ភ្នំពេញៈ មនុស្ស ២ នាក់ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅតុលាការពាក់ព័ន្ធនឹងការទទួលផែនការពីខាងក្រៅ ដើម្បីធ្វើការតវ៉ាឲ្យមានការដោះលែងលោក រ៉ុង ឈុន ដែលតុលាការបានសម្រេចឃុំខ្លួនកាលពីចុងសប្ដាហ៍ពាក់ព័ន្ធនឹងរឿងព្រំដែន។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា មនុស្ស ២ នាក់ដែលត្រូវចាប់ខ្លួនរួមមានឈ្មោះ ទុំ វុទ្ធី អតីតសមាជិកគណៈកម្មការប្រតិបត្តិ ខេត្តស្វាយរៀងនៃអតីតគណបក្សសង្គ្រោះជាតិ និងឈ្មោះ ឈួ ផេង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការតាមនីតិវិធីពាក់ព័ន្ធនឹងការញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមតាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
លោកថ្លែងថា៖ «អត់មានរឿងអីក្រៅពីទទួលបញ្ជាពីមេនៅក្រៅប្រទេសមកដោះលែង រ៉ុង ឈុន ទេ។ មានឯកសារមានសំឡេងស្រួលបួលណាស់នៃការទទួលបញ្ជាបានន័យថា បានរៀបចំផែនការប៉ុនប៉ងធ្វើសកម្មភាពតែម្ដង។ មិនមែនចេញពីឆន្ទៈអីឯណាទេ»។
លោកបន្តថា ក្រៅពីនេះមានមនុស្ស ២ នាក់ទៀតត្រូវបានសមត្ថកិច្ចអប់រំ ហើយឲ្យត្រឡប់ទៅផ្ទះវិញ។ អ្នកទាំង ២ នាក់នេះមានស្ត្រីឈ្មោះ ឈិន សុវណ្ណា មុខរបរ កម្មកររោងចក្រ និងឈ្មោះ អ៊ុក សំអូន អតីតចៅសង្កាត់ដង្កោនៃអតីតគណបក្សសង្គ្រោះជាតិ។
លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មិនអាចសុំការបញ្ជាក់ពីករណីចាប់ខ្លួនពាក់ព័ន្ធនឹងការញុះញង់បានទេកាលពីម្សិលមិញ។
ចំណែកលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងថា ជាទិដ្ឋភាពច្បាប់ បើសមត្ថកិច្ចរកឃើញថាមានធាតុផ្សំគ្រប់គ្រាន់ដែលបញ្ជាក់ថា សកម្មភាពរបស់បុគ្គលណាម្នាក់បង្កើតបានជាបទល្មើសនោះ អ្នកប្រព្រឹត្តប្រឈមមុខនឹងបទចោទទៅតាមច្បាប់កំណត់។ ប៉ុន្តែអ្នកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាថ្លែងថា សិទ្ធិក្នុងការប្រមូលផ្ដុំដោយសន្តិវិធីត្រូវបានធានាដោយច្បាប់ជាតិ និងអន្តរជាតិ។
អ្នកស្រីថ្លែងថា៖ «ការវាយបកលើពលរដ្ឋដែលអនុវត្តសិទ្ធិរបស់ពួកគេដោយស្របច្បាប់ក្នុងការធ្វើការប្រមូលផ្ដុំដោយសន្តិវិធីនោះគឺធ្វើឲ្យខូចដល់តួនាទីរបស់កម្ពុជាក្នុងការគោរពសិទ្ធិមនុស្ស ហើយវារឹតត្បិតបុគ្គលមិនឲ្យចូលរួមក្នុងសង្គម»។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនបណ្ដោះអាសន្នកាលពីថ្ងៃសៅរ៍ដោយចោទប្រកាន់ពីបទញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គមតាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
ការចោទប្រកាន់នេះធ្វើឡើងបន្ទាប់ពីលោកបានចុះទៅជួបពលរដ្ឋនៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ហើយពលរដ្ឋអះអាងថា កម្ពុជាបាត់ដីទៅវៀតណាម។ ប៉ុន្តែគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនច្រានចោលការលើកឡើងនេះ ហើយចាត់ទុកថាជាការញុះញង់ និងបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ៕