ភ្នំពេញៈ តំណាង ១៨០ នាក់ នៃភាគីពាក់ព័ន្ធ បានចូលរួមវេទិកាថ្នាក់តំបន់រយៈពេល ២ ថ្ងៃ របស់គណៈកម្មការទន្លេមេគង្គចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៩ ដើម្បីរៀនអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាបច្ចុប្បន្ន និងស្វែងរកដំណោះស្រាយប្រសើរជាងមុន ដើម្បីដោះស្រាយបញ្ហាបន្ទាន់នៃបញ្ហាទន្លេមេគង្គ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គនៅទីក្រុងវៀងចន្ទន៍ប្រទេស ឡាវ។
លោក An Pich Hatda អគ្គនាយក នៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ត្រូវបានស្រង់សម្តីនៅក្នុងសេចក្តីប្រកាសព័ត៌មាននេះថា៖ «មានការងារច្រើនបន្ថែមទៀត ដែលត្រូវធ្វើ ដើម្បីផ្តល់ការឆ្លើយតបទូលំទូលាយ ចំពោះការប្រែប្រួលអាកាសធាតុ កាត់បន្ថយហានិភ័យទឹកជំនន់ និងភាពរាំងស្ងួត ការពារទ្រព្យសម្បត្តិបរិស្ថាននិងបង្កើនអត្ថប្រយោជន៍នៅទូទាំងអាងទន្លេ។ ការសម្រេចគោលដៅទាំងនេះ គឺសំខាន់ និងបន្ទាន់ខណៈចំនួនប្រជាជន និងសេដ្ឋកិច្ចមានការកើនឡើង ហើយការប្រែប្រួលអាកាសធាតុបន្តកើតមាន»។
លោកបន្តថា៖ «នេះជាមូលហេតុដែលគណៈកម្មការទន្លេមេគង្គបាននិងកំពុងធ្វើការផ្តល់ខ្លាំងជាងមុន និងច្រើនជាងមុន ដែលមិនធ្លាប់មានលើកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន និងគម្រោងរួមគ្នា ក្នុងចំណោមនិងរវាងបណ្តាប្រទេសសមាជិក។ យើងប្តេជ្ញាចិត្តគាំទ្រប្រទេសសមាជិករបស់យើងនិងប្រជាជនរបស់យើង ក្នុងការផ្លាស់ប្តូរពីជម្លោះទៅជាកិច្ចសហប្រតិបត្តិការ ដោយប្រើគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន»។
តំណាងពីប្រទេស កម្ពុជា ឡាវ ថៃ វៀតណាម ចិន និងមីយ៉ាន់ម៉ា ស្ថាប័នស្រាវជ្រាវ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល បានចូលរួមព្រឹត្តិការណ៍នេះ។
លទ្ធផល និងមេរៀនដែលបានរៀននៅក្នុងការធ្វើការងាររួមគ្នា លើបញ្ហាឆ្លងព្រំដែន ផលប៉ះពាល់ និងឱកាសនៃគម្រោងគ្រប់គ្រងធនធានទឹកសមាហរណកម្មទន្លេមេគង្គរបស់គណៈកម្មការទន្លេមេគង្គ ដែលផ្តល់មូលនិធិដោយធនាគារពិភពលោក ត្រូវបានលើកឡើងសម្រាប់ការពិភាក្សា នៅក្នុងវេទិកានេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន។
តាមរយៈគម្រោងនេះប្រទេស កម្ពុជា ឡាវ ថៃ និងវៀតណាម បានសហការគ្នា លើគំនិតផ្តួចផ្តើមទ្វេភាគីចំនួន ៥ ចាប់តាំងពីឆ្នាំ ២០១៤ ដើម្បីលើកកម្ពស់កិច្ចពិភាក្សាអន្តរព្រំដែន និងកែលម្អការអនុវត្តការគ្រប់គ្រងធនធានទឹកសមាហរណកម្ម នៅអនុកម្រិត អាងទន្លេ ដូចជានៅទន្លេ សេកុង សេសាន ស្រែពក ដីសណ្តមេគង្គ Xe Bang Hien, Nam Kam, Sokhla និងទន្លេសាប។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន។
សេចក្តីប្រកាសព័ត៌មាននេះឲ្យដឹងថា៖ «សមិទ្ធផលរឹងមាំដែលសម្រេចបានរហូតមកដល់ពេលនេះរួមមានការយល់ដឹងរួមគ្នាអំពីបញ្ហា យន្តការសម្របសម្រួលអន្តរព្រំដែន ផែនការសកម្មភាពរួមគ្នា ការពង្រឹងទិន្នន័យ និងការដោះដូរព័ត៌មាននិងការទំនាក់ទំនង»។
សេចក្តីប្រកាសព័ត៌មាននេះបន្តថា វិស័យផ្តោតសំខាន់ ៣ ដែលត្រូវបានពិភាក្សាឲ្យមានការដោះស្រាយជាបន្ទាន់នៅក្នុងវេទិកានេះរួមមាន កិច្ចសហការវិជ្ជមាន និងតម្លាភាព នៃលទ្ធផលដែលត្រូវចែករំលែកជាមួយបណ្តាប្រទេសទន្លេមេគង្គ ការកែលម្អប្រព័ន្ធព័ត៌មាន និងទិន្នន័យរបស់គណៈកម្មការទន្លេមេគង្គដោយប្រើបច្ចេកវិទ្យាអភិវឌ្ឍកម្រិតខ្ពស់ដើម្បីកែលម្អទិន្នន័យនិងការចែករំលែកព័ត៌មាន និងការផ្សព្វផ្សាយអំពីការគ្រប់គ្រងធនធានទឹក និងការចែករំលែកអត្ថប្រយោជន៍ និងការចំណាយដែលត្រូវរួមបញ្ចូលទៅក្នុងការតាក់តែងផែនការនិងការអនុវត្តគម្រោង។
លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិនៃវេទិកាអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា លោកបានស្នើសុំនៅក្នុងវេទិការបស់គណៈកម្មការទន្លេមេគង្គឲ្យរួមបញ្ចូលអង្គការ និងសហគមន៍ដែលមាននៅក្នុងមូលដ្ឋានស្រាប់នៅក្នុងតំបន់ រួមទាំងសហគមន៍នេសាទ សហគមន៍គ្រប់គ្រងធនធានទឹកទៅក្នុងរចនាសម្ព័ន្ធគម្រោងនៃយន្តការអង្គការថ្មី។
លោកបានថ្លែងថា៖ «នៅពេលបញ្ចូលពួកគេទៅក្នុងរចនាសម្ព័ន្ធ គឺជាពេលដែលនឹងអាចទទួលបានព័ត៌មាននិងយកព័ត៌មាននេះ សម្រាប់អភិវឌ្ឍហើយពួកគេអាចផ្តល់ព័ត៌មានពាក់ព័ន្ធនឹងទិដ្ឋភាពអភិវឌ្ឍន៍ទៅអ្នកអភិវឌ្ឍន៍»។
លោកក៏ស្នើផងដែរ ឲ្យរួមបញ្ចូលការចែករំលែកព័ត៌មាន និងទិន្នន័យទឹក ត្រូវធ្វើឡើងជាលក្ខណៈប្រព័ន្ធ ហើយអ្នកអភិវឌ្ឍន៍វារីអគ្គិសនី និងគណៈកម្មការទន្លេមេគង្គ ត្រូវធ្វើការជាមួយគ្នា ដើម្បីឲ្យអ្នកអភិវឌ្ឍវារីអគ្គិសនីផ្តល់ព័ត៌មានអំពីម៉ោងបើកនិងបិទទឹកនិងការគ្រប់គ្រង។
លោកបន្តថា៖ «ព័ត៌មាននេះត្រូវតែបកប្រែទៅជាបួនភាសានៅពេលតែមួយដោយស្វ័យប្រវត្តិ ហើយកម្មវិធីនេះត្រូវតែផលិតឡើង នៅលើទូរស័ព្ទឆ្លាតវៃ ដែលអាចបញ្ជូនព័ត៌មាននៅលើទូរស័ព្ទឆ្លាតវៃ»។ «នៅពេលប្រជាជនដឹងអំពីព័ត៌មាននេះ ពួកគេនឹងអាចរៀបចំខ្លួនបានយ៉ាងល្អ»។
លោកក៏បានស្នើផងដែរ ឲ្យអ្នកចូលរួមវេទិកានេះ គ្រប់គ្រងធនធានជលផលឲ្យបានល្អនៅក្នុងអាងទន្លេមេគង្គ និងដីសណ្ត ដើម្បីធានាដល់ការពងកូនរបស់ត្រីនៅក្នុងទន្លេ ខេត្តក្រចេះ និងស្ទឹងត្រែង។
លោកថា គណៈកម្មការទន្លេមេគង្គប្តេជ្ញាយកសំណើទាំងអស់របស់លោកទៅពិភាក្សាបន្ថែម និងចាត់ចំណាត់ការ ខណៈគណៈកម្មការទន្លេមេគង្គអាចធ្វើផ្អែកលើធនធានដែលខ្លួនមាន៕