ភ្នំពេញៈ សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​បញ្ចប់​សវនការ​ជំនុំជម្រះ​សំណុំ​រឿង​ហិង្សា​នៅ​ស្ពាន​នាគ​កាលពី​ខែ​កក្កដា ឆ្នាំ ២០១៤ ដោយ​ព្រះរាជអាជ្ញា និង​មេធាវី​ការពារ​ដើមបណ្ដឹង​សម្រេច​ភា្ជប់​ករណី​ហិង្សា​នោះ​ទៅ​នឹង​បដិវត្តន៍​ពណ៌ បន្ទាប់ពី​សវនការ​រយៈពេល​ ៣ ​ថ្ងៃ​ជាប់ៗ​គ្នា​។ ទោះ​ជា​យ៉ាងណា​ក៏ដោយ​ភាគី​ជនរងគ្រោះ​ថា​គ្មាន​អំពើ​កុបកម្ម​កើតឡើង​ទេ​ និង​ស្នើ​ដល់​តុលាការ​ឲ្យ​ដោះលែង​ពួកគេ​។

លោក ង៉ែត សារ៉ាត ព្រះរាជអាជ្ញា​មួយ​រូប​ក្នុង​ចំណោម​ព្រះរាជអាជ្ញា​ ២ ​រូប​បាន​ថ្លែង​ថា អំពើហិង្សា​នៅ​ជិត​ស្ពាន​នាគ​គឺជា​អំពើ​កុបកម្ម និង​ជា​ផ្នែក​មួយ​នៃ​បដិវត្តន៍​ពណ៌ ដែល​សកម្មភាព​របស់​ពួកគេ​ត្រូវ​បាន​រៀបចំ​ដូចជា​មានការ​ប្រជុំ ការពាក់​ស្លាក​សម្គាល់ ការ​យក​បដា​ទៅ​ចង​ជាដើម បើ​ទោះ​ជា​ផ្សាយ​ថា អហិង្សា​ក៏ដោយ​ដែល​នោះ​គ្រាន់​តែ​ជា​លេស ហើយ​ការទាមទារ​ឲ្យ​ដោះលែង​ទីលាន​ប្រជាធិតេយ្យ​នៅពេល​នោះ​មិនមែន​ជា​សិទ្ធិ​បញ្ចេញ​មតិ​ទេ គឺជា​ការ​រំដោះ​យក​ទីតាំង​ ឬ​កន្លែង​របស់​រដ្ឋាភិបាល​។

លោក ង៉ែត សារ៉ាត និយាយ​ថា​៖ «​កុបកម្ម​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ស្ថាប័ន​ជាតិ បើ​មិន​មាន​ការទប់ស្កាត់​ទាន់​ពេល​ទេ នឹង​មាន​អំពើ​បដិវត្តន៍​ពណ៌​កើតឡើង​ទៀត​ផង​។ យើង​សូម​សាទរ​ចំពោះ​សមត្ថកិច្ច​ដែល​បាន​បញ្ឈប់​បទល្មើស​ទាន់​ពេល​»​។

លោក លី ច័ន្ទតុលា មេធាវី​ការពារ​ក្រុម​សន្តិសុខ​ដែល​ជា​ដើមបណ្ដឹង​ និង​ជា​ជនរងគ្រោះ​បាន​ថ្លែង​ថា​ព្រឹត្តិការណ៍ ១៥ កក្កដា​គឺជា​ចលនា​ឧទ្ទាម​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​ ២០១៣​។ លោក ច័ន្ទតុលា ថ្លែង​ថា៖ «​ជោគជ័យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្រោយ​បោះឆ្នោត​ឆ្នាំ ២០១៣ ​គឺ​បណ្ដុះ​គំនិត​ឲ្យ​កាច​សាហាវ​ឲ្យ​ស្អប់​ប្រជាការពារ​។ មួយ​ឆ្នាំ​ចាប់ពី​ថ្ងៃ​បោះឆ្នោត ២០១៣ រហូត​ដល់​ថ្ងៃ​ ១៥ ​កក្កដា ទីលាន​ប្រជាធិបតេយ្យ​គឺជា​ទីស្នាក់ការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ ទីលាន​ប្រជាធិបតេយ្យ​គឺជា​កន្លែង​បណ្ដុះ​គំនិត​ និង​បញ្ឆេះ​កំហឹង​ឆ្ពោះ​ទៅ​បដិវត្តន៍​ពណ៌​»​។

ទោះ​យ៉ាង​ណា​ក្រុម​មេធាវី​ការពារ​ជន​ជាប់ចោទ ១១ ​រូប​បាន​អះអាង​ថា ព្រឹត្តិការណ៍​ថ្ងៃ​ ១៥ ​កក្កដា ២០១៤ មិនមែន​ជា​រឿង​កុបកម្ម​នោះ​ទេ ដោយសារ​វា​មិន​ស្រប​នឹង​និយមន័យ​ «​កុបកម្ម​» ​ដែល​មាន​ចែង​ក្នុង​ច្បាប់​តាម​មាត្រា ៤៥៦ ​និង​ ៤៥៧ ​នៃ​ក្រម​ព្រហ្មទណ្ឌ​។

ក្រុម​មេធាវី​លើក​ឡើង​ដោយ​ទទួល​ស្គាល់​ថា​មាន​អំពើហិង្សា​ ប៉ុន្តែ​មិនមែន​ជា​អំពើ​កុបកម្ម​ដោយសារ​បាតុករ​មិន​មាន​បំណង​គ្រប់គ្រង​អគារ ឬ​ស្ថាប័នរដ្ឋ ឬ​ធ្វើ​ឲ្យ​បាត់បង់​បូរណភាព​ទឹកដី ឬ​មាន​អាវុធ​គ្រឿងផ្ទុះ គ្រាប់រំសេវ ដូច​ដែល​មាន​ចែង​ក្នុង​មាត្រា​ក្នុង​ច្បាប់​នោះ​ទេ​។ លោក សំ សុគង់ មេធាវី​ម្នាក់​ទៀត​បាន​អះអាង​ថា​ការ​ទាមទារ​ឲ្យ​បើក​ទីលាន​ប្រជាធិបតេយ្យ​ដោយសារ​តែ​ការបិទ​នោះ​គឺជា​ការរំលោភ​លើ​សិទ្ធិ​ពលរដ្ឋ​ក្នុង​ការ​តវ៉ា​ និង​បញ្ចេញ​មតិ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​។

លោក​បាន​ថ្លែង​ថា​៖ «​វា​មិនមែន​ជា​កុបកម្ម​នេះ​វា​គឺជា​បាតុកម្ម​តែ​មាន​អំពើ​ហិង្សា​កើតឡើង ដូច្នេះ​ជា​គោលការណ៍​ច្បាប់ អ្នក​ណា​ប្រព្រឹត្ត​អ្នក​នោះ​ទទួល​ខុសត្រូវ​»​។

ជន​ជាប់ចោទ​ទាំងអស់​បាន​ស្នើសុំ​ឲ្យ​តុលាការ​បដិសេធ​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​សុំ​ឲ្យ​ដោះលែង​ពួកគេ​ឲ្យ​មាន​សេរីភាព​វិញ​ព្រោះ​ពួកគេ​មិន​បាន​ដឹង​រឿង​កុបកម្ម​អ្វី​ទេ​។

ជនជាប់ចោទ អ៊ុក ពេជ្រសំណាង និយាយ​ថា​៖ «​ខ្ញុំ​មិន​សុំ​ឲ្យ​តុលាការ​ដោះលែង​ខ្ញុំ​ទេ តែ​ខ្ញុំ​សុំ​ឲ្យ​ចៅក្រម​សម្រេច​តាម​ច្បាប់​។ សូម​កុំ​ឲ្យ​ខ្ញុំ​ប្រើ​ពាក្យ​តុលាការ​តេឡេ​»​។

ជន​ជាប់ចោទ នាង សុខឃុន ស្នើសុំ​ឲ្យ​លើកលែង​ការចោទ​ប្រកាន់ និង​ចោទ​សួរ​ថា​៖ «​តើ​ទង្វើ​របស់​ខ្ញុំ​ដោយ​គ្រាន់តែ​កាន់​កាមេរ៉ា​ថត​ទិដ្ឋភាព​នៅ​ទី​នោះ​ដើម្បី​ផ្សព្វផ្សាយ​ជា​ការ​ចូលរួម​ក្នុង​ចលនា​កុបកម្ម​ទេ​?»​។ ចំណែក ទេព ណារិន និយាយ​ថា​៖ «​សូម​ទម្លាក់​បទ​ចោទ​លើ​រូប​ខ្ញុំ ព្រោះ​បទ​ចោទ​អត់​សមហេតុផល​សោះ​។ បើ​ចៅក្រម​មាន​មេ​នៅ​ពីក្រោយ ប្រាប់​មេ​ផង​ថា បទ​ចោទ​នេះ​អត់​សម​ទាល់​តែ​សោះ​»​។

សូម​បញ្ជាក់​ថា​កាលពី​ថ្ងៃទី ១៥ កក្កដា ២០១៤ ​មាន​ព្រឹត្តិការណ៍​ហិង្សា​មួយ​កើតឡើង​រវាង​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ​ជាមួយ​នឹង​ក្រុម​បាតុករ​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ (​នាពេល​នោះ​)​ ​កើតឡើង​នៅ​ក្បែរ​ស្ពាន​នាគ​ខាង​កើត​ទីលាន​ប្រជាធិបតេយ្យ គឺ​នៅពេល​ដែល​ក្រុម​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ និង​អ្នក​គាំទ្រ​ទាមទារ​ឲ្យ​ដោះលែង​ទីលាន​នេះ​ដើម្បី​ពលរដ្ឋ​បាន​សម្តែង​មតិ​។

ក្រោយ​ព្រឹត្តិការណ៍​កើតឡើង សមត្ថកិច្ច​បាន​ចាប់​ខ្លួន​មនុស្ស​ជាច្រើន​រូប​​រួម​មាន​អ្នក​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​ទាំង​ ១១ ​រូប ហើយ​ក្រោយ​មក​មាន​ការ​ចាប់​ខ្លួន​អ្នក​គាំទ្រ​ ៣ ​នាក់​ផ្សេង​ទៀត​។ បច្ចុប្បន្ន​នេះ​អ្នក​ទាំង ១៤ រូប​កំពុង​ជាប់​ពន្ធនាគារ​ព្រៃស​ដោយ​តុលាការ​ក្រុង​ភ្នំពេញ​កាល​ពី​ឆ្នាំ ២០១៥ និង​ ២០១៦ បាន​កាត់ទោស​ពួកគេ​ដាក់​ពន្ធនាគារ​ចន្លោះ​ពី​ ៧ ​ទៅ​ ២០ ​ឆ្នាំ ដោយ​ចោទ​ពួកគេ​ថា​បាន​ដឹកនាំ «​ចលនា​កុបកម្ម​» និង​ចូលរួម​ក្នុង​ចលនា​នេះ​៕