ភ្នំពេញៈ ក្នុង​រយៈពេល​ ៣ ​ខែ​ដើម​ឆ្នាំនេះ​បាតុភូត​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់ បណ្តាល​ឲ្យ​មនុស្ស​ ៣ ​នាក់​ស្លាប់ ឯ​ ៥ ​នាក់​ទៀត​រងរបួស​ធ្ងន់-ស្រាល និង​បង្ក​ការខូចខាត​លំនៅឋាន​ប្រជាពលរដ្ឋ​ ១៥៦ ​ខ្នង ​ព្រមទាំង​អគារ​សាធារណៈ​របស់​រដ្ឋ​មួយចំនួន​ទៀត​។ នេះ​បើ​យោងតាម​ទិន្នន័យ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​ពី​អាជ្ញាធរ​មូលដ្ឋាន និង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​កាលពី​ថ្ងៃអាទិត្យ​។

លោក​ ទេព ពុំសែន អធិការ​ស្រុក​ពួក​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​បាន​បង្ក​ផលប៉ះពាល់​លំនៅឋាន​ប្រជាពលរដ្ឋ​ ៣៣ ​ខ្នង ​ក្នុង​ឃុំ​ចំនួន​ ៣ នៃ​ស្រុក​ពួក ខេត្ត​សៀមរាប​។ ក្នុងនោះ​លំនៅឋាន​ចំនួន​ ២៧ ​ខ្នង ​របស់​ពលរដ្ឋ​នៅ​ឃុំ​ត្រីញ័រ បាន​រង​ការខូចខាត​ដោយ​ប៉ើង​របើក​ដំបូល​ និង​បាក់​សំយាប ខណៈ​ផ្ទះ​ពលរដ្ឋ ៦ ​ខ្នង​ទៀត​នៅ​ឃុំ​ល្វា និង​ឃុំ​សសរស្ដម្ភ​បាន​ដួលរលំ និង​ត្រូវ​ភ្លើង​ឆេះ​។

លោក​ ពុំសែន បញ្ជាក់ថា​៖ «​នៅ​ល្ងាច​ថ្ងៃ​ ២៨ ខែមីនា​ហ្នឹង​មាន​ករណី​ភ្លៀង​កក់ខែ និង​ខ្យល់​កន្ត្រាក់​កើតឡើង​បណ្ដាល​ឲ្យ​ខូចខាត​ និង​ប៉ះពាល់​ដល់ផ្ទះ​ប្រជាពលរដ្ឋ​សរុប​ ៣៣ ​ខ្នង​។ ក្នុងនោះ​ផ្ទះ​ ៥ ​ខ្នង​បាន​ដួលរលំ​រាប​ដល់​ដី និង​ ១ ​ទៀត​ត្រូវ​ភ្លើង​ឆេះ ដែល​បង្ក​មកពី​ខ្យល់​បក់បោក​ខ្លាំង​បណ្ដាល​ឲ្យ​ខ្សែភ្លើង​ដែលមាន​ស្នាម​ដាច់​កកិត​ស្រាប់ ប៉ះគ្នា​បង្ក​ជា​ផ្ទុះ​ឆ្លង​ចរន្តអគ្គិសនី ឆេះ​ផ្ទះ​ពលរដ្ឋ​ ១ ​ខ្នង​នោះ​។ ប៉ុន្តែ​គ្មាន​ពលរដ្ឋ​ណា​ម្នាក់ ស្លាប់​ ឬ​រងរបួស​នៅក្នុង​ឧបទ្ទវហេតុនេះ​ទេ​»​។

រីឯ​ស្រុក​រុក្ខគិរី ខេត្តបាត់ដំបង មាន​ករណី​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​នេះ​កើតឡើង​ចំនួន​ ២ ​ថ្ងៃ​ជាប់ៗ​គ្នា​ផងដែរ គឺ​នៅ​ល្ងាច​ថ្ងៃ​ ២៨ និង​ល្ងាច​ថ្ងៃ​ ២៩ ​មីនា​។ ករណី​នេះ​បាន​បង្ក​ការខូចខាត​លំនៅឋាន​ប្រជាពលរដ្ឋ​នៅ​ឃុំ​បាសាក់ និង​ឃុំ​ស្ដុក​ប្រវឹក​សរុប​ ២២ ​ខ្នង​ និង​ដំបូល​អគារ​ស្នាក់នៅ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​រុក្ខគិរី​ ១ ​ខ្នង​ផងដែរ​។ នេះ​បើតាម​ការអះអាង​របស់​លោក​ ឆែ ម៉ាប់ អធិការ​ស្រុក​រុក្ខគិរី​កាលពី​ថ្ងៃទី​ ២៩ មីនា​។

ទីប្រឹក្សា​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​លោក​ កែវ វី បញ្ជាក់​កាលពី​ថ្ងៃទី​ ២៩ ខែមីនា ថា​ករណី​ភ្លៀង និង​ខ្យល់​កន្ត្រាក់​ដែល​បាន​កើតឡើង​នៅ​ស្រុក​ពួក​ខេត្ត​សៀមរាប​ និង​ស្រុក​រុក្ខគិរី​ខេត្តបាត់ដំបង​បាន​ធ្វើឲ្យ​តួលេខ​លំនៅឋាន​ពលរដ្ឋ ដែល​រង​ការខូចខាត​ក្នុង​រយៈពេល​ ៣ ​ខែ​ដើម​ឆ្នាំ​នេះ​កើន​ដល់​ ១៥៦ ​ខ្នង​ផ្ទះ​។

លោក​ កែវ វី បាន​ថ្លែងថា​៖ «​បាតុភូត​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​ក្នុង​រយៈពេល​ ៣ ​ខែ ដើមឆ្នាំ​ ២០២០ បាន​កើតឡើង​ចំនួន​ ២៤ ​លើក​។ ចំនួន​នេះ​មានការ​ថយចុះ​ចំនួន​ ១៥ ​លើក​បើ​ធៀប​ទៅនឹង​ឆ្នាំមុន​ក្នុង​រយៈពេល​ដូចគ្នានេះ​។ ប៉ុន្តែ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ និង​រងរបួស​ដោយ​បាតុភូត​នេះ​មាន​ចំនួន​ ៧ ​នាក់ គឺ​ប្រហាក់ប្រហែល​គ្នា​ទៅនឹង​ឆ្នាំមុន​ក្នុង​រយៈពេល​ដូចគ្នានេះ​។

លោក​បញ្ជាក់ថា​៖ «​ក្នុង​រយៈពេល​ ៣ ​ខែ​ដើមឆ្នាំ​ ២០២០ ​នេះ​បាតុភូត​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​បាន​បង្ក​ឲ្យ​មនុស្ស​ ២ ​នាក់​ស្លាប់​ និង​ ៥ ​នាក់​ទៀត​រងរបួស​ធ្ងន់​ និង​ស្រាល​។ ក្នុង​រយៈពេល​ដូចគ្នានេះ​កាលពី​ឆ្នាំ​មុន​បាតុភូត​នេះ​បាន​បង្ក​ឲ្យ​មនុស្ស​ ៧ ​នាក់​រងរបួស​ ប៉ុន្តែ​គ្មាន​អ្នកស្លាប់​នោះទេ​»​។

លោក​ កែវ វី ឲ្យ​ដឹង​ទៀតថា​៖ «​ដោយឡែក​បាតុភូត​រន្ទះបាញ់​នៅក្នុង​រយៈពេល​ ៣ ​ខែ​ដើម​ឆ្នាំនេះ​បាន​សម្លាប់​មនុស្ស​តែ​ម្នាក់​ប៉ុណ្ណោះ​នៅ​ខេត្ត​តាកែវ​ដែល​តួលេខ​នេះ​បាន​ថយចុះ​រហូតដល់​ ៣ ​ដង​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ដែល​មាន​មនុស្ស​ ៣ ​នាក់​ស្លាប់ និង​ ៣ ​នាក់​ទៀត​បាន​រងរបួស​»​។

ក្រសួង​ធនធានទឹក និង​ឧតុនិយម​កាលពី​ពេល​ថ្មីៗ​នេះ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ដែល​ងាយ​រងគ្រោះ​ដោយសារ​បាតុភូត​ខាងលើនេះ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ខ្យល់​កន្ត្រាក់ និង​ផ្គររន្ទះ​។

ជាមួយ​គ្នា​នេះ​ក្រសួង​បានប្រកាស​ថា​នៅពេល​នេះ​សីតុណ្ហភាព​អតិបរមា​ស្ថិតក្នុង​រង្វង់​ ៣៤-៣៨ អង្សាសេ ហើយ​ភ្លៀង​កក់ខែ​ក៏​នឹង​កើតមាន​ស្ទើរ​គ្រប់​ទីកន្លែង​ទូទាំង​ប្រទេស​ផងដែរ​។ ប៉ុន្តែ​ក្នុង​អំឡុងពេល​មាន​ភ្លៀង​កក់ខែ​នេះ «​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​នឹង​បន្ត​កើតមាន​កាន់តែ​ច្រើនឡើង​នៅមុន​ និង​ក្នុងអំឡុងពេល​មេឃ​កំពុងមាន​ភ្លៀង​ធ្លាក់​។ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​គ្រោះ​ធម្មជាតិ​ដែល​អាច​នឹង​កើតមាន​»៕