
លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង សមាជិកក្រុមប្រឹិក្សាពិគ្រោះនិងផ្ដល់យោបល់។ រូបថត ហ្វេសប៊ុក Wiliam Gaung
ព្រះសីហនុ: សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោកបានអះអាងថា លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ លោកឧកញ៉ា ស៊ីវ គង់ទ្រីវ និងលោក ឧកញ៉ា លី យ៉ុងផាត់ បានឃុបឃិតគ្នាយកដីរដ្ឋខុសច្បាប់ នៅភូមិចំណោតរាម ឃុំបិតត្រាំង ក្រុងព្រះសីហនុ ប៉ុន្ដែមន្ត្រីអះអាងថាជារឿងមិនពិត។
លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ និងជាប្រធានគណបក្សខ្មែរក្រោកបានថ្លែងនៅថ្ងៃទី ២ ខែធ្នូ នេះថា លោកបានប្រមូលភ័ស្ដុតាងជាក់លាក់មួយចំនួន ទាក់ទងនឹងមន្ត្រីទាំងនោះ ពីករណីឃុបឃិតគ្នា យកដីរដ្ឋខុសច្បាប់ នៅភូមិចំណោតរាម ក្នុងតំបន់ឧទ្យានជាតិរាមជាច្រើនហិកតា។
លោក បន្តថា ករណីនេះ ត្រូវបានក្រុមការងារមកពីគណបក្សខ្មែរក្រោកលើកឡើងក្នុងអង្គប្រជុំរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់កាលពីថ្ងៃ ទី ៣០ វិច្ឆិកា ដោយបានដាក់របាយការណ៍ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសម្រេចចាត់វិធានការតាមច្បាប់។
លោក វឌ្ឍនាសាប៊ុង បានបញ្ជាក់ថា៖ «បើរកឃើញថា ពួកគាត់ពិតបានរំលោភយកដីរដ្ឋមែន រដ្ឋាភិបាល ត្រូវតែមានវិធានការជាចាំបាច់ មិនអាចឲ្យជនពាក់ព័ន្ធទាំងនោះនៅក្រៅសំណាញ់ច្បាប់បានទេ ព្រោះប្លង់ស្លាបមាន់របស់ឧកញ៉ា ស៊ីវ គង់ទ្រីវ កាន់កាប់នោះត្រូវបាន គេចាត់ទុកជានិរាករណ៍អស់ហើយ»។
តាមរបាយការណ៍របស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោកដែលបានចេញផ្សាយកាលពីថ្ងៃទី ៣០ វិច្ឆិកា បង្ហាញថា រាជរដ្ឋាភិបាលបានចេញ សជណ លេខ ៥៨៤ ចុះថ្ងៃទី ០៧ ខែ មេសា ឆ្នាំ ២០០៦ សម្រេចយកផែនទីគម្របព្រៃឈើឆ្នាំ ២០០២ ជាការកំណត់ព្រំប្រទល់ព្រៃឈើកម្ពុជា។
ដូចនេះប្លង់ស្លាបមាន់របស់ឧកញ៉ា សីវ គង់ទ្រីវ ដែលមានដីក្នុងតំបន់នេះគឺត្រូវបានចាត់ទុកជានិរាករណ៍ និងត្រូវរឹបអូសទុកជាកម្មសិទ្ធិរបស់រដ្ឋវិញ ប៉ុន្ដែលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ចាត់ទុកដីនោះ ជារបស់ឧកញ៉ា ស៊ីវ គង់ទ្រីវ ព្រមទាំងបានផ្ទេរសិទ្ធិ ទៅឲ្យលោក ឧកញ៉ា លី យ៉ុងផាត់ ថែមទៀតផង។
របាយការណ៍នេះថា កន្លងមក អតីតអភិបាលខេត្តព្រះសីហនុ លោក សាយហាក់ ក៏ធ្លាប់បានចេញសេចក្ដីប្រកាសលេខ ០២ដក ចុះថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០០៦ ដោយយោងតាមច្បាប់ជាធរមានថា ត្រូវរឹបអូសដីទាំងនោះមកទុកជារបស់រដ្ឋវិញដែរ។
របាយការណ៍បន្ថែមថា តាមលិខិតលេខ ០៨៥/១៨លបក ដាច់ដោយឡែកមួយរបស់លោក យន្ត មីន ក៏បានបញ្ជាឲ្យបង្កើតគណៈកម្មាធិការចុះវាស់វែងលើដីរបស់រដ្ឋនេះផងដែរ ជាពិសេសរដ្ឋបាលខេត្តព្រះសីហនុពុះវាស់វែងបញ្ជាក់ដីរដ្ឋឲ្យឯកជនយ៉ាងអនាធិបតេយ្យ ប៉ុន្តែថ្មីៗនេះ មន្ទីរបរិស្ថានខេត្ត និងក្រសួងបរិស្ថានបានចេញសេចក្ដីប្រកាសលេខ ៩៣២ សជណ រួចមកហើយ ស្ដីពីការទាមទារឲ្យជនពាក់ព័ន្ធនឹងដីគម្របព្រៃទាំងនោះបញ្ឈប់សកម្មភាពទន្ទ្រានយកដីគម្របព្រៃឈើរបស់រដ្ឋតទៅទៀត។
របាយការណ៍បន្តថា «ក្នុងនាមជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ស្នើសុំឲ្យមានការសិក្សាលម្អិតច្បាស់លាស់មួយ ដោយរៀបចំគណៈកម្មការចម្រុះថ្នាក់ជាតិ និងអាជ្ញាធរដែនដី ដើម្បីសិក្សាករណីមិនប្រក្រតីនេះ។ ដាក់វិធានការយ៉ាងម៉ឺងម៉ាត់ឲ្យជនពាក់ព័ន្ធខាងលើទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន និងសុំឲ្យអង្គភាពអំពើពុករលួយពិចារណាស៊ើបអង្កេតចំពោះករណីគួរឲ្យសង្ស័យនេះ»។
លោក ឧកញ៉ា គង់ ទ្រីវ និងលោកឧកញ៉ាលី យ៉ុងផាត់ មិនអាចទាក់ទងសុំការបំភ្លឺបានទេប៉ុន្តែ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២ ធ្នូនេះ សុំថ្លែងមិនលម្អិតជុំវិញករណីនេះ ប៉ុន្ដែលោក ប្រាប់ថា ការចោទប្រកាន់នេះ គឺជារឿងមិនពិត។
លោកថា៖ «ខ្ញុំបានទទួលព័ត៌មាននេះហើយ ការពិតខ្ញុំអត់ចង់ឆ្លើយទេ វាជាការងាររបស់អ្នកនាំពាក្យសាលាខេត្តទេ ប៉ុន្ដែបើលោកសួរទៅហើយ ខ្ញុំសុំជម្រាបខ្លីទៅចុះថា រឿងនេះមិនមែនជារឿងពិតទេ ខ្ញុំធ្វើការអ្វីមួយ គឺយោងទៅតាមច្បាប់ ហើយក្រសួងមហាផ្ទៃក៏បានចុះមកអង្កេតផ្ទាល់ម្ដងហើយ វាគ្មានអ្វីទេ។ អ៊ីចឹង ខ្ញុំសុំនិយាយតែប៉ុណ្ណឹងទេ»៕