ភ្នំពេញៈ មន្ត្រី​អង្គ​ការ​សង្គម​ស៊ី​វិល​ប្រមាណ​ ៣០០ នាក់​ មក​ពី​ទូទាំងប្រទេស​ កាល​ពី​ម្សិល​មិញ​បាន​រួម​គ្នា​ប្រារព្ធទិវា​សង្គម​ស៊ីវិល​លើ​ប្រធានបទ​ ភាព​ជា​ដៃ​គូ​ប្រកប​ដោយ​បរិ​យា​ប័​ន្ន​សម្រាប់​ការ​អភិ​វឌ្ឍ​តាម​បែប​ប្រជា​ធិប​តេយ្យ ​និង​ប្រកប​ដោយ​ចីរ​ភាព នៅ​សណ្ឋាគារ​កាំបូឌី​យ៉ា​ណា ​ភ្នំ​ពេញ​ ​ដើម្បី​ចែក​រំលែក​​បញ្ហា​ប្រឈម​នានា​ ខណៈ​ក្រសួង​មហាផ្ទៃ​ ចាប់​ផ្តើម​ដំណើរ​ការ​ជំរឿន​លើ​អង្គការ​សមា​គម​ទាំង​នេះ ​នៅ​អំឡុង​ខែ​មេសា​ខាង​មុខ​ ដើម្បី​ដឹង​ពី​ចំនួន​ជាក់​លាក់​ដែល​កំពុង​មាន​វត្តមាន​នៅ​កម្ពុជា។

​លោក​ស្រី ​ហ៊ុន ​បូរ​មី​ នាយិ​កា​ប្រចាំ​ប្រទេស​នៃ​​អង្គការ​ ActionAid ​និង​ជា​ប្រធាន​គណៈ​កម្មការ​ប្រតិ​បត្តិ​របស់​គណៈ​កម្មា​ធិការ​សហ​ប្រតិ​បត្តិ​ការ​ដើម្បី​កម្ពុជា​ CCC​ បាន​និយាយ​ថា ​ទិវា​នេះ ​នឹង​អាច​ក្លាយ​ជា​វេទិកា​ប្រចាំ​ឆ្នាំ​មួយ​សម្រាប់​អង្គការ​សង្គម​ស៊ីវិល ​ធ្វើ​ការ​រួ​ម​​គ្នា ក្នុង​ការ​លើក​កម្ពស់​អភិ​បាល​កិច្ច​ល្អ ​និង​​ការ​ការពារ​សិទ្ធិ​មនុស្ស។

លោក​ស្រី​បញ្ជាក់​ថា​៖​ «​វេទិកា​នេះ ​ក៏​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​និន្នា​ការ​អភិ​វឌ្ឍ​ និង​ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ក្នុង​ចំ​ណោម​​អង្គ​ការ​សង្គម​ស៊ីវិល​ជា​ដៃ​គូ និង​រាជ​រដ្ឋា​ភិបាល​ផង​ដែរ»។​

​​យោង​តាម​ក្រសួង​មហា​ផ្ទៃ​បាន​ឲ្យ​ដឹង​ថា​ តាំង​ពី​ឆ្នាំ ១៩៩៣​ មក​ ប្រទេស​កម្ពុជា​ មាន​អង្គការ​ សមា​គម​ក្នុង​ស្រុក​ចំនួន ៥ ៣៨៦ បាន​ចុះ​ប​ញ្ចី ​ក្នុង​នោះ​សមា​គម​ មាន​ចំនួន​ ២ ១៣៥​ និង​អង្គការ​មិន​មែន​រដ្ឋាភិ​បាល​ចំនួន​ ៣ ២៥១​ សមា​គម ​ហើយ​ក្នុង​ចំ​ណោម​អង្គការ​សមា​គម​ទាំង​នោះ​ គឺ​មាន​តែ​ចំនួន​ជិត​ ២ ០០០​ ស្ថាប័ន​ប៉ុណ្ណោះ ​ដែល​បាន​បំពេញ​កា​តព្វ​កិច្ច​នៅ​ក្នុង​ឆ្នាំ ​២០១៦​ និង​ឆ្នាំ ២០១៧។

​លោក​ ប៊ុន​ ហុន ​រដ្ឋ​លេខា​ធិការ​ក្រសួង​មហា​ផ្ទៃ ​ទទួល​បន្ទុក​កិច្ចការ​ទំនាក់​ទំនង​ជា​មួយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​លើក​ឡើង​​នៅ​ក្នុង​ទិវា​សង្គម​ស៊ីវិល​កាល​ពី​ម្សិល​មិញ​ថា ​ក្នុង​ចំណោម​អង្គការ​ សមា​គម​នោះ​ គឺ​មាន​តែ​អង្គ​ការ​ សមាគម​ចំនួន​ ៤៩៩ ប៉ុណ្ណោះ ​ដែល​បាន​ផ្តល់​របាយ​ការណ៍​ផ្នែក​ហិរញ្ញ​វត្ថុ ​និង​ផែន​ការ​ប្រចាំ​ឆ្នាំ​របស់​ពួក​គេ​មក​កាន់​ក្រសួង​មហា​ផ្ទៃ​ បើ​ទោះ​ជា​ក្រសួង​ធ្លាប់​បាន​ចេញ​សេច​ក្តី​ប្រកាស​ចំនួន​ ២ លើក​រួច​មក​ហើយ​ពី​បញ្ហា​នេះ។​

​​លោក ​ប៊ុន​ ហុន​ ថ្លែង​ថា​ ក្រសួង​ បាន​ព្រមព្រៀង​ជា​មួយ​អង្គការ​ CCC​ ក្នុង​ការ​ធ្វើ​ជំរឿន​សមា​គម​ និង​អង្គការ​មិនមែន​រដ្ឋាភិ​បាល​ ដែល​បាន​តម្កល់​ឯក​សារ ​និង​ចុះ​ឈ្មោះ​ក្នុង​ប​ញ្ចី​នៅ​ក្រសួង​មហាផ្ទៃ ​ហើយ​ការ​ធ្វើ​ជំ​រឿន​នេះ​ គឺ​ដើម្បី​ពិនិត្យ​ឡើង​វិញ​នូវ​ចំនួន​ពិត​ប្រាកដ​របស់​សមា​គម​ និង​អង្គការ​មិ​ន​មែន​រដ្ឋា​ភិ​បាល​ ដែល​កំពុង​ដំណើរ​ការ​ និង​ធ្វើ​សកម្មភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

​លោក​បញ្ជាក់​ថា​៖​ «​យើង​ចង់​រក​តួលេ​ខ​ពិត​ មិន​ចង់​ឲ្យ​តួលេខ​នេះ​ វា​ប៉ោង​ ព្រោះ​អង្គការ​ខ្លះ​ តាំ​ង​ពី​បង្កើត​មក​ មិន​ដែល​ធ្វើ​សកម្ម​ភាព​សោះ​។​ ​តែ​បើ​យើង​ធ្វើ​ជំរឿន​ហើយ ​ក៏​យើង​មិន​ទាន់​ធ្វើ​អី​គាត់​ដែរ​ គឺ​យើង​នឹង​ពិនិត្យ​ពិភា​ក្សា​គ្នា​​រក​ដំណោះ​ស្រាយ​សិន​ ព្រោះ​យើង​មិន​ចង់​ធ្វើ​វិធាន​ការ​ក្តៅ​នោះ​ទេ​ ដែល​នាំ​ឲ្យ​មាន​ការ​យល់​ច្រឡំ​​គ្នា​នោះ»។

​លោក​ស្រី​ ស៊ិន​ ពុទ្ធា​រី​ ប្រធាន​ទំនាក់​ទំនង​ និង​អភិ​វឌ្ឍ​ន៍ សមា​ជិក​នៃ​ CCC​ ​បាន​និយាយ​ថា​ កា​រ​ធ្វើ​ជំរឿន​នឹង​ចាប់ផ្តើម​នៅ​អំឡុង​ខែ​មេសា​ខាង​មុខ ​ខណៈ​បច្ចុ​ប្បន្ន​ គឺ​ក្រុម​ការងារ​ បាន​ព្យាយាម​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​នេះ​ឲ្យ​បាន​ទូលំទូលាយ​ ទៅ​ដល់​អង្គ​ការ​សមាគម​ទាំង​អស់​ទូទាំង​ប្រទេស។​​

លោក​ស្រី​ថា​៖ ​«​ក្នុង​ឆ្នាំ ​២០១៩ ​នេះ​ ធ្វើការ​ស្រង់នូវ​ទិន្ន​ន័យ​អង្គការសង្គម​​ស៊ីវិល​ពិត​ប្រាកដ​ រយៈពេល ៣ ខែ»។

លោក​ស្រី ​នេ​ត​ ចិន្តា ​នាយិកា​ប្រតិ​បត្តិ​អង្គ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដល់​សេវា​ព្យាបាល​ ការ​ប្រាស្រ័យ​ទាក់​ទង​ និង​លេប​អាហារ​នៅ​កម្ពុជា ​(​OIC​)​ បាន​ថ្លែង​ថា​ បើ​សិន​ជា​ការ​ធ្វើ​នេះគ្រាន់​តែ​ចង់​ផ្ទៀង​ផ្ទាត់​ចំនួន​អង្គការ​សមា​គម​ ដែល​កំពុ​ង​ធ្វើការ​នៅ​កម្ពុជា​ វា​នឹង​មាន​ប្រយោជន៍។​

លោក​ស្រី​ថ្លែង​ថា​៖​ «​បើ​ការ​ជំរឿន​ ជា​ការ​ដាក់​បន្ទុក​ ឬ​គាប​សង្កត់​មក​លើ​អង្គការ​សមា​គម នេះ​ជា​ក្តី​បារម្ភ​មួយ​របស់​ខ្ញុំ​។​ ខ្ញុំ​សង្ឃឹម​ថា​ ខាង​រដ្ឋាភិ​បាល​មិន​មាន​ចេត​នា​បែប​ហ្នឹង​ទេ ​ហើយ​រដ្ឋាភិ​បាល​នឹង​មាន​វិធី​សាស្ត្រ​ ក្នុង​ការ​ជួយ​ទៅ​ដល់​អង្គការ​សមា​គម ​ព្រោះ​បាន​ផ្តល់​ផល​ប្រយោ​ជ​ន៍​ជា​ច្រើន​ដល់​ប្រជាពលរដ្ឋ»៕​