ព្រះសីហនុៈ មន្ត្រីខេត្ត​ព្រះសីហនុ​​បាន​អះអាង​កាលពី​ម្សិលមិញ​ថា ស្ថានភាព​នៃ​ការអភិវឌ្ឍ​សន្ដិសុខ សណ្ដាប់ធ្នាប់​ក្នុង​ខេត្ដ​ព្រះសីហនុ​នាពេល​បច្ចុប្បន្ន​មាន​ភាព​វិជ្ជមាន​ច្រើន​ជាពិសេស​ ក្រោយពី​អភិបាលខេត្ដ​ថ្មី​លោក គួច ចំរើន ឡើងកាន់​តំណែង​បាន​ជិត​ ៤ ​ខែ ប៉ុន្តែ​មន្ត្រី​អង្គការ​មួយ​នៅតែ​មើលឃើញ​ពី​ភាពខ្វះ​ចន្លោះ​ក្នុង​ខេត្ត​នេះ​នៅឡើយ​។

លោក ឃាង ភារម្យ អ្នកនាំពាក្យ​សាលា​ខេត្ដ​ព្រះសីហនុ​ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា សន្ដិសុខ​សណ្ដាប់ធ្នាប់​ក្នុង​ខេត្ដ​ព្រះសីហនុ​គឺ​មាន​ការរឹតបន្ដឹង​ខ្លាំង បន្ទាប់ពី​រាជរដ្ឋាភិបាល​បិទ​អាជីវកម្ម​បើក​កាស៊ីណូ​អនឡាញ​ដែល​ធ្វើឲ្យ​សកម្មភាព​ជនបរទេស​ជាតិចិន​មិន​សូវ​ច្របូកច្របល់​ដូច​មុន​។ ប៉ុន្ដែ​ក៏មាន​ចំណុច​អសកម្ម​មួយ​ចំនួន​តូច​បាន​កើតឡើង​ផងដែរ​។

លោក​ថ្លែងថា​៖ «​យើង​សង្ឃឹម​ថា វា​នឹង​ល្អ​ទាំង​ព្រម​នៅពេល​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងអស់​បាន​រៀបចំ​រួចរាល់​វា​នឹង​ធ្វើឲ្យ​ខេត្ដ​ព្រះសីហនុ​ជាពិសេស​ទីប្រជុំជន អាច​ឆ្លើយតប​ទៅនឹង​កំណើន​នៃ​ការអភិវឌ្ឍ​បាន​។ ​ក្រុង​ព្រះសីហនុ​នឹង​អាច​ទៅ​ជា​ទីក្រុង​មួយ​មាន​ការរីកចម្រើន ស៊ីវិល័យ និង​ជា​ក្រុង​គំរូ ពហុបំណង ចំពោះ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ប្រទេស​កម្ពុជា​»​។

លោក​បញ្ជាក់ថា​៖ «​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​ក្រោម​ការដឹកនាំ​របស់​ឯកឧត្ដម​អភិបាលខេត្ដ គួច ចំរើន គឺ​មាន​ផែនការ​ច្បាស់លាស់​ណាស់​ព្រោះ​ឯកឧត្ដម​ធ្វើ​ការងារ​ទៅ​តាម​ផែនការ​មិនមែន​ធ្វើ​តាម​អារម្មណ៍​ទេ​»​។

លោក ភារម្យ បាន​ឲ្យ​ដឹងថា​លោក គួច ចំរើន បាន​យក​ផែនការ​អភិវឌ្ឍន៍​ខេត្ដ​ព្រះសីហនុ​ជា​គោល និង​បាន​បំបែក​ផែនការ​ជា​វិស័យ​តូចៗ​ដើម្បី​ធ្វើ​ការងារ​។ ​ដូច្នេះ​គ្រប់​មន្ទីរ និង​អង្គភាព​ទាំងអស់​សុទ្ធតែ​មាន​ផែនការ​សម្រាប់​​ធ្វើ​ការងារ​ច្បាស់លាស់​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​គិត​ថា ពេល​រដ្ឋបាល​ខេត្ដ​យើង ធ្វើ​ការងារ​ប្រកប​ដោយ​ផែនការ​ច្បាស់លាស់ ជា​លក្ខណៈ​ប្រព័ន្ធ​បែបនេះ យើង​នឹង​ទទួល​បាន​ជោគជ័យ​។ យើង​បានឃើញ​សញ្ញាណ​វិជ្ជមាន​នៃ​ការអភិវឌ្ឍ​ចំពោះមុខ​ហើយ​។ រដ្ឋបាល​ខេត្ដ​រួម​នឹង​មន្ត្រី​មកពី​ក្រសួង​ពាក់ព័ន្ធ​បាន​បំពេញ​ការងារ​តាម​ជំនាញ​រៀងៗ​ខ្លួន​សំដៅ​ធ្វើឲ្យ​ខេត្ដ​ព្រះសីហនុ​រីកចម្រើន​កាន់តែ​ខ្លាំង​ឡើង​»​។

ថ្លែង​នៅក្នុង​ពិធី​តែងតាំង​លោក គួច ចំរើន ជា​អភិបាលខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​ ២៩ ខែ​មិថុនា​កន្លង​ទៅ​លោក​ឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​ធ្លាប់​បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​ខេត្ត​ព្រះសីហនុ​កំពុង​ជួបប្រទះ​ដោយ​លោក​ស្នើឲ្យ​ដោះស្រាយ​ជាបន្ទាន់​។

បើ​តាម​លោក ស ខេង បញ្ហា​ប្រឈម​ទាំងនោះ​រួមមាន ទំនាស់​ដីធ្លី​,​ការគ្រប់គ្រង​ដីធ្លី គុណភាព​សំណង់​សន្ដិសុខ​នៅ​កោះរ៉ុង និង​បណ្ដា​កោះ​ដែល​ចំណុះ​ឲ្យ​ក្រុង​ព្រះសីហនុ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​គមនាគមន៍ និង​បញ្ហា​លូទឹកកខ្វក់​ទឹកភ្លៀង​ជាដើម​។ ប៉ុន្ដែ​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន កាលពី​ខែ​មិថុនា​ធ្លាប់​បាន​សរសើរ​លោក​ ​គួច ចំរើន ថា​ជា​មនុស្ស​មាន​សមត្ថភាព និង​យល់ដឹង​អំពី​ការងារ​គ្រប់គ្រង​រដ្ឋបាល​បាន​ល្អ​។

កាលពី​ថ្ងៃទី​ ៩ ​ខែ​តុលា​ថ្មីៗ​នេះ​គណ:ប្រតិភូ​វិនិយោគ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ចិន​ ៤០ ​ក្រុមហ៊ុន​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​ខេត្ត​ព្រះសីហនុ និង​ជួបពិភាក្សា​ជាមួយ​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​ដើម្បី​ស្វែងយល់​ពី​សក្តានុពល​វិនិយោគ និង​ទេសចរណ៍​នៅក្នុង​ខេត្ត​នេះ​។

នៅក្នុង​ជំនួប​នោះ​លោក គួច ចំរើន បាន​ថ្លែងថា រាជរដ្ឋាភិបាល​បាន​កំណត់​ខេត្ត​ព្រះសីហនុ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​ធ្វើឱ្យ​ខេត្ត​មាន​ការប្រែប្រួល ខណៈ​ពីមុន​ខេត្ត​នេះ​ជា​​ខេត្ត​ទេសចរណ៍​ ប៉ុន្ដែ​មកទល់​បច្ចុប្បន្ន​ជា​ខេត្ត​ពាណិជ្ជកម្ម​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​ ៥ ​កំពុង​ដំណើរការ​ ​និង​ ៤ ​ទៀត​កំពុង​ត្រៀម​ដំណើរការ ខណៈ​មាន​ក្រុមហ៊ុន​ប្រមាណ​ ៣០០ បាន​មក​វិនិយោគ​ និង​បានផ្តល់​ការងារ​ជូន​ពលរដ្ឋ​ជាង​ ៨ ​ម៉ឺន​នាក់​។

លោក​ថ្លែងថា​៖ «​មាន​សក្តានុពល​​ជាច្រើន​ផ្សេងទៀត​បាន​ផ្តល់​ឱកាស​ដល់​អ្នកវិនិយោគទុន​ដើម្បី​ពិនិត្យ និង​​ធ្វើការ​សិក្សា​លើ​ការវិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​។ បច្ចុប្បន្ន​មាន​ការវិនិយោគ​ផ្នែក​ឧស្សាហកម្ម​ធុន​ស្រាល យើង​ចង់​មាន​ឧស្សាហកម្ម​ធុន​ធ្ងន់​បន្ថែម​ទៀត​»​។

លោក HONG ZUBIN ប្រធាន​គណ:ប្រតិភូ វិនិយោគ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ចិន​បាន​ថ្លែងថា​៖ «​ខេត្ត​ព្រះសីហនុ​មាន​ការអភិវឌ្ឍ​រីកចម្រើន​យ៉ាង​លឿន​ក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ខេត្ត​​ទាក់ទង​ហេដ្ឋារចនាសម្ព័ន្ធ​វិស័យ​សំណង់​នានា​មាន​ការរីកចម្រើន​។ ​ប្រតិភូ​ក៏​ចង់ដឹង​ពី​វិស័យ​សំណង់ អចលនទ្រព្យ​​ឧស្សាហកម្ម កសិកម្ម ការវេចខ្ចប់ ការកែច្នៃ​ផលិតផល​កសិកម្ម ហើយ​សង្ឃឹម​ថា​នឹង​មាន​កិច្ចសហប្រតិបត្តិការ​កាន់តែ​ល្អ​បន្ថែម​ទៀត​នាពេល​ខាង​មុខ​»​។

យ៉ាងណាក្ដី​លោក សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា​ (CNRO) ​បាន​ថ្លែង​ថា ស្ថានភាព​នៅ​ខេត្ដ​ព្រះសីហនុ បច្ចុប្បន្ន​នៅ​មិន​ទាន់​ប្រសើរ​ទេ ទាំង​ផ្នែក​សន្ដិសុខ សណ្ដាប់ធ្នាប់ បញ្ហា​ចរាចរណ៍ វិវាទ​ដីធ្លី ការទន្ទ្រាន​ដីធ្លី​នៅ​តំបន់​ឧទ្យាន​ជាតិ និង​តំបន់ឆ្នេរ​ជាដើម​។

លោក​ថា​៖ «​បញ្ហា​ចរាចរណ៍​នៅតែ​​កកស្ទះ ហេដ្ឋារចនាសម្ព័ន្ធ​រង​ការ​ខូចខាត​ខ្លាំង​មិន​ទាន់​ស្ដារ​ឡើង​វិញ​បាន​នៅឡើយ​។ ចំណែក​ករណី​បាញ់​បោះ​អំពើ​ឃាតកម្ម​នៅតែ​កើតមាន ទោះបី​មាន​ការបង្ក្រាប​ទាន់ពេល​ក្ដី​»​។

ទន្ទឹមនឹងនេះ​លោក សុខុម ក៏​បាន​រិះគន់​ពី​បញ្ហា​បរិស្ថាន​ផងដែរ ខណៈ​លោក​ឃើញ​សំរាម​ក្នុង​ក្រុងព្រះសីហនុ​នៅ​មាន​ភាព​អួអាប់​នៅឡើយ​។

លោក​ថា​៖ «​ខ្ញុំ​សូម​ឲ្យ​រដ្ឋបាល​ខេត្ដ​ពង្រឹង​ការដោះស្រាយ​បញ្ហា​ឱ្យមាន​ប្រសិទ្ធភាព​គ្រប់​ករណី​ទាំងអស់​។ ​ត្រូវតែ​រួមគ្នា​ដោះស្រាយ​ទើប​មាន​ប្រសិទ្ធភាព​មិន​ត្រូវ​រក្សាទុក​សំណុំរឿង​នៅតែ​លើ​តុ​នោះទេ​។ ​យើង​ឃើញថា អង្គភាព​ពាក់ព័ន្ធ​មាន​ច្រើនណាស់​ក្នុង​ការធ្វើ​ការងារ មិនមែន​មាន​តែ​រដ្ឋបាល​ខេត្ដ​ទេ​ក្នុង​នោះ​មាន​អភិបាលរង​ទទួល​បន្ទុក​លើ​វិស័យ​នីមួយៗ​ផងដែរ​»៕