ព្រះសីហនុៈ បុរស​ខ្មែរ ៥ ​នាក់​ និង​ចិន​ម្នាក់​ នៅក្នុង​ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​ចាប់ខ្លួន​ជា​​បន្តបន្ទាប់​គ្នា​កាលពី​ថ្ងៃទី​ ៨ ខែ​កញ្ញា ក្រោយពី​ជនរងគ្រោះ​ជា​ជនជាតិ​ចិន​ម្នាក់​ប្ដឹង ក្រោយពី​បុរស​ទាំងនោះ​ជំរិត​ទារប្រាក់​ដោយ​បាន​ចោទប្រកាន់​រឿង​កញ្ចប់​គ្រឿងញៀន​។

លោក ជួន ណារិន្ទ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា បុគ្គល​ ៦ ​នាក់​ ដែល​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ពាក់ព័ន្ធ​ករណី​បន្លំ​ខ្លួន​ធ្វើជា​សមត្ថកិច្ច ជំរិត​ទារប្រាក់​ពី​ជន​ជាតិចិន​អាច​ត្រូវ​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ក្រោយពី​សមត្ថកិច្ច​រៀបចំ​ឯកសារ​ផ្លូវច្បាប់​រួចរាល់​។

លោក ជួន ណារិន្ទ បាន​ប្រាប់ថា ក្រុម​ជនសង្ស័យ​បាន​ទទួល​ថវិកា​ចំនួន ២ ៣០០ ​ដុល្លារ ​រួចហើយ​ពី​ជនរងគ្រោះ ប៉ុន្តែ​នៅ​តែ​បន្ត​ជំរិត​ទារ​ទៀត​ឲ្យ​គ្រប់​ចំនួន​ ៤ ​ពាន់​ដុល្លារ​។

លោក ណារិន្ទ ថ្លែងថា​៖ «​ដោយ​ជនរងគ្រោះ​មិនអាច​រកប្រាក់​បង់​ឲ្យ​ក្រុម​ជនសង្ស័យ​បាន​ក៏​មក​កន្លែង​ផ្លូវច្បាប់ ដើម្បី​ឲ្យ​យើង​ជួយ​គាត់​។ អ៊ីចឹង​ទេ ក្នុង​នាម​នគរបាល​យុត្តិធម៌ យើង​ត្រូវតែ​ធ្វើ​កិច្ចការពារ​ទៅ​លើ​ជនរងគ្រោះ អ្វី​ក៏ដោយ​ឲ្យ​តែ​មាន​ភាពច្បាស់លាស់ យើង​នឹង​អនុវត្ត​ទៅ​តាម​នីតិវិធី​របស់​យើង​»​។

តាម​របាយការណ៍​កម្លាំង​​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​ ៦ ​នាក់​នោះ​មាន​ ៤ ​នាក់​បម្រើ​ការងារ​ឲ្យ​ស្ថាប័ន​សារព័ត៌មាន​នៅក្នុង​ខេត្ត ដូចជា ភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា​ញូវផ្លាស ភ្នាក់ងារ​សារព័ត៌មាន CAM POST ​ភ្នាក់ងារ​សារព័ត៌មាន NEWS Online​។

ចំណែក​ ២ ​នាក់​ផ្សេងទៀត​ជា​អ្នកម៉ៅការ​សំណង់ និង​ជួល​រថយន្ត​។ ក្រុម​ជនសង្ស័យ​ទាំង​ ៦ ​នាក់​នោះ​បាន​ធ្វើការ​ឆែកឆេរ​ក្នុង​រថយន្ត​របស់​ជនរងគ្រោះ ហើយ​បាន​ទម្លាក់​គ្រឿងញៀន​ ១ ​កញ្ចប់ នៅក្នុង​រថយន្ត​របស់​ជនរងគ្រោះ ដើម្បី​ចោទប្រកាន់​ថា គ្រឿងញៀន​ជា​របស់​ជនរងគ្រោះ​រួច​គំរាម​ទារប្រាក់​ពី​ជនរងគ្រោះ​ចំនួន​ ៤ ​ពាន់​ដុល្លារ​៕