ភ្នំពេញៈ ក្រុមមន្ត្រីជំនាញបុរាណវត្ថុកម្ពុជា និងអាមេរិកកាលពីម្សិលមិញបានជួបពិភាក្សាគ្នាអំពីការរៀបចំសំណុំបែបបទ និងនីតិវិធីដើម្បីធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញនូវរូបចម្លាក់បុរាណខ្មែរមួយដែលទើបត្រូវបានក្រុមភ្នាក់ងារពិសេសរបស់អាមេរិករឹបអូសបានពីកន្លែងដាក់ឲ្យដេញថ្លៃមួយនៅក្នុងរដ្ឋសាន ហ្វ្រានស៊ីស្កូ កាលពីពេលថ្មីៗនេះ។
នាយកដ្ឋានសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក (HSI) កាលពីថ្ងៃទី ៧ ខែតុលាឆ្នាំនេះបានផ្សព្វផ្សាយថា ភ្នាក់ងារពិសេសនៃអង្គភាពពង្រឹងការអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ (ICE) នៃ HIS ប្រចាំទីក្រុងសានហ្វ្រានស៊ីស្កូគឺលោក David Keller ដោយមានជំនួយពីលោក John Paul Labbat ទីភ្នាក់ងារពិសេស HIS ប្រចាំបុរីញូវយ៉កបានរឹបអូសបុរាណវត្ថុខែ្មរចំនួន ១ ពីការដាក់លក់ដេញថ្លៃមួយដែលត្រូវគេធ្វើឡើងនៅក្នុងតំបន់ឈូងសមុទ្រសានហ្វ្រានស៊ីស្កូកាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១៩ ថ្មីៗនេះ។
របាយការណ៍នោះបញ្ជាក់ថា៖ «បុរាណវត្ថុវប្បធម៌ខ្មែរនោះត្រូវបានគេពណ៌នាថា ជារូបចម្លាក់ព្រះសិវៈ និងឧមាដែលត្រូវបានគេធ្វើឡើងពីថ្មភក់ក្នុងចន្លោះឆ្នាំ ៩២១-៩៤៥ នៃគ្រិស្ដសករាជ និងត្រូវបានគេដាក់លក់ដេញថ្លៃក្នុងតម្លៃ ៣៥ ម៉ឺនដុលា្លរ»។
លោក ប្រាក់ សុវណ្ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថាពេលនេះមន្ត្រីជំនាញកម្ពុជាកំពុងទាក់ទងមន្ត្រីជំនាញផ្នែកវប្បធម៌នៃស្ថានទូតអាមេរិកប្រចាំកម្ពុជាដើម្បីពិភាក្សាអំពីនីតិវិធីក្នុងការនាំត្រឡប់មកវិញនូវបុរាណវត្ថុទាំងនេះមកកាន់កម្ពុជា។
លោក សុវណ្ណារ៉ា បានបញ្ជាក់ថា៖ «យើងពិតជារីករាយចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីអាមេរិកដែលតែងតែជួយយើងក្នុងការស្រាវស្រាវ និងរឹបអូសនូវបុរាណវត្ថុវប្បធម៌របស់ខ្មែរយើងពីដៃក្រុមឈ្មួញទុច្ចរិតដើម្បីប្រគល់មកឲ្យកម្ពុជាយើងវិញ»។
ទោះជាយ៉ាងណាក្រុមមន្ត្រីជំនាញ (កម្ពុជា-អាមេរិក) នៅមិនទាន់ប្រាកដថារូបបដិមានោះសាងឡើងក្នុងចន្លោះឆ្នាំ ៩២១-៩៤៥ នៃគ្រិស្ដសករាជពិតមែន ឬជារូបចម្លាក់ដែលគេចម្លងដូចឬមួយយ៉ាងណាទេ។
លោក ហេង កំសាន្ត ប្រធាននាយកដ្ឋានបុរាណវត្ថុដែលបានចូលរួមពិភាក្សាដែរនោះបានថ្លែងថា៖ «យើងរំភើបរីករាយនៅពេលទទួលព័ត៌មាន និងរូបថត ១ សន្លឹកពីភាគីអាមេរិកកាលពីថ្ងៃពុធដែលបានបញ្ជាក់ថា បុរាណវត្ថុវប្បធម៌មួយដែលភ្នាក់ងារពិសេសរបស់ពួកគេចាប់រឹបអូសពីកន្លែងដាក់ឲ្យដេញថ្លៃនោះជារបស់ខ្មែរយើងតាំងពីបុរាណកាលមក»។
បើតាមលោក កំសាន្ត ការពិភាក្សាកាលពីម្សិលមិញនេះ ក្រុមមន្ត្រីជំនាញនៃប្រទេសទាំង ២ បានឯកភាពគ្នាថានឹងធ្វើតេស្ដរូបចម្លាក់ព្រះសិវៈ និងព្រះនាងឧមានោះតាមប្រព័ន្ធ DNA ដើម្បីងាយស្រួលស្រាវជ្រាវ និងចងក្រងឯកសារដោយរាប់បញ្ចូលទាំងអាយុកាលទីតាំងដើម និងមធ្យោបាយនៃការលួចចល័តព្រមទាំងពេលវេលានៃការបាត់បង់ដើម្បីឈានទៅដល់ការរៀបចំនីតិវិធីធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញឲ្យបានឆាប់។
បើតាមរបាយការណ៍របស់ HSI ប្រចាំទីក្រុងញូវយ៉ក រូបចម្លាក់ទាំងនេះត្រូវបានគេរកឃើញនៅក្នុងពេលស៊ើបអង្កេតមួយឈ្មោះថា «Indo-chinese Peninsula Plunder» នៅតំបន់ខាងត្បូងទីក្រុងញូវយ៉ក។ ការស៊ើបអង្កេតផ្តោតលើសកម្មភាពរត់ពន្ធរបស់ពាណិជ្ជករម្នាក់ឈ្មោះ DouglasLatchford ដែលជាអ្នកប្រមូលទិញវត្ថុបុរាណខ្មែរដែលត្រូវបានគេលួចយកពីកម្ពុជា។
របាយការណ៍ដដែលបញ្ជាក់ថា ដើមឡើយវាត្រូវបានគេទិញពីបុរសម្នាក់នៅរដ្ឋកាលីហ្វ័រនីញ៉ា ហើយវាត្រូវបានគេលក់នៅកន្លែងដេញថ្លៃសានហ្វ្រានស៊ីស្កូ បន្ទាប់ពីមរណភាពរបស់ឈ្មោះ DouglasLatchford នៅឆ្នាំ ២០១៥ ហើយ «វានឹងត្រូវប្រគល់ជូនប្រជាជនកម្ពុជាវិញនៅចុងបញ្ចប់នៃការស៊ើបអង្កេតដែលដឹកនាំដោយ HSI នេះ»។
គួរបញ្ជាក់ផងដែរថា HSI មានការស៊ើបអង្កេតបើកចំហជាច្រើនពាក់ព័ន្ធនឹងការរឹបអូសយកវត្ថុបុរាណដែលត្រូវបានលួចជួញដូរពីប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍ក្នុងអំឡុងពេលនៃជម្លោះពេញ ១ សតវត្សរ៍ទី ២០។ HIS សានហ្វ្រានស៊ីស្កូ និង HIS ញូវយ៉ក បានសហការគ្នាលើការស៊ើបអង្កេតជាច្រើនដែលភ្ជាប់អ្នកលក់វត្ថុបុរាណទៅនឹងបណ្តាញឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងការលួចវត្ថុបុរាណពីអាស៊ីអាគ្នេយ៍ដែលភាគច្រើនត្រូវបានគេរកឃើញក្នុងសារមន្ទីរ និងការប្រមូលផ្តុំនៅទូទាំងសហរដ្ឋអាមេរិក។
HIS គឺជាសមាសធាតុស៊ើបអង្កេតធំបំផុតក្នុងនាយកដ្ឋានសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក។ ក្នុងចំណោមកម្មវិធីស៊ើបអង្កេតរបស់ខ្លួន HIS ស៊ើបអង្កេតព្រហ្មទណ្ឌពាក់ព័ន្ធនឹងការជួញដូរខុសច្បាប់នូវសម្បត្តិវប្បធម៌ និងសិល្បៈ។ HISមានការិយាល័យទូទាំងពិភពលោកចំនួន ៧៧ នៅក្នុងប្រទេសចំនួន ៥១ ហើយធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលបរទេសដើម្បីធ្វើការស៊ើបអង្កេតរួមគ្នា៕