ភ្នំពេញ: នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីម្សិលមិញបានបើកយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីពញ្ញាក់ស្មារតីដល់ប្រជាពលរដ្ឋដែលធ្វើដំណើរទៅ និងមកក្នុងពិធីបុណ្យភ្ជុំបិណ្ឌឲ្យបើកបរមានការប្រុងប្រយ័ត្នខ្ពស់ និងអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមកដើម្បីចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
កម្មវិធីនេះក្រសួងសាធារណការ និងដឹកជញ្ជូនបានសហការជាមួយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហភាពសហព័ន្ធយុវជនកម្ពុជា និងមន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅតាមបណ្តោយផ្លូវជាតិលេខ ៤ នៅសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានថ្លែងថា យុទ្ធនាការនេះមានការអប់រំណែនាំដល់អ្នកបើកបរយានយន្តឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក បើកបរឲ្យមានការប្រុងប្រយ័ត្នខ្ពស់មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដាច់ខាត។
លោកស្រីបន្តថា អ្នកបើកបរត្រូវចេះគោរពសិទ្ធិអាទិភាព និងមានការអធ្យាស្រ័យខ្ពស់រាល់ពេលបើកបរធ្វើយ៉ាងណាចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក៏ដូចជាព្រឹត្តិការណ៍បុណ្យជាតិសំខាន់ៗដទៃទៀតដោយបានចែកជូនឯកសារពាក់ព័ន្ធ និងច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងរៀបចំកម្មវិធីសួរ និងឆ្លើយសំណួរពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីទទួលបានមួកសុវត្ថិភាព។
លោកស្រី មាណវី បញ្ជាក់ថាឯកសារមួយចំនួនត្រូវបានចែកដូចជាចែកមួកសុវត្ថិភាពចំនួន ២០០ មួក សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ១០០ ក្បាល សៀវភៅអ្វីដែលអ្នកបើកបរទោចក្រយានយន្តគួរយល់ដឹងចំនួន ១០០ ក្បាល ខិត្តប័ណ្ណជំនួយស្មារតីស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកចំនួន ៦០០ សន្លឹក ស្ទិកឃ័រចំណាំងប្លាតចំនួន ៥០០ សន្លឹក ស្ទិកឃ័រ និងផ្ទាំងស្ទិកឃ័រចំណាំងប្លាត (ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍) ចំនួន ៣០ ផ្ទាំង។
លោក ឡុង ធូ អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិមិនអាចទាក់ទងសុំអធិប្បាយបានទេកាលពីម្សិលមិញ ប៉ុន្តែលោកថ្លែងទៅកាន់ Fresh News ថា សមត្ថកិច្ចនឹងធ្វើតាមផែនការធំនៅរដូវបុណ្យភ្ជុំបិណ្ឌទាំងមុន និងក្រោយគឺត្រូវរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋធ្វើដំណើរត្រឡប់ពីពិធីបុណ្យភ្ជុំបិណ្ឌវិញ។
លោកបញ្ជាក់ថា៖ «គោលការណ៍រឹតបន្តឹងគឺយើងមិនអនុគ្រោះរាល់ការមិនពាក់មួកគឺត្រូវពិន័យ ហើយឲ្យគាត់យកមួកមកពាក់ ហើយរឹតបន្តឹងអ្នកបើកបរយានយន្តដែលមិនពាក់ខ្សែក្រវាត់គឺយើងមានកម្លាំងត្រួតពិនិត្យល្បឿននៅផ្លូវជាតិលេខ ៤ លេខ ៥ និងផ្លូវជាតិសំខាន់ផ្សេងៗទៀត»។
លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យ និងជាប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា ស្ថានភាពចរាចរណ៍ផ្លូវគោកមានភាពមមាញឹកដោយកំណើនខ្ពស់នៃយានយន្ត ហើយដែលតែងតែមានកំណើនគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌក៏ដូចជាបុណ្យជាតិនានា។ ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់នៅក្នុងរដូវបុណ្យជាតិធំៗបែបនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកតែងតែធ្វើការអប់រំជាហូរហែ។
លោក គង់ រតនៈ នាយកស្ដីទីវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានថ្លែងថា លោកគាំទ្រឲ្យមានការផ្សព្វផ្សាយនេះ ប៉ុន្ដែក៏ត្រូវបន្ថែមការរឹតបន្តឹងច្បាប់ចរាចរណ៍ឲ្យបានតឹងរ៉ឹងផងដែរ លើសពីនេះក៏មានអ្នកសេពគ្រឿងស្រវឹង គ្រឿងញៀន និងអ្នកដែលរំលោភលើផ្លូវអាទិភាពរបស់អ្នកដទៃផងដែរ។
យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី ២៥ ខែកញ្ញានេះបានបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៣៣ នាក់ក្នុងនោះមានមនុស្សស្លាប់ ១០ នាក់។ ក្នុងរយៈពេល ២៥ ថ្ងៃនៃខែកញ្ញានេះ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សសរុប ១៣៥ នាក់ បង្ករបួសធ្ងន់-ស្រាលចំនួន ៣៣៦ នាក់ក្នុងហេតុការណ៍ដែលបានកើតឡើង ២៥៧ លើក៕