ភ្នំពេញៈ មនុស ៤៤ នាក់ស្លាប់ ដោយសាររន្ទះបាញ់និង ២ នាក់បានស្លាប់ ដោយសាររលំផ្ទះសង្កត់លើ ក្នុងបាតុភូតផ្គររន្ទះ និងបាតុភូតខ្យល់កន្ត្រាក់ នេះក៏បានធ្វើឲ្យមនុស្ស ៩៤ នាក់ រងរបួសក្នុងររយៈពេល ៥ ខែ ដើមឆ្នាំ ២០១៩ ដែលមន្ត្រីជំនាញអះអាងថា ប្រជាកសិករនៅតែមិនសូវចាប់អារម្មណ៍អំពីបម្រាមប្រកាសអាសន្នដែលបានផ្សព្វផ្សាយជូន ព្រោះពួកគេនៅតែបន្តធ្វើការងារដាំដុះនៅពេលមេឃកំពុងភ្លៀង។
លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលថ្ងៃម្សិលមិញថា បាតុភូតខ្យល់កន្ត្រាក់ និងផ្គររន្ទះក៏បានបង្កការខូចខាតលំនៅឋានប្រជាពលរដ្ឋរួមទាំងអគាររដ្ឋបាលសាធារណៈសរុប ជាង ៧ ០០០ ខ្នង ព្រមទាំងបានសម្លាប់គោក្របីរបស់ប្រជាកសិករសរុប ៦៤ ក្បាល។ បាតុភូតខ្យល់កន្ត្រាក់ បានបង្កឲ្យផ្ទះប្រជាពលរដ្ឋ ៨៥៦ ខ្នង រងការខូចខាតទាំងស្រុង និង ៦ ១០២ ខ្នងទៀតរងការខូចខាតជាមធ្យម ខណៈអគារសាលារៀន វត្តអារាម និងអគារសាធារណៈផ្សេងៗទៀត សរុប ៧៣ អគារ បានរងការខូចខាតដោយប៉ើងរបើកដំបូល និងជញ្ជាំងមួយចំនួនផងដែរ។
លោកបានបញ្ជាក់ថា៖ «បាតុភូតខ្យល់កន្ត្រាក់ និងផ្គររន្ទះ នៅតែជាក្ដីព្រួយកង្វល់ សម្រាប់ប្រជាកសិករនៅតាមទីជនបទដាច់ស្រយាល ពិសេសនៅដើមរដូវវស្សានេះ ខណៈមានភ្លៀងធ្លាក់គ្រប់គ្រាន់ ប្រជាកសិករបាននាំគ្នាសម្រុកភ្ជួររាស់ដីស្រែចម្ការ និងដាំដុះដំណាំ ដើម្បីលើកស្ទួយជីវភាពគ្រួសារ»។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹកនិងឧតុនិយម ដែលបានចេញផ្សាយកាលពីថ្ងៃសោរ៍ និងដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីថ្ងៃអាទិត្យ បានបង្ហោះថា ចាប់ពីថ្ងៃទី ២៥ ខែ ឧសភា ដល់ដើមខែមិថុនាខាងមុខនេះ បាតុភូតខ្យល់កន្ត្រាក់ និងផ្គររន្ទះ នឹងបន្តកើតមានកាន់តែច្រើនឡើងថែមទៀត ខណៈភ្លៀងនឹងបន្តធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន និងរាយប៉ាយនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យបង្កើនការប្រុងប្រយ័ត្នអំពីបាតុភូតខាងលើនេះ ដោយចៀសវាងការប្រើប្រាស់ទូរស័ព្ទដៃ វិទ្យុទាក់ទង (អាយកូម) និងគ្រឿងឧបករណ៍អេឡិចត្រូនិក ព្រមទាំងនៅឲ្យឆ្ងាយពីវត្ថុដែលអាចស្រូប និងចម្លងអគ្គិសនីបានមួយចំនួនទៀត ពិសេសការបន្តធ្វើការងារនៅកណ្ដាលវាលស្រែ ក្នុងគ្រាមេឃកំពុងមានភ្លៀងខ្យល់ និងផ្គររន្ទះកើតឡើង។
លោក វី ថ្លែងថា៖ «ប្រជាពលរដ្ឋនៅតាមទីជនបទដាច់ស្រយាលមួយចំនួន ហាក់ដូចជាមិនចាប់អារម្មណ៍ អំពីបម្រាមប្រកាសអាសន្ននោះទេ ពួកគេនៅតែបន្តធ្វើការងារដាំដុះរបស់ពួកគេនៅពេលមេឃកំពុងភ្លៀង»។
លោក អ៊ួង ម៉ូលី អធិការនគរបាលស្រុកសណ្ដាន់ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា លោក ឆូយ ឡែន អាយុ ២៨ ឆ្នាំ និងប្រពន្ធរបស់គាត់ឈ្មោះ ជា សុខហ៊ន់ អាយុ ២៧ ឆ្នាំ ព្រមទាំងកូនប្រុសរបស់គាត់ឈ្មោះ លេង ឆេងលៀក អាយុ ៣ ឆ្នាំ មានលំនៅភូមិជាំផ្កា ឃុំឈើទាល ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ត្រូវបានគេប្រទះឃើញស្លាប់នៅក្រោមដើមឈើ ២ ដើមក្នុងចម្ការដំឡូងមីរបស់ពួកគេ កាលពីព្រឹកថ្ងៃសៅរ៍ បន្ទាប់ពីមានករណីភ្លៀងខ្យល់បក់បោកខ្លាំង និងផ្គររន្ទះកើតឡើងកាលពីល្ងាចថ្ងៃសុក្រ។
លោកបន្តថា៖ «តាមរយៈការពិនិត្យសាកសពជនរងគ្រោះទាំង ៣ យើងសន្និដ្ឋានថា ពួកគេស្លាប់ដោយករណីរន្ទះបាញ់។ សពពួកគេ ត្រូវបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី»៕