរ ហើយកម្ពុជានឹងបន្តឈរនៅជាមួយប្រទេសចិន និងប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ។
ក្នុងព្រះរាជសារដដែលបន្ថែមថា កម្ពុជានៅតែគាំទ្រគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិន ក៏ដូចជាគំនិតផ្តួចផ្តើមរួមគ្នាកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។
ជាមួយគ្នានោះព្រះអង្គក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រធានាធិបតីចិនដែលតែងតែស្វាគមន៍ព្រះអង្គ និងសម្ដេចម៉ែទៅពិនិត្យព្រះរាជសុខភាព និងសម្រាកលម្ហែនៅប្រទេសចិនគ្រប់ពេលផងដែរ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា ដោយសារកត្តាសំខាន់ចំនួន ៥ ដូចជា ប្រវត្តិសាស្ដ្រ នយោបាយ សេដ្ឋកិច្ច វប្បធម៌ និងទំនាក់ទំនងរវាងបុគ្គលអ្នកដឹកនាំដែលមានតាំងពីសម័យរបស់ព្រះករុណាព្រះបាទសម្ដេច នរោត្តម សីហនុ បានធ្វើឱ្យកម្ពុជា និងចិនបានឈានដល់ទំនាក់ទំនងកម្រិតខ្ពស់បំផុត និងមានកិច្ចសហប្រតិបត្តិការស៊ីជម្រៅគ្រប់ជ្រុងជ្រោយ។
អ្នកវិភាគរូបនេះបានថ្លែងថា៖ «កាលពីថ្ងៃទី ៥ កុម្ភៈ យើងបានឃើញសម្ដេច [នាយករដ្ឋមន្ត្រី ហ៊ុន សែន] ធ្វើដំណើរទៅទស្សនកិច្ចនៅប៉េកាំងក៏ទៅជាមួយឯកឧត្តម ហ៊ុន ម៉ាណែត ដែលគេរំពឹងថា ជាអនាគតនៃមេដឹកនាំកម្ពុជា ហើយយើងឃើញថានេះគឺជា [ការបន្ត] មរតកមួយទៀត។ ឈរលើមូលដ្ឋានសសរស្ដម្ភ ៥ ហ្នឹង ដែលទំនាក់ទំនងកម្ពុជា និងចិនបានរឹងមាំមកដល់បច្ចុប្បន្ន ហើយព្រះរាជសាររបស់ព្រះអង្គ គឺឆ្លុះបញ្ចាំងលើអ្វីដែលមាននៅក្នុងសសរស្ដម្ភហ្នឹងឯង»៕