ភ្នំពេញៈ មន្ត្រី​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ម្សិលមិញ​ថា សមត្ថកិច្ច​បាន​បញ្ជូន​សមាជិក​ ៣ ​រូប ​របស់​​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ក្រោយពី​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​ទទួលបាន​ផែនការ​ពី​ក្រៅប្រទេស​គ្រោង​ធ្វើ​សកម្មភាព​ប្រមូលផ្តុំ​កម្លាំង ដាក់​ផែនការ​បាតុកម្ម​បង្ក​អសន្តិសុខ​។

លោក ឆាយ គឹមខឿន ​អ្នក​នាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​អះអាងថា ការចាប់ខ្លួន​សកម្មជន​អតីត​គណបក្ស​សង្គ្រោះជាតិ ៣ ​រូប​នេះ​ បាន​ធ្វើ​ដាច់​ដោយឡែកៗ​ពី​គ្នា​នៅក្នុង​ខេត្ត​សៀមរាប បន្ទាយមានជ័យ និង​នៅក្នុង​ទីក្រុង​ភ្នំពេញ​កាលពី​ចុង​សប្តាហ៍​មុន​។

លោក ឆាយ គឹមខឿន បាន​ថ្លែងប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​៖ «​យើង​បាន​ឃាត់ខ្លួន​ជន​ដែល​បាន​ទទួល​ផែនការ​ពី​ក្រៅ​ប្រទេស​ដែល​ប្រុង​ធ្វើ​សកម្មភាព​ប្រមូលផ្តុំ​កម្លាំង ប្រឆាំង​ជាមួយ​នឹង​ការ​អនុវត្ដ​ដីកា​តុលាការ​សម្រាប់​ទណ្ឌិត សម រង្ស៊ី ​ជាមួយ​នឹង​ផែនការ​បាតុកម្ម​បង្ក​អសន្តិសុខ ហើយ​យើង​ឃាត់ខ្លួន​បាន​ ៣ ​នាក់ ហើយ​យើង​បាន​បញ្ជូន​ទៅ​តុលាការ​អស់​ហើយ​ដើម្បី​បន្ត​​នីតិវិធី​»​។

អ្នកនាំពាក្យ​រូបនេះ​បាន​បដិសេធ​ផ្តល់​ព័ត៌មាន​លម្អិត​ពាក់ព័ន្ធ​ថា តើ​អ្នក​ទាំង​ ៣ ​នាក់​ខាងលើ​នេះ​បាន​ទទួល​​ផែនការ​ពី​លោក សម រង្ស៊ី ដោយ​របៀប​ណា​នោះ​ទេ​ដោយសារ​តែ​សំណុំ​រឿងនេះ​ស្ថិត​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​តុលាការ​។

លោក គឹមខឿន ថ្លែង​ថា​៖ «​យើង​មិន​ប្រហែស​ទេ យើង​មាន​ភ័ស្តុតាង​ច្បាស់លាស់​ហើយ​។ យើង​មិន​យក​ព័ត៌មាន​ពី​ហ្វេសប៊ុក​មក​ចាប់​គេ​បានទេ​ហើយ​ពាក់ព័ន្ធ​ថា​ពួកគាត់​ទទួល​ផែនការ​យ៉ាងណា វា​ហួស​សមត្ថកិច្ច នគរបាលជាតិ​ហើយ​សមត្ថកិច្ច​ខាង​តុលាការ​គាត់​គឺជា​អ្នក​​ពិនិត្យ​រឿងនេះ​»​។

ទោះជា​យ៉ាងណា​ក៏ដោយ​យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ចុះផ្សាយ​កាលពី​ថ្ងៃទី​ ១៤ ខែ​កញ្ញា​បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ ៦ ​នាក់​ដោយ​គ្មាន​ដីកា​រួម​មាន ១-លោក យ៉ាត ភារម្យ ២-លោក ទុំ ប៊ុនថន ៣-កញ្ញា យូ ចាន់ធានី ៤-​លោក លី ម៉េងឃាង ៥-លោក លី លីន និង ៦-លោក ឈុន ថៃយុទ្ធ ក្នុង​រយៈពេល ២ ​ថ្ងៃ​ កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​។

សេចក្ដី​ថ្លែងការណ៍​ដដែល​នេះ​បាន​ឲ្យ​ដឹងថា​៖ «​ការចាប់​ និង​ឃុំខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ខាងលើ​នេះ​គឺជា​ទង្វើ​រំលោភបំពាន​យ៉ាង​កម្រោល​លើ​ច្បាប់​ជាតិ និង​អន្តរជាតិ ព្រមទាំង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​សកម្មភាព​​ព្រៃផ្សៃ​ដូច​របប​ខ្មែរក្រហម​ដែល​បាន​ប្រើ​វិធី​ចាប់ចង និង​សម្លាប់​មនុស្ស​ដែល​គ្មាន​កំហុស​ដើម្បី​បង្ក្រាប និង​បំបាក់ស្មារតី​ប្រជាពលរដ្ឋ​ស្លូតត្រង់ មិន​ឲ្យ​ហ៊ាន​ងើប​ឡើង​តស៊ូ ទាមទារ​យុត្តិធម៌ និង​សិទ្ធិសេរីភាព​របស់​ខ្លួន​»​។

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​ច្រានចោល​សេចក្ដី​ថ្លែងការណ៍​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​ដោយ​អះអាង​ថា​ការចាប់​ខ្លួន​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងនោះ​គឺជា​នីតិវិធី​ច្បាប់​ត្រឹមត្រូវ ហើយ​ការចាប់​ខ្លួន​នេះ​មិន​រំលោភបំពាន​សិទ្ធិ​សេរី​របស់​ប្រជាពលរដ្ឋ​នោះទេ​តែ​ជា​ការទប់ស្កាត់​បទល្មើស​។

លោក ម៉ាលីន ថ្លែង​ថា​៖ «​ករណី​នេះ​មិនមែន​ជា​ការរឹតត្បិត​សិទិ្ធ​សេរីភាព​នោះទេ តែ​ដោយសារ​តែ​សមត្ថកិច្ច​បាន​រកឃើញ​ថា មាន​តម្រុយ​នៃ​បទល្មើស​​ដូច្នេះ​ជា​ចំណាត់ការ​ផ្លូវច្បាប់​សមត្ថកិច្ច​ហៅ​ពួកគេ​មក​សួរនាំ ហើយ​សមត្ថកិច្ច​បាន​រកឃើញ​ថា មាន​បទល្មើស​កើតឡើង​មែន គេ​បញ្ជូន​សំណុំរឿង​ទៅ​ព្រះរាជអាជ្ញា​ហើយ​ព្រះរាជអាជ្ញា​បន្ត​នីតិវិធី​ចោទប្រកាន់​»៕

វីដេអូ៖