ភ្នំពេញៈ បើ​ទោះបី​ជា​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ក្នុង​ប្រទេស​ថៃ​ក៏ដោយ ក៏​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ មិន​ភ្លេច​ធ្វើការ​អំពាវនាវ​សូម​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​ ២៩ ខែ​កក្កដា​នោះ​ដែរ​ដោយ​ព្រះអង្គ​ផ្តាំ​ប្រាប់​ប្រជាពលរដ្ឋ​ថា​កុំ​ឲ្យ​ជឿ​តាម​ការ​ «​ញុះញង់​» ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ នេះ​បើ​តាម​លោក យូ ហុកគ្រី អនុប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​។

លោក យូ ហុកគ្រី បាន​ថ្លែង​នៅក្នុង​ពិធី​បុណ្យសព​គម្រប់​ ៧ ថ្ងៃ​របស់​អ្នកម្នាង អ៊ុក ផល្លា ដែល​ធ្វើ​ឡើង​នៅ​មុខ​វត្ត​បទុមវតី​កាលពី​ថ្ងៃ​សៅរ៍​ថា សុខភាព​របស់​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បាន​គ្រាន់​បើ​ជាង​មុន​ហើយ ហើយ​ព្រះអង្គ​នឹង​យាង​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ក្នុង​ពេល​ឆាប់ៗ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ព្រះអង្គ​បាន​សូម​ថ្លែង​អំណរគុណ​ចំពោះ​បងប្អូន​ទាំងអស់​គ្រប់​មជ្ឈដ្ឋាន ដែល​មាន​សមានចិត្ត​ចំពោះ​ព្រះអង្គ​...​ព្រះអង្គ​សូម​ឲ្យ​បងប្អូន​យើង​ទាំងអស់​ដែល​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជា​ម្ចាស់​អំណាច ម្ចាស់​ទឹក និង​ដី​សូម​អញ្ជើញ​ទៅ​បោះឆ្នោត​... ហើយ​កុំ​ទៅ​ជឿ​គេ​ថា ការ​នៅ​ផ្ទះ​ឈ្នះ​ឯង​នោះ វា​មិន​អាច​ទៅ​ឈ្នះ​ឯង​កើត​ទេ ព្រោះ​វា​ជា​ឱកាស ៥ ឆ្នាំ​ម្តង​។ នេះ​ជា​ការ​សម្តែង​ឆន្ទៈ​របស់​ខ្លួន​...​សូម​ឲ្យ​សកម្មជន​ទាំងអស់​ហើយ​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់ឆ្នោត​ដែល​ស្រឡាញ់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​រក្សា​ភាព​ស្ងប់ស្ងាត់ ហើយ​អញ្ជើញ​ទៅ​បោះឆ្នោត​តាម​ព្រះរាជ​បណ្តាំ​ឲ្យ​បាន​គ្រប់​គ្នា​»​។

ទាក់ទង​ទៅ​នឹង​សំណើ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​ស្នើ​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ស៊ើបអង្កេត​អំពី​មូលហេតុ​ដែល​ធ្វើឲ្យ​ក្បួន​រថយន្ត​របស់​ព្រះអង្គម្ចាស់ រណឫទ្ធិ ជួប​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​ ៣ ​លើក​កន្លង​មក​ហើយ​សមត្ថកិច្ច​បាន​រកឃើញ​ថា បណ្តាល​មកពី​គ្រោះថ្នាក់​ចរាចរណ៍​សុទ្ធសាធ​នោះ​លោក​ យូ ហុកគ្រី បាន​លើក​ឡើង​ថា​គណបក្ស​ទទួល​ស្គាល់​ការ​ស៊ើបអង្កេត​បឋម​របស់​សមត្ថកិច្ច​នគរបាល និង​បន្ត​បញ្ជូន​មេធាវី​សិក្សា​លើ​សំណុំ​រឿង​នេះ​នៅ​តុលាការ​។ «​មេធាវី​នឹង​ទៅ​មើល​សំណុំរឿង​ហើយ​យើង​នឹង​ចាត់ការ ដើម្បី​ធ្វើ​ពាក្យបណ្តឹង​។ យើង​ត្រូវ​ស្នើ​សួរ​ព្រះអង្គ​សិន​...​ស្ថានភាព​លោក​បាន​ធូរស្រាល​ច្រើន​»​។

នៅក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​កាលពី​ថ្ងៃទី​ ២១ ខែ​មិថុនា​នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរង​នគរបាលជាតិ ទទួល​បន្ទុក​ការងារ​ចរាចរណ៍​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ករណី​រថយន្ត​បុក​ព្រះទីនាំង​របស់​ព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ នៅ​ស្រុក​ព្រៃនប់ គឺជា​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាល​មកពី​អ្នក​បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន ផ្ទុក​មនុស្ស​លើស​ចំណុះ និង​បើកបរ​ក្នុង​ល្បឿន​លឿន​លើស​កំណត់ ហើយ​ករណី​នេះ​មិនមែន​ជា​ឃាតកម្ម​ដែល​អាច​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ដូច​ការលើក​ឡើង​នៅ​លើ​បណ្តាញ​សង្គម Facebook និង​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នោះ​ទេ​។

ទាក់ទង​នឹង​មរណភាព​របស់​អ្នកម្នាង​ អ៊ុក ផល្លា លោក​ ហុកគ្រី បញ្ជាក់​ថា​៖​ «​យើង​មាន​ការអល់អែក​ក្នុង​ការយក​បញ្ហា​នេះ​ (​អ្នកម្នាង​ទទួល​មរណភាព​) ទៅ​ទូល​ព្រះអង្គ​។ ខ្ញុំ​មិន​ដឹង​ថា ព្រះអង្គ​អាច​ទទួល​នៅ​ក្នុង​ព្រះទ័យ​លោក​បាន​ឬ​ទេ ដូច្នេះ​ហើយ​បាន​យើង​អល់អែក ហើយ​មិនមែន​យើង​ចង់​លាក់លៀម​ទេ​។ យើង​ត្រូវ​តែ​ទូល តែ​យើង​ត្រូវ​ពិចារណា តើ​អាច​ប៉ះពាល់​ដល់​ព្រះ​សុខភាព​របស់​ព្រះអង្គ​យ៉ាង​ម៉េច​?»​។

អ្នកម្នាង អ៊ុក ផល្លា ដែល​ជា​បេក្ខជន​តំណាងរាស្ត្រ​លេខ​រៀង​ទី ១ មណ្ឌល​ខេត្ត​ព្រៃវែង​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ទទួល​មរណភាព​នៅ​មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ​នៅ​វេលា​ម៉ោង​ជាង ១២ ថ្ងៃទី​ ១៧ ខែ​មិថុនា ឆ្នាំ ២០១៨ ​គឺ​ប្រមាណ​ជា​ ៣ ម៉ោង បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ព្រៃនប់​ខណៈ​ព្រះអង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ និង​មនុស្ស ៦ នាក់​ផ្សេង​ទៀត​ក៏​រងរបួស​ធ្ងន់​ផង​ដែរ​។

អ្នកម្នាង ផល្លា និង​ព្រះអង្គម្ចាស់ រណឫទ្ធិ មាន​បុត្រា ២ ព្រះអង្គ គឺ​បុត្រ​ច្បង មាន​នាម នរោត្តម សុធាឫទ្ធិ ប្រសូត​ក្នុង​ឆ្នាំ ២០០៣ និង​បុត្រ​ទី ២ មាន​នាម នរោត្តម រណវង្ស ប្រសូត​ក្នុង​ឆ្នាំ ២០១១៕