ភ្នំពេញៈ មនុស្ស​ ១៨ ​នាក់​ត្រូវ​បាន​តុលាការ​ចោទប្រកាន់ (​រួមទាំង​អ្នក​គេច​ខ្លួន​)​ កាលពី​ម្សិលមិញ​ពី​បទ​ជួញដូរ​មនុស្ស សម្រាប់​ឆ្លងដែន​ធ្វើ​អន្តរការី​រវាង​អ្នក​សុំ​កូន​ និង​ស្ត្រី​ពពោះ​រួម​ទាំង​បទ​សមគំនិត​ក្នុង​អំពើ​លក់ដូរ​មនុស្ស ក្រោយពី​អាជ្ញាធរ​បង្ក្រាប​ និង​ចាប់ខ្លួន​ករណី​ក្រុម​មនុស្ស​ស៊ីឈ្នួល​ពពោះ​ឲ្យ​គេ​នៅក្នុង​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ៨ ខែ​វិច្ឆិកា ខណៈ​មនុស្ស​ ៣ ​នាក់​ផ្សេង​ទៀត​បាន​រត់​គេច​ខ្លួន​។

លោក លី សុផាន់ណា អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​ប្រាប់​ឲ្យ​ដឹងថា ក្រោយពី​ពិនិត្យ និង​ចាត់ការ​សំណុំ​រឿង​ចប់​សព្វ​គ្រប់ តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​បើក​ការ​ស៊ើបសួរ​ដោយ​ចោទប្រកាន់​ទៅលើ​ជនសង្ស័យ​ចំនួន ១៤ នាក់​ពី​បទ​លក់ដូរ​មនុស្ស​សម្រាប់​ឆ្លងដែន​ និង​បទ​ធ្វើ​អន្តរការី​រវាង​អ្នក​សុំ​កូន​ និង​ស្ត្រី​ពពោះ​តាម​មាត្រា ១៦ នៃ​ច្បាប់​ស្តីពី​ការទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស និង​មាត្រា​ ៣៣២ ​នៃ​ក្រម​ព្រហ្មទណ្ឌ​។ ខណៈ​ជនសង្ស័យ​ចំនួន ៤ នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​សមគំនិត​ក្នុង​អំពើ​លក់ដូរ​មនុស្ស​សម្រាប់​ឆ្លងដែន និង​ធ្វើ​អន្តរការី​រវាង​អ្នក​សុំ​កូន​ និង​ស្ត្រី​ពពោះ​តាម​មាត្រា ១៦ នៃ​ច្បាប់​ស្តីពី​ការទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស​មាត្រា ២៩ និង​មាត្រា ៣៣២ នៃ​ក្រម​ព្រហ្មទណ្ឌ និង​បញ្ជូន​ជន​ត្រូវ​ចោទ​ចំនួន​ ១៥ ​នាក់ និង​សំណុំ​រឿង​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​»​។

លោក លី សុផាន់ណា បាន​ឲ្យ​ដឹង​តាមរយៈ​សារ​តេឡេក្រាម​ថា ប៉ូលិស​បាន​ចាប់​ខ្លួន​មនុស្ស​ ១៥ នាក់ ខណៈ ៣ ​នាក់​ផ្សេង​ទៀត​បាន​រត់​គេច​ខ្លួន​។

លោក ស៊ិន វិរៈ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា​៖ «​ករណី​នេះ​ត្រូវ​បាន​យើង​ធ្វើការ​ចោទប្រកាន់​រួច​ហើយ​»​។

លោក ទូច សារ៉េន នាយរង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ផង​ដែរ​ថា អាជ្ញាធរ​នៅ​តែ​បន្ត​ចាប់​ជនសង្ស័យ​ចំពោះ​ករណី​នេះ​។

លោក​ប្រាប់​ថា​៖ «​យើង​នៅ​តែ​បន្ត​ស៊ើបអង្កេត​ស្ត្រី​ដែល​ពពោះ​ហ្នឹង​មាន​ខ្លះ​ជា​កម្មករ​កាត់ដេរ​ហើយ​ខ្លះ​ជា​ស្ត្រី​នៅផ្ទះ​»​។

កាលពី​ថ្ងៃទី​ ១១ ខែ​វិច្ឆិកា ឆ្នាំ ២០១៨ ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ផង​ដែរ​ថា ក្នុង​ប្រតិបត្តិការ​នេះ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី-ភ្នំពេញ​បាន​ឃាត់​ខ្លួន​មនុស្ស ១៥ ​នាក់​ក្នុង​នោះ​មាន​ប្រុស ២ នាក់ និង​ស្រី​ ១៣ ​នាក់​ដែល​ក្នុង​នោះ​មាន​ស្ត្រី​ ១១ ​នាក់​បាន​និង​កំពុង​មាន​ផ្ទៃពោះ​។

កាលពី​ចុង​ខែ​តុលា​ឆ្នាំ​​ ២០១៨ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ឲ្យ​ដឹងថា​មេធាវី​ការពារ​ឲ្យ​ស្ត្រី​ពពោះ​ចំនួន ៣២ នាក់​ផ្សេង​ទៀត​ដែល​កំពុង​ជាប់ឃុំ​បាន​រៀបចំ​ឯកសារ​ដាក់​ទៅ​តុលាការ​ដើម្បី​ស្នើសុំ​ឲ្យ​តុលាការ​ធ្វើការ​ពិចារណា​ដោះលែង​ពួកគេ​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ដើម្បី​ឲ្យ​ពួកគេ​បាន​ចិញ្ចឹម​កូនៗ​ដែល​ពួកគេ​ស៊ីឈ្នួល​បង្កើត​ឲ្យ​អ្នក​ផ្សេង​នោះ​ដោយ​ពួកគេ​មិន​បញ្ជូន​កូនៗ​ទៅ​ឲ្យ​អ្នក​ដែល​ជួល​ពួកគេ​នោះ​ឡើយ​។

លោកស្រី ធីតា ឃឹះ នាយិកា​អង្គការ សីលការ ​បាន​ឲ្យ​ដឹងថា ករណី​នេះ​មិនមែន​តែ​ជា​ស្ត្រី​ទេ​ដែល​ជា​ជនរងគ្រោះ​ទារក​ដែល​នៅ​ក្នុង​ពោះ​ពួកគាត់​ក៏​ជា​ជនរងគ្រោះ​ដែរ​។

លោកស្រី​បន្ត​ថា​៖ «​យើង​ចោទ​ថា​គាត់​ធ្វើ​ខុស​ច្បាប់​ ប៉ុន្តែ​យើង​អត់​ទាន់​មាន​ច្បាប់​ត្រឹមត្រូវ​ដើម្បី​ទប់ទល់​នឹង​បញ្ហា​នេះ​ទេ ដូច្នេះ​យើង​ពិបាក​ឆ្លើយ​ថា គាត់​ជួញដូរ ព្រោះ​អត់​មាន​ច្បាប់​ពពោះ​ហើយ​យើង​យក​ច្បាប់​ជួញដូរ​មក​ដាក់​នៅក្នុង​ហ្នឹង​។ វា​អត់​សម​ទៅ​នឹង​ពេលវេលា ហើយ​និង​បច្ចេកទេស​ថ្មីៗ​ដែល​ប្រជាពលរដ្ឋ​ខែ្មរ​ស្តីពី​ករណី​ពពោះ យើង​ដើរ​អត់​ទាន់​នឹង​បច្ចេកទេស​គេ​ទេ​។ ​អ៊ីចឹង​ទៅ​បើ​មិន​មាន​ច្បាប់​គឺ​ស្ត្រី​ហ្នឹង​ហើយ​ជា​អ្នករងគ្រោះ​ផង​។ ​មិន​ដឹង​ថា​ទម្ងន់​ដោយសារ​លុយ​ ឬ​ក៏​ដោយសារ​ចង់​ជួយ​គេ​។ ខ្ញុំ​សូម​ឲ្យ​គេ​ពិចារណា​ឡើងវិញ​ភាព​យុត្តិធម៌ វា​អាច​កើតមាន​ឡើង​បាន​នៅពេល​ដែល​យើង​គ្រប់គ្រង​បាន​ស្ថានភាព​ហើយ​យើង​បាន​ផ្សព្វផ្សាយ​ច្បាប់​ដែល​យើង​បាន​រៀបចំ និង​គ្រប់គ្រង​បាន​ទូលំទូលាយ​។ នេះ​វា​ធ្វើឲ្យ​ខាត​ទាំងអស់​គ្នា​ជាពិសេស​ស្ត្រី​​ និង​កុមារ អ៊ីចឹង​វា​ជា​រឿង​ដែល​គួរ​ឲ្យ​សោកស្តាយ​យើង​មិន​គួរ​ឲ្យ​ស្ត្រី​ក្លាយ​ជា​ជនរងគ្រោះ​អ៊ីចឹង​ទេ​។ ធម្មតា​គ្នា​ធ្វើ​ដោយសារ​តែ​គ្នា​អត់​បាន​ដឹង​ថា​វា​ជា​រឿង​ខុសច្បាប់​»​។

លោក ប៉ុន ពុទ្ធបូរី អ្នកនាំពាក្យ​ក្រសួង​កិច្ចការនារី​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ក្រសួង​កិច្ចការនារី​នៅ​តែ​មាន​ការ​ព្រួយបារម្ភ ចំពោះ​ករណី​ស៊ីឈ្នួល​ពពោះ​ដែល​នៅ​តែ​បន្ត​កើតឡើង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក​បន្ត​ថា​៖ «​ក្រសួង​កិច្ចការ​នារី​កំពុង​ស្នើឲ្យ​មាន​កិច្ច​ប្រជុំ​មួយ​ពិភាក្សា​រឿង​ហ្នឹង​តទៅ​ទៀត​ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​ហ្នឹង​ធ្វើ​ម៉េច​ឲ្យ​ច្បាប់​ហ្នឹង​គ្រប​ដណ្តប់​ទៅ​លើ​រឿង​ហ្នឹង​។ ​សង្ឃឹម​ថា​កិច្ចប្រជុំ​នឹង​មាន​ក្នុង​ពេល​ឆាប់ៗ​។ យើង​កំពុង​មើល​សេចក្តី​ព្រាង​ទី​ ១ ​ថា​តើ​វា​បាន​គ្រប​ដណ្តប់​លើ​ករណី​ថ្មីៗ​អត់​? ស្ត្រី​មួយ​ចំនួន​គាត់​គួរតែ​ដឹង​ថា វា​ជា​បញ្ហា​»​។

ទន្ទឹម​នឹង​នេះ​ផង​ដែរ​សម្រាប់​ករណី​ឃុំ​ខ្លួន​បណ្តោះអាសន្ន​ស្ត្រី​ ៣២ នាក់​ករណី​ស៊ីឈ្នួល​ពពោះ​បើ​យោង​តាម​បុគ្គលិក​មន្ទីរពេទ្យ​ ១៦ ឧសភា បាន​និយាយ​ថា ក្នុង​ចំណោម​ស្ត្រី​ ៣២ ​នាក់​មាន​ស្ត្រី​ ១៨ នាក់​បាន​សម្រាល​កូន​រួចរាល់​ហើយ​មាន​ទារក​ចំនួន​ ១៤ ​នាក់ និង​មាន​ទារក​ ២ ​នាក់​រលូត​ក្នុង​អាយុ​ពី​ ១ ​ខែ​ទៅ​ ២ ​ខែ​នៅ​ក្នុង​ពោះ​ម្ដាយ​របស់​ពួកគេ និង​មាន​ស្លាប់​ ១ ​ករណី​មុន​បញ្ជូន​មក​មន្ទីរពេទ្យ​។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្រៃ្តយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការជួញដូរ​មនុស្ស​កាលពី​ម្សិលមិញ​មិន​អាច​ទាក់ទង​សុំ​ការបំភ្លឺ​បន្ថែម​បាន​ទេ​៕